អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក និង ជប៉ុន ​ប្រកាស​​រួមកម្លាំង​គ្នា​ការពារ​សេរីភាព និង​ការ​បើកចំហរ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកយ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្ត្រីជប៉ុន បានទៅដល់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រទី​១៦មេសា​ ដើម្បី​ជួប​ជាលើកដំបូងបង្អស់ ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន។ នៅក្នុងជំនួប​កំពូល​នេះ ថ្នាក់ដឹកនាំមហាអំណាចទាំង២ បាន​លើកឡើងនូវបញ្ហាជាច្រើន ដែលពាក់ព័ន្ធ​ជាមួយ​នឹងចិន ជាពិសេសនោះ គឺការ​ប្រើប្រាស់ឥទ្ធិពល និងសកម្មភាព​បំពាន កាន់តែច្រើនឡើងៗ របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ ប្រឈមនឹងបញ្ហាទាំងនេះ សហរដ្ឋអាមេរិក និងជប៉ុន បាន​ប្រកាសរួមគ្នាថា នឹងពួតដៃសាមគ្គីគ្នា ទប់ទល់ជាមួយចិន ក្នុងការ​ការពារសេរីភាព និងការបើកចំហរ ព្រមទាំងស្ថិរភាព​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកនាយករដ្ឋមន្ត្រីជប៉ុន និង​លោក​ប្រធានាធិបតីអាមេរិក ធ្វើសន្និសីតកាសែតរួម​គ្នា ​នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី ១៦មេសា ២០២១
លោកនាយករដ្ឋមន្ត្រីជប៉ុន និង​លោក​ប្រធានាធិបតីអាមេរិក ធ្វើសន្និសីតកាសែតរួម​គ្នា ​នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី ១៦មេសា ២០២១ REUTERS - TOM BRENNER
ផ្សាយពាណិជ្ជកម្ម

ការជជែកគ្នា រវាង​លោកចូ បៃដិន និងលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្ត្រីជប៉ុន គឺមិនទៅណាឆ្ងាយ​ពី​បញ្ហាពាក់ព័ន្ធជាមួយចិនទេ។ យ៉ាងណាមិញ ការដែល​លោក​នាយករដ្ឋមន្ត្រីជប៉ុន ជាថ្នាក់​ដឹកនាំបរទេសទីមួយ ដែលត្រូវបានលោក​ ចូ បៃដិនអញ្ជើញឲ្យ​ទៅជួប​​ដោយ​ផ្ទាល់ នៅ​ក្រុងវ៉ាស៊ីនតោន គឺវាមិនមែនជារឿងចៃដន្យទេ។ ហើយនៅសប្តាហ៍ក្រោយ គឺដល់វេនលោក មូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងម្តង ដែលនឹងត្រូវជួបជាមួយ​លោក ចូ បៃដិន។

ទាំងនេះ យើងអាចសង្កេតបានថា រដ្ឋបាលលោកចូ បៃដិន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងអាទិភាពធំបំផុតទៅលើ​បញ្ហាអាស៊ីប៉ាស៊ីហ្វិក ដែលវាពាក់ព័ន្ធជាមួយ​នឹងចិន។ លោក ចូ បៃដិន កំពុងតែប្រមែរប្រមូលកម្លាំង ពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសក្នុងតំបន់នេះ ដើម្បីរួមកម្លាំងគ្នា ទប់ទល់ជាមួយ​នឹងចិន។

រួមកម្លាំងគ្នាការពារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ

នៅក្នុងសន្និសីតកាសែត ក្រោយ​ចប់ជំនួប​កំពូលកាលពីថ្ងៃម្សិលមិញនេះ លោក ចូ បៃដិន បានថ្លែងថា រដ្ឋបាល​លោក និងរដ្ឋាភិបាលជប៉ុន បានប្តេជ្ញារួមគ្នា ធ្វើការជាមួយគ្នា ដើម្បី​ទប់ទល់ជាមួយ​បញ្ហាទាំងឡាយ ដែល​ចិនបាន​នឹងកំពុងបង្ក មិនថាទាក់ទិននឹងសំណុំរឿងសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និង​សំណុំរឿងកូរ៉េខាងជើងនោះទេ។ លោក ចូ​ បៃដិន​បន្តថា អាមេរិក និងជប៉ុន នឹងរួមកម្លាំងគ្នា ដើម្បីបង្ហាញ​ឲ្យ​ឃើញថា លទ្ធិប្រជាធិបតេយ្យសេរី ពិតជា​​អាចយកប្រកួតប្រជែង យកឈ្នះ​របបផ្តាច់ការ​។

លោកយ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា វិញ បានថ្លែងថា សម្ព័ន្ធភាព​រវាងសហរដ្ឋអាមេរិក និងជប៉ុន គឺឈរលើមូលដ្ឋាននៃសេរីភាព លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​សិទ្ធិមនុស្ស។ លោក​បន្តថា ប្រទេសទាំង២ នឹងរួមគ្នា ទប់ទល់ប្រឆាំងនឹងការប៉ុនប៉ងទាំងឡាយណា របស់ចិន ដែលមានកម្មវត្ថុ ចង់មកបំផ្លាញ​​​ស្ថិរភាព និង​ការ​ស្ងប់សុខ នៅក្នុងតំបន់សមុទ្រចិនខាងកើត និងតំបន់សមុទ្រចិនខាងត្បូង។

លោក អគ្គរដ្ឋទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន បាន​លើកឡើងថា ការថ្លែងទាំងអស់នេះ​ គឺជាការលូកដៃប៉ះពាល់​កិច្ចការផ្ទៃក្នុងរបស់ចិន។ លោក​បានបន្ថែមបែបចំអកថា អាេមរិក និង ជប៉ុន​ស្រែកក្តែងៗថា ចង់ការពារ​សេរីភាព និងការបើកចំហរ តែការពិត ប្រទេស២នេះកំពុង​ប្រមូល​គ្នាចែកបក្សពួកទៅវិញ។

ការពារស្ថិរភាព​តំបន់ច្រកសមុទ្រតៃវ៉ាន់

អ្វីដែល​ជប៉ុន និងអាមេរិក បារម្ភបំផុត សម្រាប់ពេលនេះ គឺ​បញ្ហាស្ថិរភាព សន្តិសុខ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូង ទាំងមូលតែម្តង។ ចិន បានកសាងមូលដ្ឋានទ័ព នៅលើផ្ទៃសមុទ្រ ហើយថែមទាំងបាន​បង្ហាញ​សញ្ញា​ជាច្រើន ថាអាចប្រើកម្លាំងសង្រ្គប់ ដណ្តើមយកកោះតៃវ៉ាន់។ ដូច្នេះ ការធ្វើដំណើររបស់នាវាដឹកទំនិញ ដែលឆ្លងកាត់ តំបន់ច្រក​សមុទ្រ​តៃវ៉ាន់ អាចនឹងជួប​បញ្ហារាំងស្ទះ ឬក៏អាចត្រូវផ្អាកក៏ថាបាន ប្រសិនបើចិនប្រើកម្លាំង​ ចូល​មក​​ហាមឃាត់។

នេះគឺជាលើកទីមួយហើយ ដែល​ជប៉ុន ចូលរួមថ្លែងការជាមួយ​សហរដ្ឋអាមេរិក ទាក់ទិននឹងបញ្ហាតៃវ៉ាន់។ ដូច្នេ បើតាមការសន្និដ្ឋាន អ្វីដែល​ ជប៉ុន និងអាមេរិក អាចធ្វើរួមគ្នា គឺការបង្រុងត្រៀមកម្លាំង ការពារសន្តិសុខនៅតំបន់នេះ។

សហការបង្កើតប្រព័ន្ធ5G ដែល​មានទំនុកចិត្ត និងមានសុវត្ថិភាព

ចំណុចមួយ​ទៀត វាមិនពាក់ព័ន្ធនឹងបញ្ហាអាស៊ីប៉ាស៊ីហ្វិក​នេះដោយ​ផ្ទាល់ទេ តែវាពាក់ព័ន្ធនឹងការ​ពង្រីក​ឥទ្ធិពលបច្ចេកទេសរបស់ចិន នៅទូទាំងពិភពលោក។ នោះគឺសំណុំរឿង « បណ្តាញ5G »។ ដូចយើងធ្លាប់បានដឹងកន្លងមកហើយ ថាអាមេរិក បាន​ប្រឆាំងទប់ទល់ បិទផ្លូវមិន​ឲ្យ​ក្រុមហ៊ុនចិន Huawei ពង្រីកទីផ្សារបច្ចេកវិទ្យា បណ្តាញ5Gទេ ដោយចោទថាអាចបង្ក​គ្រោះថ្នាក់ ដល់សន្តិសុខនៃទិន្នន័យ​សំងាត់នានា ព្រោះថា​Huawei ស្ថិតក្រោមបង្គាប់របស់​រដ្ឋាភិបាលចិន។

នៅក្នុងសន្និសីតកាសែតកាលពីថ្ងៃ១៦មេសា លោក ចូ បៃដិន បានប្រកាស អាេមរិក និងជប៉ុន នឹងធ្វើការជាមួយគ្នា រៀបចំប្រព័ន្ធបណ្តាញ5Gមួយ ដែលប្រកបដោយ​ការទុកចិត្ត និងមានសុវត្ថិភាព​។ អាមេរិក ត្រៀមចំណាយ​ប្រាក់ ២៥០០លានដុល្លារ ចំណែកជប៉ុនវិញ ២០០០លានដុល្លារ។

ដូច្នេះ នៅពីក្រោយ ការប្រកាសទាំងអំបាលម៉ាននេះ គឺយើង​អាចសង្កេតបានថា សហរដ្ឋអាមេរិក មិនព្រមចុះចាញ់ចិន និងមិនសុខចិត្ត​បណ្តោយ​អោយ​ចិន ដែលជាប្រទេសកុម្មុយនីស្តផ្តាច់ការ ក្លាយជាមហាអំណាចដឹកនាំពិភពលោកឡើយ មិនថាក្នុងបញ្ហា​សេដ្ឋកិច្ច ការទូត និង បច្ចេកវិទ្យាទំនើប។ ទ្រឹស្តីរបស់លោក ចូ បៃដិន គឺ​លទ្ធិប្រជាធិបតេយ្យសេរី ត្រូវតែយកឈ្នះ របបផ្តាច់ការឲ្យ​បាន​។

ជប៉ុន​ប្រុងប្រយ័ត្នជាង​អាមេរិក

ជាការកត់សំគាល់ ជប៉ុនមិនតាមអាមេរិក គ្រប់រឿងនោះទេ។​ ម្នាក់ៗត្រូវការពារផលប្រយោជន៍រៀងខ្លួនដែរ។ ជាក់ស្តែង ក្នុងសំណុំរឿងជនជាតិអ៊ុយហ្គួរ ខេត្តស៊ីនជាំង អាមេរិក អូសទាញជប៉ុន ឲ្យចូលរួម​​ដាក់ទណ្ឌកម្ម​ចិនដូចខ្លួន មិនបានសម្រេចទេ។ ចិន គឺ​ជាទីផ្សារដ៏សំខាន់ របស់ទំនិញជប៉ុន។

លោក Michael Green អ្នកជំនាញ​ ​នៅ​មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ បានលើកឡើងថា រដ្ឋបាល​របស់​លោកចូ បៃដិន កំពុងតែប្រឹងពន្លឿន ប៉ះប៉ូវការយឺតយ៉ាវ របស់អាេមរិក ដែល​​ប្រមាណ​១០ឆ្នាំចុងក្រោយនេះ បានបណ្តែតបណ្តោយ​ឲ្យចិន ពង្រឹងឥទ្ធិពលខ្លាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តែការចង់ធ្វើលឿនរហ័ស និងខ្លាំងជ្រុលរបស់ លោក​​ចូ បៃដិន ប្រឈមជាមួយចិននេះ គឺជប៉ុនមិនសូវជាយល់ស្របប៉ុន្មានទេ។ អ្នកជំនាញរូបនេះ អះអាងថា លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្ត្រីជប៉ុន ចង់បន្តគោលនយោបាយ​ ដើរដោយ​ប្រយ័ត្ន និងសន្សឹមៗ ជាមួយ​ចិន។ តែយ៉ាងណាក៏ដោយ ទាំងអាមេរិក ទាំងជប៉ុន គឺមានគោលដៅតែមួយទេ នៅក្នុងបញ្ហាចិននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ