អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្កាហ្សា៖ មធ្យោបាយ​ការទូត​កំពុង​ប្រឹងប្រែង ដើម្បី​​បញ្ចុះបញ្ចូល​ ​ឲ្យ​​ទំលាក់​អាវុធ​ទាំង​សងខាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបាញ់ប្លោងមីស៊ីល និងគ្រាប់រ៉ូកែត រវាង​កងទ័ពអ៊ីស្រាអែល និង​ ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែមិនទាន់ស្ងប់ទេ។ គិតត្រឹមថ្ងៃអង្គារទី​១៨ឧសភានេះ ចំនួនមនុស្សស្លាប់ បានកើនឡើង​ដល់ជាង​២២០នាក់ ដែលភាគច្រើនបំផុត គឺជាប្រជាជនប៉ាឡេស្ទីន រស់នៅក្នុងតំបន់ហ្កាហ្សា។ មានការព្រួយបារម្ភថា សង្គ្រាមនេះអាចផ្ទុះឆេះ រាលដាលធំ ដោយអាចមាន​សត្រូវផ្សេងរបស់អ៊ីស្រាអែល ចូលរួមប្រយុទ្ធដែរ។ សហគមអន្តរជាតិ មានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប បារាំង និងអាមេរិកជាដើម កំពុងព្យាយាម ប្រើប្រាស់មធ្យោបាយការទូត ដើម្បី​អូសទាញឲ្យភាគីទាំងសងខាង គឺអ៊ីស្រាអែល និងក្រុមហាម៉ាស យល់ព្រមទំលាក់អាវុធ។

បុរសប៉ាឡេស្ទីនបីកុមារម្នាក់ដែលស្លាប់ក្នុង​គំនរអាគារ បន្ទាប់ពីរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ ក្នុងចំណោមនុស្ស​២១២នាក់ស្លាប់នៅហ្កាហ្សា ៦១នាក់គឺជាកុមារ។
បុរសប៉ាឡេស្ទីនបីកុមារម្នាក់ដែលស្លាប់ក្នុង​គំនរអាគារ បន្ទាប់ពីរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ ក្នុងចំណោមនុស្ស​២១២នាក់ស្លាប់នៅហ្កាហ្សា ៦១នាក់គឺជាកុមារ។ AP - Khalil Hamra
ផ្សាយពាណិជ្ជកម្ម

រ៉ូកែតជាង៣៤០០គ្រាប់ហោះចេញពីហ្កាហ្សា

ស្ថានការណ៍នៅតែក្តៅគគុកដដែលទេ មិនទាន់ស្ងប់ឡើយ។ លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់ហើយ ថា ដរាបណា ក្រុមហាម៉ាសនៅតែបន្តបាញ់ប្លោងគ្រាប់ រ៉ូកែតមក គឺអ៊ីស្រាអែល នឹងបាញ់មីស៊ីលទៅវិញ។ ក្នុងរវាងយប់ថ្ងៃចន្ទ ឆ្លងចូលថ្ងៃអង្គារទី១៨ឧសភា កងទ័ពអ៊ីស្រាអែលបានអះអាងថា ក្រុមហាម៉ាស បានបាញ់រ៉ូកែតមកចំនួន ប្រមាណ​៩០គ្រាប់ទៀត។

អ៊ីស្រាអែល បានឆ្លើយតបវិញ ដោយ​បាន​បញ្ជាយន្តហោះចម្បាំង ជាង៦០គ្រឿង ទៅទំលាក់គ្រាប់មីស៊ីល លើចំណុចផ្ទាំងស៊ីបប្រមាណ​៦៥ទីតាំង នៅក្នុងតំបន់ហ្កាហ្សា។ កងទ័ពអ៊ីស្រាអែលអះអាងថា បានកំទេចទីតាំង រូងក្រោមដី ដែលជាច្រកចេញចូល ជញ្ជូនអាវុធ និងស្តុកអាវុធ របស់​ក្រុម​ហាម៉ាស នៅភាគខាងត្បូងតំបន់ហ្កាហ្សា។

គិតពីថ្ងៃទី​១០ឧសភាមក មានគ្រាប់រ៉ូកែតប្រមាណ​ ៣៤៤០គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា ឆ្ពោះមកខាងអ៊ីស្រាអែល តែប្រមាណ៩០% គ្រូវប្រព័ន្ធខែមីស៊ីល​អ៊ីស្រាអែល កំទេចបាន។ ហេតុដូច្នេះហើយ បានជាងខាងអ៊ីស្រាអែល មានការខូចខាតតិចតួចទេ ចំនួនអ្នកស្លាប់វិញមាន​១០នាក់ របួសជិត​៣០០នាក់។

ចំណែកខាងហ្កាហ្សាវិញ មនុស្សស្លាប់ មានសរុបប្រមាណ​២១២នាក់ ក្នុងនោះមានកុមារ​ ជាង​៦០នាក់ ហើយអ្នករបួសវិញ មានជាង​១៤០០នាក់។ គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល បាន​កំទេចអាគារផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​ បណ្តាញអគ្គីសនីសឹងទាំងស្រុងត្រូវកាត់ផ្តាច់ ធ្វើឲ្យតំបន់ហ្កាហ្សា​ ត្រូវងងឹតឈឹងតែម្តង។ តំបន់ហ្កាហ្សា ដែលមានប្រជាជនប្រមាណ​២លាន​នាក់ មានសេដ្ឋកិច្ចក្រីក្រខ្លាំងណាស់ទៅហើយ ដោយសារតែ​ការបិទខ្ទប់​ប្រមាណ​​​១៥​ឆ្នាំ​​​មក​នេះ។ ឥឡូវ​សង្គ្រាម​នេះ កំពុងបន្ថែមការលំបាក ដល់ជីវភាព និង​អាយុជីវិត​របស់​​ប្រជាជន​តំបន់​ហ្កាហ្សា ​ជាពិសេស​នៅក្នុង​បរិបទ​​ជម្ងឺឆ្លង​កូវីដ​១៩​​ទៀត។

ភ្លើងសង្គ្រាមរាលដាលក្នុងតំបន់?

ទន្ទឹមនឹងស្ថានការណ៍នៅតែក្តៅគគុក នៅតំបន់ហ្កាហ្សានេះ ចំណែក​នៅភាគខាងអ៊ីស្រាអែល ឯណោះ សមរភូមិមួយទៀត បានចាប់ផ្តើមកំរើកដែរ ដោយ​មានគ្រាប់រ៉ូកែតជាច្រើន ត្រូវបានបាញ់ចេញ​ពី​លីបង់ សំដៅមកអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា មានគ្រាប់រ៉ូកែតយ៉ាងហោច៣គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ Chebaa ស្ថិតនៅភាគខាងត្បូងលីបង់ បាញ់សំដៅមកខាងអ៊ីស្រាអែល ក៏ប៉ុន្តែបានធ្លាក់ចូលសមុទ្រ។ កងទ័ពអ៊ីស្រាអែល បានបាញ់គ្រាប់កាំភ្លើងធំ តបទៅវិញ សំដៅកំទេចទីតាំង ដែលជាកន្លែងបាញ់ចេញគ្រាប់រ៉ូកែតទាំងនោះ។ នេះជាលើកទី២​ហើយ ដែល​មានការបាញ់គ្រាប់រ៉ូកែត ចេញពីភាគខាងត្បូងលីបង់ សំដៅមកដីអ៊ីស្រាអែល។ លើកទីមួយ​គឺនៅថ្ងៃទី​១៣ឧសភា។

យ៉ាងណាក៏ដោយ យោងតាមការអះអាង របស់តំណាងអង្គការសហប្រជាជាតិ ប្រចាំនៅតំបន់ភាគខាងត្បូងលីបង់ គឺស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញហើយ។ ចំណែកក្រុម​ហេសបូឡាលីបង់ ដែលតាមការសង្ស័យ គឺជាអាចជាអ្នកបាញ់គ្រាប់រ៉ូកែតទាំងនោះ ក៏មិនបានចេញប្រតិកម្មអ្វីដែរ។

សមរភូមិមួយទៀតនេះ វាមិនទាន់កម្រើកឆេះពិតមែន ក៏ប៉ុន្តែមានការបារម្ភថា ថា​ជាគ្រោះថ្នាក់។ យ៉ាងណាមិញ លោកមេបញ្ជាការកងទ័ពអាេមរិក Mark Milley បានលើកឡើងថា សង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ អាចនឹងដុតរោលឲ្យឆាបឆេះ ជាសង្រ្គាមធំនៅក្នុងតំបន់តែម្តង ព្រោះថាសត្រូវ​របស់អ៊ីស្រាអែល ផ្សេងទៀត មាន​ក្រុមហេសបូឡាលីបង់ និងដែលជាដៃជើងរបស់អ៊ីរ៉ង់ អាចនឹងចូលរួមប្រយុទ្ធដែរ។ លោក​មិននិយាយឲ្យចំៗ ថាអ៊ីរ៉ង់អាចនឹងចូលរួមប្រយុទ្ធទេ តែលោក​បាន​លើកឡើងថា បើមើលទំហំនៃការវាយ​ប្រហារ បាញ់ប្លោងគ្រាប់នាពេលបច្ចុប្បន្ននេះ គឺវា​រឿង​ប្រឈម​អាចទៅរួចថា សង្គ្រាមនឹងឆេះរាលដាល ចេញក្រៅហួសពីតំបន់ហ្កាហ្សា។

លោក​មេបញ្ជាការកងទ័ពអាមេរិក រូបនេះ បានថ្លែងថា គ្មាននរណាជំទាស់ថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួននោះទេ។ ក៏ប៉ុន្តែ ប្រជាជនស៊ីវីល កុមារ ស្លាប់ច្រើនណាស់។ ដូច្នេះ គ្រប់គ្នាត្រូវ​ឈប់ប្រយុទ្ធ ព្រោះថា បើបន្តទៀត រឿងរ៉ាវនឹងកាន់តែធ្ងន់ធ្ងរ ទប់មិនឈ្នះ ក្លាយជាសង្រ្គាមតំបន់ ដែល​ម្នាក់ៗ អាចនឹងស្តាយក្រោយ។

សង្ឃឹមលើអេហ្ស៊ីប ហ្សកដានី និងកាតា

មានការប្រឹងប្រែង តាមរយៈការធម្យោបាយការទូត ដើម្បី​ឲ្យ​ភាគីទាំងសងខាង គឺអ៊ីស្រាអែល និង ក្រុមហាម៉ាស យល់ព្រមទប់កំហឹង ហើយទំលាក់អាវុធ។ តែបញ្ហាចោទ គឺថាក្រុមហាម៉ាស ត្រូវគេចាត់ទុកថា ជាក្រុមភេរវកម្ម ហើយ​មិនមាននរណា អាចនិយាយជាមួយ​បានទេ។

មានតែ​ប្រទេស៣ប៉ុណ្ណោះ ដែលមើល​ទំនងទៅ អាច​ចូលធ្វើអន្តរាគមន៍ ជួយ​សម្រុះសម្រួលបាន គឺ អេហ្ស៊ីប ហ្សកដានី និងកាតា ព្រោះប្រទេសទាំង៣នេះ មានទំនាក់ទំនងជាមួយអ៊ីស្រាអែលផង និង​ជាមួយ​ តំបន់ហ្កាហ្សាផង។ យ៉ាងណាមិញ កន្លងមក អេហ្ស៊ីបតែងតែត្រូវបានគេពឹងឲ្យជួយផ្សះផ្សា​ជានិច្ច នៅពេលណាក្រុមហាម៉ាស និងអ៊ីស្រាអែលឈ្លោះគ្នា ព្រោះថាអេហ្ស៊ីប មានព្រំដែនជាប់ទាំងសងខាង។

កាលពីថ្ងៃចន្ទ លោក Abdel Fattah-Al-Sissi ប្រធានាធិបតីអេហ្សីប បានមកប្រជុំនៅទីក្រុងប៉ារីស ជាមួយលោកម៉ាក្រុង ហើយ​មេដឹកនាំទាំង២បានឆ្លៀត និយាយអំពីការបើកផ្លូវចរចាការទូត ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍នេះ។ នៅក្នុងសន្និសីទកាសែត ក្រោយជំនួបនេះ លោកម៉ាក្រុង បានលើកឡើងថា អេហ្ស៊ីប និងហ្សកដានី នឹងសហការគ្នា​ជួយនិយាយ ជាមួយ​ភាគីនយោបាយប៉ាឡេស្ទីនទាំងអស់ ដើម្បីឈានទៅសម្រេចការទំលាក់អាវុធ ឈប់បាញ់​ ហើយ​ស្តារស្ថិរភាព​ និង​សន្តិសុខឡើងវិញនៅហ្កាហ្សា។

ដូចគ្នាដែរ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏គេបាន​បញ្ជាក់ថា មធ្យោបាយការទូតមួយ កំពុងតែត្រូវបាន​គេរៀបចំ ដោយ​សហការជាមួយ ប្រទេសកាតា និងអេហ្ស៊ីប។ នៅរសៀលនេះដែរ ក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំម្តងទៀត។ កិច្ចប្រជុំ​កាលពីថ្ងៃអាទិត្យ មិនបានលទ្ធផលទេ ដោយស​ារ​​សហរដ្ឋអាមេរិក បានបដិសេធ មិនព្រមឲ្យអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍​រួម អំពាវនាវឲ្យ​​ភាគី​ទាំង​សងខាងទំលាក់អាវុធ។

លោកចូ បៃដិន ប្រាប់ទៅលោកណេតាន់យ៉ាហ៊ូ ថាសូមទំលាក់អាវុធ

ដោយឡែក យោងតាមលិខិតប្រកាសរបស់សេតវិមានអាមេរិក គឺលោក ចូ បៃដិន បានទូរស័ព្ទ ទៅនិយាយជាមួយ​លោក ណេតាន់យ៉ាហ៊ូ ម្តងទៀត នៅយប់ថ្ងៃចន្ទម្សិលមិញ។ លោកចូ បៃដិន បានប្រាប់​ទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាលោកចង់​ឲ្យ​មានការទំលាក់អាវុធ។ អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ក៏ពិតមែនហើយ តែតោងប្រុងប្រយ័ត្ន​ មិនត្រូវសម្លាប់ជីវិតប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ទេ។

មន្ត្រីបក្ស​ប្រជាធិបតេយ្យខ្លះ បានចេញមុខរិះគន់លោកចូ បៃដិន ថាដូចជាខ្លាចអ៊ីស្រាអែល។ ក៏ប៉ុន្តែលោកស្រី ជែន សាគី អ្នកនាំពាក្យសេតវិមាន បាននិយាយការពារថា រដ្ឋបាលលោកចូ បៃដិន កំពុងប្រើយុទ្ធសាស្រ្តការទូតដោយស្ងាត់ៗ មិនចង់ស្តីបន្ទោសម្ខាងៗ បន្ថែបបញ្ហាឲ្យរីកធំទេ។

យ៉ាងណាក៏ដោយ នៅក្នុងការផ្ទុះសង្គ្រាមលើកនេះ យើងឃើញថា លោកណេតាន់យ៉ាហ៊ូ ហាក់ប្តេជ្ញាច្បាស់ណាស់ គឺឆក់ឱកាសកំទេចសមត្ថភាពប្រយុទ្ធ និងក្បាលម៉ាស៊ីននយោបាយ របស់ក្រុមហាម៉ាស ឲ្យវិនាសតែម្តង។ ក្រុមហាម៉ាស ដែលបន្តបាញ់គ្រាប់រ៉ូកែត តាមពិតគឺកំពុងតែហុចលេស ឲ្យ​អ៊ីស្រាអែលកំទេចខ្លួនទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ