អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ លើ​ប៉ូលិស​គុយបា ហើយ ​​ថ្នាក់ដឹកនាំ​ច្រើន​នាក់ក្នុងបញ្ជីខ្មៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន ពីថ្ងៃទី​៣០កក្កដា បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ លើ​មេប៉ូលិស​គុយបា ២នាក់​ ហើយ ​​មន្ត្រី​​គុយបាជា​ច្រើន​នាក់ទៀត នៅក្រសួង​មហាផ្ទៃ​ ត្រូវដាក់ឈ្មោះ​​ចូល​បញ្ជីខ្មៅ​អាមេរិក។  ទណ្ឌកម្ម​នេះ គឺ​សំដៅ​លើថ្នាក់ដឹកនាំ​ធំៗ​គុយបា ដែល​ចូលរួម​បង្គ្រាប​បាតុករ។ បាតុកម្ម ប្រឆាំងរដ្ឋាភិបាល​នៅគុយបា បាន​កើតឡើង​ប្រមាណ​២០ថ្ងៃមកហើយ តែត្រូវ​រងការ​បង្គ្រាប​យ៉ាង​ធ្ងន់ធ្ងរ​ពីសំណាក់​​ក្រុម​អាជ្ញាធរ។ ចំណែក​ អ្នក​ធ្វើ​បាតុកម្ម​ បាន​អំពាវនាវ​សុំ​អាមេរិក​​ជួយ។ សហរដ្ឋអាមេរិក​បាន​ថ្លែង​គាំទ្រ​បាតុករ​គុយបា​ និងបាន​ដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់ចំពោះ​ថ្នាក់ដឹកនាំគុយបា។​

លោក ចូ បៃដិន ​សម្តែង​សមានចិត្ត​គាំទ្រ​បាតុករ​គុយបា និង​បានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានឮសម្រែករបស់អ្នក គឺសម្រែកទាមទារសេរីភាព។» ​​​
លោក ចូ បៃដិន ​សម្តែង​សមានចិត្ត​គាំទ្រ​បាតុករ​គុយបា និង​បានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានឮសម្រែករបស់អ្នក គឺសម្រែកទាមទារសេរីភាព។» ​​​ © Susan Walsh/AP
ផ្សាយពាណិជ្ជកម្ម

អ្នក​វិភាគ​ខ្លះ មើលឃើញថា រដ្ឋបាល​អាមេរិក​ ត្រូវ​រងសម្ពាធ​បន្ថែម​ ទើប​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ដែរ ទៅលើ​ថ្នាក់ដឹកនាំគុយបា។​

លោក ចូ បៃដិន និង​រដ្ឋបាល​អាមេរិក​ ត្រូវ​គេ​មើលឃើញថា មាន​ការជំរុញ​បន្ថែមជាខ្លាំង ពី​សំណាក់ អ្នក​តំណាង​រាស្ត្រនៅក្នុងសភា Congrès ​និងអ្ន​កនយោបាយ​អាមេរិក ដែល​មាន​ដើម​កំណើត​ គុយបា។

បើ​គិត​ពី​ចំនួន​ប្រជាជន គឺ​ គុយបា សព្វថ្ងៃ មាន​​ចំនួន​ជាង ១១លាន ៣សែន​​នាក់​។ ពលរដ្ឋ​អាមេរិក​ដើមកំណើត​គុយបា រស់នៅលើទឹកដីអាមេរិក មានប្រហែល​ជាង ២លាន​៣សែននាក់ ដែលភាគ​​ច្រើន​រស់​នៅ រដ្ឋ Florida ។ ចំនួន​នេះ ត្រូវ​​គេ​ចាត់ទុកថា ជាសហគមន៍​ធំ លំដាប់​ទី​៣ នៅសហរដ្ឋអាមេរិក។​ ពលរដ្ឋ​គុយបា មាន​ទម្ងន់​ខាងនយោបាយ​នៅអាមេរិក​ ដ្បិតថា​កាល​ពីពេល​ឃោសនាបោះឆ្នោត លោក ចូ បៃដិន ក៏បាន​សន្យា​ជួយ​រក​មធ្យោបាយជាច្រើន​ចំ​ណុច​ ដើម្បី​​គិតគូរ​ដល់​គុយបា​ដែរ។ ដូច្នេះពេ​លនេះ ជាវេលា​ដែល​លោកប្រធានាធិបតី​ ចូ បៃដិន ត្រូវ​ធ្វើ​អ្វីខ្លះ​​ ដើម្បីឆ្លើយតប​នឹង​ការសន្យា​របស់គាត់។​

ស្ថានការណ៍​តម្រូវចំម៉ាច់​តែម្តង។ ​ចាប់ពី​ថ្ងៃទី​១១-១២កក្កដា មក​  ពលរដ្ឋ​គុយ​បា រាប់រយ​ពាន់​នាក់ ចុះផ្លូវ​តស៊ូ​ប្រឆាំង​នឹង​រដ្ឋអំណាច។ ស្រែក​ត្អូញត្អែ​ពី​ការ​លំបាក​ក្រោម​ការដឹកនាំ​របស់​រដ្ឋអំណាច​បច្ចុប្បន្ន។ បាតុករខ្លះ​ស្រែក​ត្អូញពី​ភាពក្រខ្សត់​ អត់​ឃ្លាន និង​ថែម​ស្រែក​ចោទប្រកាន់​រដ្ឋាភិបាល​ថា ផ្តាច់ការ ហើយ​និងទាមទារ​អ្នកដឹកនាំ​​ចុះចេញ​​ពី​អំណាច​ ជាដើម​។

​បើតាម​ការ​សង្កេត​របស់ ក្រុម​បក្សប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល ដែល​និន្នាការ​ជំទាស់ គឺ នេះ​ជា​មហា​បាតុកម្ម និងជា​ព្រឹត្តិការណ៍​តស៊ូមតិ​ដ៏​ធំ មិនធ្លាប់​មាន​នៅក្នុង​សង្គម​គុយបា បើ​គិត​រយៈ​ពេល​ជាង​៦០ឆ្នាំចុងក្រោយ​នេះ ឬបើ​រាប់​ពី​បដិវត្ត​គុយបា ឆ្នាំ ១៩៥៩មក។

​បាតុករ​ជាច្រើន​នាក់ ត្រូវ​ប៉ូលិស​បង្ក្រាប​និង​ចាប់​ខ្លួន​។​ សហរដ្ឋអាមេរិក​បាន​ថ្កោល​ជា​បន្តបន្ទាប់​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋអំណាច​គុយបា ហើយ​និងចាត់ទុកថាទង្វើ​របស់​កម្លាំង​សមត្ថកិច្ច​គុយបា ជាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្តែង​មតិ។​

លោក ចូ បៃដិន ​សម្តែង​សមានចិត្ត​គាំទ្រ​បាតុករ​គុយបា និង​មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានឮសម្រែករបស់អ្នក គឺសម្រែកទាមទារសេរីភាព។» ​​រដ្ឋបាល​របស់លោក​ បាន​ដាក់ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​គុយបា ។​

​ទណ្ឌកម្មសហរដ្ឋអាមេរិកទៅលើ គុយបា ​នៅពេល​នេះ គឺ​អ្វីខ្លះ?

១០ថ្ងៃក្រោយ​ការ​ផ្ទុះ​បាតុកម្ម គឺ​ថ្ងៃទី​២២ រតនាគារជាតិ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ សំដៅ​បុគ្គល គឺ​ដាក់​​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុទៅលើ​រដ្ឋមន្ត្រី​ការពារជាតិ ​ហើយ​និង​ បុគ្គលថ្នាក់ដឹកនាំ​ជាច្រើន​នាក់​ផ្សេងទៀត នៅក្រសួងមហាផ្ទៃគុយបា។  ​​​​នៅក្រសួងមហាផ្ទៃ ប្រហែល​ជា​មិន​សូវ​មាន​ឈ្មោះ​ថ្មី សម្រាប់​ក្នុង​បញ្ជីខ្មៅទៀត​ទេ ព្រោះថា កន្លងមក ​មន្ត្រី​មហាផ្ទៃ​គុយបា ជាច្រើននាក់ គឺឋិត​ក្នុង​បញ្ជីខ្មៅ​អាមេរិក​ស្រេចស្រាប់ទៅហើយ​ តាំងតែពី​ច្រើន​ទសវត្សរ៍​មក​។

​ចំណាត់​ការ​ ដែល​ដាក់​ចេញ​បន្ថែម​នៅ​ថ្ងៃ​សុក្រ​ គឺ​ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ចំពោះ​ថ្នាក់ដឹកនាំ​ ខាង​ប៉ូលិស​ យោធា និងមន្ត្រី ក្រសួង​មហាផ្ទៃ ​។ ​និយាយ​ឲ្យ​ចំ សម្រាប់​ពេល​នេះ គឺ​រដ្ឋបាល​អាមេរិក​នឹង​ពិនិត្យ​ឲ្យ​លម្អិត​ទៅលើចរន្ត​ផ្ទេរប្រាក់ ពីបរទេស​ចូល​ទៅកាន់​ប្រទេស​គុយបា ពិសេស ពីអាមេរិក​ទៅគុយបា ហើយ​និងពី​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធនឹងអាមេរិក​។ ជាទូទៅ គេ​សង្កេតឃើញថា ប្រាក់​ដែល​ហូរចូល​គុយបា គឺ​មួយ​ផ្នែក​ធំ ត្រូវ​ផ្ទេរ​ចូល​ហោបៅរបស់​ពួក​ក្រុម​យោធាគុយបា​ និងអ្នកមាន​អំណាច​នៅគុយបា​។ គេត្រូវ​រក​ផ្លូវ​​ធានាថា​ ប្រាក់ដែល​ផ្ទេរ​ពីបងប្អូន​គ្រួសារនៅក្រៅប្រទេស ​ទៅឲ្យ​សាច់ញាតិគេនៅក្នុងស្រុក​ បាន​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព។​

លើសពីនេះ សហរដ្ឋ​អាមេរិក​ ក៏​កំពុងតែ​ពិចារណាដែរ ថាតើ​ត្រូវ​រឹតត្បិត​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធឺនែត នៅ​កោះ​គុយបា ឬក៏យ៉ាងណា។ ​ការ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រនែត គឺ​ជាតម្រូវ​ការ​ដ៏ចាំបាច់​មួយ​សម្រាប់ជីវិត​ប្រចាំថ្ងៃ ទាំងក្នុងវិស័យ​សាធារណៈ​និង​​វិស័យ​ឯកជន។ ​ប្រសិន​បើ​ អាមេរិក​បិទ​អ៊ីនធ័រនែតនៅគុយបា មែន គឺច្បាស់​ជា​សម្ពាធមួយ​ដ៏​ធំ ធ្វើ​​ឲ្យ​ថ្នាក់​ដឹកនាំគុយបា រអាចិត្ត​ខ្លះដែរ​​។​

ទាំង​លោកចូបៃដិន និងទាំងរដ្ឋបាល​របស់គាត់ក្តី ​សុទ្ធតែអះអាងថា ទណ្ឌកម្មផ្សេងៗ​ គឺនឹង​បន្ត​មាន​ជា​យូរហែទៅទៀត​ ដែល​សំដៅ​ឲ្យ​មាន​ការ​ផ្លាសប្តូរ​អ្វីមួយ នៅ​គុយបា។​

កាលៈទេសៈ​សម័យ​កូវីដ​ តើ​ទណ្ឌកម្មលើគុយបា មាន​ប្រសិទ្ធភាព​?

ទណ្ឌកម្ម​របស់អាមេរិក​ចំពោះ​គុយបា មិនមែនជារឿងថ្មីទេ។ ​ថ្នាក់ដឹកនាំគុយបា ជាច្រើន​នាក់ ជាប់ក្នុង​បញ្ជីខ្មៅ​ស្រេច​យូរមកហើយ ហើយ​ជាង​១ឆ្នាំកន្លះហើយ ដែល​រដ្ឋាភិបាល​អាមេរិក​ដាក់ទណ្ឌកម្មគុយបា ដោយហាម​ឃាត់​ការ​លក់​ស្បៀងអាហារ មិន​លក់​ថ្នាំ​សង្កូវ គ្រឿងបរិក្ខារពេទ្យ ​ទៅឲ្យ​គុយបា។ ការហាម​ឃាត់ គ្រឿងចាំបាច់​ទាំងនេះ ចំដំណាក់​កាល​រីករាតត្បាតជំងឺ​កូវីដបែបទៀត​នេះ គឺ​រឿង​លំ​បាក​ខ្លាំង​ចំពោះ​ពលរដ្ឋ​គុយបា ​។​ នេះបើតាម​ការ​សង្កេត​មើលរបស់​កាសែតបារាំង​ Courrier international ​ និង​កាសែត​ អេស្ប៉ាញ Público។

កាសែត​អេស្ប៉ាញ​ ​មើលឃើញថា ដំណាក់​កាល​ដំបូង ទណ្ឌកម្មអាមេរិក​ចំពោះ​គុយបា ផលប៉ះពាល់គឺ​ទៅលើ​ប្រជាជន​ទៅវិញទេ។ វាមិនអាច​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គុយបា​ព្រឺ​រោមខ្លាំងឡើយ​។ ​ការ​ដាក់​សម្ពាធ​លើអស់​លោកអ្នក​ធំគុយបា គឺ អ្នក​រងគ្រោះ​ ផ្ទាល់ និង​អ្នកអត់​ឃ្លាន គឺ​ពលរដ្ឋ​គុយបា ឯណោះ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ