អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខ​ការ​បរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធ​ ទី២៨​ កក្កដា​នេះ​ ប្រមុខ​ការ​បរទេស​អាមេរិក​លោក​ អង់តូនី​ ប្ល៊ីងកិន​ កំពុង​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ញូវដែលី​ សម្រាប់​ទស្សនកិច្ច​ជាផ្លូវការ​លើកដំបូង​បង្អស់​របស់​លោក​នៅក្នុង​ប្រទេសឥណ្ឌា​។ កិច្ចពិភាក្សា​រវាង​លោក​ ប្ល៊ីងកិន​ និង​សម្ព័ន្ធមិត្តឥណ្ឌា​នឹង​ផ្តោត​ជាសំខាន់​លើ​បញ្ហា​ប្រឈម​មុខគ្នា​ជាមួយចិន​ បញ្ហា​អាហ្វហ្កានីស្ថាន​ ក៏ដូចជា​បញ្ហាសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅឥណ្ឌា​។

ប្រមុខការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន ត្រូវបានទទួលស្វាគមន៍ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar នៅថ្ងៃពុធ ទី២៨ កក្កដា ឆ្នាំ ២០២១នេះ។
ប្រមុខការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន ត្រូវបានទទួលស្វាគមន៍ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar នៅថ្ងៃពុធ ទី២៨ កក្កដា ឆ្នាំ ២០២១នេះ។ REUTERS - JONATHAN ERNST
ផ្សាយពាណិជ្ជកម្ម

បញ្ហាប្រឈមជាមួយចិន​

សម្រាប់​កិច្ច​ពិភាក្សា​ជាផ្លូវការ​ជាមួយ​ប្រមុខ​ការ​បរទេស​អាមេរិក​ លោក អង់តូនី ប្ល៊ីងកិន​ នៅថ្ងៃពុធ​ ទី ២៨​ កក្កដា​នេះ​ គេរំពឹងថា​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ នឹង​សម្តែង​ការ​ព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​ការ​ដំឡើងសាច់ដុំ​កាន់តែខ្លាំងឡើង​របស់​ចិន​។

ឥណ្ឌា​របស់​លោក​នាយករដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី​ ចង់ចរចា​ជំរុញ​ឲ្យ​មាន​ការគាំទ្រ​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក​ ដើម្បីប្រឆាំងទល់នឹង​ប្រទេសចិន​ជុំវិញ​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​។

តាមពិតទៅ​ទំនាក់​ទំនង​រវាងសហរដ្ឋអាមេរិក​និង​ឥណ្ឌា​ ធ្លាប់​មាន​បញ្ហារកាំរកូស​នឹងគ្នា​ដែរ​ ក៏ប៉ុន្តែ​ការ​លេចត្រដែត​ឡើង​របស់​មហាយក្សចិន​ បានរុញច្រាន​ឲ្យពួកគេ​ខិត​កាន់តែជិត​ចូលគ្នា​។ ជាពិសេស​ចាប់តាំងពី​មានការប៉ះទង្គិចគ្នា​ដ៏សាហាវ​កាលពីឆ្នាំមុន​រវាង​ទាហានចិន​និងឥណ្ឌា​នៅតាម​ព្រំដែន​លើ​ជួរ​ភ្នំហិម៉ាឡៃ​។

ប្រទេសឥណ្ឌា​គឺជាផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​ចតុភាគី​ “Quad” ជាមួយ​សហរដ្ឋអាមេរិក​ ជប៉ុននិង​អូស្ត្រាលី​។ ឥណ្ឌាត្រូវបានគេមើលឃើញថាគឺជា​កម្លាំងរុញច្រាន​ដ៏សំខាន់​មួយ​ជួយ​ក្រុងវ៉ាស៊ីនតោន​ក្នុងការប្រឆាំង​រាំងខ្ទប់​ឥទ្ធិពល​ចិន​។

ក៏ប៉ុន្តែ​ បើយោងតាម​អ្នកជំនាញ​កិច្ចការ​យុទ្ធសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ឥណ្ឌា លោក​ ប្រាម៉ា​ ឆេឡាណី​ (Brahma Chellaney) ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះទីក្រុងញូវដែលី​បាន​ធ្លាក់ចុះ ចាប់តាំងពីលោកចូ បៃដិន​បានឡើងកាន់អំណាច​ជំនួស​លោកដូណាល់ត្រាំ​ក្នុងនាមជា​ប្រធានាធិបតី​រួចមក​។

ហេតុអ្វី​ប្រធានាធិបតី​អាមេរិក​ចូ​ បៃដិន​ មិនសូវ​បង្ហាញ​ការ​គាំទ្រ​ខ្លាំង​ចំពោះឥណ្ឌា?

ប្រទេសឥណ្ឌា​ស្ថិត​នៅក្នុង​ស្ថានភាព​ ប្រឈមមុខជាមួយ​ប្រទេសចិន​នៅតាម​ព្រំដែន​។ កាលពី​សម័យ​គ្រប់គ្រង​រដ្ឋរបស់លោក​ ដូណាល់ ត្រាំ​ សហរដ្ឋអាមេរិក​បាន​ចេញ​មុខថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការឈ្លានពាន​របស់​ចិន​ និង​បានបង្ហាញ​ពី​ការគាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​ឥណ្ឌា​។

ផ្ទុយទៅវិញ​រហូតមកដល់ពេលនេះ​ គេ​នៅមិនទាន់ឃើញ​មន្ត្រីរដ្ឋាភិបាល​អាមេរិកថ្មី​រូបណាមួយ​ក្រោយ​រដ្ឋបាល​លោក​ ចូ បៃដិន​ ចេញ​មុខ​ផ្តល់ការគាំទ្រ​ដោយបើកចំហ​ ដល់​ប្រទេសឥណ្ឌា​ឡើយ​។ នេះ​បើតាមសម្តីរបស់​ លោក ប្រាម៉ា ឆេឡាណី​ ដែលជា​អ្នកជំនាញ​កិច្ចការនយោបាយ​ប្រាប់ទៅកាន់ទីភ្នាក់ងារ​ព័ត៌មាន​ AFP​។

មូលហេតុនេះ​ហើយ​ដែលធ្វើឲ្យ​ឥណ្ឌា​រសាប់​រសល់​ មិន​ស្រណុកក្នុងចិត្ត​ និង​បានត្រៀមខ្លួនរួចជាស្រេច​ជួបចរចា​ ជាមួយលោករដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក ប្ល៊ីងកិន ​ដើម្បីទាញ​អាមេរិក​ឲ្យងាក​បែរ​មកគាំទ្រខ្លួន​ខ្លាំងដូចមុនវិញ​។

មន្ត្រី​សេតវិមាន​អាមេរិក​បច្ចុប្បន្ន​មិនដែល​បាន​ចេញមុខផ្តល់ការគាំទ្រ​ ដោយ​បើកចំហដល់ប្រទេសឥណ្ឌានោះទេ​ ពាក់ព័ន្ធ​បញ្ហាប្រឈមរបស់​ឥណ្ឌា​ជាមួយចិន​ ជាពិសេស​នៅក្រោយមាន​ការប៉ះទង្គិចគ្នា​រវាងទាហានឥណ្ឌា​ និងចិន​នៅ​ព្រំ​ប្រទល់​ដែន រវាងប្រទេសទាំងពីរ​រួចមក​។

ការ​ដែល​រដ្ឋបាល​របស់​លោកចូ បៃដិន​ មិនសូវបង្ហាញការយកចិត្តទុកដាក់​ខ្វល់ខ្វាយ​ខ្លាំង​នឹង​ឥណ្ឌានេះ​ ទំនងមកពី​បញ្ហា​ទាក់ទិន​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅឥណ្ឌា​។

នៅមួយ​រយៈពេលចុងក្រោយនេះ​ រឿងអាស្រូវ​ទាក់ទងនឹង​បញ្ហា​រឹតត្បិតសិទ្ធិសេរីភាព​ កំពុង​ផ្ទុះខ្លាំង​នៅក្នុងប្រទេសឥណ្ឌា​។ នៅក្រោម​ការគ្រប់គ្រង​របស់​លោកនាយករដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី​ រដ្ឋាភិបាល​ក្រុងញូវដែលី​បានបង្កើន​ការ​ប្រើច្បាប់ប្រឆាំង​ទល់​នឹង​អំពើភេរវកម្ម​និងការ​“ បះបោរ” ដើម្បីចាប់ខ្លួនមនុស្ស​ជាច្រើន​។

ក្រុមសិទិ្ធ​មនុស្ស​បាន​និយាយថា​សេរីភាពស៊ីវិល​និងក្រុម​អ្នកប្រឆាំង​កំពុងតែ​រងការវាយប្រហារ​កាន់តែខ្លាំងឡើង​នៅក្នុង​ប្រទេសប្រជាធិបតេយ្យ​ដ៏ធំ​បំផុត​របស់​ពិភពលោក​ ក្រោមការដឹកនាំ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តីម៉ូឌី​ ដែលជា​អ្នក​ហិឌ្ឌូនិយម​។ ក្រុមអ្នករិះគន់​បាន​និយាយ​ថា​រដ្ឋអំណាច​ឥណ្ឌា​បាន​យក​ច្បាប់​ប្រឆាំង​ទល់​នឹង​អំពើភេរវកម្ម​ និងការបះបោរ​នេះ ជាលេស​ដើម្បី​បំបិទសំឡេង​ក្រុមអ្នកប្រឆាំង​ សកម្មជនសិទ្ធិមនុស្ស​ និងអ្នកកាសែត​ជាដើម​។

រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​របស់លោកម៉ូឌី​ ក៏បាន​តាក់តែងផងដែរ​នូវច្បាប់​ដែល​ក្រុមអ្នកប្រឆាំង​និយាយថាជាការរើសអើង​ចំពោះ​ជនជាតិ​ភាគ​តិច​កាន់​សាសនាអ៊ីស្លាម​ចំនួនប្រមាណ​ ១៧០ លាននាក់ដែលកំពុងរស់នៅក្នុង​ប្រទេសឥណ្ឌា​។

ក៏ប៉ុន្តែ​ រដ្ឋាភិបាលឥណ្ឌា​បាន​បដិសេដ​ចំពោះការលើកឡើង​នេះ​។ លោកនាយករដ្ឋមន្ត្រី​ម៉ូឌី​ បាន​ឆ្លើយតបដោយ​សង្កត់ធ្ងន់ថា​ ប្រជាពលរដ្ឋឥណ្ឌា​គ្រប់ស្រទាប់វណ្ណៈទាំងអស់​ មិនថាអ្នកមាន​ អ្នកក្រ​ អ្នកមាន​និន្នាការនយោបាយណា​ ឬអ្នក​កាន់សាសនាណានោះទេ​ គឺសុទ្ធមានសិទ្ធិសេរីភាពស្មើគ្នា​ទាំងអស់​។

ជារួម​ រឿងអាស្រូវ​ទាក់ទងនឹង​បញ្ហារឹតត្បិត​សិទ្ធិ​សេរីភាព​និងលទ្ធិប្រជាធិបតេយ្យនេះ​ ហើយ​ដែលគេមើលឃើញថា​ ជាចំណុចធ្វើឲ្យ​ប្រធានាធិបតី​លោកចូ​ បៃដិន​ ថ្នាក់ថ្នឹង​ចិត្តនឹងឥណ្ឌា​ ពីព្រោះថា​លោកបៃដិន​ ដែលជា​ប្រធានាធិបតីអាមេរិក​មកពី​បក្សប្រជាធិបតេយ្យ​ ឲ្យតម្លៃខ្លាំងណាស់​ទៅលើគុណ​តម្លៃនៃលទ្ធិលប្រជាធិតេយ្យ​ និង​សិទ្ធិសេរីភាព​។

ជាកស្តែង​ នៅមុន​ជួបពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីកា​របរទេស​ឥណ្ឌា​នាពុធនេះ​ ប្រមុខការ​បរទេសអាមេរិក​លោកប្ល៊ីងកិន​ បានចេញសេចក្តីព្រមាន​មួយ​អំពី​ការដើរថយក្រោយ​នៃលទ្ធិប្រជាធិបតេយ្យរបស់​ឥណ្ឌា​។ ទន្ទឹមគ្នានេះ​លោក ប្ល៊ីងកិន​ក៏បាន​ប្រាប់ក្រុមសង្គម​ស៊ីវិលដែថា​សហរដ្ឋអាមេរិក​និង​ឥណ្ឌាត្រូវបានចងផ្សារភ្ជាប់​ ដោយ​គុណតម្លៃ​រួមគ្នា​ ដូចជា​ក្រមវិន័យច្បាប់​និង​សេរីភាព​នៃ​សាសនា​ជាដើម​។

បញ្ហា​អាហ្វហ្កានីស្ថាន

បញ្ហា​ទាក់ទិន​អាហ្វហ្កានីស្ថាន​គឺជាចំណុច​ដ៏សំខាន់​មួយដែរ​ដែល​ឥណ្ឌា​ចាំបាច់​ត្រូវការជជែកពិភាក្សា​ជាមួយ​លោកប្ល៊ីងកិន​។ សហរដ្ឋអាមេរិក​បានធ្វើឲ្យ​ក្រុងញូវដែលី​ ខ្វល់ខ្វាយចិត្ត​នឹង​ការ​ចាកចេញយ៉ាងរហ័ស​ពេក​របស់កងទ័ពអាមេរិក​ពីប្រទេស​អាហ្វហ្កានីស្ថាន​។

ឥណ្ឌា​ដែលជាខ្នងបង្អែក​ដ៏ធំ​មួយ​របស់​រដ្ឋាភិបាល​ក្រុងកាប៊ុល​ កំពុង​ព្រួយបារម្ភ​ខ្លាចថា​ ការវាយដណ្តើម​កាន់កាប់បាន​ទីតាំងភូមិសាស្ត្រជាច្រើន​ដោយ​ពួកតាលីបង់​នៅក្នុង​ប្រទេសអាហ្វហា្កនីស្ថាន​គឺជា​គ្រោះថ្នាក់ធំណាស់​សម្រាប់ឥណ្ឌា​។

ពួកតាលីបង់​ត្រូវបានឥណ្ឌាមើលឃើញថា​ទទួល​បាន​ការគាំទ្រពីគូប្រជែង​របស់ខ្លួន​ប៉ាគីស្ថាន​ ដូច្នោះហើយ​រដ្ឋាភិបាលឥណ្ឌា​ ខ្លាចថា​ ក្នុងករណី​ពួកតាលីបង់​ គ្រប់គ្រង់​អាហ្វហ្កានីស្ថាន​បាន​ នោះ ពួកគេ​នឹងប្រែក្លាយប្រទេស​មួយនេះ​ទៅជា​មូលដ្ឋាន​សម្រាប់​ពួកសកម្មប្រយុទ្ធ​ដើម្បី​វាយប្រហារ​មកលើ​ឥណ្ឌា​។

នៅចុងបញ្ចប់នេះ​ គួរជម្រាបជូនដែរថា​ ក្រៅពី​បញ្ហាប្រឈមមុខគ្នា​ជាមួយចិន​ បញ្ហាអាហ្វហ្កានីស្ថាន​ បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅឥណ្ឌា​ ក្នុង​អំឡុងពេល​បំពេញទស្សនកិច្ចជាផ្លូវការ​នៅឥណ្ឌាលើកនេះ​ ប្រមុខការបរទេសអាមេរិក​ លោកអង់តូនិ ប្ល៊ីងកិន​ ក៏នឹងជជែកពិភាក្សា​ជាមួយ​ភាគីឥណ្ឌាផងដែរស្តីអំពី​កិច្ចខិតខំ​ប្រឹងប្រែងរួមគ្នា​លើការ​ផលិតវ៉ាក់សាំងកូវីដ​ និងបញ្ហា​ស្តីអំពី​ការប្រែប្រួលអាកាសធាតុ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ