អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង​ចាប់ខ្លួន​មនុស្ស និង​ហាមឃាត់​ការ​ជួបជុំ​រំលឹក​ខួប​៣២ឆ្នាំ នៃ​ការ​បង្រ្កាប​បាតុកម្ម នៅ​ទីលាន​ធានអានមេន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​៤មិថុនានេះ គឺជាថ្ងៃគម្រប់ខួប​៣២ឆ្នាំ នៃ​ការបង្រ្កាប​បាតុកម្មនៅទីលានធានអានមេន ទីក្រុងប៉េកាំង។ រហូតមកទល់ពេលនេះ​ រដ្ឋាភិបាល​កុម្មុយនីស្តចិន នៅតែមិនបង្ហាញតួលេខ អំពី​ចំនួនមនុស្ស ដែលត្រូវបាន​កងទ័ពចិនសម្លាប់ និងចាប់ដាក់ឃុំ ក្នុងហេតុការណ៍នេះទេ។ កន្លង៣២​ឆ្នាំ​មកនេះ ការជួប​ជុំ​ រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ ត្រូវបាន​គេហាមឃាត់យ៉ាងតឹងតែងបំផុត នៅលើទឹកដីចិន លើកលែងតែនៅ ម៉ាកាវ និងហុងកុងប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដោយលើកឡើងពីបរិបទ​កូវីដ​១៩​ អាជ្ញាធរ​​ហុងកុង បានហាមឃាត់ការជួបជុំ នៅថ្ងៃទី​៤មិថុនា ព្រមទាំង​បានចាប់ខ្លួន​ សកម្មជន​ប្រជាធិបតេយ្យ​មួយ​ចំនួន​ផង។

ទីលានធានអានមិន ថ្ងៃទី៥ មិថុនា ១៩៨៩ រថក្រោះរបស់កងទ័ពចិន បានមកបំបែកបាតុករ​រាប់ម៉ឺននាក់។
ទីលានធានអានមិន ថ្ងៃទី៥ មិថុនា ១៩៨៩ រថក្រោះរបស់កងទ័ពចិន បានមកបំបែកបាតុករ​រាប់ម៉ឺននាក់។ AP - Jeff Widener
ផ្សាយពាណិជ្ជកម្ម

ហាមឃាត់ការជួបជុំ ដោយហេតុផលកូវីដ

អាជ្ញាធរហុងកុង បានចេញប្រកាស ថាការជួបជុំទាំងអស់ ត្រូវហាមឃាត់​។​ អ្នក​ដែលល្មើស អាចប្រឈម​នឹងទោស​ជាប់​ពន្ធនាគារ​៥ឆ្នាំ។ ដូចកាលពីឆ្នាំមុន គឺអាជ្ញាធរហុងកុង បាន​លើកឡើងពីហេតុផល​ថា ដើម្បី​បង្ការ​ការឆ្លងរាលដាល​កូវីដ​១៩។ តែធាតុពិត ការហាមឃាត់នេះ គឺវាស្ថិតនៅក្នុងបរិបទ នៃ​ការ​គាបសង្កត់ ប្រើ​អំណាច​កាន់តែ​ខ្លាំងឡើង របស់​ចិនប៉េកាំង មកលើ​​ប្រជាជន​ហុងកុង ជាក់ស្តែង តាមរយៈ​ច្បាប់​សន្តិសុខជាតិ ដែលច្បាប់នេះ គឺមាន​សុពលភាព​ហាមឃាត់ រាល់​ការ​តវ៉ានយោបាយ គ្រប់ទំរង់ទាំងអស់តែម្តង។

ដូចយើងបានដឹង ការរំលឹកខួប នៃការសម្លាប់រង្គាល​នៅ​ទីលាន​ធានអានមេន ថ្ងៃទី៤ មិថុនា ១៩៨៩ ត្រូវ​បានរដ្ឋចិនប៉េកាំង ហាមឃាត់​ដាច់ខាត នៅលើ​ទឹកដីចិន។ កន្លងមកមាន​តែនៅ​ ​ម៉ាកាវ និងហុងកុងទេ ដែលមាន​​ការ​អនុញ្ញាត​ឲ្យ​មាន​ការជួបជុំ​រំលឹកវិញ្ញាណក្ខន្ធ។ តែយូរៗទៅ ម៉ាកាវ ត្រូវ​បាន​​រដ្ឋអំណាច​ចិន​ប៉េកាំង​សង្គ្រប់​បានទាំងស្រុង។ ហើយ​សម្រាប់​ហុងកុងវិញ លើកនេះជាឆ្នាំទី២​ហើយ ដែល​គេ​ហាមឃាត់ ដោយ​​លើកឡើងពី​ហេតុផល​កូវីដ​១៩។

កាលពីឆ្នាំមុន បើទោះបីជាមានការហាមឃាត់ តែប្រជាជន​​ហុងកុង​​រាប់ពាន់នាក់ បានជួបជុំ​គ្នា​អុជភ្លើង​ទៀន នៅ​ទីលាន​ វិកតូរីយ៉ា​ កណ្តាលក្រុងហុងកុង។ សមត្ថកិច្ច មិនបាន​​បំបែក បង្រ្កាប​​ការជួបជុំនេះ​​ទេ តែ​ក្រោយ​មក គេ​បាន​ចាប់ខ្លួន សកម្មជន​នយោបាយ​​ប្រជាធិបតេយ្យ សរុប​ជាង​១០០​នាក់ ដោយ​​ចោទ​ថា​បានញុះញង់ បំផុសបំផុល ឲ្យ​មាន​ការ​ជួប​ជុំ​ បំពាននឹង​ច្បាប់​ហាមឃាត់។ នៅព្រឹកថ្ងៃ​សុក្រទី៤មិថុនា២០២១​ សមត្ថកិច្ច​​ហុងកុង បាន​ពង្រាយ​កំលាំង​នគរបាល ប្រមាណ​​៧០០០​នាក់ ដើម្បី​​បញ្ចេញសាច់ដុំ គំរាម​ទុកជាមុន ថាបើ​មាន​ការ​ជួបជុំ​ណាមួយ គឺគេនឹងប្រើកម្លាំង​បំបែក។ ចំណែកនៅទីក្រុងប៉េកាំងវិញ យោងតាម​ដំណឹង ផ្តល់ឲ្យ​​ដោយ​​អ្នក​យកព័ត៌មានបារាំង ​AFP នៅថ្ងៃនេះ គឺមាន​ការ​យាមកាម​តឹងតែងបំផុត នៅទីលាន​ធានអានមេន។ អ្នក​ចេញចូលឆ្លងកាត់​ទីលាន​ធានអានមេន គឺត្រូវ​សមត្ថកិច្ច​ឆែកឆេរ​អត្តសញ្ញាណ យ៉ាង​ហ្មត់ចត់​ណាស់។

ចាប់ខ្លួនអ្នកផ្សព្វផ្សាយសារ​ អំពាវនាវ​ឲ្យរំលឹក​ខួប​​ធានអានមេន

នៅព្រឹកថ្ងៃសុក្រនេះ លោកស្រី Chow Hang-tun មេធាវី អាយុ៣៧ឆ្នាំ និងជា​អនុប្រធាន​ចលនា សម្ព័ន្ធភាព​ហុងកុង Alliance Hong Kong ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន។ នគរបាល​​៤នាក់ បានចុះមក​ចាប់លោកស្រី នៅ​ការិយាល័យ​ធ្វើការផ្ទាល់ រួម​ជាមួយ​មនុស្ស​ប្រុសម្នាក់ទៀត អាយុជាង​២០ឆ្នាំ ដោយ​ចោទ​ថា​បាន​​សរសេរសារ ផ្សព្វផ្សាយ​​តាម​បណ្តាញសង្គម បំផុសបំផុល ឲ្យ​មាន​ការជួប​ជុំ​រំលឹកវិញ្ញាណក្ខន្ធ​អ្នកស្លាប់ នៅទីលាន​ធានអានមេន។ នៅចំពោះមុខ​អ្នកកាសែត តំណាងសមត្ថកិច្ច​នគរបាល​ហុងកុងម្នាក់ បាន​លើកឡើងថា សារ​របស់​លោកស្រី Chow Hang-tun គឺមានខ្លឹមសារ ផ្សព្វផ្សាយ ញុះញង់ ជំរុញ ឲ្យ​មនុស្ស ធ្វើសកម្មភាព​នៅ​ទីសាធារណៈ ដោយ​បំពាននឹង​ការ​ហាមឃាត់​ជាធរមាន។

គួរបញ្ជាក់ថា តាមពិត Alliance Hong Kong មិនបាន​ចេញមុខរៀបចំ កម្មវិធី​ជួបជុំ​ណាមួយ នៅថ្ងៃនេះទេ។ តែ​លោកស្រី Chow Hang-tun បាន​សរសេរ​សារលើ Facebook ដោយ​បានអំពាវនាវ ឲ្យ​ប្រជាជន​ហុងកុង​ទាំងអស់ ដែលមាន​ចិត្តចង់​ចូលរួម​រំលឹកវិញ្ញាណក្ខន្ធ ដល់​អ្នកស្លាប់​នៅ​ទីលាន​ធានអានមេន ត្រូវ​អុជទាន ឬបើក​ពន្លឺ​ពិល​ទូរស័ព្ទ នៅ​តាម​បង្អួច តាម​ផ្ទះរៀងៗ​ខ្លួន នៅយប់ថ្ងៃ​សុក្រទី​៤​មិថុនា​។ សម្រាប់​លោកស្រី លោកស្រី​មាន​បំណង​ទៅ​ទីលាន​​វិកតូរីយ៉ា ដើម្បី​អុជទៀន ក្នុង​នាម​​​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

ដោយឡែក លោក Lee Cheuk-yan អតីតសមាជិកសភាហុងកុង​ និង​ជា​ប្រធាន​​Alliance Hong Kong ហើយដែល​បច្ចុប្បន្ន​ កំពុង​ជាប់ឃុំ​នោះ បាន​សរសេរលើ Facebook ថា « របប​ផ្តាច់ការ អាចហាម​ឃាត់​ការ​ជួបជុំ​មែន តែ​មិនអាច​​​មក​ហាមឃាត់ កម្លាំង​តវ៉ា​ពុះកញ្ជ្រោល ដែល​មាន​នៅក្នុង​ទឹកចិត្ត ​របស់​​មនុស្ស​ម្នាក់ៗបានឡើយ »។ ឃ្លានេះ ហាក់​មានន័យ​ប្រាប់​ទៅ​ប្រជាជន​ហុងកុង ថាទោះ​​បី​​មិន​អាចទៅ​ជួបជុំ​គ្នា​ដូច​សព្វមួយដង​ ដើម្បី​រំលឹក​ខួប​នៃ​ការ​សម្លាប់រង្គាល នៅ​ទីលាន​ធានអានមេន ​ក៏ដោយ តែ​ប្រជាជន​ហុងកុងម្នាក់ៗ មិន​ត្រូវ​ភ្លេចថ្ងៃ​នេះទេ ហើយ​ត្រូវតែ​មាន​​ទឹកចិត្ត​តវ៉ា ដើម្បី​សិទ្ធិ​សេរីភាព​ជានិច្ច។

តៃវ៉ាន់ អាមេរិក រួមគ្នា រិះគន់ចិន

រឿងរ៉ាវ​បង្ក្រាប​បាតុកម្ម​នៅ​ទីលាន​ធានអានមេន គឺជា​ស្នូលនៃ​​ភាពខុស​គ្នា ជា​មូលដ្ឋាន​តែម្តង នៃ​របប​ដឹកនាំ​ចិនប៉េកាំង និង​របបដឹកនាំ​តៃវ៉ាន់។ តៃវ៉ាន់បាន​ព្យាយាម​នៅឆ្ងាយ​​ពីចិន​កុម្មុយនិស្ត​ដោយសារថ្នាក់ដឹកនាំ​ និង​ប្រជាជន​តៃវ៉ាន់ គឺសុទ្ធតែ​ជាអ្នក​ស្រលាញ់ សិទ្ធិសេរីភាព លទ្ធិ​ប្រជាធិបតេយ្យ។ ដូច្នេះ​ វាជារឿងធម្មតា​បំផុត ដែល​តៃវ៉ាន់ បរិហារ​ចិន​ប៉េកាំង ដែលបាន​សម្លាប់បាតុករ​ តវ៉ានៅ​ទីលាន​ធានអានមេន រាប់ពាន់នាក់ កាល​ពីឆ្នាំ​​១៩៨៩។

សម្រាប់ខួប​លើកទី​៣២នេះ លោកស្រី ឆៃ អ៊ីងវែន ប្រមុខរដ្ឋាភិបាលតៃវ៉ាន់ បាន​សរសេរលើ Facebook ថា លោកស្រី​ជឿជាក់ថា ប្រជាជន​តៃវ៉ាន់ មាន​មោទនភាព​​ណាស់ ដែល​រស់នៅ​លើទឹក​ដី​មួយ​ មាន​សិទ្ធិសេរីភាព មាន​​ប្រជាធិបតេយ្យ ហើយ​​ប្រជាជន​តៃវ៉ាន់ មិនអាច​ភ្លេចបាន​ជា​ដាច់ខាត ថ្ងៃទី​ ​៤ មិថុនា​ ឆ្នាំ​១៩៨៩ ថ្ងៃ​ដែល​កងទ័ពចិន​ បាន​​សម្លាប់​បាតុករ​នៅ​ទីលាន​ធានអានមេន​។ ប្រជាជន​តៃវ៉ាន់ ចងចាំ​ថ្ងៃនេះ ហើយ​តាំងចិត្ត​ជានិច្ច ដោយ​មិនខ្លាច​ញញើត។ សម្តីនេះ គឺ​លោកស្រី ឆៃ អ៊ីងវែន​ បាន​សំដៅ​ដោយ​ចំ​តែម្តង ទាន់ទិន​នឹង​ការ​គំរាម​កាន់តែ​ខ្លាំងឡើងៗ ពី​​សំណាក់​​ចិន ដែល​ចង់​ដណ្តើម​គ្រប់គ្រង​កោះតៃវ៉ាន់។

ដោយឡែក មិនមែន​តែ​តៃវ៉ាន់​ទេ ដែល​យកថ្ងៃនេះ ដើម្បី​រិះគន់ចិន។ សហរដ្ឋ​អាមេរិក ក៏បាន​យកឱកាស​នេះ ទាមទារ​ឲ្យ​ចិន​ទទួល​ស្គាល់​ការពិត និង​កំហុស​អតីតកាលដែរ។ លោក អង់តូនី ប្លីងកិន ប្រមុខ​ការទូត​អាមេរិក បាន​លើកឡើង​ថា សហរដ្ឋអាមេរិក នៅឈរ​ជាមួយ​​ប្រជាជន​ចិន​ជានិច្ច​ ហើយ​​ទាមទារ ឲ្យ​​រដ្ឋាភិបាល​កុម្មុយនិស្តចិន គោរព​​សិទ្ធិមនុស្ស។ លោក​​បន្ថែមថា សហរដ្ឋ​អាមេរិក សូម​​រំលឹកវិញ្ញាណក្ខន្ធ របស់​អ្នកស្លាប់​ទាំងអស់​ នៅក្នុង​ហេតុការណ៍ ៤ មិថុនា ១៩៨៩ ​និង​សូមអបអរ​ចំពោះ​ភាពក្លាហាន ​របស់​សកម្មជន​ប្រជាធិបតេយ្យ​​ទាំងឡាយ ដែល​បន្ត​ការ​តស៊ូ​នាពេលបច្ចុប្បន្ន​នេះ ប្រឈម​ជាមួយ​​នឹង​​អំណាច​​ផ្តាច់ការ​របស់​ប៉េកាំង។

លោក​​ក៏បាន​អំពាវនាវផងដែរ ថាចិន​ត្រូវតែ​បង្ហាញ​តម្លាភាព ទទួល​ស្គាល់​ការពិត បញ្ចេញ​តួលេខ​ពិតប្រាកដ ថា​មាន​មនុស្ស​ប៉ុន្មាននាក់ ដែល​បាន​ស្លាប់​នៅ​ទីលាន​ធានអានមេន។ យោង​តាមឯកសារ​អង់គ្លេស​ នៅ​យប់ថ្ងៃ​ទី៤ ឈាន​ចូល​ថ្ងៃទី៥ ​មិថុនា ឆ្នាំ​​១៩៨៩ ​កង​ទ័ពចិន បាន​​សម្លាប់​បាតុករ ​នៅ​​ទីលាន​ធានអានមេន ​យ៉ាង​ហោច ១ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ