អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តម្លៃ​ស្បៀង​អាហារ​ឡើងថ្លៃ​ខ្លាំង បង្ក​ការលំបាក​​ និង​បញ្ហា​ប្រឈម​នានា​ ដល់​​ប្រទេស​ក្រីក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈដែលពិភពលោកយើង​ កំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងសុខភាព ដោយសារតែជំងឺឆ្លងកូវីដ១៩ មានវិបត្តិធំមួយទៀត កំពុងតែលេចរូបរាង្គឡើង នោះគឺវិបត្តិតម្លៃស្បៀងអាហារ។ យោងតាមអង្គការសហប្រជាជាតិ ស្បៀងអាហារនិងកសិកម្ម តម្លៃស្បៀងអាហារ បានឡើងថ្លៃខ្លាំងគួរឲ្យ​ព្រួយបារម្ភ នៅទូទាំងពិភពលោក បើគិតក្នុងរវាង១០ឆ្នាំចុងក្រោយនេះ។ បញ្ហានេះ វានឹងបង្កើនការលំបាក ដល់ជីវភាព​របស់​ប្រជាជន ជាពិសេស​នៅតាមប្រទេសក្រីក្រ ហើយជាងនេះទៀត វាអាចរុញច្រាន ​ឲ្យ​កើតទៅបញ្ហា​អស្ថិរភាព អសន្តិសុខ ចលាចលក្នុងសង្គមផងដែរ។

ស្ត្រីកសិករខ្មែរ កំពុង​ព្រួស​គ្រាប់ស្រូវ នៅភូមិស្នោរ ជាក្រុងភ្នំពេញ ថ្ងៃទី ២ ឧសភា ២០២១
ស្ត្រីកសិករខ្មែរ កំពុង​ព្រួស​គ្រាប់ស្រូវ នៅភូមិស្នោរ ជាក្រុងភ្នំពេញ ថ្ងៃទី ២ ឧសភា ២០២១ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ចិន ដើរប្រមូលទិញស្បៀងអាហារ ធ្វើឲ្យ​តម្លៃឡើងខ្ពស់

យោងតាមអង្គការ FAO ជារួម តម្លៃស្បៀងអាហារ បានកើនឡើង ប្រមាណ​ជា​៤០% ក្នុង​រវាងមួយឆ្នាំចុងក្រោយ​នេះ ពោលគឺជាកម្រិតឡើងខ្ពស់ខ្លាំងបំផុត បើគិត​ពីខែកញ្ញាឆ្នាំ ២០១១មក។ តម្លៃពោត បាន​ឡើងដល់ទៅ ៨៨% សណ្តែកសៀង​វិញ ឡើងថ្លៃ ប្រមាណ​៧៣%។ ស្រូវសាឡី និងទំនិញ​ធ្វើពីទឹកដោះគោ ឡើងថ្ងៃ ២៨%។ ស្ករវិញ ឡើងថ្លៃ ៣៤% ចំណែកសាច់សត្វ ឡើងប្រមាណ​ជា​ ១០%។

កត្តាដែលជំរុញឲ្យ​តម្លៃស្បៀងអាហារ បានឡើងថ្លៃយ៉ាងគំហុក ក្នុងរវាង​មួយ​ឆ្នាំចុងក្រោយនេះ គឺមក​ពី​ផែនការផ្តល់សន្ទុះសេដ្ឋកិច្ច នៅតាមប្រទេសធំៗ។ ធនាគារពិភពលោក បានព្យាករណ៍ថា ឆ្នាំ​២០២១នេះ កំណើន​សេដ្ឋកិច្ច​ពិភពលោក នឹងកើនប្រមាណ​ជា​៥,៦%។ កំណើនសេដ្ឋកិច្ចនេះ គឺ​វា​ស្ទុះឡើងជាមួយ​នឹងតម្លៃទំនិញ ស្បៀងអាហារនេះតែម្តង។

លោក Philippe Chalmin អ្នកជំនាញសេដ្ឋកិច្ចម្នាក់ បានលើកឡើងថា គឺចិនមានចំណែកធំណាស់ ក្នុងការធ្វើ​ឲ្យតម្លៃស្បៀងអាហារទូទាំងពិភពលោក ឡើងថ្លៃខ្លាំង​ កើតជាបញ្ហាអតិផរណានេះ​។ សម្រាប់ឆ្នាំ២០២១ ចិន អាចមានកំណើនសេដ្ឋកិច្ច​លើសគេ ពោលគឺប្រមាណ​ជា​៨,៥% ដែលធ្វើឲ្យ​ចិន ដើរប្រមូលទិញយក​ស្បៀង ចំណីអាហារ គ្រាប់ធុញ្ញជាតិ និងសាច់ជាដើម ។ល។ ជាមួយ​នឹងកំណើនសេដ្ឋកិច្ចប្រមាណ ៦,៨% សហរដ្ឋអាមេរិក ក៏មានចំណែកដែរ ក្នុងការធ្វើឲ្យ​តម្លៃស្បៀងឡើងថ្លៃ។

កត្តាមួយ​ចំនួនទៀតនោះ គឺ​មកពី​បញ្ហាអាកាសធាតុ ភាពរាំងស្ងួត ដែលធ្វើឲ្យ​ទិន្នផលដំណាំធ្លាក់ចុះ ជាពិសេសនៅប្រទេសប្រេស៊ីល ដែលជាជង្រុកពោត និងសណ្តែកសៀង។ តម្លៃប្រេងឡើងថ្លៃ ព្រមទាំងថ្លៃដឹកជញ្ជូន​តាមផ្លូវសមុទ្រ ក៏ឡើងថ្លៃ ដែលកត្តាទាំងនេះ សុទ្ធតែបានចូលរួម ធ្វើឲ្យ​តម្លៃលក់ចេញនៃស្បៀងអាហារ កាន់តែឡើងខ្ពស់ដែរ។

សង្ឃឹមលើទិន្នផលកសិកម្មកើនឡើង

គេ​មិនទាន់អាចប៉ាន់ស្មានបានទេ ថាតម្លៃស្បៀងអាហារនឹងបន្តនៅខ្ពស់យូរប៉ុណ្ណា។ អ្វីៗ គឺវាអាស្រ័យទៅលើ ទំហំនៃ​ការផលិត​ ទំនិញ​ស្បៀងអាហារទៅថ្ងៃខាងមុខ។ ក្រសួងកសិកម្មអាមេរិក ​បាន​ដាក់ក្តីសង្ឃឹមថា ឆ្នាំ​២០២១-២០២២ គេនឹងប្រមូលផលស្រូវសាឡី ឲ្យ​បានច្រើនបំផុត លើសឆ្នាំណាៗទាំងអស់។ ដូចគ្នាដែរ ដំណាំពោតនៅអាមេរិក និងសណ្តែកសៀងនៅប្រេស៊ីល ក៏គេសង្ឃឹមថា ឆ្នាំនេះ នឹងអាចបានផលច្រើន។ បើដូចការរំពឹងទុកមែន គឺតម្លៃគ្រាប់ធុញ្ញជាតិ​ទាំងនេះ អាចនឹងចុះថយខ្លះ។ តែយ៉ាងណា លក្ខខណ្ឌអាកាសធាតុ ក៏អាចមកបំផ្លាញ​ក្តីសង្ឃឹមនេះដែរ ព្រោះយើងមើលមិនឃើញទេ។

លោក Josef Schmidhuber អ្នកជំនាញសេដ្ឋកិច្ច នៅអង្គការ FAO បាន​ព្យាករណ៍ថា តម្លៃស្បៀងអាហារ គ្រាប់ធុញ្ញជាតិ​វត្ថុធាតុដើម អាចនឹងបន្តនៅខ្ពស់ ពេញមួយឆ្នាំ​២០២១នេះ ព្រោះថា តម្លៃប្រេងនៅថ្លៃខ្លាំង។ វិស័យកសិកម្ម​ពិភពលោក ត្រូវការ​ប្រើ​ប្រាស់ ប្រេងឥន្ធនៈ ខ្លាំងណាស់។ ដូចគ្នាដែរ លោក Adbolreza Abbassian អ្នកជំនាញម្នាក់ទៀត នៅអង្គការ​FAO បានលើកឡើងថា បញ្ហានេះ គឺវានឹងធ្វើឲ្យ​តម្លៃទំនិញចំណីអាហារ គ្រប់សព្វសារពើឡើង​ខ្ពស់ដែរ បើប្រៀបធៀបទៅឆ្នាំមុនៗ។

ប្រជាជននៅតាមប្រទេសក្រីក្រ ជាអ្នកលំបាកបំផុត

បញ្ហាអតិផរណា បានចាប់ផ្តើមលេចរូបរាង្គរួចហើយ នៅតាមប្រទេសមួយចំនួន ដែលមានសេដ្ឋកិច្ច​ទន់ខ្សោយខ្លាំង​។ លោក Arif Husain ប្រធានផ្នែកសេដ្ឋកិច្ច នៅកម្មវិធីស្បៀងអាហារពិភពលោក PAM បានបញ្ជាក់ថា អតិផរណា​មានជាមធ្យម លើស២០%  ក្នុងមួយឆ្នាំកន្លងទៅនេះ។ ប្រទេសក្រីក្រ ភាគច្រើន រងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រជាជន​គ្មានប្រាក់ចំណូល ហើយត្រូវបន្ថែម ជាមួយ​ការចំណាយ​កាន់តែខ្ពស់ ទៅលើទំនិញចំណីអាហារទៀត។

ជាក់ស្តែងនៅលីបង់ តម្លៃទំនិញចំណីអាហារ បានឡើងខ្ពស់កប់ពពក ដល់ទៅ ២២៦% កាលពី​ខែ​ឧសភាកន្លងទៅ នេះបើយោង​តាមគេហទំព័រ Trading Economics។ នៅអាហ្សង់ទីន មួយឆ្នាំកន្លងទៅនេះ តម្លៃទំនិញ​ចំណីអាហារ បានឡើងចំនួន​៥០% ដែលធ្វើឲ្យ​រដ្ឋាភិបាល​ បង្ខំចិត្តឈប់នាំចេញសាច់គោទៅក្រៅប្រទេស ដើម្បីផ្គត់​ផ្គង់​ទីផ្សារក្នុងស្រុក​វិញ។ យោងតាមធានាគារពិភពលោក តម្លៃស្បៀងអាហារឡើងខ្ពស់ខ្លាំង​ នៅប្រទេសនីហ្សេរីយ៉ា ប្រមាណ​មួយឆ្នាំមកនេះ បានរុញច្រាន​ប្រជាជន​ប្រមាណ​៧លាននាក់ ឲ្យធ្លាក់ទៅ​ក្នុង​ភាពក្រីក្រ។

ដោយសារវិបត្តិសេដ្ឋកិច្ច​ពិភពលោក បង្កឡើងដោយកូវីដ​១៩ ប្រជាជននៅតាមប្រទេសក្រីក្រ ដែលធ្លាប់​​រកចំណូល​មួយថ្ងៃរស់មួយថ្ងៃ បានបាត់បង់ប្រាក់ចំណូលសឹង​ទាំងស្រុង​។ ឥឡូវនេះ មកបន្ថែមជាមួយ ការចំណាយកាន់តែច្រើន ដោយសារតែតម្លៃស្បៀងអាហារឡើងថ្លៃ។ លោក Arif Husain បានសង្កត់ធ្ងន់ថា សង្រ្គាម​ ជម្លោះប្រដាប់អាវុធ នៅតាមតំបន់ខ្លះ គឺជាមូលហេតុចម្បង បង្កអសន្តិសុខស្បៀងអាហារ ព្រោះវាបាន​មកបំផ្លាញផលដំណាំ រំខានការដាំដុះ ធ្វើឲ្យ​ប្រជាជនបាត់បង់សមត្ថភាព​ចិញ្ចឹមជីវិត កាន់តែខ្លាំង​។

អស្ថិរភាព ចលាចលសង្គម

បើយើងក្រឡេកទៅមើលអតីតកាល តាមការសង្កេត កាលពី១០ឆ្នាំមុន ការផ្ទុះចលនាបះបោរ តវ៉ា ចលាចល ក្លាយ​ជាបដិវត្តឬសង្គ្រាម នៅតាមប្រទេសអារ៉ាប់ តំបន់ដើមបូព៌ា គឺមកពីបញ្ហា តម្លៃស្បៀងអាហារឡើងថ្លៃនេះឯង។ លោក Arif Husain បានលើកឡើងថា ស្ថានភាពនៅពេលបច្ចុប្បន្ននេះ គួរឲ្យ​ព្រួយបារម្ភណាស់។

ភាគច្រើនគឺនៅតាមប្រទេសដដែល ដែលធ្លាប់មានបញ្ហាចលាចលសង្គម កាលពី១០ឆ្នាំមុន ដែលកំពុងប្រឈមនឹងបញ្ហាខ្លាំងនាពេលនេះ​ម្តងទៀត។ ១០ឆ្នាំមកនេះ អ្វីៗមិនទាន់បានប្រសើឡើងផង ឥឡូវមកបន្ថែម ជាមួយនឹងបញ្ហាកូវីដ សមភាពសង្គម វិបត្តិសេដ្ឋកិច្ច អតិផរណាឡើងខ្ពស់។

ជាងនេះទៀត មិនមែនតែនៅតាមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ទេ ដែលប្រឈមបញ្ហា។ សូម្បីតែនៅតាមប្រទេសអ្នកមាន នៅអឺរ៉ុបខ្លះ ក៏ប្រឈមបញ្ហាដែរ ជាមួយ​នឹងកំហឹងតវ៉ា ដែលកាន់តែរីកធំ ពីសំណាក់ប្រជាជន​ មកលើថ្នាក់ដឹកនាំ។ ក្រៅពីបញ្ហា សេដ្ឋកិច្ច ជីវភាព សិទ្ធិសេរីភាព គឺនៅមានបញ្ហានយោបាយមួយទៀត ដែលធ្វើអាចធ្វើ​ឲ្យ​មានការតវ៉ាកាន់តែច្រើន មិនថានៅតំបន់អាមេរិកខាងត្បូង ឬនៅអាស៊ី។ នៅក្នុងបរិបទបែបនេះ គឺរងើកភ្លើងនៃការតវ៉ា​បះបោរ អាចនឹងងាយ​ឆាបឆេះណាស់ ក្នុងករណីដែលមានបញ្ហាណាមួយលេចធ្លោខ្លាំង ជាក់ស្តែង ដូចជា បញ្ហាតម្លៃទំនិញចំណីអាហារឡើងថ្លៃ តម្លៃថាមពលឡើងថ្លៃ ឬក៏អាចជាវិបត្តិអាកាសធាតុ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ