អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាស៊ាន​​បើកការ​ប្រជុំ ដើម្បី​រកវិធី​ជួយ​​ដោះស្រាយ​​វិបត្តិ​នៅ​​ភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសៅរ៍ទី ២៤មេសានេះ ថ្នាក់ដឹកនាំ​ប្រទេសអាស៊ាន​ទាំង៩ប្រទេស​ បានបើកការប្រជុំពិសេសមួយ នៅទីក្រុងចាការតា ដើម្បី​ព្យាយាមរកផ្លូវជួយដោះស្រាយ​បញ្ហាវិបត្តិនៅភូមា។ លោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិភូមា ត្រូវបាន​អាស៊ាន អញ្ជើញ ឲ្យ​ចូលរួម​ក្នុងការប្រជុំនេះ ខណៈដែល​ក្រុម​ប្រជាធិបតេយ្យភូមា តំណាង​ឲ្យ​បាតុករ មិនត្រូវបាន​គេអញ្ជើញឲ្យ​ចូលរួមនោះ​ទេ។ យ៉ាងណាក៏ដោយ មានការសង្ឃឹមតិចណាស់ ដែលថា ក្រុមប្រទេស​ អាស៊ាន ពិតជាអាចជួយដោះស្រាយ បញ្ហា​ភូមាបានមែននោះ ព្រោះថា អាស៊ាន​មានទំលាប់​មិនលូកដៃចូលក្នុងកិច្ចការ​ផ្ទៃក្នុង នៃប្រទេសសមាជិកនីមួយៗទេ។

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង (ខាងដើមគេ ស្តាំបង្អស់) នៅក្នុងពេលប្រជុំជាមួយ​ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង៩ទៀត។ ក្រុងចាការតា ថ្ងៃទី ២៤មេសា ២០២១ រូបភាពផ្តល់ឲ្យដោយ​ វិមានប្រធានាធិបតី​ឥណ្ឌូណេស៊ី
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង (ខាងដើមគេ ស្តាំបង្អស់) នៅក្នុងពេលប្រជុំជាមួយ​ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង៩ទៀត។ ក្រុងចាការតា ថ្ងៃទី ២៤មេសា ២០២១ រូបភាពផ្តល់ឲ្យដោយ​ វិមានប្រធានាធិបតី​ឥណ្ឌូណេស៊ី AP - Laily Rachev
ផ្សាយពាណិជ្ជកម្ម

ពិភពលោកសម្លឹងមើលអាស៊ាន

តាមរយៈកិច្ចប្រជុំនៅទីក្រុងចាការតា នៅថ្ងៃសៅរ៍ទី​២៤មេសានេះ វាបង្ហាញថា អាស៊ាន​កំពុងតែប្រឹងប្រែង ចង់រកវិធីជួយ​ភូមា។ អាស៊ានដឹងថាខ្លួន​ កំពុងត្រូវបាន​សហគមន៍​អន្តរជាតិ ចោលភ្នែកសម្លឹងមើលមកជាខ្លាំង ដោយ​ម្នាក់ៗ រំពឹងក្នុងចិត្តថា សមាគមអាស៊ាននេះ ត្រូវតែដើរតួនាទីឲ្យ​ច្បាស់លាស់មួយ ដើម្បីស្ថិរភាព​ សន្តិភាព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងតំបន់នេះ។

តាមពិតទៅ ប្រទេសដែលខំខ្នះខ្នែង រៀបចំឲ្យ​មានកិច្ចប្រជុំនេះ គឺ ឥណ្ឌូណេស៊ី សិង្ហបុរី និង ម៉ាឡេស៊ី។ ប្រទេស៣នេះ មាន​សំដែង​គោលជំហរច្បាស់ៗ តាំងតែពីដំបូង ថាគេព្រួយ​បារម្ភខ្លាំងណាស់ ដោយ​សារតែរដ្ឋប្រហារយោធានៅភូមា ព្រមទាំងការបង្រ្កាប​បាតុកម្ម ស្លាប់ប្រជាជនភូមាជាច្រើនរយនាក់។

កិច្ចប្រជុំនៅថ្ងៃនេះ គឺមានថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាល លើកលែងតែ ថៃ ហ្វ៊ីលីពីន និង​ ឡាវ ដែល​បានសុំទោស ព្រោះ​បានបញ្ជូនត្រឹមតែ​រដ្ឋមន្ត្រីការបរទេស ឲ្យទៅចូលរួម។ ជាកិច្ចប្រជុំ ដែលគេពុំមាន​អនុញ្ញាតឲ្យ​បណ្តាញ​ព៌ត៌មាន ចូលទៅស្តាប់តានដានដោយផ្ទាល់ទេ។

ប៉ុន្មានថ្ងៃកន្លងមកនេះ យោងតាមប្រភពព័ត៌មានជាច្រើន បានឲ្យដឹងថា លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី បាន​ទូរស័ព្ទនិយាយជាមួយប្រមុខរដ្ឋាភិបាល​ប្រទេសអាស៊ានផ្សេងទៀត ជាច្រើននាក់ ដើម្បីស្ទាបស្ទង់ មើល​ទំនោរ និង​ការយល់ឃើញរបស់​ម្នាក់ ក្នុងការរកដំណោះស្រាយជួយភូមានេះ។​ កាលពីល្ងាចថ្ងៃសុក្រ លោក Retno Marsudi បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូណេស៊ី សង្ឃឹមថា ថ្នាក់ដឹកនាំ​ប្រទេសអាស៊ាន នឹងអាចមូលមតិគ្នា រកចំណុចស្របគ្នា ដើម្បី​ធ្វើយ៉ាង រក​ច្រកចេញ​ដែលល្អបំផុត សម្រាប់ដោះស្រាយ​វិបត្តិនៅភូមា និងជួយ​ប្រជាជនភូមា។

អាស៊ានត្រូវគេរិះគន់ថា អញ្ជើញតំណាងកងទ័ដែលជាឃាតករសម្លាប់ប្រជាជនភូមា

ការដែលលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវអាស៊ានអញ្ជើញឲ្យចូលរួមប្រជុំនេះ គឺត្រូវបានបាតុករ អ្នកប្រជាធិបតេយ្យភូមា និងអង្គការសិទ្ធិមនុស្សខ្លះរិះគន់ខ្លាំងណាស់។ ក្រុម​ប្រជាធិបតេយ្យភូមា ដែលបានបង្កើតរដ្ឋាភិបាលស្រមោលមួយ មិនត្រូវបាន​អាស៊ានអញ្ជើញឲ្យចូលរួមប្រជុំទេ។ រដ្ឋាភិបាលស្រមោលនេះ បានចេញលិខិតប្រកាសមួយ ដោយ​បាន​លើកឡើងថា កិច្ចប្រជុំនេះ នឹងមិនអាច​មានលទ្ធផលអ្វីល្អទេ ព្រោះគេបាន​ផាត់ប្រជាជនភូមាចេញ ពីដំណោះស្រាយ ហើយ​ផ្ទុយ​ទៅវិញ គេហៅតែលោកមេបញ្ជាការ មីន អ៊ុងឡាំង ដែលគឺជាឃាតករ សម្លាប់​ប្រជាជនភូមា ជាង​៧០០នាក់ ក្នុងរយៈពេល​ជាង​២ខែមកនេះ។

ដូចគ្នាដែរ អង្គការ Amnesty International បានចេញលិខិតអំពាវនាវ ឲ្យ​រដ្ឋាភិបាលឥណ្ឌូណេស៊ី រួមទាំង​សមាគមអាស៊ាន ត្រូវតែ​រៀបចំនីតិវិធីច្បាប់ ប្តឹង​លោក មីន អ៊ុងឡាំង ព្រមទាំង​មេបញ្ជាការកងទ័ពជាតិភូមាមួយចំនួនទៀត ពីបទ​កាប់សម្លាប់ ប្រជាជនភូមា។

តែយ៉ាងណាក៏ដោយ គឺអាស៊ាន មិនអាចកំណត់គោលជំហរតឹងតែងពេកនោះទេ ហើយ​ក៏គ្មានទំលាប់នេះដែរពីមុនមក។ បើទោះបីប្រទេសខ្លះ ចង់ធ្វើ តែប្រទេសខ្លះទៀត មិនចង់ធ្វើទេ ព្រោះមិនចង់លូកដៃក្នុងរឿងគេ ដោយខ្លាចក្រែងថាថ្ងៃក្រោយទៅ គេនឹង​មកលូកដៃក្នុងរឿងខ្លួនវិញ។

ទាក់ទិនទៅនឹងការអញ្ជើញ លោក មីន អ៊ុងឡាំង ឲ្យទៅចូលរួមការប្រជុំនៅថ្ងៃនេះ គឺប្រហែលជាអាស៊ាន មានបំណងស្ទាបស្ទង់ គោលជំហរ និង​ឆន្ទៈរបស់កងទ័ពភូមាជាមុនសិន ថាតើមានចេតនាដោះស្រាយ​វិបត្តិដោយរបៀបណា។ ដូច្នេះ វាអាចជាការបោះជំហាន ជាដំបូង មុននឹងមាន​ការចរចា ជាមួយ​គ្រប់ភាគីនយោបាយ​ទាំងអស់របស់ភូមា។

មិនសង្ឃឹមច្រើន តែជាការបើកផ្លូវចរចា

ជាទូទៅ អ្នកវិភាគ​នៅតំបន់អាស៊ី គេលើកឡើងថា កុំរំពឹងផ្តល់ក្តីសង្ឃឹមខ្លាំងពេក ថាកិច្ចប្រជុំនេះ នឹងអាចគូសវាសចេញជាផែនការ ដោះស្រាយ​វិបត្តិភ្លាមៗនោះ។ លោក Mustafa Izzuddin អ្នកជំនាញកិច្ចការអន្តរជាតិ នៅការិយាល័យ Solaris Strategies ប្រទេសសឹង្ហបុរី បានលើកឡើងថា យើងត្រូវ​តែហ៊ានទទួលស្គាល់ការពិតជាក់ស្តែង ថាដំណាក់កាលនេះ អាស៊ានមិនអាចទៅចាត់ចែង គូសវាសផែនការដោះស្រាយវិបត្តិនៅភូមាបានទេ។ កិច្ចប្រជុំនៅថ្ងៃនេះ មិនអាចមានលទ្ធផលធំដុំនោះទេ។ ក៏ប៉ុន្តែ កិច្ចប្រជុំនេះ គឺជា​ការបើកផ្លូវ នាំក្រុមកងទ័ពភូមា ឲ្យ​ចេញមុខ ចូលរួមអង្គុយ​ជាមួយ​គេ ដើម្បីនិយាយគ្នា។

កន្លងមក យើងបានដឹងថា ឥណ្ឌូណេស៊ី ធ្លាប់បាន​លើកជាចំណុចមួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហានៅភូមា ដូចជាការរៀបចំយន្តការ ធានាធ្វើយ៉ាងណា ឲ្យ​កងទ័ពភូមា គោរពសន្យា ថាពិតជារៀបចំការបោះឆ្នោតដោយសេរី នៅថ្ងៃខាងមុខមែន កងទ័ពត្រូវដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ព្រមទាំងអ្នកជាប់ឃុំឯទៀត ជាដើម។ ក៏ប៉ុន្តែ សំណើរទាំងអស់របស់ឥណ្ឌូណេស៊ី គឺវាតោងតែក្រុមប្រទេសអាស៊ានផ្សេងទៀត យល់ស្របដែរ និងរួមគ្នានិយាយដែរ។

តែយ៉ាណា ចំណុចមួយទៀត គួរលើកមកនិយាយដែរ គឺថាលោកមេបញ្ជាការ មីន អ៊ុងឡាំង បានមកចូលរួមការប្រជុំនេះ។ មានន័យថា កងទ័ពភូមា ចង់រកដំណោះស្រាយ ក្នុងក្របខណ្ឌអាស៊ាន ហើយ មិនចង់​សំងំទុកបញ្ហាឲ្យ​អូសបន្លាយ​ទេ។ កងទ័ពភូមាអាចដឹងខ្លួនថា សម័យនេះ ខ្លួន​មិនអាចទាញវាំងននបិទបាំង មិនឲ្យ​ពិភពលោក​ឃើញអ្វីដែលកើតឡើងនៅភូមា ដូចកាល​សម័យ​មុនទេ។ ដូច្នេះ អ្វីៗគឺវាអាស្រ័យទៅលើថ្នាក់ដឹកនាំប្រទេសអាស៊ាន ដែលត្រូវ​រកវិធី រិះ​រកពាក្យ​សម្តីនិយាយជាមួយ​កងទ័ពភូមា កុំឲ្យ​កងទ័ពភូមាបាក់មុខ និង​បាត់បង់​អត្ថប្រយោជន៍​ខ្លាំងពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ