អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មនុស្សជាតិ​ប្រើប្រាស់អស់ធនធាន​ដែលផែនដីមានសមត្ថភាពផលិតនៅឆ្នាំ២០២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតត្រឹមថ្ងៃ​ព្រហស្បតិ៍​ទី ២៩​កក្កដានេះ មនុស្សជាតិ​បាន​ប្រើប្រាស់​អស់​ធនធាន​ធម្មជាតិ ដែលផែនដី​អាច​ផ្គត់ផ្គង់​បាន សម្រាប់​ឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍​របស់​វិទ្យាស្ថានស្រាវជ្រាវ​អន្តរជាតិ Global Footprint Network ដែលមានទីតាំង​នៅ​សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ ២០២០ វិបត្តិកូវីដ​បានជួយ​ឲ្យមនុស្សចំណេញ​បាន​៣សប្តាហ៍ ពោល​គឺ​ថ្ងៃ​ដែល​មនុស្សបាន​ប្រើប្រាស់អស់ធនធាន​របស់ផែនដី បាន​រំកិល​ដល់​ថ្ងៃទី ២២​សីហា។ តើនឹង​មានអ្វីកើតឡើង បើសិន​មនុស្ស​នៅតែ​ប្រព្រឹត្ត ប្រើប្រាស់​ធនធានធម្មជាតិ ច្រើន លើស​សមត្ថភាព​ផលិត​របស់​ភពលោក​ផែនដី?

រូបភាពផ្កាយរណបរបស់ណាសាបង្ហាញ​ផ្សែងចេញពីភ្លើងឆេះព្រៃ​នៅ​រុស្ស៊ី នៅ​ឆ្នាំ ២០១៩
រូបភាពផ្កាយរណបរបស់ណាសាបង្ហាញ​ផ្សែងចេញពីភ្លើងឆេះព្រៃ​នៅ​រុស្ស៊ី នៅ​ឆ្នាំ ២០១៩ AP - Joshua Stevens
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩​កក្កដា​នេះ មនុស្សជាតិ​បាន​ប្រើប្រាស់អស់​ធនធានធម្មជាតិ​ដែល​ភពផែនដី​អាច​ផ្គត់ផ្គង់ សម្រាប់​ឆ្នាំ ២០២១។ នៅ​សល់​៥ខែទៀត ឯណោះ ទើបដាច់ឆ្នាំ​២០២១។

ថ្ងៃទី ២៩​កក្កដា ជាថ្ងៃ​ចុងក្រោយ ដែល​មនុស្សជាតិ​លើ​ផែនដី ប្រើប្រាស់​អស់​ធនធាន​ធម្មជាតិ​ដែល​ភពផែនដីមាន សម្រាប់​មួយឆ្នាំ ២០២១នេះ។ មនុស្សសត្វ​គ្រប់​រូប សុទ្ធតែមាន​កំរិត​​សមត្ថភាពរបស់​ខ្លួន​ ក្នុង​ការធ្វើការងារ ឬ​ផលិត​អ្វី​មួយ។ ធម្មជាតិក្រោម​ដី លើ​ដី ទឹក ប្រេង ​ខ្យល់ ព្រៃឈើ។ ភពផែន​ដី​ទាំង​មូល មាន​សមត្ថភាពលូតលាស់ ផលិត ​ធនធាន​ទាំងអស់នេះ ក្នុង​កំរិត ច្បាស់លាស់ដែរ។  ប៉ុន្តែ​អ្វី​ដែល​ភព​​ផែនដី​អាច​ផលិតបាន សម្រាប់​ពេល​មួយ​​ឆ្នាំ​២០២១ គឺ មនុស្ស​ជាតិ​បាន​យកមកប្រើប្រាស់ បាន​ត្រឹម​៦ខែ ២៩​ថ្ងៃ​ប៉ុណ្ណោះ។ ពោល​គឺ​មនុស្ស​ជាតិ បាន​ប្រើ​អស់​រលីង​នូវ​អ្វី​ដែល​ធម្មជាតិអាច​មាន​សមត្ថភាព​ផលិត ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ដូច្នេះ​ពី​ថ្ងៃ​ស្អែក ទៅ​ដល់​​ថ្ងៃ​៣១​ធ្នូ ដើម្បី​អាច​រស់ អាច​មាន​ទឹក អាហារ​បរិភោគ អាច​ធ្វើ​ផ្លាស់ទី ឬ​អាច​មាន​ថាមពល​ប្រើ​បាន មនុស្សជាតិ​គឺត្រូវ​យកឈ្នះ​ប្រព័ន្ធ​អេកូសាស្ត្រ​ បង្ខំ​ផែនដី​ឱ្យ​ប្រឹងធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​ធម្មជាតិ​របស់​ផែនដី។

ដោយសារ​យើង​ប្រើប្រាស់​អស់​មុនកាលកំណត់ ហួសសមត្ថភាពផលិត របស់ផែនដី​យ៉ាងដូច្នេះ មានន័យថា ចាប់ពីថ្ងៃទី ២៩​កក្កដា រហូត​ដល់​ចុងឆ្នាំ ២០២១ ធនធាន​ធម្មជាតិ​ដែល​យើងប្រើប្រាស់ គឺ​ជាធនធាន​បម្រុង។ ប៉ុន្តែ បើសិន​មនុស្សជាតិ​នៅតែ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​លើស​ពី​សមត្ថភាព​ផលិត​របស់​ភពផែនដី នោះ​ធនធាន​បម្រុង​ក៏នឹង​ត្រូវ​ហិនហោច នៅថ្ងៃ​ណាមួយ។ និយាយ​ឲ្យស្រួលស្តាប់ គឺ យើងចាយលុយ ច្រើនជាង​ប្រាក់ខែ​ដែល​យើង​មាន។ បើសិន​យើងចាយលុយ​អស់​តាំងពីពាក់កណ្តាល​ខែ ទៅហើយ តើ​យើង​ត្រូវធ្វើម៉េច ដើម្បី​អាចរស់​ដល់​ចុងខែ? គឺ​មាន​តែ​ខ្ចីបំណុលគេ។ ត្រលប់មកនិយាយ​ពីធនធានធម្មជាតិ​ដែលយើង​កំពុង​បូមប្រើប្រាស់​ច្រើនហួសហេតុ ច្រើន​ហួស​សមត្ថភាព​ផលិតបាន​របស់ផែនដី នេះ យើងក៏កំពុង​ជាប់ជំពាក់បំណុល​ផែនដីដែរ។

គេអាចគណនា​បាន​យ៉ាងម៉េច ដើម្បី កំណត់​ថ្ងៃ​ដែល​មនុស្សប្រើប្រាស់​អស់ធនធាន​ធម្មជាតិ​លើផែនដី?

វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ Global Footprint Network ដែលមាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​បាន​សិក្សា​គណនា​ជារៀងរាល់ឆ្នាំ ចំនួន​ថ្ងៃ​ដែល​មនុស្ស​ជាតិ​ប្រើប្រាស់​ធនធានធម្មជាតិ របស់ភពផែនដី។ ដោយ​ផ្អែក​លើ​ទិន្នន័យ ជាង​៣លាន​របស់​អង្គការ​សហប្រជាជាតិ វិទ្យាស្ថាន​ខាងលើ​បានគុណ គណនា រវាង​សកម្មភាព​ប្រើប្រាស់ ឬ​ស្នាមបរិស្ថាន របស់​មនុស្ស ជាមួយ នឹង សមត្ថភាព​របស់​ផែនដី ដូចជា ការផលិត​ធនធានធម្មជាតិ ប្រព័ន្ធជីវិតចម្រុះ ដើម្បី​ស្រូបកាកសំណល់​របស់​មនុស្ស​ទៅវិញ ជាពិសេស គឺ​ឧស្ម័នកាបូនិក​តែម្តង។

គេអាច​កំណត់​បាន​ថ្ងៃ ដែល​មនុស្ស​ប្រើប្រាស់ អស់​ធនធានធម្មជាតិ គឺ នៅពេល​ដែល តម្រូវការ​របស់មនុស្ស​មានច្រើន​ហួស​សមត្ថភាព ផលិត​បាន​របស់​ផែនដី។ តាមរបាយការណ៍ខាងលើ បើសិន​មនុស្សជាតិ បន្ត​ប្រកាន់​ទម្លាប់ របៀបរស់នៅ​បែបនេះរហូតទៅ គឺ​ទាល់តែ មាន​ផែនដី ជិត (១,៧) ទើបអាច​ផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ចិញ្ចឹម​មាត់​មនុស្ស​ជាង ៧ពាន់​លាន​នាក់ នៅលើផែនដី។

បើតាម​របាយការណ៍​ខាងលើ ចាប់តាំង​ពី​៥០ឆ្នាំ​ចុងក្រោយនេះ ចំនួន​ថ្ងៃ ដែល​មនុស្សជាតិ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​របស់ភពផែនដី មាន​កាន់តែ​តិច កាន់តែខើចទៅៗ។ ឧទាហរណ៍ នៅ​ឆ្នាំ ១៩៦១ ផែនដី​នៅ​សល់​ធនធាន​ធម្មជាតិ។ ប៉ុន្តែ ចាប់ពី​ឆ្នាំ ១៩៧០មក មនុស្សជាតិ​បាន​ចាប់​ជំពាក់បំណុល​ផែនដី ពោល​គឺ​ប្រើប្រាស់​អស់ធនធានធម្មជាតិ នៅត្រឹម​ថ្ងៃ ទី ២៩​ធ្នូ។ ពី​មួយឆ្នាំៗ ទៅ មួយឆ្នាំ កាលបរិច្ឆេទ ​ដែល​មនុស្សជាតិ ប្រើប្រាស់​អស់ធនធានធម្មជាតិ បាន​រំកិល​ពី ខែ ធ្នូ ចុះ​រហូត​ដល់​ខែ កក្កដា នៅ​ឆ្នាំ ២០១៩ ហើយ​និង​នៅឆ្នាំ ២០២១​នេះ។ មូលហេតុធំៗ​គឺ យើងកាប់ព្រៃឈើ ឬ​ព្រៃឈើ​ត្រូវឆេះបំផ្លាញ ក្នុង​ល្បឿនលឿន​ជាង ការដុះលូតលាស់​របស់ព្រៃ។ កាប់ព្រៃ ធ្វើ​ឲ្យ​ថយ និង​ផុតពូជ ជីវចម្រុះ។ យើងនេសាទចាប់ត្រី សមុទ្រ​ច្រើនជាង​ចំនួនកកើត ក្នុង​មួយឆ្នាំៗ។ ការកាប់ព្រៃដើម្បី ពង្រីកដី​ធ្វើកសិកម្ម ចិញ្ចឹមសត្វ ច្រើនហួសប្រមាណ ហើយនិង​ការបញ្ចេញ​ឧស្ម័នកាបូនិក ច្រើនជាង​សមត្ថភាពស្រូបបាន​របស់​ព្រៃ និង​ទឹកសមុទ្រ។ ចំណុចទាំងនេះ​បាន​បង្កផលវិបាក យ៉ាងធ្ងន់ធ្ងរ ដល់ផែនដីទាំងមូល។

មធ្យោបាយ ដើម្បី​ឈប់​ជំពាក់បំណុល​ផែនដី

វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ Global Footprint Network ធ្លាប់​បាន​បង្ហាញថា បើសិន​យើង​ចង់​មាន​លំនឹង រវាង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ហើយនិង​ការផលិត​របស់​ផែនដី ឲ្យបាន​ពីពេលនេះ ដល់​ឆ្នាំ ២០៣០ នោះ​យើង​ត្រូវ​ចាប់ផ្តើម​កាត់បន្ថយ ដំបូងគេ គឺ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​មេតាន ដែល​ជា​ឧស្ម័នផ្ទះកញ្ចក់។ បើសិន​ពិភពលោក​អាច​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ នោះ យើងអាច​ទប់ទល់​កុំ​ឲ្យ​ផែនដី​ឡើងកំដៅ ដើម្បី ធានា​ការដុះលូតលាស់ ប្រព័ន្ធជីវចម្រុះ​ឲ្យបាន​ត្រឹមត្រូវ និង​មាន​លំនឹង។ បញ្ឈប់​ការកាប់ព្រៃឈើ ប្តូរទម្លាប់រស់នៅ កាត់បន្ថយការបរិភោគសាច់ ឈប់​ខ្ជះខ្ជាយ​ចំណីអាហារ កាត់បន្ថយ​ការធ្វើដំណើរ​តាមរយៈ​យាន​ដែលបញ្ចេញ​ឧស្ម័កាបូនិក។

រឿងទាំងអស់​នេះ មនុស្សជាតិ​អាច​ធ្វើបាន។ ឧទាហរណ៍​ជាក់ស្តែង នៅ​ឆ្នាំ ២០២០ នៅពេល ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ត្រូវ​បិទខ្ទប់ ប្រទេស បិទព្រំដែន ដើម្បី ទប់ស្កាត់​ការឆ្លងរាលដាល​មេរោគ កូវីដ គេ​បាន​គុណគណនា​ឃើញថា ថ្ងៃ​ដែល​មនុស្សជាតិ​ប្រើប្រាស់​ធនធាន​ធម្មជាតិ បាន​រំកិល​រហូត​ដល់​ថ្ងៃទី ២២​សីហា ឆ្នាំ ២០២០។

មនុស្សជាតិ​ចំណេញ​បាន ៣អាទិត្យ ព្រោះ នៅ​ឆ្នាំ ២០២០ ដោយសារ​តែ​វិធានការ​បិទខ្ទប់​ប្រទេស នៅពាសពេញ​ពិភពលោក មនុស្ស​លែង​សូវធ្វើដំណើរ លែងជិះយន្តហោះ ចំណែក រោងចក្រ​ឧស្សាហកម្ម​ដែល​ជា​ប្រភពបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ក៏ត្រូវផ្អាក។ មនុស្ស​មិនសូវ​ចេញដើរ ទិញទំនិញ ច្រើន​ហួស​តម្រូវការ​របស់ខ្លួន ជាមូលដ្ឋាន​របស់ខ្លួន។

ប៉ុន្តែ ជាអកុសល នៅ ប៉ុន្មាន​ខែ​ដើមឆ្នាំនេះ នៅក្រោយ វិបត្តិកូវីដ​បាន​ចាប់​ធូរមកបន្តិច សកម្មភាព​សេដ្ឋកិច្ច ក្រោយ​កូវីដ បាន​ចាប់ហក់ ស្ទុះលឿន​ឡើងវិញ។ ការបញ្ចេញ​ឧស្ម័នកាបូនិក​បាន​កើនឡើង​ជាង ៦,៦% ចំណែក សមត្ថភាពជីវចម្រុះ​របស់​ព្រៃឈើ​បាន​ថយចុះ ០,៥% ដោយសារ​ការកាប់បំផ្លាញព្រៃឈើ នៅ​តំបន់​អាម៉ាហ្សូន ហើយនិង​ភ្លើងឆេះព្រៃ។

សរុបមកវិញ បើសិន​ចង់​រក្សា ធនធាន​ធម្មជាតិ​ផែនដី ឲ្យ​មាន​លំនឹង កុំ​ឲ្យផែនដី​ហិនហោច (មិនមែនគ្រាន់តែ ដើម្បី ជីវិត ឆ្នាំងបាយ​របស់​យើង​សព្វថ្ងៃទេ ប៉ុន្តែ សម្រាប់​កូនចៅ ជំនាន់ក្រោយ​ទៅថ្ងៃអនាគត) យើង​អាច​ធ្វើបាន ហើយ​ក៏​ត្រូវ​ធ្វើ​ចាប់ពីនេះ រាល់សកម្មភាព ដែលគិតគូរ​ដល់​បរិស្ថាន ធនធានធម្មជាតិ​របស់ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ