អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សំណុំរឿង​លីបង់៖ សន្នីសីទ​អន្តរជាតិ​ រំពឹង​ប្រមូល​លុយ​ជំនួយ​ ​៣៥០លាន​ដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​៤សីហានេះ គឺ​ជា​ខួប​មួយឆ្នាំក្រោយការផ្ទុះនៅកំពង់ផែក្រុងបេរូត ប្រទេស​លីបង់។ ​ការស៊ើប​អង្កេត​ពី​ព្រឹត្តិការណ៍​​ផ្ទុះ ក៏​មិនលឿន ហើយ​នយោបាយ​លីបង់​ ក៏​ជាប់​គាំង​។ ដើម្បីរកច្រកចេញពីវិបត្តិ​ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាន​ស្វះស្វែងរកការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិផង និងដាក់សម្ពាធលើមេដឹកនាំលីបង់ផង។​ ​

ប្រមុខរដ្ឋបារាំង បើក​សន្នីសីទ​អន្តរជាតិ ដើម្បីរក​ដំណោះស្រាយ​លីបង់។
ប្រមុខរដ្ឋបារាំង បើក​សន្នីសីទ​អន្តរជាតិ ដើម្បីរក​ដំណោះស្រាយ​លីបង់។ AFP - CHRISTOPHE SIMON
ផ្សាយពាណិជ្ជកម្ម

« បារាំង គឺ​ដៃ​ម្ខាង​ ហុច​ការ៉ុត ហើយ​ ដៃម្ខាង​យារដំបង​ »

ក្រៅពីអំពាវនាវរកលុយជួយ  បារាំងក៏ដាក់គំនាបលើលីបង់ខ្លាំង​។ ដាក់សម្ពាធ ពីព្រោះថា ជាច្រើនខែមកហើយ ដែលរដ្ឋបារាំង ប្រើវីធីសាស្ត្រការទូត ដើម្បីឲ្យអ្នកនយោបាយលីបង់រួមរួបគ្នា និងរកដំណោះស្រាយជាឯកច្ឆន្ទ នៅក្នុងស្រុក។ ប៉ុន្តែ​ដូចជាគ្មានផលសោះ។ មិនបាន​ផល ព្រោះ​នយោបាយ​ផ្ទៃក្នុង​លីបង់​ ហាក់​មិន​ដើរទៅមុខ។ សហគមន៍​អន្តរជាតិ ទាំង​បារាំងក្តី ទាំង​សហរដ្ឋអាមេរិកក្តី​​ សុទ្ធសឹងតែ​ អំពាវនាវ​ជំរុញ​ឲ្យលីបង់​​បង្កើត​រដ្ឋាភិបាល ឲ្យ​បាន​ឆាប់​ ហើយជា​រដ្ឋាភិបាល​ដែល​កែទម្រង់​ផង​​ ដើម្បី​ដោះស្រាយ​វិបត្តិ​ ចំពោះមុខ​​ និង​សម្រាប់​មានភាព​ស្របច្បាប់ ក្នុងការ​​ចរចា​នឹង​សហគមន៍​អន្តរជាតិ។

​អ្នក​នយោបាយ​ លីបង់​ ហាក់​រកផ្លូវ​ឯកភាព​គ្នា​មិន​ឃើញ​សោះ។ រដ្ឋាភិបាល​លីបង់ បង្កើត​មិន​ចេញ​សោះ ជាច្រើន​ខែ​មកហើយ​។ នាយករដ្ឋមន្ត្រី​ ២នាក់​ហើយត្រូ​វតែងតាំងពីប្រធានាធិបតី តែ​រាល់តែ​លើក គឺ​បង្កើត​រដ្ឋាភិបាលមិនកើត។ ជាង​មួយ​ឆ្នាំហើយ ដែល​ លីបង់​ គ្មាន​នាយករដ្ឋមន្ត្រី​ និងគ្មានគណៈ​រដ្ឋមន្ត្រី​ច្បាស់លាស់ទេ។​

នៅពេល​នេះ បារាំង​ប្តូរ​យុទ្ធសាស្ត្រ។ គឺ​ចាប់​បង្ខំ ដាក់សម្ពាធ​ម្តង។ ប្រភពព័ត៌មាន​នៅស្រុក​​បារាំង​ បាន​ឲ្យដឹង​ថា ​ ក្រសួង​ការបរទេសបារាំង​បាន​កំណត់​ឈ្មោះ​ថ្នាក់​ដឹកនាំ​លីបង់​មួយ​ចំនួន​ ដាក់​ក្នុង​បញ្ជីខ្មៅ មិន​ឲ្យ​ធ្វើ​ដំណើរ​ជាន់​ទឹកដី​បារាំងទេ​។​ ហើយរដ្ឋាភិបាល​បារាំង ក៏​កំពុងតែ​​គៀងគរ​ ប្រទេស​​សមាជិក​សហភាព​អឺរ៉ុប​ ផ្សេងទៀត ដើម្បី​ដាក់​ទណ្ឌកម្ម ឬ​ដាក់​សម្ពាធ​ជារួម​ ក្នុង​សំឡេង​តែមួយរបស់​ សហភាព​អឺរ៉ុប ដើម្បី​ជំរុញ​​អ្នក​​នយោបាយ​លីបង់​។

ស្ថានភាព​សង្គមនិង​​សេដ្ឋកិច្ច​របស់​លីបង់​ បច្ចុប្បន្ន​នេះ ដុប​ដាបខ្លាំង។ បញ្ហា​កើត​មាន​គ្រប់​កន្លែង ទាំង​ វិបត្តិ​សុខភាព​សាធារណៈ ការអត់​ការងារ​ បញ្ហា​អតិផរណាទំនិញ រាប់តាំងតម្លៃ​​ទឹក ​ភ្លើង ប្រេង​​សាំង ឡើងថ្លៃ​យ៉ាងគំហុក...។  វេទិកា​អន្តរជាតិ លើកទី៣នេះ​ ​​ប្រធានាធិបតី​បារាំង រំពឹង​ថា​នឹង​ប្រមូល​ប្រាក់​ ឲ្យបាន​ ​៣៥០លាន​ដុល្លារ​ ដើម្បី​ជួយ​ពលរដ្ឋ​លីបង់​។

គេឃើញកន្លង​មក ថា​ ប្រទេសបារាំង បាន​ស្ទុះ​ស្ទារ​ច្រើន រៀបចំ​សន្នីសីទ​អន្តរជាតិ ម្តងជាពីរដង ដើម្បីប្រមូល​វិភាគទាន​ជួយ​ប្រជាពលរដ្ឋ​លីបង់ ដែល​រងគ្រោះ​ដោយសារ​តែ​ព្រឹត្តិការណ៍​ផ្ទុះ​នៅ​កំពង់ផែផង​ ហើយ​ដែល​កំពុង​តែរងគ្រោះ ព្រោះតែ​កូវីដ​១៩​មួយ​ជាន់ទៀត។  

សន្នីសីទ​លើកនេះ បារាំង​រំពឹង​ថា ប្រមូល​ថវិកា​ប្រមាណ​២៩៥លាន​អឺរ៉ូ ប្រហែល​៣៥០លាន​ដុល្លារ​។  ​គួររម្លឹកដែរ ថា​ កាលពីឆ្នាំមុន គឺ​សន្នីសីទ​អន្តរជាតិ ​គឺប្រមូល​លុយបាន ២៨០លាន​ដុល្លារ​។​

សន្នីសីទ​អន្តរជាតិ ​ រៀបចំ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ដែល​មានការ​ចូលរួម​ពី​ អគ្គលេខាធិការអង្គការ​សហប្រជា​ជាតិ ប្រធានាធិបតីអាមេរិក ប្រធានាធិបតី​បារាំង និង​ថ្នាក់ដឹកនាំប្រទេស​ ចំនួន​៤០ទៀត ដូចជា អេហ្ស៊ីប ហ្ស័កដង់ អ៊ីរ៉ាក់ និង​កាណាដា ជាដើម។ អង់គ្លេស គឺ​​ រដ្ឋមន្ត្រីការបរទេស ជា​​អ្នក​តំណាង​។​

ពីបុរីវ៉ាទីកង់​ សម្តេច​ ប៉ាប ហ្វ្រង់ស័រ បាន​ចេញព្រះភ័ក្ត្រ​ ជាលើកទីមួយ បន្ទាប់ពី​សម្រាក​ព្យាបាលជំងឺ ​នៅ​ខែ​កក្កដាមក​​។ ទ្រង់​បានសម្តែង​អាណិត​អាសូរ​ចំពោះ​ពលរដ្ឋ​លីបង់​ដែល​រងគ្រោះ​ ហើយ​សម្តេច​​ប៉ាប បាន​ថ្លែងគាំទ្រ​ប្រទេស​បារាំង​និង​អង្គការ​សហប្រជាជាតិ​ ដែល​រៀបចំ​សន្នីសីទ​អន្តរជាតិ​ដើម្បីបុព្វហេតុ​លីបង់។ ​ព្រះអង្គ​ ក៏​បាន​ដាស់តឿន​​ថា ”កុំ​គ្រាន់តែ​ពោលតែ​ពាក្យ​ឥតប្រយោជន៍ គឺ​ត្រូវ​ឲ្យ​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ច្បាស់លាស់ ដើម្បី​ជួយ​ស្រោ​ច​ស្រង់​លីបង់​។”

ចំពោះព្រឹត្តិការណ៍​ផ្ទុះ​នៅកំពង់ផែបេរូត ការ​ស៊ើបអង្កេត​ ហាក់​មិនសូវ​ជឿន​លឿន​សោះ។​ តើ​មកពីហេតុអ្វី?​

ចំពោះ​រឿង​ស៊ើប​អង្កេត​នេះ គឺអ្នក​កាសែត​អន្តរជាតិ​ ​ និង អង្គការ​សង្គម​ស៊ីវិល ជាច្រើន​ បាន​ទម្លាក់​កំហុស​លើ​អ្នក​នយោបាយ​លីបង់ ដែល​មិន​ចុះសម្រុង​គ្នា និង​ គេច​វេស​ពីការ​ទទួល​ខុសត្រូវ ហើយ​ម្នាក់​ៗ​ហាក់​ដោះដៃ ​យក​រួច​ខ្លួន។​

ជាក់ស្តែង ចៅក្រមស៊ើប ​របស់​លីបង់​ ដែល​កាន់​សំណុំ​រឿង​អង្កេត​នេះ គឺ​លោក​បាន​ដាក់​សំណើ​ទៅរដ្ឋសភា ដើម្បី​សុំ​ដក​អភ័យ​ឯកសិទ្ធ​អ្ន​កតំណាង​រាស្ត្រ​ និង សុំ​ដកអភិយឯកសិទ្ធ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ មួយ​ចំនួន ដើម្បី​ឲ្យ​ពួក​គេ​ចូលរួម​សហការ​ ក្នុងការ​ស៊ើបអង្កេត​ និង​រក​ការពិតចំពោះ​​សោដនាដកម្មផ្ទុះ​នៅកំពង់ផែ​នោះ​។ ​សំណើ​សុំ​ដក​អភ័យឯក​សិទ្ធ​នេះ ហាក់​នៅ​គាំងទ្រឹង​​។ ជារួម​ ការស៊ើប​អង្កេត​ ត្រូវ​គេ​មើលឃើញ​ថា មាន​ការ​លំបាក​និង​ជាប់​គាំង​ ព្រោះតែ​ មាន​ការ​រាំង​ស្ទះ​ជាច្រើន។​

​ការិយាល័យ អង្គការ Human Rights Watch ប្រចាំ​លីបង់ បាន​ចេញ​របាយការណ៍ និង​ចង្អុលមុខ​​អ្នក​ដឹកនាំ​លីបង់ ជាច្រើន​នាក់ ពីរឿង​ធ្វេសប្រហែស ពុករលួយ ​ អសមត្ថភាព​ ​និង​រំលោភបំពាន​សិទ្ធិជន​រងគ្រោះ។​ Human Rights Watch មិន​ទុកចិត្ត​យន្តការស៊ើបអង្កេត​នៅក្នុង​ស្រុក​​ទេ ​ ហើយ​​ស្នើសុំអង្គការ​សហប្រជាជាតិ​ ឲ្យ​បើក​យន្តការស៊ើបអង្កេត​ជាលក្ខណៈ​អន្តរជាតិ​វិញ។

អ្នក​ឆ្លើយឆ្លង​វិទ្យុ​បារាំងRFI​នៅ​លីបង់ ​បាន​ឲ្យដឹង​ថា ដោយអស់​សង្ឃឹម​ចំពោះ​អ្នក​នយោបាយ គឺ​ ប្រជាជន​លីបង់​មួយ​ចំនួន ដែល​ជា​​ អ្ន​ក​មាន​លទ្ធភាព មាន​លុយ​កាក់ និងមាន​ចំណេះចេះដឹង​ ​ដូច​ជា​ គ្រូពេទ្យ គ្រូបង្រៀន​ សាស្ត្រាចារ្យ និង​និស្សិត​បញ្ញវន្ត បាន​​សម្រេច​ចិត្ត​​ចាកចេញពីប្រទេស​ ហើយ​ ភៀសខ្លួន​ទៅនៅបរទេស​ អស់​ជាច្រើននាក់​​មកហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ