អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មុនខួប១០០​ឆ្នាំរបស់បក្សកុម្មុយនិស្តចិន​ លោកស៊ី ជីនពីងប្រាប់ឲ្យគេចុះចូល​ក្នុងលទ្ធិម៉ាក់ស៊ីសនិយមបែបចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ចិន​បាន​រៀបចំបណ្តើរៗ​កម្មវិធី​ និងពិធីបុណ្យ​ជាច្រើន ដើម្បី​ប្រារព្ធខួប ១០០​ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលត្រូវ​ធ្វើ​ជា​ផ្លូវការ នៅថ្ងៃព្រហស្បតិ៍​ទី ១​កក្កដា។ នៅយប់​ថ្ងៃ​ចន្ទ​ទី ២៨​មិថុនា ទស្សនីយភាព​ដ៏ធំមួយ ត្រូវ​បាន​រៀបចំឡើង​នៅ​ស្តាតអូឡាំពិក​ក្នុង​ទីក្រុង​ប៉េកាំង ក្រោមអធិបតីភាពរបស់​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង។ នៅក្នុង​ពិធីបុណ្យ កាលពីថ្ងៃចន្ទ ​បក្ស​កុម្មុយនិស្ត​ចិនបាន​ផ្តោតច្រើន​ទៅលើស្នាដៃ​សំខាន់​របស់​បក្ស នោះ គឺ​ការដោះស្រាយ​វិបត្តិកូវីដ ដែល​បានធ្វើ​ឲ្យ​ចិន​គ្រប់គ្រងបាន​ស្ថានការណ៍​ទាំងស្រុងលើ​ជំងឺកូវីដ។

នៅថ្ងៃទី ២៨ មិថុនា ២០២១ ទស្សនីយភាពសំដែង​របស់​សិល្បករចិន នៅ​ស្តាតអូឡាំពិកក្នុង​ក្រុង​ប៉េកាំង​នៅ​៣ថ្ងៃ​មុន​បុណ្យខួបគម្រប់១០០​ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនិស្ត​
នៅថ្ងៃទី ២៨ មិថុនា ២០២១ ទស្សនីយភាពសំដែង​របស់​សិល្បករចិន នៅ​ស្តាតអូឡាំពិកក្នុង​ក្រុង​ប៉េកាំង​នៅ​៣ថ្ងៃ​មុន​បុណ្យខួបគម្រប់១០០​ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនិស្ត​ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃព្រហស្បតិ៍ ទី ១​កក្កដា ខានស្អែក ​ចិន​នឹង​ប្រារព្ធខួប គម្រប់ ១០០​ឆ្នាំ នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត ប៉ុន្តែ នៅប៉ុន្មានថ្ងៃមុនេះ ប្រទេស​ចិន​បាន​ចាប់ផ្តើមរៀបចំពិធី​ជាបន្តបន្ទាប់ ដូចជា​នៅយប់​ថ្ងៃចន្ទម្សិលមិញ មហាទស្សនីយភាព​ ត្រូវ​បានរៀបចំឡើង នៅ​ស្តាតអូឡាំពិក​ក្នុង​ទីក្រុង​ប៉េកាំង។

ដោយ​រៀបចំ​ពិធីបុណ្យ​ធំៗ តាំង​ពី​ពេលឥលូវនេះទៅ អាជ្ញាធរ​ចិនបាន​​ផ្តល់​សារៈសំខាន់ខ្លាំង​នៃ​ពិធីបុណ្យ​ខួប​គម្រប់ ១០០​ឆ្នាំ នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន។ នៅក្នុងឱកាស ពិធីបុណ្យ​ខួប ១០០​ឆ្នាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន រដ្ឋអំណាច​ប៉េកាំង​បាន​ចំណាយ​ថវិកា ថាមពល​ច្រើនណាស់ សម្រាប់ រៀបចំ​កម្មវិធីនានា​ ដើម្បី​លើកតម្កើង​តម្លៃ​បក្ស​កុម្មុយនិស្តចិន។ ជាក់ស្តែង នៅ បីថ្ងៃ មុន ត្រូវ​ប្រារព្ធ​ខួប១០០​ឆ្នាំ នៃ​ការបង្កើត បក្ស​កុម្មុយនិស្ត​ចិន ចិន​បាន​រៀបចំ ​មហា​ទស្សនីយភាពមួយ នៅ​ស្តាតអូឡាំពិក ដែល​នៅក្នុងនោះ សិល្បករ រាប់រយ​នាក់ បាន​ចេញ​សំដែង​ លើកសរសើរពី ​វីរភាព និង​ការតស៊ូ របស់​ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​បក្ស​កុម្មុយនិស្ត​ចិន។

ទស្សនីយភាព ដ៏មហាអស្ចារ្យ មិនត្រូវ​បាន​ចាក់​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍​ចិន​នោះទេ។ ប៉ុន្តែ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ ដូចជា AFP ឬ Reuters ជាដើម ទស្សនីយភាព​ ដែលមានចំណងជើងថា ដំណើរដ៏មហាអស្ចារ្យ ផ្តោ​តសំខាន់ទៅលើ​ប្រវត្តិ​របស់​បក្ស​កុម្មុយនិស្តចិន និងកំណែទម្រង់​សេដ្ឋកិច្ច​ចិន នៅក្នុង​រយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ ដោយ​មាន​ការចាក់បញ្ចាំង​ បង្ហាញ មុខ​មេដឹកនាំ​ចិន តាំង​ពី ប្រមុខដឹកនាំ ​ម៉ៅសេទុង រហូត​ដល់លោកស៊ី ជីនពីង ដែលជាប្រធានាធិបី​​ចិន​សព្វថ្ងៃ ពិធីបុណ្យ​មុន​ថ្ងៃ​រំលឹកខួប ១០០​ឆ្នាំ​នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ជា​ឱកាស​បង្ហាញ​ស្នាដៃ​ល្អៗ​របស់​បក្សកុម្មុយនិស្តចិន មិនបាន​បង្ហាញ ចំណុច​អវិជ្ជមាន​របស់​បក្សកុម្មុយនិស្តចិន ដូចជាបដិវត្តវប្បធម៌ គ្រោះទុរ្ភិក្ស​ដែលកើតឡើង​ដោយសារ​តែនយោបាយ​ដំណើរបង្ខំ​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅទសវត្សរ៍​ឆ្នាំ ១៩៥៨​នោះទេ។

​ទស្សនីយភាព​ផ្តោតសារៈសំខាន់ខ្លាំងជាងគេ ទៅលើការ​ប្រយុទ្ធប្រឆាំង​យកឈ្នះ លើ​ជំងឺកូវីដ នៅប្រទេស​ចិន។ អាជ្ញាធរ​ចិន​ចង់​បញ្ជាក់ថា បក្ស​កុម្មុយនិស្ត​បាន​ ​កសាង​ស្នាដៃ​ដ៏​សំខាន់​មួយ នោះ គឺបានដោះស្រាយ គ្រប់គ្រង​បានទាំងស្រុង​វិបត្តិកូវីដ ហើយនិង​បាន​ជំរុញ​សេដ្ឋកិច្ច​ចិនឲ្យដើរទៅមុខ មិន​ឲ្យ​ជាប់គាំង នៅក្រោយ ចាកចេញ​វិបត្តិកូវីដនោះទេ។ ចម្រៀង​ដែល​កងរំពង​ជាងគេ នៅក្នុង​ទស្សនីយភាព មានឈ្មោះថា បើគ្មានបក្សកុម្មុយនិស្តចិន ក៏គ្មានដែរ​ប្រទេស​ចិនថ្មី។

ស្នាដៃរបស់​បក្ស​កុម្មុយនិស្តចិន ឬ​ស្នាដៃ​របស់ ​លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង?

លោក​ប្រធានាធិបតី​ស៊ី ជីនពីង ធ្លាប់និយាយអួតបង្ហាញថា ការប្រយុទ្ធយកឈ្នះ​លើ​ជំងឺកូវីដ គឺ​ជា​ជោគជ័យ​ដ៏ធំមួយ​របស់​បក្ស​កុម្មុយនិស្ត និង​ជាអំណះអំណាង​មួយ​ដែលបញ្ជាក់ថា ចិនក្រោម​ការដឹកនាំ​របស់​លោក គឺ មានសមត្ថភាពទប់ទល់​នឹង​វិបត្តិកូវីដ។ ជំងឺកូវីដ​បានផុតរលត់​ស្ទើរ​ទាំងស្រុង​នៅប្រទេស​ចិន ជាទី​ដែល​សេដ្ឋកិច្ច​បាន​ចាប់ផ្តើម​ដំណើរការ​ធម្មតា​ឡើងវិញ តាំង​ពី​ពាក់កណ្តាល​ឆ្នាំមុន។

យកឈ្នះ លើ​វិបត្តិ​កូវីដ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និង​បានលុបបំបាត់​ភាពក្រីក្រ នៅប្រទេស ចិន។ ស្នាដៃ​ទាំងនេះ បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ទទួល​ការគោរព​កោតសរសើរច្រើន ក្នុង​ប្រទេស។ ក្នុងរយៈពេល​ដឹកនាំ ចិន ៩ឆ្នាំមកនេះទៀតសោត លោក​ស៊ី ជីនពីង​ បាន​ឆ្លៀត​បង្កើនឥទ្ធិពលរបស់​លោកនៅក្នុង​ជួរបក្ស រហូត​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មេដឹកនាំ​ចិន ដ៏មាន​អំណាចខ្លាំងម្នាក់ នៅប្រទេស​ចិន គឺបន្ទាប់ពី លោកម៉ៅ សេទុង ដែល​ជា​ស្ថាបនិក​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ មួយវិញទៀត ខុសពី​ប្រធានាធិបតី​ចិន​មុនៗ លោក​ស៊ី ជីនពីង ដែលមាន​អាយុ ៦៨​ឆ្នាំ នឹង​អាច​ដឹកនាំ​ប្រទេស​ចិន ដោយ​គ្មានកាលកំណត់ ដូច​ជា​ប្រមុខម៉ៅ សេទុង។

ក្រៅតែពី​បង្រ្កាបក្រុមប្រឆាំង ក្នុងជួរបក្ស ឬ​ក្នុង​ប្រទេស ដើម្បី ពង្រឹងអំណាច​របស់ខ្លួនក្នុងប្រទេស លោកប្រធានាធិបតី ស៊ី ជីនពីង កំពុង​នាំប្រទេស​ចិន ឲ្យ​ចេញមុខ​ខ្លាំងណាស់ដែរ ក្នុង​ឆាកអន្តរជាតិ។ នៅក្នុង​នយោបាយការ​បរទេស លោកស៊ី ជីនពីង បាន​ពង្រីកឥទ្ធិពល​របស់​ចិន ដើម្បី ចូល​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង គំរាមកំហែង​កោះតៃវ៉ាន់ ហើយនិង​រួមដៃ​ជាមួយ​រុស្ស៊ី ដើម្បី​ទប់ទល់ ប្រជែង​​ឥទ្ធិពល​​ប្រទេស​លោកខាងលិច ជាពិសេស ​អាមេរិក និង នៅក្នុង​សំណុំរឿងអន្តរជាតិ​។

លោកស៊ី ជីនពីងបាន​អំពាវនាវ​ឲ្យ​គេចូលរួម​ក្នុង​លទ្ធិម៉ាក្សស៊ីសនិយម តាមបែប​ចិន

នៅក្នុង​ពិធី​បំពាក់មេដាយ​ដល់ សមាជិកដែលស្មោះស្ម័គ្រ​របស់​​​បក្ស​កុម្មុយនិស្តចិន នៅថ្ងៃអង្គារ​ទី ២៩ មិថុនា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​អំពាវនាវ​ឲ្យ​គេ​ចូលរួម និង​ជឿជាក់​លើ​​លទិ្ធម៉ាក្សស៊ីស​និយម​ និង​លទ្ធិសង្គមនិយមតាម​បែបចិន។ លោក​ស៊ី ជីនពីង ​ចង់​ឲ្យប្រជាជនចិន​ចាត់ទុក លទ្ធិទាំងពីរដែលប្រកាន់ខ្ជាប់​ដោយ​បក្ស​កុម្មុយនិស្ត​ចិន ជាគោលដៅ​សំខាន់​របស់ពួកគេ នៅក្នុង​ជីវិត។

ខុសពីប្រទេស​ផ្សេងទៀត ដែលគោរព​តាម​លទ្ធិសេរី ប្រជាធិបតេយ្យ ចិន​ដែលគ្រប់គ្រង​ដោយ​ឯកបក្ស កុម្មុយនិស្ត​ចិន នៅតែ​ប្រកាន់ខ្ជាប់លទ្ធិម៉ាក្សស៊ីស និង​សង្គមនិយម។ គ្មានទេ ក្រុមហ៊ុន​ឧស្សាហកម្ម​ឯកជន។ បក្ស​កុម្មុយនិស្តចិនក្តោបក្តាប់ជាប់ គ្រប់វិស័យ មិនថា អំណាចនយោបាយ និងគោលនយោបាយ​សម្រាប់​គ្រប់គ្រង ក្រុមហ៊ុន​រដ្ឋ។

សាររបស់​ស៊ី ជីនពីង​សំខាន់ណាស់ ព្រោះថា បក្ស​កុម្មុយនិស្ត​ចិន​សព្វថ្ងៃ​មាន សមាជិក​ប្រមាណ ៩២លាននាក់ ប្រហែល​៦%ភាគរយ​នៃ​ប្រជាជនចិន​សរុប ១៤០០លាននាក់។ សមាជិក​បក្ស​កុម្មុយនិស្ត​ភាគច្រើន ជា​មន្រ្តីរដ្ឋាភិបាល ឬជា​មេដឹកនាំ​ក្រុមហ៊ុន​ឧស្សាហកម្មរដ្ឋ។ បក្ស​កុម្មុយនិស្ត​ចិន​ចង់​បង្ហាញថា ថ្នាក់ដឹកនាំភាគច្រើន នៅប្រទេស​ចិន គឺ​មកពីក្រុមតែមួយ ដែលមាន​និន្នាការ​តែមួយ គឺដើរតាម​លទ្ធិសង្គមនិយម និង​ម៉ាក្សស៊ីសនិយម មិនដូចជា​ប្រទេស​ដទៃ ដូចជា​អាមេរិកដែលមាន​​បែងចែក ក្រុម បក្សពួកច្រើននោះទេ។

នៅក្នុង​ឱកាស​ត្រៀម​រៀបចំ បុណ្យ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​នេះ បក្ស​កុម្មុយនិស្ត​ចិន​បាន​ជំរុញ​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់​នៅចិន លើកសរសើរ​ស្នាដៃ​របស់​បក្ស ហើយជាមួយគ្នានោះ ក៏ត្រូវ​សរសេរ​បកអាក្រាត​ពី រឿងរើសអើងពូជសាសន៍ អសមភាព ហើយនិង បញ្ហា​សង្គមជាច្រើនទៀតនៅប្រទេស​លោកខាងលិច។ យុទ្ធសាស្រ្ត​របស់​បក្ស​កុម្មុយនិស្ត​ចិន​គឺ​ចង់​​បង្ហាញថា ប្រទេស​លោកខាងលិច ដែល​ពូកែ ​រិះគន់ចិន ពីរឿងធ្វើទុក្ខបុកម្នេញ​លើ​ប្រជាជនអ៊ុយហ្គួរ និង​សិទ្ធិសេរីភាពនៅហុងកុង ប៉ុន្តែតាមពិត​ក៏កំពុងមាន​បញ្ហា​ក្នុង​ប្រទេស មិនអាច​ដោះស្រាយ​ចេញបានទេ។

ជារួម បក្ស​កុម្មុយនិស្តចិន​ចង់បង្ហាញថា គ្មានអ្នកណា​បាន​កសាងស្នាដៃ​ល្អ មហាអស្ចារ្យ ដូចជា​បក្ស​កុម្មុយនិស្ត​ចិននោះទេ។ កំណែទម្រង់​សេដ្ឋកិច្ច ក្នុងរយៈពេល​៤០ឆ្នាំ ចុងក្រោយនេះ បានធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ២ ក្នុងពិភពលោក។ ការអភិវឌ្ឍន៍​កម្មវិធីអវកាសរហូត​ឈាន​ទៅ​សាងសង់​ស្ថានីយ៍អវកាស​ដោយខ្លួនឯង គោលនយោបាយសេដ្ឋកិច្ច ដូចជា ផ្លូវមួយខ្សែក្រវ៉ាត់​មួយ​របស់​ចិន ហើយ​និង​ការប្រយុទ្ធយកឈ្នះ គ្រប់គ្រង​ទាំងស្រុង​វិបត្តិកូវីដ។ ទាំងនេះ​ជា​ស្នាដៃ​ធំៗ​របស់​បក្ស​កុម្មុយនិស្តចិន ក្រោម​ការដឹកនាំ​របស់​លោកស៊ី ជីនពីង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ