អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​​ជាលើក​ទីមួយ រវាង​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​អ៊ីស្រាអែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យទី​២៧មិថុនា​ លោករដ្ឋមន្ត្រីការបរទេសថ្មីរបស់ អ៊ីស្រាអែល យ៉ាអៀរ ឡាពីដ (Yaïr Lapid) បាន​ធ្វើដំណើរទៅជួប​ជាមួយ​លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ នេះគឺជាជំនួប​លើកដំបូងបំផុត រវាង​លោករដ្ឋមន្ត្រីការបរទេសទាំង២ បន្ទាប់ពី​អ៊ីស្រាអែល បានរៀបចំបង្កើតរដ្ឋាភិបាលថ្មី​ ដោយ​គ្មាន​លោក​ប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូ។ មានសំណុំរឿងជាច្រើន ដែលសហរដ្ឋអាមេរិក ត្រូវនិយាយជាមួយ​នឹងរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល ទាក់ទិននឹងបញ្ហា​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន និង​បញ្ហា​អ៊ីរ៉ង់ជាដើម។

លោក អង់តូនី ប្លីងកិន (ឆ្វេង) និងលោក យ៉ាអៀរ​ ឡាពីដ ជួប​គ្នា​នៅទីក្រុងរ៉ូម ថ្ងៃទី ២៧ មិថុនា ២០២១
លោក អង់តូនី ប្លីងកិន (ឆ្វេង) និងលោក យ៉ាអៀរ​ ឡាពីដ ជួប​គ្នា​នៅទីក្រុងរ៉ូម ថ្ងៃទី ២៧ មិថុនា ២០២១ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

ស្តារទំនាក់ទំនង ទំនុកចិត្តជាមួយ​អាមេរិកឡើងវិញ

រដ្ឋាភិបាលថ្មីអ៊ីស្រាអ៊ែល ដែលជារដ្ឋាភិបាលចម្រុះ បង្កើតឡើងដោយ​ច្រើនបក្សរួមគ្នានេះ បានផ្តល់សារៈសំខាន់ខ្លាំងណាស់ ដល់ទំនាក់ទំនង ជាមួយ​សហរដ្ឋអាមេរិក។ អាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់អ៊ីស្រាអែល។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយ​នឹងការដឹកនាំ របស់លោកប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូ ដែលមានទំនោរស្តាំនិយម រឹងរូសខ្លាំង គឺវាបានធ្វើ​ឲ្យ​ក្រុមថ្នាក់ដឹកនាំនយោបាយអាមេរិក បក្សប្រជាធិបតេយ្យ ដកខ្លួន​ឈប់ស្និទស្នាល និង​គាំទ្រអ៊ីស្រាអែល។

កាលពីអាណត្តិលោកដូណាល់ ត្រាំ រដ្ឋាភិបាល​លោកនេតាន់យ៉ាហ៊ូ មានបង្អែក។ តែនៅពេលនេះ អស់លោកដូណាល់ ត្រាំ ហើយ​ ចំណែក​លោកនេតាន់យ៉ាហ៊ូ​ ក៏លែងដឹកនាំអ៊ីស្រាអែលទៀតដែរ​។​​ ដូច្នេះអាចចាត់ទុកបានថា កាលៈទេសៈពេលនេះ គឺរដ្ឋាភិបាលថ្មី ទាំងអាមេរិក ទាំងអ៊ីស្រាអែល ត្រូវមើលចិត្តគ្នា ស្វែងរកចំណុចប្រសព្វគ្នា ដើម្បី​បង្កើតទំនុកចិត្ត​ទៅវិញទៅមក។

ជាងនេះទៀត មិនមែនមានតែជាមួយ​អាមេរិកមួយទេ ដែលអ៊ីស្រាអែល ត្រូវកសាងស្តារទំនាក់ទំនង ឲ្យល្អឡើងវិញ។ ជាមួយ​ក្រុមប្រទេសអឺរ៉ុប ក៏ដូចគ្នាដែរ។ ភាពរឹងរូស ការបាញ់ប្លោងគ្រាប់មីស៊ីលនៅតំបន់ហ្កាហ្សា កាលពីខែ​ឧសភាកន្លងទៅ បានធ្វើឲ្យ​អតីតរដ្ឋាភិបាលលោកនេតាន់យ៉ាហ៊ូ​ ត្រូ​វសហគមអន្តរជាតិថ្កោលទោស និងរិះគន់មិនតិចទេ។

លោក យ៉ាអៀរ ឡាពីដ (Yaïr Lapi) រដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីស្រាអែល បានលើកឡើង នៅពេលចូលកាន់តំណែង កាលពីពាក់កណ្តាលខែ​មិថុនាថា លោក​បេ្តជ្ញា ស្តារទំនាក់ទំនង សម្ព័ន្ធភាពឡើងវិញ ជាមួយ​គណបក្សប្រជាធិបតេយ្យ​អាមេរិក ព្រមទាំងជាមួយ​ក្រុមប្រទេសអឺរ៉ុបផងដែរ។ ជាងនេះទៀត លោក យ៉ាអៀរ ឡាពីដ នឹងឡើងមកធ្វើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងរវាង១ឆ្នាំកន្លះទៀត។

ដើរដោយសន្សឹមៗ ក្នុងសំណុំរឿងប៉ាឡេស្ទីន

ក្រៅពីការស្តារទំនាក់ទំនង ជាមួយ​សហរដ្ឋអាមេរិក សំណុំរឿងដែលគេរំពឹងរងចាំតាមដានបំផុតនោះ គឺ​បញ្ហា​ប៉ាឡេស្ទីន។ សំណុំរឿង ប៉ាឡេស្ទីន គឺជាស្នូលកណ្តាល នៃជំនួប​នៅថ្ងៃនេះ។ ដូចខ្ញុំបាន​និយាយពីខាងលើ គឺ​ភាគីទាំង២ អ៊ីស្រាអែល និង អាមេរិក កំពុងមើលចិត្តគ្នា ស្ទាបស្ទង់ចិត្តគ្នាទៅវិញទៅមក ទាក់ទិននឹងបញ្ហាប៉ាឡេស្ទីននេះ។

តែយ៉ាងណាក៏ដោយ គេមិនរំពឹងថា ជំនួបនៅថ្ងៃនេះ​ នឹងអាចបោះជំហាន ចេញជាផែនការអ្វីធំដំទេ សម្រាប់សំណុំរឿងប៉ាឡេស្ទីន។ តាមការបញ្ជាក់ពីសេតវិមាន រដ្ឋាភិបាលលោក ចូ បៃដិន​ នឹងអនុញ្ញាតឲ្យ​បើក ការិយាល័យ​របស់ ​អង្គការ​រំដោះប៉ាឡេស្ទីន OLP នៅទីក្រុងវ៉ាស៊ីនតោន ឡើងវិញ។ ការិយាល័យដែលជាតំណាងអង្គទូតប៉ាឡេស្ទីន ប្រចាំសហរដ្ឋអាមេរិកនេះ ត្រូវបាន​លោកដូណាល់ ត្រាំសម្រេចឲ្យ​បិទចោល​ កាលពីខែកញ្ញា ឆ្នាំ​២០១៨។

រដ្ឋាភិបាលលោក ចូ បៃដិន ធ្លាប់បានបញ្ជាក់ឲ្យ​ដឹងច្រើនដងហើយ ថាគេមិនចង់ ធ្វើរឿងអ្វីមួយដោយតក់ក្រហល់នោះទេ ថ្វីបើការពិតគេគាំទ្រ ការបង្កើតរដ្ឋប៉ាគេស្ទីនឯករាជ្យពេញសិទ្ធិមែន។ លោក អង់តូនី ប្លីងកិន បានលើកឡើងថា សម្រាប់ពេលនេះ លក្ខខណ្ឌមិនទាន់អាចអំណោយផល ឈានទៅចរចារៀបចំគម្រោង កិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីននេោះទេ។ វានៅមានឧបសគ្គច្រើនណាស់ ដែលត្រូវឆ្លងកាត់។ លោក​បានបញ្ជាក់ទៀតថា អ្វីដែលចាំបាច់​នៅពេលនេះ គឺបញ្ចៀសឲ្យ​បាន​ នូវការផ្ទុះអំពើហិង្សា សង្គ្រាមទំលាក់គ្រាប់បែក ជាថ្មីម្តងទៀត រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ បន្ទាប់មកទៀត អាេមរិកនឹងព្យាយាម ធ្វើការ ដើម្បីឲ្យ​ភាគីទាំង២ អ៊ីស្រាអែល ប៉ាឡេស្ទីន ចាប់ផ្តើមមានទំនុកចិត្តលើគ្នាទៅវិញទៅមក ទើបអាចឈានទៅចរចាសន្តិភាពបាន។

ដូច្នេះ បើតាមការប្រមើរមើលទៅ គឺក្នុងជំនួបនៅថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសទាំង២ នឹងនិយាយគ្នា ដើម្បីធ្វើយ៉ាងណា ការពារកិច្ចព្រមព្រៀងឈប់បាញ់ ដែលអ៊ីស្រាអ៊ែល បានចុះជាមួយ​ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីចុងខែឧសភា។ ភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា នៅតំបន់ផ្សេងទៀត ដូចជានៅក្រុងហ្សេរិយសាឡឹម ឬនៅតំបន់ស៊ីសហ្សកដានីជាដើម ក៏សំខាន់ណាស់ដែរ ព្រោះវានឹង​ជួយ​កសាងបរិកាស​ប្រសើរ អំណោយផលដល់ការចរចាសន្តិភាព។

អ៊ីស្រាអែល​ មិនគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

ដូចយើងដឹងកន្លងមកហើយ អ៊ីរ៉ង់ គឺជាសត្រូវធំបំផុត របស់អ៊ីស្រាអែល។ មិនថារដ្ឋាភិបាលមុន ឬ​រដ្ឋាភិបាលថ្មីនេះទេ គឺអ៊ីស្រាអែល នៅតែមាន​គោលជំហរ ប្រឆាំងជាមួយរបបដឹកនាំផ្តាច់ការ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជានិច្ច។ សម្រាប់អ៊ីស្រាអែល ការដែលអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ គឺវានឹងបង្កគ្រោះថ្នាក់ដល់ខ្លួន។ កាលពីរដ្ឋាភិបាល លោកមេតាន់ យ៉ាហ៊ូ អ៊ីស្រាអែល បានបដិសេធ មិនគាំទ្រ កិច្ចព្រមព្រៀងនុុយក្លេអ៊ែរអ៊ីរ៉៉ង់ទេ ដោយ​គេបានលើកឡើងថា ជាកិច្ចព្រមព្រៀង ដែលអ៊ីរ៉ង់​លេងខ្សែលើ ហើយ​បន្តលួចលាក់ ចំរាញ់ធាតុអ៊ុយរ៉ានីញូម ដើម្បីធ្វើគ្រាប់នុយក្លេអ៊ែរដដែល។​ លោក ដូណាល់ ត្រាំ ក៏បានស​ម្រេច​ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ធ្វើឲ្យ​លោកនេតាន់យ៉ាហ៊ូ សប្បាយ​​ចិត្តមិនតិចទេ។

ក៏ប៉ុន្តែមកដល់ដំណាលកាលនេះ រដ្ឋាភិបាលថ្មីអាមេរិក ដឹកនាំដោយ​លោក ចូ បៃដិន បាន​ប្រកាសថា ចង់មកចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ។ ថ្វីត្បិតតែការចរចានៅទីក្រុងវីយែន មិនទាន់បានសម្រេចគោលដៅ ពិតមែន តែអាមេរិកពិតជា​មានឆន្ទៈ ត្រលប់មកចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ។ បញ្ហានេះ គឺវាធ្វើឲ្យ​អ៊ីស្រាអែល លែងមានបង្អែក។

ក៏ប៉ុន្តែ​ សួរថា តើ​រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល អាចនឹងទៅជំទាស់ បន្ទោសលោក ចូ បៃដិន ដែលចង់​ត្រលប់ចូលរួម ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ? គឺមិនអាចទៅរួចទេ។ នៅក្នុង​នយោបាយ​ការបរទេស គឺវាមាន​ចំណុចណា​ជាអាទិភាពជាងគេ ថ្វីបើសំខាន់ដូចគ្នាក៏ដោយ។ សម្រាប់​រដ្ឋាភិបាល​ថ្មីអ៊ីស្រាអែល គឺគេបានផ្តល់អាទិភាព ដល់ការស្តារ​ទំនាក់ទំនង​សម្ព័ន្ធភាពជាមួយ​អាមេរិក។

ដូច្នេះ ពេលនេះ គឺអ៊ីស្រាអែល នឹងបិទមាត់នៅស្ងាត់សិន មិនជំទាស់រារាំង ក្នុងសំណុំរឿងកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ទេ គឺទុក​ឲ្យ​​អាមេរិក​ជាអ្នក​​ចាត់ចែងសិន។ តែទន្ទឹមគ្នានេះ អ៊ីស្រាអ៊ែល នៅតែ​បន្តវាយឆ្មក់ ម្តងម្កាលទៅលើអ៊ីរ៉ង់ ដូចជាការទំលាក់គ្រាប់ ឬ ប្រើ​បច្ចេកវិទ្យា បំផ្លាញទីតាំងយុទ្ធសាស្ត្រមួយចំនួន របស់កងទ័ព​អ៊ីរ៉ង់ជាដើម។ ទាក់ទិននឹងការវាយ​ប្រហារលើអ៊ីរ៉ង់នេះ អ៊ីស្រាអែល ក៏បានទទួលការសហការគាំទ្រ ពីសំណាក់រដ្ឋាភិបាល​​អាមេរិក​ដែរ។ យ៉ាងណាមិញ ថ្ងៃទី​​២៣មិថុនា លោក Aviv Kohavi អគ្គមេបញ្ជាការ​កងទ័ព​ជាតិអ៊ីស្រាអ៊ែល បានលើក​ឡើងនៅក្នុង​លិខិតប្រកាស ក្រោយ​ជួប​ជាមួយ​លោក Jake Sullivan ទី​ប្រឹក្សាសន្តិសុខអាមេរិក​ថា កម្មវត្ថុរួម របស់អាមេរិក និងអ៊ីស្រាអែល គឺ​ ធ្វើយ៉ាងណា កំទេចសមត្ថភាព​គំរាមកំហែង របស់អ៊ីរ៉ង់ ឲ្យ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ