អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្កាហ្សា៖ ទីបំផុត ​អ៊ីស្រាអែល និង ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ព្រម​ទទួល​យក​​បទ​ឈប់បាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបាញ់ប្លោងគ្រាប់ដាក់គ្នា រយៈពេល​១១ថ្ងៃ នៅតំបន់ហ្កាហ្សា ទីបំផុតទៅ កងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានសុខចិត្តទទួលយកបទឈប់បាញ់ ដែលចូល​ជា​ធរមាន ចាប់ពីថ្ងៃទី២១ឧសភានេះទៅ។ តែយ៉ាងណា នេះគឺជាបទឈប់បាញ់ដ៏ផុតស្រួយបំផុត ព្រោះភាគីទាំងសងខាង សុទ្ធតែបានអះអាងថា អាចនឹងបើកការវាយ​ប្រហារវិញ ប្រសិន​បើមានភាគីម្ខាងទៀត រំលោភបំពាន។ ការបាញ់ប្លោងប្រមាណ​១១ថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្សចំនួន​២៣២នាក់ នៅតំបន់ហ្កាហ្សា ក្នុងនោះមានកុមារ៦៥នាក់ ចំណែកខាងអ៊ីស្រាអែលវិញ​ មានស្លាប់១២នាក់។ តើភាពស្ងប់ស្ងាត់ គ្មាន​សំឡេងស៊ីរ៉ែន និងសំឡេងគ្រាប់​ផ្ទុះនេះ អាចនឹងមានយូរដល់ពេលណា?

ប្រជាជនប៉ាឡេស្ទីន នាំគ្នាស្រែកអបអរជ័យជំនះ នៅវិហារ Al Aqsa ក្រុងហ្សេរុយសាឡឹម ក្រោយក្រុមហាម៉ាស និងអ៊ីស្រាអែល ប្រកាសទទួលយកបទឈប់បាញ់។ ថ្ងៃទី ២១ ឧសភា ២០២១
ប្រជាជនប៉ាឡេស្ទីន នាំគ្នាស្រែកអបអរជ័យជំនះ នៅវិហារ Al Aqsa ក្រុងហ្សេរុយសាឡឹម ក្រោយក្រុមហាម៉ាស និងអ៊ីស្រាអែល ប្រកាសទទួលយកបទឈប់បាញ់។ ថ្ងៃទី ២១ ឧសភា ២០២១ AFP - AHMAD GHARABLI
ផ្សាយពាណិជ្ជកម្ម

« អរគុណអេហ្ស៊ីប »

នេះជាបទឈប់បាញ់ដែលគ្រប់គ្នា គ្មានសង្ឃឹមថាអាចមាន​ពិតនោះទេ កាលពីព្រឹកថ្ងៃព្រហស្បតិ តែទីបំផុតនៅវេលាយប់ ភាគីទាំងសងខាង គឺកងទ័ពអ៊ីស្រាអែល និង ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម នៅតំបន់ហ្កាហ្សា បានប្រកាសថាសុខចិត្តទទួលយកបទឈប់បាញ់។ បទឈប់បាញ់ បានចូលជាធរមាន នៅវេលាម៉ោង ២រំលងអាធ្រាត្រ ហើយនៅព្រឹកថ្ងៃសុក្រទី២១ឧសភា គេសង្កេតឃើញថា គ្មានយន្តហោះចម្បាំងអ៊ីស្រាអែល ហោះឆ្វែលឆ្ងាត់ទៀតទេ។

នេះគឺជាលទ្ធផលនៃការប្រឹងប្រែង បញ្ចុះបញ្ចូល នាំពាក្យសម្តី របស់ក្រុមមន្ត្រីការទូតប្រទេសអេហ្ស៊ីប។ អេហ្ស៊ីបមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែលផង និងជាមួយក្រុយហាម៉ាសនៅហ្កាហ្សាផង។ នៅយប់ថ្ងៃព្រហស្បតិ៍ ខុទ្ទកាល័យសន្តិសុខរបស់អ៊ីស្រាអែល ដែលដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានប្រកាសថា គេបានសុខចិត្តជាឯកច្ឆ័ន ទទួលយកបទឈប់បាញ់ ដែល​អេហ្ស៊ីបបានស្នើ។ ហើយ​ស្របពេលគ្នានេះដែរ ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម នៅហ្កាហ្សា ក៏បានប្រកាសដែរថា គេព្រមទទួលសំណើបទឈប់បាញ់ ដែលអេហ្ស៊ីបបានស្នើ។

លោក​ចូ បៃដិន ក៏បានថ្លែងអរគុណអេហ្ស៊ីបដែរ ដែលបានប្រឹងប្រែង ធ្វើឲ្យ​បទឈប់បាញ់នេះ ក្លាយជាការពិត។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមថា លោកសង្ឃឹមថា បទឈប់បាញ់នេះ នឹងក្លាយ​ជាឱកាសថ្មី ដ៏ល្អ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងការឈានទៅចាប់ដៃគ្នា កសាងសន្តិភាពពិតប្រាកដ ព្រោះថា ទាំងប្រជាជនអ៊ីស្រាអែល ទាំងប្រជាជនប៉ាឡេស្ទីន គឺសុទ្ធតែមានសិទ្ធិស្មើគ្នា ក្នុងការទទួលបាន​នូវ​សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការរីកចម្រើន។

ប្រកាសឈ្នះរៀងខ្លួន

បទឈប់បាញ់នេះ ជាបទឈប់បាញ់ ដែលគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ទទួលយល់ព្រមរបស់ភាគីទាំងសងខាង។ បើតាមការវិភាគមើលទៅ គឺម្ខាងៗ ហាក់បានសម្រេចកម្មវត្ថុខ្លួនរៀងៗខ្លួនដែរ បានជាគេសុខចិត្តឈប់បាញ់។

កម្មវត្ថុរបស់ក្រុមហាម៉ាស គឺឆក់ឱកាសវាយប្រហារបាញ់គ្រាប់រ៉ូកែត ទៅលើអ៊ីស្រាអែល ដើម្បី​បង្ហាញថា ខ្លួនគឺជាអ្នកការពារផលប្រយោជន៍ប្រជាជនប៉ាឡេស្ទីន ហ៊ានចេញមុខធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ដែលជាសត្រូវឈ្លានពាន។ ធ្វើបែបនេះ គឺដើម្បីប្រជែងជាមួយ​លោកម៉ាសមូដ អាបាស និងក្រុមហ្វាតា ដែលដឹកនាំអាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី។ ផ្ទុះសង្គ្រាម១១ថ្ងៃមកនេះ លោកម៉ាសមូដ អាបាស គ្មានចេញមុខទាល់តែសោះ ព្រោះថាធាតុពិតគឺគ្មានលទ្ធភាពធ្វើអ្វីបាន។

១១ថ្ងៃមកនេះ ក្រុម​ហាម៉ាសបានបាញ់រ៉ូកែត ប្រមាណ​៤៣០០គ្រាប់ បើទោះបីដឹងថា ៩០%ត្រូវប្រព័ន្ធខែលមីស៊ីលស្ទាក់ជាប់ក៏ដោយ តែកម្មវត្ថុគេគឺធ្វើបែបនេះ ដើម្បីបង្ហាញថាគេតស៊ូ។ យ៉ាងណាមិញ នៅថ្ងៃនេះ ក្រុមហាម៉ាស បានប្រកាសថាខ្លួនបានជ័យជំនះ ដែលបានតស៊ូទប់ទល់ជាមួយ​អ៊ីស្រាអែល។ ដូច្នេះ អំណេះតទៅ ក្នុងទឹកចិត្តប្រជាជនប៉ាឡេស្ទីនទូទៅ មិនថាអ្នកនៅហ្កាហ្សា អ្នកនៅហ្សេរុយសាឡឹម ឬស៊ីសហ្សកដានីទេ គឺគេគិតថា ក្រុមហាម៉ាសក្លាហាន និងមានការតស៊ូ ក្នុងការការពារបុព្វហេតុប៉ាឡេស្ទីន មិនដូចក្រុមហ្វាតារបស់​លោកម៉ាសមូដអាបាសទេ។

ដោយឡែក កម្មវត្ថុអ៊ីស្រាអែល គឺកំទេចសមត្ថភាពប្រយុទ្ធ និង​ក្បាលម៉ាស៊ីននយោបាយ​របស់​ក្រុមហាម៉ាស។យោងតាមលិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែល ១១ថ្ងៃមកនេះ អ៊ីស្រាអែល បានសម្លាប់មេក្រុមហាម៉ាស ចំនួន​២៥នាក់ កំទេចរូងក្រោមដីដែលជាច្រកចេញចូល ដឹកជញ្ជូនអាវុធ ចំនួនជាង​១០០គីឡូម៉ែត្រ និងបានកំទេចអាគារជាង១០អាគារ ដែលជាទីតាំងស្តុកអាវុធ និងប្រតិបត្តិការរបស់​ក្រុមហាម៉ាស។ ដូច្នេះ សម្រាប់ភាគីអ៊ីស្រាអែល គេក៏បានសម្រេចកម្មវត្ថុ​មួយផ្នែកធំរបស់គេដែរ បើទោះបីជាត្រូវខូចឈ្មោះ លើឆាកអន្តរជាតិបន្តិចក៏ដោយ ថាជាអ្នកធ្វើបាប សម្លាប់ប្រជាជាស្លូតត្រង់នៅហ្កាហ្សា។

បទឈប់បាញ់ដ៏ផុយស្រួយ

បើយើងប្រមើល ក្នុងអតីតកាល ក្រុមហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះសង្គ្រាមនឹងគ្នា៤ដងហើយ ទាំងលើកនេះ គឺនៅឆ្នាំ ២០០៩ ២០១២ ២០១៤ ហើយនឹងលើកនេះ។ កាលពី​ឆ្នាំ​២០១៨ ភាគីទាំងពីរបានសុខចិត្ត ឈប់បាញ់ម្តងដែរ ហើយ​បានសន្យាកសាងអភិវឌ្ឍន៍តំបន់ហ្កាហ្សា តែទីបំផុតនៅតែ ផ្ទុះសង្គ្រាមសារជាថ្មី។ ដូច្នេះ បទឈប់បាញ់នេះ វាមានលក្ខណៈផុយស្រួយណាស់។

យ៉ាងណាមិញ ភាគីទាំងសងខាង សុទ្ធតែអះអាងហើយ ថាបើមានម្ខាងរំលោភបំពាន គឺគេនឹងចាប់ផ្តើមបាញ់ប្លោងគ្រាប់ឡើងវិញ។ លោក Ezzat el Rechiq សមាជិកការិយាល័យនយោបាយ របស់ក្រុមហាម៉ាស បាននិយាយកាលពីយប់មិញថា ក្រុមហាម៉ាស ត្រៀមបាញ់គ្រាប់រ៉ូកែតជាថ្មីជានិច្ច ប្រសិនបើអ៊ីស្រាអែលធ្វើអ្វីមិនល្អ។ មេក្រុមហាម៉ាសម្នាក់នេះ បានប្រាប់បណ្តាញព័ត៌មាន​ Reuters ថាក្រុមហាម៉ាស ប្តេជ្ញាការពារវិហារអ៊ីស្លាម​Al-Aqsa នៅក្រុងហ្សេរុយសាឡឹម ហើយ​ប្រឆាំងដាច់ខាត នូវការដែលអាជ្ញាធរអ៊ីស្រាអែល ធ្វើបាបប្រជាជនប៉ាឡេស្ទីន នៅ​ក្រុងហ្សេរុយសាឡឹម។ ក្នុងន័យនេះ គឺថាបើថ្ងៃមុខ អ៊ីស្រាអែលធ្វើការរឹបអូសផ្ទះ ឬដីរបស់គ្រួសារប៉ាឡេស្ទីន នៅហ្សេរុយសាឡឹម គឺមានន័យថា ក្រុមហាម៉ាសអាចនឹងបាញ់គ្រាប់រ៉ូកែតមកជាថ្មី។

នៅខាងអ៊ីស្រាអែល គេក៏បារម្ភដែរ ថាក្រុមហាម៉ាស នឹងមិនគោរពបទឈប់បាញ់នេះយូរនោះទេ។ ចៅហ្វាយក្រុងម្នាក់នៅអ៊ីស្រាអែល ឈ្មោះ Alon Davidi បាននិយាយតាមវិទ្យុថា កុំល្ងង់ជឿថាក្រុមហាម៉ាស នឹងឈប់បាញ់រ៉ូកែតជារៀងរហូតនោះ។ នៅពេលណាក្រុមនេះ មានគ្រឿងសព្វាវុធច្រើនមកវិញ គឺគេចាប់ផ្តើមទៀត។ លោកម្នាក់នេះ បានថ្លែងសោកស្តាយថា អ៊ីស្រាអែលឆាប់យល់ព្រមទទួលយកបទឈប់បាញ់ពេក គួរណាតែបន្តវាយប្រហារទៀត ដើម្បី​ឲ្យ​ក្រុមហាម៉ាសវិនាសតែម្តង ទើបចប់រឿង។

យ៉ាងណាក៏ដោយ ក្នុងពេលឆាប់ៗនេះ អេហ្ស៊ីប នឹងបញ្ជូនគណប្រតិភូទៅចំនួន​២ ដើម្បីឃ្លាំតាមដានមើល ការគោរពបទឈប់បាញ់នេះ។ ការប្រឹងប្រែងផ្នែកការទូត មិនទាន់ចប់ត្រឹមនេះទេ គឺនៅវែងឆ្ងាយទៀតណាស់ ដើម្បីឈានទៅរកសន្តិភាពពិតប្រាកដ រវាងអ៊ីស្រាអែល ប៉ាឡេស្ទីន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ