អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កីឡាអូឡាំពិកតូក្យូ២០២០៖ ក្រៅពីកូវីដ​ អ្នកជំនាញ​​បារម្ភ​ខ្លាំង ពី​​បញ្ហា​​សីតុណ្ហភាពក្តៅ​ និង​​គ្រោះធម្មជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្មវិធីប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹង​ប្រព្រឹត្តិទៅ ចាប់​​ពីថ្ងៃទី ២៣កក្កដា រហូតដល់ ថ្ងៃទី ៨​ សីហា ខាងមុខ។ ជាកម្មវិធីប្រកួតកីឡាអន្តរជាតិ ដែលស្ថិតក្នុងកាលៈទេសៈមួយដ៏លំបាក និងស្មុគស្មាញបំផុត សម្រាប់​ជប៉ុន ខណៈដែល​ការឆ្លងរាលដាលកូវីដ​១៩ គឺជាក្តីព្រួយ​បារម្ភធំបំផុតមួយ។ តែទន្ទឹមនឹងនេះ មិនមែនមានតែ​​បញ្ហា​កូវីដ មួយ​នោះទេ។ អ្នកជំនាញ​ជាច្រើន បាន​លើកឡើងផងដែរ អំពីបញ្ហាប្រឈមផ្សេងទៀត តួយ៉ាង គឺ​បញ្ហា​​សីតុណ្ហភាព​​ក្តៅខ្លាំង នៅទីក្រុងតូក្យូ ហើយនិងជាពិសេសនោះ គឺបញ្ហា​គ្រោះធម្មជាតិតែម្តង ព្រោះថាជប៉ុន គឺជាប្រទេស ដែលតែងតែរងនូវគ្រោះធម្មជាតិ​ ញឹកញាប់បំផុត។

ផ្លេកបន្ទោរ រន្ទះបាញ់បំភ្លឺកងទាំង៥នៃកីឡាអូឡាំពិក និងស្ពានឥន្ធនូទីក្រុងតូក្យូ យប់ថ្ងៃទី ១១ កក្កដា ២០២១
ផ្លេកបន្ទោរ រន្ទះបាញ់បំភ្លឺកងទាំង៥នៃកីឡាអូឡាំពិក និងស្ពានឥន្ធនូទីក្រុងតូក្យូ យប់ថ្ងៃទី ១១ កក្កដា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

បញ្ហាកូវីដ១៩ នៅតែគំរាមកំហែងកម្មវិធីប្រកួត​កីឡាអូឡាំពិកតូក្យូដដែល បើទោះបីជាបានលើកពេល​មកមួយឆ្នាំ​ក្តី​។ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្រុងតូក្យូ មានករណីឆ្លងកូវីដ​ថ្មី ចំនួន​ប្រមាណ​៩០០នាក់ សឹង​ជារៀងរាល់ថ្ងៃ។ តែយ៉ាងណា គេមិនអាចលើកពេលម្តងទៀតឡើយ។ គណកម្មការរៀបចំកម្មវិធីនេះ បានសុខចិត្ត ដាក់វិធានការ យ៉ាងតឹងតែង ដើម្បី​ធ្វើយ៉ាងណា កុំឲ្យ​មានបញ្ហាឆ្លងរាលដាល នៅក្នុងពេលប្រកួត ដែលនឹងចាប់ផ្តើម នៅថ្ងៃទី​ ២៣ ​កក្កដា​។

ការប្រកួតភាគច្រើន គឺត្រូវធ្វើ​ដោយ​បិទទ្វារ គ្មានទស្សនិកជនចូលមើលទេ។ ក៏ប៉ុន្តែ ការព្រួយ​បារម្ភគឺវានៅតែមានដែរ ទាក់ទិននឹងការឆ្លងរាលដាលកូវីដ ក្នុងចំណោមក្រុមកីឡាករ និងគណប្រតិភូកីឡា ដែលមកចម្រុះពីគ្រប់ប្រទេសទាំងអស់។ ជាសរុប គឺមានមនុស្ស​យ៉ាងហោច ៧ម៉ឺននាក់ បើរាប់ទាំងកីឡាករ សមាជិកគណប្រតិភូ និង​ក្រុមអ្នកកាសែត។

ក្រុមកីឡាករចិន អះអាងថាការរៀបចំរបស់ជប៉ុនខ្វះចន្លោះ ទាក់ទិននឹងបញ្ហាកូវីដ​

គណប្រតិភូកីឡាប្រណាំងទូកក្តោងរបស់ចិន ដែលទើបតែបានទៅដល់ទីក្រុងតូក្យូ បាន​លើកឡើងថា ការរៀបចំរបស់ភាគីជប៉ុនមានការខ្វះចន្លោះ។ យោងតាម​ការចុះផ្សាយ​ របស់ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​ចិន​ ក្រុមកីឡាទូកក្តោងចិន បាន​អះអាងថា សណ្ឋាគារដែល​ក្រុមខ្លួន​ស្នាក់នៅ នៅ​ក្រុងតូក្យូ គឺ​វានៅលាយឡំជាមួយភ្ញៀវទេសចរណ៍ធម្មតា។​ ថ្វីបើ គេបានត្រៀមបន្ទប់ ​នៅក្នុងមួយជាន់ដាច់ដោយឡែក សម្រាប់កីឡាករមែន តែការដែលមាន​វត្តមាន​ភ្ញៀវទេសចរណ៍សាមញ្ញ នៅលាយ​ឡំក្នុងសណ្ឋាគារ គឺវាអាច​បង្កើតឲ្យ​មានករណីប្រឈមការឆ្លងរាលដាល តាមរយៈការប្រើប្រាស់ ទីតាំងរួម ដូចជាជណ្តើរយន្ត ទ្វារចេញចូល និងទីកន្លែងពិសារអាហារជាដើម។ ឥឡូវបញ្ហានេះ ត្រូវបាន​គេលើកទៅពិភាក្សា ជាមួយ​នឹង​គណកម្មាធិការ​រៀបចំ របស់ជប៉ុនហើយ ដើម្បីរកដំណោះស្រាយ។

សីតុណ្ហភាពក្តៅ គំរាមសុខភាព​-អាយុជីវិតកីឡាករ

សីតុណ្ហភាពក្តៅខ្លាំង គឺជាគ្រោះថ្នាក់សម្រាប់មនុស្សទូទៅរួចទៅហើយ។ តែសម្រាប់​កីឡាករ ដែលប្រើកម្លាំង ហត់ខ្លាំង​ក្នុងពេលប្រកួត គឺវាកាន់តែគ្រោះថ្នាក់។ របាយការណ៍មួយ ចុះផ្សាយកាលពីខែឧសភា ដោយសមាគមអង់គ្លេស ដើម្បី​កីឡានិរន្តរភាព (BASIS) បានលើកឡើងថា បញ្ហាសីតុណ្ហភាព​ក្តៅខ្លាំង ព្រមទាំងកម្រិតសំណើម  ខ្ពស់ជ្រុល គឺ​ជាគ្រោះថ្នាក់ខ្លាំងណាស់ ដល់អាយុជីវិត របស់កីឡាក្នុងពេលប្រកួតកីឡាអូឡាំពិក នៅក្រុងតូក្យូ។ ការប្រកួតកីឡាមួយចំនួន ដែលត្រូវធ្វើនៅទីហាលវាល ដូចជា កីឡាទ្រីអាត្លុង កីឡារត់ប្រណាំង និងកីឡាបាល់ទះលើដីខ្សាច់ជាដើម គឺកីឡាករ សុទ្ធតែប្រឈមខ្លាំង។ កន្លងមកយើងធ្លាប់បានឃើញហើយ មានកីឡាកររត់ប្រណាំងខ្លះ ពេលរត់មកដល់ទី ដេកស្តូកស្តឹងអស់កម្លាំង ដកដង្ហើមមិនដល់គ្នា ហើយអាចឈានទៅគាំងបេះដូងស្លាប់ ​ប្រសិន​បើ​សីតុណ្ហភាព​ក្តៅ​ជ្រុលពេក។

នរណាក៏ដឹងដែរ ថា​ក្រុងតូក្យូនៅរដូវក្តៅ គឺក្តៅខ្លាំងណាស់។ ខែកក្កដា ខែសីហា គឺជាខែក្តៅបំផុតតែម្តង នៅតូក្យូ។ កាលពីឆ្នាំ​១៩៦៤ ទីក្រុងតូក្យូ ធ្លាប់ទទួលរៀបចំកីឡាអូឡាំពិកម្តងរួចហើយ តែកាលណោះ ដោយសីតុណ្ហភាព​ក្តៅខ្លាំងពេក គេបាន​លើកទៅធ្វើនៅ​ខែតុលាវិញ។ យ៉ាងណាមិញ លោក Haruo Ozaki ប្រធាន​សមាគមវេជ្ជសាស្ត្រក្រុងតូក្យូ ធ្លាប់បានប្រាប់អ្នកកាសែតថា ការសម្រេចរៀបចំកីឡាអូឡាំពិក ក្នុងខែកក្កដា-សីហា នៅក្រុងតូក្យូនេះ ធ្លាប់​ជាបញ្ហា ដែលត្រូវបាន​គេប្រកែកគ្នា តឹងសរសៃកខ្លាំងណាស់។

រដូវក្តៅឆ្នាំ២០១៩ នៅជប៉ុន មនុស្ស​ប្រមាណ​៧១០០០នាក់ បានទូរស័ព្ទហៅរកការជួយសង្គ្រោះបន្ទាន់។ ក្នុងចំណោមនេះ មានស្លាប់ ១១៨នាក់។ ឆ្នាំ​២០២០ ដែលមនុស្សនៅតែក្នុងផ្ទះមិនចេញទៅណា ដោយសារតែកូវីដ ក៏មានស្លាប់ ១១២នាក់ដែរ បណ្តាលមកពីសីតុណ្ហភាពក្តៅខ្លាំងនេះ នៅជប៉ុន។ ជាងនេះទៀត សម្រាប់ឆ្នាំនេះ តាមការព្យាករណ៍ របស់អ្នកជំនាញឧត្តុនិយម គឺសីតុណ្ហភាព​នៅតូក្យូ អាចនឹងឡើងក្តៅលើសឆ្នាំមុន​ៗផង​។ នៅតូក្យូ សីតុណ្ហភាព​ អាចឡើងដល់ ៣៨ ឬ ៤០°c។

នៅក្នុងពេលប្រកួតសាកល្បង កាលពីឆ្នាំ​២០១៩ គណកម្មការអូឡាំពិកជប៉ុន បាន​សាកល្បងអនុវត្ត​វិធានការមួយចំនួន ដើម្បី​ជួយ​សម្រាល​ការលំបាក ដល់​ក្រុមកីឡាករ។ វិធានការទាំងនោះ មានជាអាទិ៍ ការដាក់ឲ្យដំណើរការម៉ាស៊ីន បញ្ចេញខ្យល់និងសំណើមទឹក ជាច្រើនទីតាំង រៀបចំឲ្យ​មាន​ដំបូលម្លប់ច្រើនកន្លែង ព្រមទាំងបាន​ត្រៀមចែកទឹកកក ចំនួន​ប្រមាណ​ជាង​១៣០០តោនផងដែរ។ តែប៉ុណ្នឹងហើយ នៅតែមាន​កីឡាករខ្លះ មានបញ្ហាសុខភាព សន្លប់បាត់ស្មារតីដែរ។ វិធានការទាំងនេះ អាចមិនគ្រប់គ្រាន់ហើយ ហើយវានៅមានបញ្ហា ពាក់ម៉ាសទៀត ដែលវាធ្វើឲ្យ​កាន់តែពិបាកដកដង្ហើម។ គណកម្មាធិការរៀបចំ បានអះអាងថា គេ​នឹងបន្ធូរបន្ថយខ្លះ ទាក់ទិននឹងកាតព្វកិច្ចពាក់ម៉ាសនេះ សម្រាប់កីឡាករ ក្នុងករណីដែលនៅវាលខាងក្រៅ និង ឆ្ងាយពីគ្នា​២ម៉ែត្រឡើងទៅ។

គ្រោះមហន្តរាយធម្មជាតិ អាចកើតមានក្នុងពេល​ប្រកួត

យោងតាមលោក Hirotada Hirose អ្នកជំនាញ​សិក្សាការប្រឈមគ្រោះមហន្តរាយ បានលើកឡើងថា បញ្ហាកូវីដ​១៩ គឺជារឿងដែលធ្វើឲ្យ​គណកម្មាធិការរៀបចំការប្រកួតមានការបារម្ភ។ តែទន្ទឹមនឹងនេះ គេមិនអាចភ្លេច បញ្ហា គ្រោះមហន្តរាយធម្មជាតិបានទេ ព្រោះថាជប៉ុនជាប្រទេសប្រឈមខ្លាំងណាស់។ ជប៉ុនស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ភ្នំភ្លើង ដោយអាចប្រឈមទាំងករណីផ្ទុះភ្នំភ្លើង ករណីរញ្ជួយដី និងករណីរលកយក្សស៊ូណាមិទៀត។ ក្រៅពីនេះ គឺនៅមានករណី​ខ្យល់ព្យុះទីហ្វុង ដែលបោកបក់ញឹកញាប់ណាស់ នៅជប៉ុន ក្នុងរវាងខែកក្កដានេះ។ យ៉ាងណាមិញ កាលពីឆ្នាំ ២០១៩ នៅពេលជប៉ុនទទួលរៀបចំកីឡាបាល់អោបពិភពលោក មានកម្មវិធីប្រកួតចំនួន​៣ ត្រូវបាន​អាក់ខាន ដោយសារតែ​ខ្យល់ព្យុះទីហ្វុង។

ទាក់ទិនបញ្ហារញ្ជួយដី លោក Toshiyasu Nagao អ្នកជំនាញ​​ធរណីសាស្រ្ត នៅសកលវិទ្យាល័យ Tokai បានលើកឡើងថា គ្រោះថ្នាក់ប្រឈមគឺមានពិតមែន ដោយ​មិនអាចប្រកែកបាន​។ គិតពីដើមឆ្នាំនេះមក ករណីរញ្ជួយដី កម្រិត ចន្លោះពី ៦ ទៅ ៧ រិឆទឺរ បានកើតឡើង​៧ដងរួច​មកហើយនៅជប៉ុន។ អ្នកជំនាញ​មិនភ្ញាក់ផ្អើលទេ ក្នុងករណីដែលមានគ្រោះរញ្ជួយដីនៅតូក្យូ ក្នុងពេលប្រកួតកីឡាអូឡាំពិក។

បញ្ហាសុវត្ថិភាព របស់​គណ​ប្រតិភូកីឡាបរទេស រាប់ម៉ឺននាក់ ក្នុងពេលប្រកួតកីឡាអូឡាំពិកនេះ គឺជា​ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់រដ្ឋាភិបាលជប៉ុន។ សំណង់ ហេដ្ឋារចនាសម្ព័ន្ធកីឡានៅជប៉ុន គឺត្រូវបាន​គេសាងសង់ ដោយគិតគូរល្អិតល្អន់ណាស់ ដើម្បី​ការពារសុវត្ថិភាព ក្នុងករណីមានគ្រោះរញ្ជួយដី។ សាលាក្រុងតូក្យូក៏បានអះអាងដែរ ថាគេបានសាសង់​​ទំនប់ការពារ ក្នុងករណី​មាន​រលក​យក្សស៊ូណាមិ។

តែយ៉ាងណា ថ្វីបើ វិធានច្បាប់សំណង់ដ៏តឹងតែង និងបច្ចេកវិទ្យាដ៏ជឿនលឿនរបស់ជប៉ុន ក្នុងការទប់ទល់ជាមួយ​គ្រោះធម្មជាតិ ត្រូវបានគេទទួលស្គាល់យ៉ាងណាក៏ដោយ តែអ្វីៗមិនអាចមើលឃើញទេ ក្នុងករណីដែលគ្រោះធម្មជាតិ មានទំហំធំខ្លាំង។ ជាងនេះទៀត ក្នុងករណីមានការជន្លៀស​បន្ទាន់ គឺវាអាចក្លាយទៅការ​​ឆោឡោ លែងមានការគោរពវិធានការអនាម័យ ទាក់ទិននឹងបញ្ហាកូវីដទៀត។ ប្រការទាំងអស់នេះ គឺវាគួបផ្សំគ្នា ធ្វើឲ្យ​គណកម្មាធិការ​រៀបចំ​កីឡាអូឡាំពិកជប៉ុន ត្រូវគិតគូរឲ្យ​បានល្អិតល្អន់ ខ្លាំងយកតែមែនទែនតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ