អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ាលី៖ ​មេបញ្ជាការ ហ្កយតា ឡើង​​​ជា​​ប្រធានាធិបតី ខណៈ​​សហគម​អន្តរជាតិ រង់ចាំ​​ការ​សន្យា​​​អំពី​​ការ​បោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី៧ មិថុនានេះ លោកមេបញ្ជាការ​ អាស៊ីមី ហ្កយតា ត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីបណ្តោះអាស​ន្ន បន្ទាប់ពី​ត្រូវបាន​​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រទេសម៉ាលី សម្រេច​អនុម័ត។ លោកមេ​បញ្ជាការ​រូបនេះ បាន​ធ្វើ​​រដ្ឋប្រហារ​២ដង​ហើយ ក្នុង​រវាង​៩ខែ​ចុងក្រោ​យនេះ ដោយ​​បា​នអះអាង​ថា ​ដើម្បី​រៀប​ចំ​ប្រទេស ស្តារ​ឯកភាពជាតិ ​និង​សន្តិសុខ ​មុននឹង​​ប្រគល់​អំណាច​ទៅឲ្យ​រដ្ឋាភិបាល​ស៊ីវីល​មួយ ​ដែល​នឹង​កើតឡើង​ ដោយ​ការ​បោះឆ្នោត ​នៅថ្ងៃ​ខាងមុខ។ យ៉ាងណា​ក៏ដោយ សហគម​អន្តរជាតិ ​កំពុង​រងចាំ​តាមដាន ​អំពី​ការ​ប្រកាសសន្យា ​របស់​​លោក​​ប្រធានាធិបតីថ្មី​រូបនេះ ​ថាតើ​នឹង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​ នៅ​ពេល​ណា។ មាន​ការព្រួយ​​បារម្ភថា ​ប្រទេស​ម៉ាលី អាចនឹងស្ថិតក្រោមអំណាចយោធា​ជារៀងរហូត។

លោក មេបញ្ជាការ Assimi Goita ក្នុងពេលធ្វើសន្និសីទកាសែត ថ្ងៃទី ២២ សីហា ២០២០​ ក្រោយធ្វើ​រដ្ឋប្រហារយោធា លើកទី​១
លោក មេបញ្ជាការ Assimi Goita ក្នុងពេលធ្វើសន្និសីទកាសែត ថ្ងៃទី ២២ សីហា ២០២០​ ក្រោយធ្វើ​រដ្ឋប្រហារយោធា លើកទី​១ AP
ផ្សាយពាណិជ្ជកម្ម

៩ខែ រដ្ឋប្រហារ២ដង

លោកមេបញ្ជាការ អាស៊ីមី ហ្កយតា ដែលបច្ចុប្បន្ន មានអាយុត្រឹមតែ ៣៧ឆ្នាំ គឺជា​កូនប្រុស របស់អតី​តមេបញ្ជាការកងអាវុធហ័តម៉ាលី ម្នាក់។ បន្ទាប់ពីបានរៀបចប់ សាលានាយ​ទាហាន​ Prytanée នៅតំបន់ Kati  នាយទាហានវ័យក្មេង អាស៊ីមី ហ្កយតា ត្រូវបាន​បញ្ជូន​ឲ្យ​ទៅធ្វើបេសកកម្មនៅភាគខាងជើងម៉ាលី ចាប់ពីឆ្នាំ​២០០២។ ពីមួយ​ដំណាក់ ទៅមួយដំណាក់ នាយទាហាន អាស៊ីមី ហ្កយតា បានឡើង​ឋានន្តរៈសក្តិ ក្លាយ​ជា​មេញ្ជាការ បន្ទាប់ពីបាន​វាយ​ប្រយុទ្ធ ជាមួយ​​ក្រុមឧទ្ទាម​បំបែកទឹកដី និង​​ក្រុមជីហាត នៅ​ភាគ​ខាងជើង​ម៉ាលី។

ដោយសារភាពស្វាហាប់ក្នុងការប្រយុទ្ធ និងការដឹកនាំកងទ័ព លោក​មេបញ្ជាការ អាស៊ីមី ហ្កយតា បាន​កើន​ប្រជាប្រិយភាព កាន់តែខ្លាំងឡើង នៅ​ក្នុងជួរ​កងទ័ព​ម៉ាលី។ គឺនៅឆ្នាំ ២០២០ ថ្ងៃទី១៩ ខែសីហា ដែល​សហគម​អន្តរជាតិ បាន​ស្គាល់​មុខ​លោក មេ​បញ្ជាការ​វ័យក្មេង​រូបនេះ។ លោក អាស៊ីមី ហ្កយតា បាន​ដឹកនាំ​រដ្ឋប្រហារយោធា ដោយ​បាន​ទំលាក់ លោក​ប្រធាន​ធិបតី Ibrahim Boubacar Keïta ចេញ​ពីតំណែង បន្ទាប់ពី​មាន​បាតុកម្ម​តវ៉ា អស់ជា​ច្រើនខែ ពី​សំណាក់​ក្រុមនយោបាយ​​ប្រឆាំង។

លោក អាស៊ីមី ហ្កយតា បានប្រកាសថា កងទ័ព​​ម៉ាលី បាន​សម្រេច​យកអំណាច​ដឹកនាំ​ប្រទេស​មកគ្រប់គ្រង​​មួយរយៈ ដើម្បី​ស្តារ​សណ្តាប់ធ្នាប់ និង​ស្ថិរភាព មុននឹង​ប្រគល់​អំណាចនេះ ទៅឲ្យ​​រដ្ឋាភិបាល​​ស៊ីវីល​​បណ្តោះអាសន្ន​មួយ​ ហើយ​បន្ទាប់មកទៀត នឹងរៀបចំ​ការ​បោះឆ្នោត។ សហគម​អន្តរជាតិ បាន​ទាមទារ ​ឲ្យ​​កងទ័ព​ម៉ាលី ត្រូវតែ​រៀបចំ​ការបោះឆ្នោត ​ក្នុងរវាង​១៨ខែ ​ពោល​គឺនៅ​ខ្ទង់​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ក៏ប៉ុន្តែ បានតែ​៩ខែ​ក្រោយមក គឺកាល​ពីថ្ងៃទី​២៤ ឧសភា ថ្មីៗនេះ ​ស្រាប់តែ​ លោក​​មេបញ្ជាការ អាស៊ីមី ហ្កយតា  បានធ្វើ​រដ្ឋប្រហារ​ម្តងទៀត ដោយ​បានទំលាក់​លោក​​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី ដែល​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះអាសន្ន។ ហើយ​ភ្លាមៗ​នោះ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រទេសម៉ាលី ក៏បាន​សម្រេច​តែងតាំង​ លោក​មេបញ្ជាការ ​អាស៊ីមី ហ្កយតា  ឲ្យធ្វើ​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​តែម្តង។

បារម្ភ​ខ្លាចម៉ាលី ស្ថិតក្នុងដៃរបបយោធាជារៀងរហូត

អ្វីដែល​សហគម​អន្តរជាតិ ព្រួយបារម្ភ គឺគេ​ខ្លាចថា ម៉ាលីនឹងធ្លាក់ចូល​ទៅក្នុង​របបសឹក ដឹកនាំដោយ​ក្រុម​កងទ័ព​ជារៀងរហូត។ ក្រុម​កងទ័ពម៉ាលី ដែល​ដឹកនាំដោយ​ លោក​​មេបញ្ជាការ អាស៊ីមី ហ្កយតា នេះ​ ហាក់ដូចជា​​មាន​អំណាច អាច​ធ្វើផ្គរ ធ្វើ​ភ្លៀង​បានតាមចិត្ត។ ធ្វើរដ្ឋប្រហារ​ម្តងហើយ ​ដោយសន្យា​បើក​ផ្លូវ​ឲ្យ​​មាន​រដ្ឋាភិបាល​ស៊ីវីល បណ្តោះអាសន្ន​មួយ តែដោយ​​មិនពេញចិត្ត​នឹង​សមាសភាព នៃ​រដ្ឋាភិបាល​បណ្តោះអាសន្ន​នោះ ក៏ស្រាប់តែ​ធ្វើ​រដ្ឋប្រហារ​ម្តងទៀត។ ទាំងនេះ​ វា​បង្ហាញ​ពីអស្ថិរភាព ដោយ​អ្វីៗ គឺហាក់​អាស្រ័យ​ទៅ​លើ​ការពេញចិត្ត ឬមិន​ពេញចិត្ត​របស់​លោក អាស៊ីមី ហ្កយតា។

សម្រាប់ពេលនេះ សហគមអន្តរជាតិ មាន​ការប្រុងប្រយ័ត្នណាស់។ យ៉ាងណាមិញ នៅក្នុងពិធី​ស្បថ​ចូលកាន់​តំណែង របស់​​លោក អាស៊ីមី ហ្កយតា គឺ​ប្រទេសអឺរ៉ុប មិន​បញ្ជូន​​ឯកអគ្គរដ្ឋទូត​ឲ្យទៅចូលរួមទេ គឺគេ​បញ្ជូនតែ​មន្ត្រី​ទូត​តូចតាចប៉ុណ្ណោះ ឲ្យតំណាង ដែល​នេះ​បង្ហាញថា គេមិនសូវ​គាំទ្រ ​និង​មិនទាន់​ទុកចិត្ត​ លោកប្រធានាធិបតីថ្មី​នេះទេ។ ដូចគ្នាដែរ ថ្វីបើប្រេសិត​ពិសេស របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅម៉ាលី មាន​វត្តមាន​នៅ​ក្នុង​ពិធី​ស្បថចូល​កាន់តំណែង​ក្តី តែនេះ​ជាគោល​ជំហរ​នៅកណ្តាល មិន​មែន​មានន័យ​ថា អង្គការ​សហប្រជាជាតិ គាំទ្រ​ការចូលកាន់តំណែង​ របស់​លោក​មេបញ្ជាការ អាស៊ីមី ហ្កយតា នេះទេ។

អ្វីដែល​សហគម​អន្តរជាតិ កំពុងរងចាំ​តាមដាន​បំផុតនោះ គឺ​ការ​ប្រកាស​សន្យាច្បាស់ៗ របស់​លោក​ប្រធានាធិបតីថ្មី​រូបនេះ។ តើការបោះឆ្នោត នឹងត្រូវរៀបចំ នៅពេលណា​ឲ្យ​ប្រាកដ? នៅខែ​​កុម្ភៈ ឆ្នាំ​២០២២ ដូចអ្វី​ដែលធ្លាប់​បានសន្យា? ឬមួយក៏​ប្រកាសបែប បើកចំហរ ថារៀបចំនៅក្នុងអំឡុងឆ្នាំ២០២២? តែកាលណា គ្មានកាលវិភាគនយោបាយ​ច្បាស់លាស់ ពី​សំណាក់លោក​​អាស៊ីមី ហ្កយតា គឺមាន​ន័យថា ការព្រួយ​បារម្ភ​កាន់តែធំ។ លោក​មេបញ្ជាការរូបនេះ អាចនឹង​រកលេសអញ្ចេះអញ្ចោះ បន្ត​ដឹកនាំ​រដ្ឋាភិបាល​យោធា​រហូតតរៀងទៅ។​ ម៉ាលី អាចនឹងស្ថិតក្នុងកណ្តាប់ដៃ របស់របបផ្តាច់ការ ដឹកនាំដោយពួកកងទ័ព។

មិនមានចលនាជំទាស់ផ្ទៃក្នុង តែ​រដ្ឋាភិបាលថ្មី ត្រូវប្រយុទ្ធនឹង​ក្រុមជីហាតអ៊ីស្លាម

បើនិយាយពីផ្ទៃក្នុងម៉ាលី លោកមេបញ្ជាការ អាស៊ីមី ហ្កយតា បាន​ប្រមូល​ក្រុម​ឧទ្ទាម​បំបែកទឹកដី នៅ​ភាគខាងជើង ដែល​មាន​ឈ្មោះថា ក្រុម​​សហប្រតិបត្តិការ​​ចលនា Azawad (CMA) ឲ្យចូលរួម​ជាមួយ។ បន្ថែម​ពីនេះ បើតាម​ការរំពឹងទុក លោកអាស៊ីមី ហ្កយតា អាច​នឹង​តែងតាំង​លោក Choguel Kokalla Maïga ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ លោក​ម្នាក់នេះ គឺជា​អ្នកនយោបាយជើងចាស់ នៃ​ក្រុម​មួយឈ្មោះថា ចលនា​បង្រួបបង្រួម​អ្នក​ស្នេហា​ជាតិ (M5/RFP)។ គឺក្រុមនេះហើយ ដែលបានចេញមុខ​ ដឹកនាំបាតុកម្ម​ប្រឆាំង លោក​ប្រធានាធិបតី Ibrahim Boubacar Keïta កាលពីឆ្នាំ​២០២០។

ដូច្នេះ បើតាមការសង្កេតទូទៅ គឺលោក មេបញ្ជាការ អាស៊ីមី ហ្កយតា បាន​ធ្វើការថ្លែងថ្លែង បែកចែកអំណាច ជាមួយ​ក្រុមឧទ្ទាម​បំបែកទឹកដី​នៅ​ភាគ​ខាងជើង​ផង និងក្រុមចលនានយោបាយ​ស៊ីវីលផង។ បើនិយាយ​ពី​អារម្មណ៍​របស់​ប្រជាជន​ទូទៅវិញ អ្នក​កាសែតបារាំង ដែល​បានសម្ភាសន៍ សួរប្រជាជនខ្លះ នៅ​ក្រុង​បាម៉ាកូ គឺគេ​បានឆ្លើយថា គេ​មិនជំទាស់ នឹង​ការដែល​លោក មេបញ្ជាការ អាស៊ីមី ហ្កយតា ឡើង​ធ្វើជា​ប្រធានាធិបតីទេ ព្រោះ​ថាកន្លងមកគេធុញទ្រាន់ នឿយណាយណាស់ នឹង​រដ្ឋាភិបាលស៊ីវីល ដែល​ពុករលួយ ស្រុក​កាន់តែ​ក្រីក្រី ហើយ​គ្មានសន្តិសុខ។ ដូច្នេះ ឲ្យពួកកងទ័ព​មកគ្រប់​គ្រង​មួយរយៈ ក៏ល្អម្យ៉ាងដែរ។ នេះគឺជាការលើកឡើង របស់អ្នកក្រុងបាម៉ាកូខ្លះ។

ដោយឡែក បើទោះបីផ្ទៃក្នុង​ម៉ាលី លោកមេបញ្ជាការ អាស៊ីមី ហ្កយតា ហាក់មានបង្អែក​មែន តែ​ម៉ាលី ត្រូវ​ប្រឈម​នឹង​សត្រូវ​មួយទៀត​ដ៏ធំ​ គឺក្រុម​ជីហាត​អ៊ីស្លាម ដែលកំពុងតែធ្វើទុក្ខបុកម្នេញ​ នៅ​តំបន់​សាហ៊ែល​ទាំងមូលតែម្តង។ កងទ័ពម៉ាលី ពុំសូវមាន​សមត្ថភាព គ្មានថវិកា ហើយពុំសូវមានសម្ភារៈ​សព្វាវុធ​ទៀត។ ដូច្នេះ កងទ័ពម៉ាលី ត្រូវការ​​ជំនួយ​បច្ចេកទេស ពីសំណាក់ក្រុម​ប្រទេស​អន្តរជាតិ គឺ​បារាំង​តែម្តង។ បើគ្មាន​កងទ័ព​បារាំងជួយ ម៉ាលី អាចនឹង​រង​ទុក្ខ​កាន់តែធំ ដោយសារ​មិនអាច​ទប់ ក្រុម​ជីហាត​អ៊ីស្លាមបាន។

ដោយឡែក បារាំង​បាន​សម្រេចព្យួរ កិច្ច​សហការ​ជាមួយ​កងទ័ព​ម៉ាលីហើយ បន្ទាប់​ពីលោក ​មេ​បញ្ជាការ អាស៊ីមី ហ្កយតា បាន​ធ្វើ​រដ្ឋប្រហារ​ជា​លើក​ទី២។​ ដូច្នេះ​ អ្វីៗគឺ​វាអាស្រ័យ លើ​ការ​សន្យាជាក់ច្បាស់ ​របស់​​លោក​មេបញ្ជាការ ​អាស៊ីមី ហ្កយតា ​ថាអាច​ធ្វើ​ឲ្យ​​បារាំង​ទុកចិត្ត​បានឬទេ។ បើបារាំង​ទុកចិត្ត គឺគេ​​អាច​បើក​ការសហការ​ឡើងវិញ ដើម្បី​​បន្តប្រយុទ្ធ ជាមួយ​​ក្រុមជីហាតអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ