អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូល​អូតង់​៖ លោក​ចូ​ បៃដិន​និង​សម្ព័ន្ធ​មិត្ត​ផ្តោត​ការ​ពិភាក្សា​ពី​រុស្ស៊ី​ និង​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម G7​ បិទ​បញ្ចប់ ​ប្រធានាធិបតី​អាមេរិក​លោកចូ បៃដិន​ នៅបន្ត​បេសកកម្ម​ដ៏សំខាន់មួយទៀត​។ លោក​ បាន​ចាកចេញ​ពី​ប្រទេស​អង់គ្លេស​ ទៅកាន់​ទីក្រុង​ព្រុចសែល​ប្រទេសប៊ែលហ្ស៊ិក​ ដែលជា​កន្លែង​លោកនឹង​ជួប​ជាមួយ​ដៃគូ​អូតង់​នាថ្ងៃចន្ទ​ ទី១៤​ មិថុនានេះ​។ ខុសពី​លោក​ ដូណាល់ ត្រាំ​ លោកចូ បៃដិន​ បាន​អះអាង​យ៉ាង​មុតមាំ​នូវ​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធ​អូតង់​ដែល​មាន​អាយុ​ ៧២ ឆ្នាំ​។

ប្រធានាធិបតីអាមេរិកលោកចូ បៃដិនចូលរួមក្នុងកិច្ចប្រជុំកំពូលអូតង់ជាមួយអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ក្នុងទីក្រុងព្រុចសែលប្រទេសប៊ែលលហ្ស៊ិកនាថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២១។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិនចូលរួមក្នុងកិច្ចប្រជុំកំពូលអូតង់ជាមួយអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ក្នុងទីក្រុងព្រុចសែលប្រទេសប៊ែលលហ្ស៊ិកនាថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២១។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​អូតង់​បើក​ជាផ្លូវការ​នៅថ្ងៃទី​ ១៤ មិថុនា​ ឆ្នាំ២០២១នេះ

ក្រោយ​បាន​ចំណាយពេល​នៅក្នុង​ប្រទេស​អង់គ្លេស​ ៤ ថ្ងៃ​ នៅឯ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ G7​ លោក​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​ នៅ​មិន​ទាន់វិលត្រលប់​ទៅកាន់​សេតវិមាន​នៅឡើយនោះទេ​។

កិច្ច​ប្រជុំ​ក្រុម​ប្រទេស​G7​ បិទ​បញ្ចប់​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ភ្លាម​ លោកបៃដិន បាន​បន្តបេសកកម្មដ៏សំខាន់មួយទៅកាន់ទីក្រុងព្រុចសែល​ប្រទេសប៊ែលហ្ស៊ិក​ដើម្បី​ចូលរួម​ក្នុងជំនួបកំពូល​អូតង់​ដែលត្រូវបើកជាផ្លូវការ​នៅថ្ងៃចន្ទ​ ទី១៤ មិថុនា ឆ្នាំ​ ២០២១​នេះ​។

ខុសពី​អតីត​ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំ​ ដែល​បានធ្វើឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និងសម្ព័ន្ធមិត្តអូតង់​រង្គោះរង្គើខ្លាំង​ លោកចូ បៃដិន បាន​បង្ហាញពី​ចេតនា​មុតមាំក្នុងការ​ពង្រឹង​ចំណងទំនាក់​ទំនង​ល្អនឹងគ្នា​ឡើងវិញជា​មួយ​អូតង់​។

ជាក់ស្តែង នៅ​មុន​ជំនួប​កំពូល​អូតង់​ដែល​ត្រូវ​បើកនៅថ្ងៃចន្ទ​នេះ​ លោកចូ បៃដិន​ បាន​ធានា​ជាមុន​រួចហើយស្រេច​ដល់​អូតង់​នូវ​ការ​ប្តេជ្ញាចិត្តដ៏រឹងមាំ​របស់​សហរដ្ឋអាមេរិក​ ចំពោះ​សម្ព័ន្ធ​អូតង់​ដែលមាន​អាយុ ៧២ ឆ្នាំ​។

លោកបៃដិន​បាន​សង្កត់ធ្ងន់ថា​ សហរដ្ឋអាមេរិក​ត្រលប់​មកវិញហើយ​ អាមេរិក​មាន​កាតព្វកិច្ចដ៏​ចំបង​ចំពោះ​សម្ព័ន្ធមិត្ត​ និងត្រូវ​ចូលរួម​ការពារ​ដៃគូអឺរ៉ុប​របស់ខ្លួន​។

ក្នុងកិច្ចប្រជុំ​នៅឯទីស្នាក់ការកណ្តាល​របស់​អង្គការ​អូតង់ ​ក្នុងទីក្រុងព្រុចសែល​ គេរំពឹងថា​ មេដឹកនាំ​និង​ប្រមុខរដ្ឋ​នៃសមាជិក​អង្គការអូតង់​មកពី ៣០ ប្រទេស​ នឹង​ធ្វើការ​ឯកភាពគ្នា​លើសេចក្តីថ្លែងការណ៍មួយ​ដោយសង្កត់ធ្ងន់ពីស្ថិរភាព​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្រោយការដកកទ័ព​របស់អាមេរិក​ និងអូតង់​។

ក្រៅពីនេះ​ គេរំពឹងដែរថា​ ប្រធានបទ​ទាក់ទងនឹងគូប្រជែងពីរ​គឺរុស្ស៊ី និងចិន ក៏នឹងក្លាយជា​ប្រធានបទស្នូល ដែល​ក្រុមសម្ព័ន្ធមិត្ត​​អូតង់​លើកយកទៅជជែកពិភក្សា​នឹងគ្នាផងដែរ​។

ការ​ប្រឈម​មុខ​ទល់​នឹង​រុស្ស៊ី​នៅតែជា​ចំណុច​អាទិភាព​របស់​សម្ព័ន្ធ​អូតង់

ក្រុម​អ្នក​ការទូតអឺរ៉ុប​ជាច្រើនរូប​ បាន​លើកឡើង​ថា​ការប្រឈមមុខ​ទល់នឹង​ប្រទេស​រុស្ស៊ី​ នៅតែជាអាទិភាពទីមួយ​សម្រាប់សម្ព័ន្ធអូតង់​។ អូតង់​ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់នឹង​ការ​គំរាមកំហែង​របស់​សូវៀត​នៅឆ្នាំ​ ១៩៤៩​ ពោល​គឺ​បន្ទាប់ពី​សង្គ្រាម​លោកលើកទី ២ បិទបញ្ចប់​។

សម្រាប់ជំនួប​កំពូល​អូតង់នៅថ្ងៃចន្ទនេះ​ ក្រុមអ្នកវិភាគ​បានលើកឡើងថា​ សម្ព័ន្ធមិត្ត​អូតង់​ នឹង​ពិភាក្សា​អំពី​ការ​ពង្រឹង​ការ​ការពាររួម​របស់​សមាជិក​អូតង់​ ដើម្បី​ឆ្លើយតបនឹង​សកម្មភាព​យោធា​ដែលមាន​សន្ធឹក​កាន់តែខ្លាំង​របស់​រុស្ស៊ីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ​ ជាពិសេស​នៅ​តាមតំបន់​ព្រំដែន​អ៊ុយក្រែន​។

កាលពីឆ្នាំទៅមិញ​ ប្រទេសរុស្ស៊ី​បាន​ចល័តទ័ព​ចំនួនប្រមាណ​ ១៥ ០០០ នៅតំបន់​ព្រំដែន​ជាប់ជាមួយ​ប្រទេសអ៊ុយក្រែន​។ សកម្មភាពយោធារបស់រុស្ស៊ី​ បានជំរុញឲ្យ​អង្គការ​អូតង់​ ចេញ​មុខព្រមានរុស្ស៊ី​ជាថ្មី​ថាបើនៅតែបន្ត​ “ការឈ្លានពាន” បែបនេះ នោះរុស្ស៊ី​នឹង​ជួប​ផលវិបាកជា​មិនខាន​។

ការខ្វែងគំនិតគ្នាមួយទៀត​ រវាងរដ្ឋាភិបាលលោកខាងលិច​និងរុស្ស៊ីក៏បានកើន​ឡើងផងដែរ​ កាលពីខែសីហា​ជុំវិញ​ករណី​បំពុល​លោកណាវ៉ាល់នី ដែលជាអ្នករិះគន់​ វិមាន​ក្រឹមឡាំង​ដ៏លេច​ធ្លោម្នាក់​។

ដោយឡែក​ នៅ​កិច្ចប្រជុំ​កំពូលអូតង់​នាពេលនេះ​ សហរដ្ឋអាមេរិក​ ទំនងជា​នឹង​ត្រូវ​សម្ព័ន្ធមិត្ត​ចោទ​សួរដែរថា​តើបានត្រៀមខ្លួន​ហើយឬនៅ​ ដើម្បីដាក់កងទ័ព​ រថក្រោះ​ និងប្រព័ន្ធ​ការពារ​អាកាស​បន្ថែមទៀត​នៅ​ទ្វីបអឺរ៉ុប​។ លោក Jamie Shea អតីត​បុគ្គលិកម្នាក់​របស់​អង្គការអូតង់​ បានមានប្រសាសន៍ថា​ប្រទេស​មួយចំនួន​មានដូចជា​ រូម៉ានី ប៊ុលហ្គារី ជាដើម​ ពិតជាចង់ឃើញ​វិស័យ​ការពារជាតិ​អាមេរិកាំង​រឹងមាំ​នៅក្នុង​តំបន់​អឺរ៉ុប​ ដើម្បី​ការពារ​សម្ព័ន្ធអឺរ៉ុប​ពីការ​ឈ្លានពានណាមួយ​។

តើ​បញ្ហា​អ្វីខ្លះ​ដែលចិន​បង្កជា​ក្តីព្រួយបារម្ភ​ចំពោះ​សម្ព័ន្ធអូតង់​?

បញ្ហាសំខាន់ៗ​ដែល​ចិន​ធ្វើឲ្យ​សម្ព័ន្ធអូតង់​ព្រួយបារម្ភខ្លាំង​ គឺការប៉ុនប៉ង​របស់​ទីក្រុងប៉េកាំង​ ដើម្បី​គ្រប់​គ្រង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​នៅអឺរ៉ុប​ បញ្ហាសិទ្ធិមនុស្ស​ និង​ការ​ចំណាយ​យ៉ាងច្រើន​របស់​ចិន​ទៅលើ​សញ្វាវុធទំនើបៗ​។

ឆ្លើយតបទៅនឹង​មហិច្ឆតា​របស់​ចិន​ ដើម្បីគ្រប់គ្រង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​នៅអឺរ៉ុប​ នៅឯ​ជំនួបកំពូល កាលពីថ្ងៃ​សៅរ៍​ទី ១២​មិថុនាកន្លងទៅ​ ក្រុមប្រទេស​មហាឧស្សាហកម្ម​ទាំង៧ ក៏បាន​យល់ព្រមព្រៀងគ្នាដែរ គាំទ្រ​ឲ្យ​បង្កើត​គម្រោង​វិនិយោគ​មហាសាល​មួយ ដើម្បីប្រជែង​នឹង​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់ចិន​។

ចំណែកទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សវិញ​ សម្ព័នអូតង់​បាន​ថ្កោលទោស​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ចិន​ រួមមានទាំង​ការបង្ក្រាបប្រឆាំង​នឹង​ក្រុម​អ្នក​បាតុករ​នៅហុងកុង​ ការធ្វើទុក្ខបុកម្នេញ​ លើជនជាតិភាគតិច​អ៊ុយហ្គួរ​ ដែលភាគច្រើនជាអ្នក​កាន់សាសនា​អ៊ីស្លាមរស់នៅក្នុងតំបន់ស៊ីនជាំង​។

ការព្រួយបារម្ភផ្សេងទៀតរបស់អូតង់​ រួមមានការគំរាមកំហែងរបស់ចិន​ ក្នុងការ​ចូល​លុក​លុយ​កោះតៃវ៉ាន់​ ការបង្កើន​កម្លាំងយោធា​ និង​មហិច្ឆតា​បង្កើន​ឥទ្ធិព​លកាន់តែខ្លាំង​ឡើង​របស់​ចិននៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​។

មន្ត្រីក្រសួងការពារជាតិអាមេរិក​ បាន​ពណ៌នាសកម្មភាពរបស់ចិនខាងលើថា​ គឺជា​ការ​បង្ខិតបង្ខំ​ និងឈ្លានពានកាន់តែខ្លាំងឡើង​ មិនអាច​មើលរំលងបាន​ឡើយ​។ ក្រុមអ្នកវិភាគ​បានលើកឡើងថា​ សកម្មភាពរបស់ចិន​ ការងើបត្រដែតឡើងរបស់ចិន​ មិនថានៅអាស៊ី ឬអឺរ៉ុប​ បាននឹងកំពុងដាស់សហរដ្ឋអាមេរិក​ និង​សម័្ពន្ធមិត្ត​ឲ្យ​ប្រុងប្រយ័ត្នខ្ពស់ ត្រៀមខ្លួន​ប្រឈម ក៏ដូចជាទប់ទប់ឥទ្ធិពលរបស់ចិនដែលហាក់កាន់​តែលេច​ត្រដែត​ខ្លាំឡើងឡើង​នៅលើឆាក​អន្តរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ