អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន ​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​​មេដឹកនាំ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន ខណៈ​ការ​បាញ់​ប្លោងនៅតែ​បន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

កងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បន្តបាញ់ប្លោងគ្រាប់ដាក់គ្នា យ៉ាងដំណំនៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ។ កងទ័ពអ៊ីស្រាអែល បានអះអាងថា គេបានកំទេច​ទីតាំងផ្ទះស្នាក់នៅ របស់មេក្លោងក្រុមអាម៉ាសម្នាក់ដ៏សំខាន់។ យ៉ាងណាក៏ដោយ ការបាញ់កំទេច​អាគារទីតាំងការិយាល័យ​បណ្តាញព័ត៌មានបរទេស នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យ​មានមតិរិះគន់ ថ្កោលទោសយ៉ាចខ្លាំង ទៅលើអ៊ីស្រាអែល។ ប្រឈមនឹងស្ថានការណ៍កាន់តែដុនដាបនេះ លោក ចូ បៃដិន បានទូរស័ព្ទទៅនិយាយជាមួយ លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង លោកម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន។ ចំណែក​អង្គការសហប្រជាជាតិ ក៏នឹងបើកកិច្ចប្រជុំបន្ទាន់មួយដែរ នៅរសៀលថ្ងៃអាទិត្យនេះ។

កំលាំងផ្ទុះ ដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល កំទេចអាគារដែលមានទីតាំងកាសែត Associated Press និង ទូរទស្សន៍ Al Jazeera នៅតំបន់ហ្កាហ្សា។ ថ្ងៃទី ១៥ ឧសភា ២០២១
កំលាំងផ្ទុះ ដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល កំទេចអាគារដែលមានទីតាំងកាសែត Associated Press និង ទូរទស្សន៍ Al Jazeera នៅតំបន់ហ្កាហ្សា។ ថ្ងៃទី ១៥ ឧសភា ២០២១ AP - Mahmud Hams
ផ្សាយពាណិជ្ជកម្ម

កំទេចផ្ទះរបស់មេក្លោងក្រុមហាម៉ាស

យោងតាមព័ត៌មានចុងក្រោយបង្អស់ ផ្តល់ឲ្យដោយអាជ្ញាធរសុខាភិបាល​តំបន់ហ្កាហ្សា គឺនៅរវាងថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យនេះ មាន​មនុស្ស​១៧នាក់បានស្លាប់នៅតំបន់ហ្កាហ្សា។ ដូច្នេះតួលេខសរុប គឺខាងប៉ាឡេស្ទីន​ មានស្លាប់១៧៤នាក់ ក្នុងនោះមានកុមារ៤៧នាក់។ ចំណែកអ្នករបួសវិញ មានប្រមាណ​១២០០នាក់ នៅតំបន់ហ្កាហ្សា។ រីឯខាងអ៊ីស្រាអែលវិញ មានស្លាប់១០នាក់ ក្នុងនោះកុមារ ២នាក់។

នៅវេលាយប់ថ្ងៃសៅរ៍ ក្រុមហាម៉ាស បានបាញ់រ៉ូកែតមកខាងអ៊ីស្រាអែល ប្រមាណ​១២០គ្រាប់ តែភាគច្រើន ត្រូវ​ប្រព័ន្ធខែលមីស៊ីលរបស់អ៊ីស្រាអែល ចាប់ជាប់នឹងកំទេចបាន។ ក្រុមហាម៉ាសអះអាងថាគេសងសឹងចំពោះការដែរ កងទ័ពអ៊ីស្រាអែល បានបាញ់មីស៊ីលកំទេចអាគារមួយកន្លែង ដែលជាទីតាំងការិយាល័យអ្នកកាសែត របស់បណ្តាញទូរទស្សន៍ Al Djazira និង ទីភ្នាក់ងារព័ត៌មានអាមេរិក Associated Press។

នៅវេលាទាបភ្លឺ ថ្ងៃអាទិត្យនេះ អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់ទីតាំងមួយចំនួនរបស់ក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែល អះអាងថា គេបានកំទេចផ្ទះស្នាក់នៅរបស់ មេក្លោងដ៏សំខាន់មួយរបស់ក្រុមហាម៉ាស ឈ្មោះ Yahya Sinouar ដែលត្រូវបានគេតែងតាំង កាលពីខែមីនាកន្លងទៅ ជាប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស។ ប្រភពពីក្រុមសន្តិសុខប៉ាឡេស្ទីន បានអះអាងថា ផ្ទះរបស់លោកYahya Sinouar ពិតជាត្រូវកំទេចដោយមីស៊ីលរបស់អ៊ីស្រាអែលមែន។ តែមិនទាន់មានដំណឹងបញ្ជាក់ថា មានមនុស្ស​ស្លាប់ឬក៏អត់ទេ។

« អ៊ីស្រាអែល ត្រូវបង្ហាញភស្តុតាង »

កងទ័ពអ៊ីស្រាអែល បានអះអាងថា គេមានហេតុផលគ្រប់គ្រាន់ នឹងដោយត្រឹមត្រូវក្នុងការកំទេចអាគារឈ្មោះ al-Jala នៅតំបន់ហ្កាហ្សា ព្រោះអាគារនេះ គឺជាកន្លែងស្តុកទុកសម្ភារៈ គ្រឿងសព្វាវុធ របស់ក្រុមហាម៉ាស។ បើតាមការសង្កេតកន្លងមក ផ្ទាំងស៊ីបនីមួយៗ ដែលអ៊ីស្រាអែលកំណត់ ថាជាមុខសញ្ញាទីតាំងលាក់ខ្លួន និងស្តុកអាវុធរបស់ក្រុមហាម៉ាស គឺមិនសូវខុសទេ។ កងទ័ពអ៊ីស្រាអែល ក៏បានជូនដំណឹងជាមុនដែរ ឲ្យ​ប្រជាជនស៊ីវីល ដែលនៅក្នុងអាគារនោះ ត្រូវភៀសខ្លួនចេញជាបន្ទាន់ មុននឹងធ្វើការបាញ់ប្លោងមីស៊ីលទៅ។

តែយ៉ាងណាក៏ដោយ អាគារនោះ គឺមានការិយាល័យរបស់ទូរទស្សន៍ Al Djazira​ និងបណ្តាញព័ត៌មាន Associated Press។ ទីភ្នាក់ងារព័ត៌មានអាមេរិក Associated Press បានទាមទារថា អ៊ីស្រាអែល ត្រូវតែបង្ហាញភស្តុតាងមក ថាទីតាំងអាគារនោះ ពិតជាទីតាំង របស់ក្រុមហា​ម៉ាសមែន មិនមែននិយាយតែមាត់នោះទេ។ ចំណែក ទូរទស្សន៍​Al Djazira​ បានថ្កោលទោសអ៊ីស្រាអែល ថា តាមពិត​គឺ​អ៊ីស្រាអែល មានបំណងកំទេចកន្លែងធ្វើការរបស់អ្នកកាសែត ព្រោះមិនចង់ឲ្យ​អ្នកកាសែត ផ្សាយ​ដំណឹង ផ្សាយរូបភាព ពីសោកនាដកម្ម​ បង្កឡើង​កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោក ចូ បៃដិន លើកឡើងថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន

បើតាមប្រភពពីលិខិតប្រកាសមួយរបស់សេតវិមាន​អាមេរិក គឺលោក ចូ បៃដិន បានលើកឡើង ពីការបារម្ភទាក់ទិននឹងបញ្ហាផ្ទុះសង្គ្រាមនេះ ហើយ​លោកបានអំពាវនាវ ឲ្យទាំង​សងខាង​មានការអត់ធ្មត់។ ប្រភពដដែលនេះបន្ថែមថា តាមទូរស័ព្ទ លោក ចូ បៃដិន បាន​ប្រាប់ទៅ លោក ម៉ាស​មូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ថា​អ៊ីស្រាអែលគេមានសិទ្ធិ ក្នុងការ​ការពារប្រទេសគេ វាជារឿងត្រឹមត្រូវ។ ដូច្នេះ ដរាបណាក្រុមហាម៉ាស មិនឈប់បាញ់​ប្លោងគ្រាប់រ៉ូកែត មកខាងអ៊ីស្រាអែល​ទេ គឺអ៊ីស្រាអែល នៅតែបន្តវាយតបទៅវិញជានិច្ច។

តែទន្ទឹមនឹងនេះ លោកចូ បៃដិន ក៏បានប្រាប់ទៅលោកណេតាន់យ៉ាហ៊ូដែរ ថាលោកមានការបារម្ភ ចំពោះសុវត្ថិភាព សន្តិសុខរបស់អ្នកកាសែតនៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានបាញ់កំទេចទីតាំងការិយាល័យរបស់ពួកគេ។ រីឯលោក រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាន​ប្រាប់ទៅលោក Gary Pruitt នាយកទីភ្នាក់ងារព័ត៌មាន Associated Press ថារដ្ឋាភិបាលអាមេរិក គាំទ្រនិងការពារភាពឯករាជ្យរបស់បណ្តាញព័ត៌មាន។

ដូច្នេះជាសរុបរួម យើងសង្កេតឃើញថា គោលជំហរអាមេរិកនៅពេលនេះ គឺមានការប្រុងប្រយ័ត្នខ្លាំងណាស់ មិនបន្ទោសភាគីណាទាំងអស់ គឺនៅកណ្តាល។ យ៉ាងណាមិញ លោកចូ បៃដិន បានបញ្ជូនអ្នកតំណាងពិសេសម្នាក់ ឈ្មោះ Hady Amr ឲ្យ​ទៅជួបភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីបើកផ្លូវចរចាគ្នា។

គ្មានលទ្ធភាពនិយាយជាមួយ​ក្រុមហាម៉ាស

នៅរសៀលថ្ងៃអាទិត្យ​ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយដែរ ស្តីពីបញ្ហានេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យ​គ្រប់ភាគីទាំងអស់ ត្រូវតែអត់ធ្មត់ ទំលាក់អាវុធ និងចៀសឲ្យ​បាន​ នូវការបាញ់ប្លោងគ្រាប់ ដោយឥតរើសមុខ ទៅគ្រប់ទីតាំង​ ទៅលើផ្ទះសម្បែងប្រជាជន ទៅលើការិយាល័យអ្នកកាសែត គឺវាជាអំពើផ្ទុយនឹងច្បាប់អន្តរជាតិ។

សហគមអន្តរជាតិកំពុងប្រឹងប្រែង ប្រើមធ្យោបាយការទូត ដើម្បីជួយពន្លត់ភ្លើង។ ក៏ប៉ុន្តែចំណោទធំបំផុត គឺទាំងអាមេរិក ទាំងអង្គការសហប្រជាជាតិ គឺមិនមាននរណា អាចនិយាយទាក់ទងជាមួយ​ក្រុមហាម៉ាស នៅហ្កាហ្សាបានតែ។ គេអាចនិយាយគ្នា បានតែជាមួយរដ្ឋបាលរបស់​លោក ម៉ាសមូដ អាបាស ដែលស្ថិតនៅតំបន់ស៊ីសហ្សកដានីតែប៉ុណ្ណោះ។ ក្រុមហាម៉ាស មិនស្តាប់ មិនធ្វើតាម​រដ្ឋបាលអាជ្ញាធររបស់​លោក ម៉ាមូដ អាបាសទេ។

ក្រុមហាម៉ាស ឆក់ឱកាសនយោបាយ

ហើយ​បើយើងវិភាគ ឲ្យ​មែនទែនទៅ ការផ្ទុះសង្គ្រាមលើកនេះ រវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែល គឺម្ខាងៗមានកម្មវត្ថុរៀងខ្លួន ដែលត្រូវសម្រេច ដូច្នេះ ទោះអ្នកផ្សេងខំប្រឹងអំពាវនាវយ៉ាងណាក៏គេមិនស្តាប់ដែរ។

មួយរយៈមុននឹងមានផ្ទុះសង្គ្រាមនេះ គឺមានចលាចលបាតុកម្ម ខ្លាំងណាស់នៅទីក្រុងហ្សេរុយសាឡឹម។ តាមពិតក្រុមហាម៉ាស បានឆក់ឱកាសនេះ ដើម្បីសំដែងឬទ្ធ យកមុខ អះអាងថាខ្លួនជាអ្នកការពារប្រជាជនប៉ាឡេស្ទីន។ នេះបើផ្អែកតាមការពន្យល់ របស់​លោកស្រី Leïla Seurat អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យក្រុង ព្រុចសែល។ លោកស្រីពន្យល់ថា ក្រុមហាម៉ាស ដែលស្ថិតនៅតំបន់ហ្កាហ្សា កំពុងតែប្រជែងដណ្តើមកេរ្តិ៍ឈ្មោះ ជាមួយ​អាជ្ញាធររំដោះប៉ាឡេស្ទីន ដែលដឹកនាំដោយក្រុមហ្វាតា និងលោក ម៉ាសមូដ អាបាស នៅតំបន់ស៊ីសហ្សកដានី។

តាមការគ្រោងទុកយូរមកហើយ គឺខែឧសភានេះ មានការបោះឆ្នោតជ្រើសរើសមេដឹកនាំចលនាប៉ាឡេស្ទីន ដោយ​ក្រុមហាម៉ាស ក៏បានសុខចិត្តយល់ព្រមចូលរួមដែរ ជាមួយក្រុមហ្វាតា។ ក្រុមហាម៉ាស សង្ឃឹមខ្លាំងណាស់ ថាការបោះឆ្នោតនេះ នឹងផ្តល់ភាពស្របច្បាប់ឲ្យ​ខ្លួន កាន់តែខ្លាំងឡើង មិនថាសម្រាប់តំបន់ហ្កាហ្សាទេ គឺសម្រាប់ដែនដីប៉ាឡេស្ទីណទាំងមូល។ ក៏ប៉ុន្តែទីបំផុត ការ​បោះឆ្នោត​នេះ ត្រូវបានលោកម៉ាសមូដ អាបាស លើកពេលវិញ បន្ទាប់ពីអ៊ីស្រាអែលបានហាមឃាត់ មិនអនុញ្ញាត ឲ្យ​រៀបចំបោះឆ្នោតនៅក្រុងហ្សេរុយសាឡឹម។ ដូច្នេះ ក្រុមហាម៉ាស ទំនងជាងខឹងនឹងអ៊ីស្រាអែលផង ហើយខឹងនឹង​លោក​ម៉ាសមូដ អាបាសទៀត។

អ៊ីស្រាអែលចង់កំទេចកម្លាំងនយោបាយ និងសមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាស

ចំណែកកម្មវត្ថុរបស់អ៊ីស្រាអែលវិញ គឺគេចង់យកឱកាស កំទេចក្រុមហាម៉ាសនៅហ្កាហ្សា ឲ្យទន់ជង្គង់តែម្តង តាមរយៈការកំទេចសម្ភារៈ ទីតាំងផលិត និងស្តុកអាវុធ ព្រមទាំងសម្លាប់មេក្លោងសំខាន់ៗ និងមនុស្សជំនាញបច្ចេកទេស របស់ក្រុមហាម៉ាស។ លោកYaakov Amidror អតីតទីប្រឹក្សាសន្តិសុខរបស់​លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីស្រាអែល មានកម្មវត្ថុ បំផ្លាញអំណាចនយោបាយ និង​ សមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាស ដែលអ៊ីស្រាអែលចាត់ទុកថាជាក្រុម​ភេរវកម្ម។

តែយ៉ាងណា សម្រាប់លោក Naji Shurab សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅហ្កាហ្សា បានលើកឡើង​ វាគ្រោះថ្នាក់សម្រាប់អ៊ីស្រាអែលដែរ ព្រោះការវាយប្រហារនេះ អាចធ្វើឲ្យ​កំហឹងរបស់ប្រជាជនបា៉ាឡេស្ទីនឆេះខ្លាំងឡើង ហើយនឹងធ្វើឲ្យរដ្ឋបាល​លោក ម៉ាសមូដ អាបាស ជួបគ្រោះថ្នាក់ដែរ។ គ្មានអាជ្ញាធរកណ្តាលដឹកនាំ ប៉ាឡេស្ទីនកាន់តែចលាចល ក្រុមជ្រុលនិយមកាន់តែសំបូរ អ៊ីស្រាអែលក៏កាន់តែប្រឈមគ្រោះថ្នាក់ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ