អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​តំបន់​អាកទិក​ក្លាយ​ជា​ចំណុច​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​នៅ​ពេល​នេះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​អ៊ីស្លង់​ រដ្ឋ​សមាជិក​តំបន់​អាកទិក​បើក​ធ្វើ​ជំនួប​កំពូលនៅថ្ងៃ​ព្រហស្បតិ៍​ ទី២០​ ឧសភា​នេះ​ ដើម្បី​ពិភាក្សាអំពី​កិច្ច​សហប្រតិបត្តិការ​ដោយ​សន្តិវិធី​នៅក្នុង​តំបន់។ កិច្ចប្រជុំនៃ​ក្រុម​ប្រឹក្សា​​អាកទិក​ កើតឡើង​ចំពេល​ដែល​កម្តៅ​និង​ភាពតាន​តឹង​ជុំវិញ​តំបន់​នេះ​កំពុង​កើន​ឡើង​ខ្លាំង​ជាពិសេស​រវាងរុស្ស៊ី​ និង​សហរដ្ឋអាមេរិក​។តើអ្វី​ទៅ​ជាក្រុមប្រឹក្សា​អាកទិក​? តើប្រទេសណាខ្លះ​ជាសមាជិក​នៃ​ក្រុមប្រឹក្សានេះ​? ហើយ​ថា​តើហេតុអ្វីបានជា​តំបន់អាកទិក​ក្លាយជា​ចំណុច​ប្រកួតប្រជែង​គ្នាខ្លាំង​នៅ​ពេល​នេះ​?

នៅថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២១នេះ ប្រទេសចំនួន ៨ ដែលមានព្រំប្រទល់ជាប់តំបន់អាកទិកជួបប្រជុំគ្នានៅប្រទេសអ៊ីស្លង់ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធីនៅក្នុងតំបន់។
នៅថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២១នេះ ប្រទេសចំនួន ៨ ដែលមានព្រំប្រទល់ជាប់តំបន់អាកទិកជួបប្រជុំគ្នានៅប្រទេសអ៊ីស្លង់ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធីនៅក្នុងតំបន់។ SAUL LOEB POOL/AFP
ផ្សាយពាណិជ្ជកម្ម

តើ​អ្វី​ទៅជា​ក្រុមប្រឹក្សា​អាកទិក​?

ក្រុម​ប្រឹក្សា​អាកទិក​គឺជា​វេទិកា​អន្តរ​រដ្ឋាភិបាល​កម្រិត​ខ្ពស់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើងនៅថ្ងៃទី​ ១៩ ខែកញ្ញា ឆ្នាំ១៩៩៦​ ក្នុង​ទី​ក្រុងអូតាវ៉ា​ប្រទេស​កាណាដា​។ កម្មវត្ថុក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សានេះ​គឺ​ដើម្បី​ជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​រដ្ឋ​អាកទិក​ ជនជាតិ​ដើមភាគតិច​ និង​ប្រជាជន​រស់នៅ​តំបន់​អាកទិក​ដទៃទៀត​ឲ្យ​រួមគ្នា​កម្លាំងគ្នា​ ដោះស្រោយ បញ្ហាពាក់ព័ន្ធតំបន់ ជាពិសេស​បញ្ហា​ស្តីអំពី​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព​ និង​ការ​ការពារបរិស្ថាននៅក្នុងតំបន់​។

សេចក្តីប្រកាសទីក្រុងអូតាវ៉ា​ បាន​កំណត់ប្រទេស​ចំនួន​ ៨ ជា​សមាជិក​នៃក្រុមប្រឹក្សា​តំបន់​អាកទិក​ ក្នុងនោះ​រួមមាន​ប្រទេសកាណាដា​ ដាណឺម៉ាក​ ហ្វាំងឡង់​ អ៊ីស្លង់​ ន័រវែស​ រុស្ស៊ី​ ស៊ុយអែត​ និង​សហរដ្ឋអាមេរិក​។

រដ្ឋ​ជា​សមាជិកទាំង៨​ តែង​តែប្រជុំគ្នា​រៀងរាល់​ ២ ឆ្នាំម្តង នៅក្រុម​ប្រឹក្សាតំបន់​អាកទិក​ ហើយ​ ប្រធានក្រុមប្រឹក្សានៃតំបន់ក៏​ត្រូវ​វិល​ផ្លាស់វេនគ្នា​រៀងរាល់​ពីរ​ឆ្នាំម្តងដែរ​ ក្នុងចំណោម​រដ្ឋជា​សមាជិកទាំងអស់​។ ប្រទេសដំបូង​ដែលធ្វើជាប្រធាន​ក្រុមប្រឹក្សា​តំបន់អាក់ទិក​គឺ​កាណាដា​នៅក្នុងឆ្នាំ​ ១៩៩៦​-១៩៩៨​។

ចំណែក​ អ៊ីស្លង់​គឺជាប្រធាន​ក្រុមប្រឹក្សា​តំបន់អាកទិក​សម្រាប់ឆ្នាំ​ ២០១៩-២០២១​ ដូច្នោះ​ហើយ​បាន​ជា​រដ្ឋ​សមាជិក​តំបន់​អាកទិកបើកធ្វើជំនួបកំពូល​ក្នុងទីក្រុងរ៉ៃក្យាវិក ប្រទេសអ៊ីស្លង់​នា​ថ្ងៃព្រហស្បតិ៍​ ទី២០ ឧសភានេះ​។

ជំនួប​កំពូល​ក្រុម​ប្រឹក្សា​នៃ​តំបន់​អាកទិក

បញ្ហា​កើន​ឡើង​កំដៅផែនដី​ ការកើនឡើងនូវ​វត្តមាន​ទ័ព​របស់រុស្ស៊ី​ ព្រមទាំង​អនាគត​ប្រជាជន​រស់នៅក្នុង​តំបន់​អាកទិក​គឺជាប្រធានបទសំខាន់​ដែល​មានក្នុង​មាន​របៀបវារៈ​នៃជំនួបកំពូល​ សម្រាប់រដ្ឋមន្រ្តីការបរទេស​របស់​ប្រទេស​សមាជិកទាំង៨ ដែល​បាន​ទៅជួបប្រជុំគ្នា​នៅប្រទេសអ៊ីស្លង់​ក្នុងថ្ងៃព្រហស្បតិ៍នេះ​។

ជាការគួរឲ្យកត់សម្គាល់​ កិច្ចប្រជុំក្រុមប្រឹក្សាអាកទិក​នៅថ្ងៃ​នេះ​ កើតឡើងក្នុង​ពេល​ដែលភាព​តានតឹងកំពុងកើតមានខ្លាំង​រវាងរុស្ស៊ី​ និងអាមេរិក​។ ប្រទេសរុស្ស៊ី​ដែល​នឹង​ត្រូវឡើងក្លាយជាប្រធានក្រុមប្រឹក្សា​តំបន់អាកទិកថ្មី​សម្រាប់​ឆ្នាំ ២០២១-២០២៣ មានបំណង​ចង់​ជំរុញ​កិច្ចពិភាក្សា​ ស្របពេលដែល​កំពុង​បង្កើនកម្លាំងយោធារបស់ខ្លួន​នៅ​ក្នុង​តំបន់​។

នាពេលថ្មីៗនេះ​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ បានចេញមុខ​ប្រកាសថា​តំបន់អាកទិក​ដែលស្ថិត​នៅប៉ូលខាងជើងនៃផែនដី​គឺជាតំបន់​ស្ថិតក្រោមការកាន់កាប់​របស់រុស្ស៊ី​។ ទន្ទឹមនឹង​ការអះអាងនេះ​ គេឃើញ​រុស្ស៊ីកាន់តែបង្ហាញសកម្មភាពយោធាខ្លាំងឡើង​នៅក្នុងតំបន់​ ដោយចេះ​តែ​បង្កើនការដាក់តាំងគ្រឿងសព្វាវុធ​ ការចល័តទ័ព​ និង​មូលដ្ឋានទ័ព​រហូត​ធ្វើឲ្យ​គេមាន​ការ​បារម្ភខ្លាច​អំពី​លទ្ធភាពផ្ទុះការ​តតាំងគ្នាណាមួយនៅក្នុងតំបន់​នាពេលអនាគត​។

នៅមុនជំនួបកំពូល​ ប្រមុខការបរទេសអាមេរិកលោក​ អង់តូនី ប្ល៊ីងកិន បាន​អំពាវនាវ​ ឲ្យ​ប្រទេស​ដែលមានព្រំប្រទល់ជាប់តំបន់អាក់ទិក​ គោរពគ្នា​ ពួតដៃធ្វើការនឹងគ្នា​ប្រកដោយ​កិច្ចសហប្រតិបត្តិការខ្ពស់​ដើម្បីរក្សាស្ថិរភាព សន្តិភាព និង​ជៀសវាងនូវសកម្មភាព​ប្រកួត​ប្រជែងគ្នា​ដែលធ្វើឲ្យតំបន់នេះក្លាយ​ជាកន្លែង​ប្រកួត​ប្រជែង​គ្នាខ្លាំង​។

ទន្ទឹមគ្នានេះ​ ប្រមុខការបរទេសអាមេរិក​បានលើកឡើងថា​ ប្រសិនណា​បើមេដឹកនាំ​រុស្ស៊ី និងអាមេរិក​ធ្វើការរួមគ្នា​ សហការគ្នា​ ...នោះ ពិភពលោក​អាចជាកន្លែង​ដែល​មាន​សុវត្ថិភាព និងសុខដុមរមនាជាងមុន​។ ក៏ប៉ុន្តែ លោកប្ល៊ីងកិនក៏បានព្រមាន​ដែរថា ក្រុង​វ៉ាស៊ីនតោនមិនអាចឱបដៃឈរមើល​រុស្ស៊ីធ្វើអ្វីផ្តេសផ្តាសនោះទេ​ និងថា​នឹង​ឆ្លើយតប​ចំពោះ​រាល់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​។

ក្រោយបានឭការលើកឡើង​របស់​ប្រមុខការបរទេសអាមេរិក លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​បានឆ្លើយតបវិញថា​ ប្រទេសរុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ពិភាក្សា​លើ​គ្រប់បញ្ហាទាំងអស់​ដោយគ្មានការលើកលែង​ប្រសិនបើ​ការពិភាក្សានោះ​ មាន​ភាព​ស្មោះត្រង់ និងអាចទុកចិត្តបាន​។

តើហេតុអ្វីបានជា ​តំបន់​អាកទិក ក្លាយជា​ចំណុច​ប្រកួត​ប្រជែងគ្នា​ខ្លាំងម្ល៉េះ ​នៅ​ពេល​នេះ​?

ប្រទេសរុស្ស៊ី​ដែលមើលឃើញថា​ អាមេរិក​មាន​ចំណាប់​អារម្មណ៍​ខ្លាំងឡើង​ លើតំបន់​អាកទិក​ បានខំ​ពង្រឹង​វត្តមាន​យោធារបស់ខ្លួនជាបណ្តើរៗ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយបើកដំណើរការ​ និង​ធ្វើទំនើបកម្មមូលដ្ឋាន​ និងវាល​អាកាស​ជាច្រើន​នៅក្នុង​តំបន់ ដែល​ត្រូវ​បានគេបោះបង់ចោល​ចាប់តាំងពីចុងសម័យអតីតសហភាពសូវៀត​។

សហរដ្ឋអាមេរិក​ បានសម្តែងការព្រួយបារម្ភ​ចំពោះការបង្កើនសកម្មភាព​យោធារុស្ស៊ីនៅ​ក្នុងតំបន់​ និងចោទប្រកាន់​ទីក្រុងម៉ូស្គូ​ពីការធ្វើនយោបាយយោធានិយមនៅអាកទិក​។ ចំណែកពីមន្ត្រីរុស្ស៊ីវិញ និយាយថាសកម្មភាពយោធារបស់ណាតូ និងអាមេរិក​នៅក្នុង​តំបន់នេះ​គឺពិតណាស់ជាសកម្មភាពបង្កហេតុ​ និងជាសកម្មភាព​ដែលមិនត្រូវ​បានគេ​ឃើញនោះទេ​ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក​។

ជាការពិត​ តំបន់អាកទិក​ កំពុងតែក្លាយជាចំណុចប្រកួតប្រជែងគ្នា​ក្តៅគគុកមួយ​ រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ក៏ដូចជាអង្គការណាតូដែរ​។ ហេតុអ្វី?

អាកទិក ដែនដីនៃឱកាស

តំបន់អាកទិក​ មានទំហំ​ប្រមាណ ២១​លាន​គីឡូម៉ែត្រ​ការ៉េ​ គ្របដណ្តប់​ទៅលើ​សមុទ្រ អាកទិក ហើយ​តំបនភាគខាងជើងជារបស់រុស្ស៊ី​។ ដោយសារ​អ្នក​វិទ្យាសាស្រ្ត​ព្រមាន​ពីការ​រលាយ​ទឹកកក​ក្នុង​ល្បឿន​ដ៏លឿន នៅ​តំបន់ប៉ូលអាកទិក​ តំបន់នេះ​ក៏​ក្លាយជា​មន្ទីរពិសោធន៍ដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ​ ក្នុងការប្រយុទ្ធប្រឆាំង​នឹងការកើនឡើងកំដៅផែនដី​។

កត្តានេះ បានធ្វើឲ្យរុស្ស៊ីបារម្ភ​ ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចេញ​សេចក្តីព្រមាន​ជាពាក្យសំដីខ្លាំងៗ​ប្រឆាំង​នឹង​មហិច្ឆតា​របស់​លោកខាងលិច​ ដោយ​ទទូចអះអាងថា​ អាកទិច​ជាទឹកដីរបស់ខ្លួន​។ ហើយថា​សកម្មភាព​យោធារបស់រុស្ស៊ី​នៅក្នុង​តំបន់គឺ“ ស្របច្បាប់”​។

មួយវិញទៀត​ ប្រទេសជាច្រើនកំពុង​ សំឡឹងឃើញពីឱកាសថា​ការ​រលាយទឹកកនៅ តំបន់អាកទិក​អាច​ហុចផលល្អ​ដល់ការរុករក​។ ក្រៅពីនេះ​ គេប្រមើលឃើញថា​អាកទិក​ អាចក្លាយជា​តំបន់ខ្សែផ្លូវទឹកដឹកជញ្ជូន​ សម្រាប់ដោះដូរពាណិជ្ជកម្ម​ រួមបញ្ចូលទាំង​ការនាំចេញប្រេង​និង​ឧស្ម័នបម្រុងនៅក្រោមសមុទ្រនៅទីនេះ​។

ហេតុដូចនេះហើយ​ទើប​ប្រទេសអ្នកមានជាច្រើន​ក្រៅពីអាមេរិក​ និង​រុស្ស៊ី ក៏មានចិនដែរ​ ចាប់​អារម្មណ៍ចង់ទៅរុករក​ និងកាន់កាប់​តំបន់អាកទិក​រហូតធ្វើឲ្យតំបន់នេះ​ ក្លាយ​ជា​ចំណុចប្រកួតប្រជែង​គ្នាខ្លាំង​នៅ​ពេលបច្ចុប្បន្ន​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ