អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើសហភាពអឺរ៉ុប ចង់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត យ៉ាងដូចម្តេចខ្លះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​កូវីដ​ បាន​មក​ពន្លឿន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​កំពុង​លូត​លាស់ និង​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​រហ័សស្រាប់​ទៅហើយ។ ប្រឈម​នឹង​ស្ថានការណ៍​បែបនេះ សហភាព​អឺរ៉ុប​ក៏​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ទ្វេ​ឡើង​ដែរ ដើម្បី​អាចកំរិត​ផលប៉ះពាល់ និង​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច ​ពី​​​បច្ចេកវិទ្យា​បញ្ញាសប្បនិម្មិត្ត​។ នៅ​ថ្ងៃ​ពុធ​ទី ២១​មេសា​នេះ សហភាព​អឺរ៉ុប​ត្រូវ​លាត​ត្រដាងអំពី​វិធានការ​​​គ្រប់គ្រង​​ប្រព័ន្ធ​បច្ចេកវិទ្យាបញ្ញាសប្បនិម្មិតផង និង​​​ការពារ​ពលរដ្ឋ​ផង។

មនុស្ស​យន្ត មាន​បំពាក់​បច្ចេកវិទ្យា​បញ្ញាសប្បនិម្មិត «Artificial Intelligence Xperience» របស់​សាកលវិទ្យាល័យ Vrije នៅព្រុចសែល​ប្រទេស​ប៊ែលហ្សិក
មនុស្ស​យន្ត មាន​បំពាក់​បច្ចេកវិទ្យា​បញ្ញាសប្បនិម្មិត «Artificial Intelligence Xperience» របស់​សាកលវិទ្យាល័យ Vrije នៅព្រុចសែល​ប្រទេស​ប៊ែលហ្សិក REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា​បញ្ញា​សប្បនិម្មិត គឺ​បច្ចេកវិទ្យា​ទាំង​ឡាយ​ណា​ដែលអាច​ប្រើ​​​ម៉ាស៊ីនឱ្យ​​​ធ្វើ​កិច្ចការ​របស់​មនុស្ស​ និង​ជំនួស​មនុស្សបាន បើ​ទោះ​បី​ការងារ​នោះ​ ស្មុគស្មាញ ត្រូវ​ការ​ប្រើខួរក្បាល ប្រើ​បញ្ញា​ទើប​អាច​ធ្វើ​បានក៏​ដោយ។ ជា​បច្ចេកវិទ្យា​ដែល​ប្រើ​កុំព្យូទ័រ​ឱ្យ​រៀន ​ឱ្យ​ជា​ធ្វើ​ជា​ស្វ័យប្រវត្តិ Machine Learning។​ នៅ​ពាក់​កណ្តាល​សតវត្សរ៍ទី​២០​ គណិត​វិទូអង់គ្លេស លោក Alan Turing បាន​សាកល្បង​ ធ្វើ​ឱ្យ​ម៉ាស៊ីនអាច​សរសេរ​​ឆ្លើយ​ឆ្លង​ជាមួយ​មនុស្ស​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កំណើត​ដំបូង​នៃ​បច្ចេកវិទ្យា​បញ្ញាសប្បនិម្មិត។

នៅ​ឆ្នាំ​២០២១​ កុំព្យូទ័រ​កាន់​តែ​មាន​សមត្ថភាព​ខ្ពស់ បច្ចេកវិទ្យា​បញ្ញាសប្បនិម្មិត ក៏​កាន់​តែ​រីក​ចម្រើន​ខ្លាំង ក្នុងជា​ច្រើន​​វិស័យ​ ៖ រថយន្តអាច​​បើកជា​ស្វ័យប្រវត្តិ​ដោយ​គ្មាន​មនុស្សបញ្ជា ឃើញ​មុខ​ស្គាល់​​អត្តសញ្ញាណ ម៉ាស៊ីន​​វិភាគ​ជំងឺ​ វិភាគ​​សញ្ញារោគ ឬ​ក្នុង​វិស័យ​កិសកម្ម ឧស្សាហកម្ម​ជា​ច្រើន​ទៀត ​...

អឺរ៉ុប​និង​ច្បាប់​បញ្ញាសប្បនិម្មិត

បញ្ញាសប្បនិម្មិត​ នាំមនុស្ស​ឆ្ពោះ​ទៅ​រក​ពិភពលោកថ្មី  និង​មាន​សមត្ថភាព​គ្មាន​ព្រំដែន។ ​ ប៉ុន្តែ​​ក្តីព្រួយ​បារម្ភ​ក៏​មាន​ខ្លាំង​ ព្រោះ​បើ​គ្មាន​ការ​ត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ដោយ​ត្រឹម​ត្រូវ​ទេ បញ្ញាសប្បនិម្មិត​អាច​ក្លាយ​ទៅ​ជាឧបករណ៍​សម្រាប់​តាមដាន​និង​បំផ្លាញ​មនុស្ស​លោក​ទៅ​វិញ​ ដូច​ជា​ប្រែក្លាយ​ដ្រូន​ស៊ីវិល​ឱ្យ​មាន​បញ្ញាសប្បនិម្មិត​ផ្នែក​យោធា​បាន។

បដិវត្តឧស្សាហកម្ម​បញ្ញាសប្បនិម្មិត អាច​ធ្វើ​មានការ​រើសអើង ពណ៌​សម្បុរ​ ពូជសាសន៍​ ​ឬ​ធ្វើ​ឱ្យ​បាត់បង់ការងារ​តូចតាច​ដដែលៗ​មួយ​ចំនួន​ដូច​ជា​អ្នក​គិត​លុយ ឬ​កិច្ចការ​ខ្លះ​របស់​មេធាវី របស់​ពេទ្យ​ ចំនួន​រាប់​លាន​ការងារ (១៤% បើ​ការ​ព្យាករណ៍​របស់​អង្គការOCDE​នៅ​ឆ្នាំ​២០១៦ តែ​​អាច​ត្រូវ​ការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​បញ្ញាសប្បនិម្មិត​​ដល់​ទៅ ២១ទៅ​៣៣%​នៅ​ឆ្នាំ​២០៣០។  

ហេតុ​ដូច្នេះ​ហើយ​បានជា​សហភាព​អឺរ៉ុប​យល់​ថា​ត្រូវ​តែ​មាន​ច្បាប់​​គ្រប់គ្រង​វិស័យ​បញ្ញាសប្បនិម្មិត។ អឺរ៉ុប​ចាញ់​ប្រៀប​គេផ្នែក​ព័ត៌មាន​វិទ្យាទូទៅ​ ដោយ​ គ្មាន​ក្រុម​ហ៊ុនគ្រាក់ៗ​ជា​​ជើង​ឯក​ផ្នែក​បញ្ញាសប្បនិម្មិត​​ ដូច​មហាក្រុមហ៊ុន​បច្ចេកវិទ្យា​​អាមេរិក (Google Apple Microsoft IBM Facebook Amazone) និង​ពហុក្រុមហ៊ុន​ចិន Baidu Alibaba Tencent Xiaomi មែន​ តែ​អឺរ៉ុប​ទាន់​ចាញ់​ទេ​ ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញាសប្បនិម្មិត​ ក្នុង​វិស័យ​ដឹកជញ្ជូន កសិកម្ម​ ឬ​វេជ្ជសាស្ត្រ​នោះ។

ហាម​មិន​ឱ្យ​តាមដាន​ប្រជាពលរដ្ឋ​ជាទូទៅ

​ជាមួយ​នឹង​ការ​ផ្តល់​អាទិភាព​​ដល់​វិស័យ​ព័ត៌មាន​វិទ្យា ​សហភាពអឺរ៉ុប​បានរៀប​គម្រោង​វិធានការ​ដែល​ផ្តល់​តម្លៃ​ដល់​មនុស្ស​​ជា​ធំ និង​ផ្តល់​ប្រយោជន៍​ដល់​ផ្នែក​សេដ្ឋកិច្ច។ អឺរ៉ុប​យល់​ថា​ អភិវឌ្ឍបញ្ញាសប្បនិម្មិត​​​និង​បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត​​ត្រូវ​តែធ្វើ​ឡើង​​​ដោយ​មិន​ប៉ះពាល់​ដល់ក្តី​​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​អឺរ៉ុប។​

បើ​តាម​តាម​ឯកសារ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ទទួល​បាន វិធានការ​អឺរ៉ុប​គ្រោង​នឹង​ហាមឃាត់​ការ​ប្រើប្រាស់​ខ្លះ​​ដែលគំរាម​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​មនុស្ស និងជីវិត​ឯកជន​ ពោល​គឺ​ការ​ពារ​ទិន្នន័យ ​​និង​ហាម​មិន​ឱ្យ​ប្រើ​ប្រព័ន្ធ​តាមដាន​ប្រជាពលរដ្ឋ​ទូទៅ​ ប្រព័ន្ធ​បង្វិលពង្វក់​ឥរិយាបថ មតិ​យោបល់ ឬ​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​។ ការ​តាម​ដាន​ដឹង​ថា​ពលរដ្ឋ​ណា​កំពុង​ឆ្លង​ថ្នល់ ដាក់ពិន្ទុ​ពលរដ្ឋ​ ដូច​នៅ​ចិន ត្រូវ​បាន​ហាមឃាត់​ទាំងអស់។

គ្រប់​វត្ថុ​ ឬ​កម្មវិធីដែល​មាន​ហានិភ័យ​ខ្ពស់ ឧទាហរណ៍​ល្បែង​លេង​ភ្ជាប់​បញ្ញាសប្បនិម្មិត ​​​​​​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សាកល្បង​ ស្រប​តាម​ស្តង់ដារ​បទដ្ឋាន​អឺរ៉ុប​ មុន​នឹង​អាច​ចូល​មក​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​អឺរ៉ុប​បាន។

គណៈកម្មការ​អឺរ៉ុប បែង​ចែង​រវាង​បម្រើបម្រាស់ចាំ​បាច់​ និង​ហានិភ័យ​ខ្ពស់។ គ្រប់​សេចក្តី​សម្រេច​ចិត្ត​មិន​ថា​ក្នុង​វិស័យ​ច្បាប់ ឬ​វះកាត់​ដោយ​រ៉ូបូ​ទេ ត្រូវ​ឱ្យ​មនុស្ស​ជា​អ្នក​សម្រេច​ និង​ ​ត្រូវ​ឱ្យតាមដាន​ដើម្បីកុំ​ម៉ាស៊ីន​ធ្វើ​ការ​ក្នុង​ន័យ​​រើសអើងពណ៌​សម្បុរ។ បច្ចេកវិទ្យា​សម្គាល់​អត្តសញ្ញាណមនុស្ស​ដោយ​ថតមុខ ត្រូវ​ប្រើ​ដោយ​មាន​កំរិត​ សម្រាប់​ដោះ​ទូរស័ព្ទ​ ឬ​ឆ្លង​កាត់​រនាំង​គយ​បាន តែ​មិន​អាច​យក​មកប្រើ​សម្រាប់​រកអត្តសញ្ញាណ​មនុស្ស​ដោយ​មិន​ដឹង​ខ្លួន​នៅ​តាម​ទីសាធារណៈ​ទេ លើក​លែង​តែ​ក្នុង​ករណី​បាត់កូន ឬ​ជនសង្ស័យ​ភេរវកម្ម និង​ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ