អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទោះ​​កូវីដរំខាន តែព្រឹត្តិការណ៍អូឡាំពិក នៅតូក្យូ ត្រូវបិទបញ្ចប់ ដោយ​រលូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ លើកទី ៣២  នៅប្រទេសជប៉ុន ​នឹងត្រូវបិទបញ្ចប់ នៅ​យប់ថ្ងៃទី៨ខែសីហានេះ។ ការ​រៀបចំ​ប្រកួត​កីឡា​លំដាប់ពិភព​លោក នៅក្នុង​បរិបទ​ផ្ទុះ​មេរោគ​រាតត្បាត​កូវីដ​១៩នេះ គឺ​ពុំ​មែន​ជាការ​ងាយ​ស្រួលឡើយ​ចំពោះ​ជប៉ុន​ជា​ម្ចាស់​ផ្ទះ។   ឆ្លង​កាត់​​ការប្រកួត ចំនួន​​​១៦ថ្ងៃមក គឺ ការ​រៀបចំ​​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ទោះបី​ជាមាន​ការ​ប្រឆាំង​ពី​ពលរដ្ឋ​ជប៉ុន​ខ្លះៗ។​

ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ លើកទី ៣២  នៅប្រទេសជប៉ុន ​នឹងត្រូវបិទបញ្ចប់ នៅ​យប់ថ្ងៃទី៨ខែសីហា។
ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ លើកទី ៣២  នៅប្រទេសជប៉ុន ​នឹងត្រូវបិទបញ្ចប់ នៅ​យប់ថ្ងៃទី៨ខែសីហា។ REUTERS - THOMAS PETER
ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មាធិការ​រៀបចំ​ការប្រកួត បាន​អះអាងថា បញ្ហា​ឆ្លង​កូវីដ​ ក្នុង​ការ​ប្រកួត​នេះ មា​នតិចតួច​ណាស់។  

​មុន​ចាប់ផ្តើម​ប្រកួត គឺ​ពលរដ្ឋ​ជប៉ុន ធ្វើ​បាតុកម្ម​​ប្រឆាំង​សម្បើម​ណាស់។ គេ​មិនចង់​ឲ្យ​រៀប​ចំ​ប្រកួត​ទេ ព្រោះ​ខ្លាច​ឆ្លង​កូវីដ​រឹត​តែខ្លាំង ដ្បិត​កីឡាករ​និង​ប្រតិភូផ្សេងៗ មក​ពីគ្រប់​ទិសទី​នៃ​ពិភព​លោក។ ​​បាតុករ​បារម្ភ​ទៀត​ថា ព្រោះតែ​រឿង​ប្រកួត​កីឡានេះ គឺនឹង​ធ្វើ​ឲ្យ​តូក្យូ​ក្លាយ​ជា​ជង្រុក​មេរោគ​កូវីដ​១៩ និង​ធ្វើឲ្យ​ការ​ឆ្លង​កាន់​តែ​ដុបដាប​ខ្លាំង​នៅស្រុក​យីពុន។

​ឆ្លង​កា​ត់​ជាង​២សប្តាហ៍​មក គឺគេ​អាច​ចាត់ទុកថា ជា​ជោគជ័យ​មួយ​ដែរ សម្រាប់​អ្ន​ករៀបចំ​កម្មវិធីប្រកួត​កីឡា​អូឡាំពិក​ និង​ជា​ស្នាដៃ​មួយ​ល្អ​របស់​រដ្ឋបាល​ក្រុង​តូក្យូ។ បើ​តាមរបាយការណ៍ពីអ្នក​រៀបចំការប្រកួតតូក្យូអូឡាំពិក គឺ​ចាប់ពីថ្ងៃទី១ខែកក្កដា រហូតដល់ថ្ងៃទី ៨ខែសីហា​ គេបានរកឃើញករណីឆ្លងកូវីដ  ចំនួនតែ​ ៤៣០ ករណីប៉ុណ្ណោះ​ ក្នុងចំណោមកីឡាករ​ ​ប្រតិភូ ​បណ្តា​អ្ន​កកាសែត​ រួមទាំងអ្នកស្ម័គ្រចិត្តនានា ប្រមាណ ៥ម៉ឺន២ពាន់នាក់។ ​បើ​គិត​ជា​មធ្យម ក្នុង​មួយ​ថ្ងៃៗ ​ករណី​​​ឆ្លង​វិជ្ជមាន​កូវីដ មានត្រឹម​តែ​០,០២ភាគរយ​ប៉ុណ្ណោះ​។

គេ​អាច​រៀបចំ​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ​នៅពេល​ប្រកួត​នេះ​បាន​យ៉ាង​ល្អដូច្នេះ​ ពីព្រោះថា អ្នករៀបចំការប្រកួតតូក្យូអូឡាំពិក និង​ម្ចាស់ផ្ទះ​ជប៉ុន បាន​រឹតបន្តឹង​វិធានការ​ខ្លាំង​សម្បើម​ណាស់។ ជាក់ស្តែង ​ការ​ប្រកួត​នេះ ជាការ​«ប្រកួត​បិទទ្វារ»​ ក្នុងន័យថា គ្មាន​ទស្សនិកជន​អ្នក​គាំទ្រ​ទៅ​មើល​ផ្ទាល់​នោះទេ។ ​មុន​នឹង​ចូល​ប្រកួត ហើយ​​ក្នុង​ដំណាក់កាលរ​រៀបចំ​ការប្រកួត នៅតូក្យូ​​នេះ​ គឺគេ​មា​នធ្វើ​តេស្ត​ជំងឺ​កូវីដ យ៉ាងតឹងតែង និង​ទៀង​ទាត់​ណាស់។

ម្យ៉ាងទៀត កីឡាករ​ណា​ដែល​រក​ឃើញថា​ វិជ្ជមាន​កូវីដ​១៩ហើយ គឺដាច់ខាត​ មិនឲ្យ​ចូលប្រកួត​ឡើយ។ មាន​កីឡាករ​ មិន​តិចទេ ដែល​ខកខាន ហើយ​អ្ន​កខ្លះ មិនទាំង​បាន​មកដល់​ស្រុក​យីពុន​ផង ព្រោះ​ឆ្លង​កូវីដ​នៅស្រុក​របស់ខ្លួន​រួច​ស្រេចទៅហើយ។ កំណត់​សម្គាល់​មួយទៀត ចំពោះករណី​ធ្វើ​ច័ត្តាឡីស័ក ដែល​ជា​វិធាន​កំណត់​ដោយ​រដ្ឋបាល​ជប៉ុន គឺ​តឹង​តែង​ណាស់។ កីឡាករ​​បរទេស​ខ្លះ ត្អូញ​​ត្អែរ ថា​ដូច​ជា​មន្ទីរឃុំ​ឃាំង​ដូច្នោះដែរ។

ជារួម គ្មាន​ផលរមាស់ច្រើន​ទេ​ ហើយ​ក៏​គ្មាន​ការ​លើកការប្រកួត​លើវិញ្ញាសាណាមួយ​ ឬក៏​លុប​ចោល​ការ​ប្រកាសលទ្ធផល​ ព្រោះតែ​រំខាន​ដោយ​កូវីដ ទេ។ អ្វីៗ​បាន​ប្រព្រឹត្តទៅ​ ដូច​តាម​ការ​គ្រោង​ទុក។

​ទិដ្ឋភាព​នយោបាយ ក្រៅស្រុក​ ដែល​បង្កឡើង​ដោយ​កីឡាករ ពិសេស​គឺ​កីឡាកររបស់ ​ចិន និង ​បេឡារុស​។​

​ទិដ្ឋភាព​នយោបាយ​ ដែល​ហូរ​ចូល​មកក្នុង​ព្រឹត្តិការណ៍​ប្រកួតនេះ មា​នរឿង​ពីរ​ដែល​ល្បី​កក្រើក។ ទី១ គឺ​កីឡាការីនី ជាតិបេឡារុសម្នាក់ ដែល​បាន​រិះគន់​សហព័ន្ធកីឡា​ជាតិ​របស់ខ្លួន ហើយ​នាង​មិនហ៊ាន​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ​ ព្រោះ​ខ្លាច​បារម្ភពីសុវត្តិភាព ហើយ​ប្រទេស​នាងក៏កំពុង​មាន​វិបត្តិនយោបាយ​ស្រាប់ផង។ មេបក្សប្រឆាំង​កំពុង​ភៀសខ្លួន​នៅក្រៅ​ស្រុក ហើយ​ប្រទេសជាតិ​ត្រូវដឹកនាំដោយ​បុរសខ្លាំង​ លូកាឆិនកូ កាន់អំណាច​ ជាច្រើន​ឆ្នាំ​មកហើយ​។ ​នៅ​ពេល​នេះ នាង​កីឡា​ការិនី​បេឡារុស​ម្នាក់​នោះ បានរត់​ភៀសខ្លួន​ ឆ្ពោះ​ទៅ​ប្រទេស​ប៉ូឡូញ ហើយ​ប្តី​របស់​នាង​ក៏ត្រូវ​រដ្ឋាភិបាល​ប៉ូឡូញ​ប្រកាស​ផ្តល់​ទិដ្ឋាការ​មនុស្ស​ធម៌ដែរ។ ​

រឿង​រំខាន​ទី២ គឺ​កីឡាករចិន​ពីរនាក់ ឈ្នះ​មេដាយ តែ​បាន​ពាក់សញ្ញា ស្លាកទង់​តូចមួយនៅអាវ ​និមិត្តសញ្ញា​​ តំណាង​​អំណាច​មេដឹកនាំ​​ ម៉ៅ សេទុង និង​បដិវត្តន៍​វប្បធម៌​ចិន។ យើងដឹង​ហើយថា ព្រោះតែ​នយោបាយ​បដិវត្តន៍​វប្បធម៌​​ ក្រោម​ការ​ដឹកនាំ​របស់​ ម៉ៅ សេទុង​ ពីអតីតកាល គឺ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់ នៅស្រុក​ចិន។​ ​​ជា​គោល​ការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់កីឡាអូឡាំពិក គឺ​មិនអនុញ្ញាត​​ឲ្យ​ឃោសនា​មនោគមន៍​វិជ្ជា​នយោបាយ ឬ​ឃោសនា​នាំឲ្យ​រើសអើង​ពូជសាសន៍ ជាដើមទេ។ នៅទីបំផុត​ ខាង​សហព័ន្ធ​កីឡា​ចិន បាន​​ចេញមុខ​សុំ​ទោស​ និង​សន្យាប្រាប់អ្ន​ករៀបចំ​កម្មវិធីថា នឹង​​មិន​រឿង​បែបនេះ​កើត​មាន​ជាថ្មីទេ។​

​ការ​ប្រកួត​នេះ  ចិននិងអាមេរិក​ប្រកួតប្រជែងមេដាយគ្នាខ្លាំង។

​សហរដ្ឋអាមេរិក ​នាំមុខគេ ទទួលបានមេដាយមាសច្រើនបំផុត រហូតដល់ ៣៩ មេដាយមាស ឯចិនវិញ​ ទទួលបានមេដាយមាសចំនួន ៣៨។ គឺ​មាន​លក្ខណៈ​ប្រកៀកប្រកិត​គ្នា​ខ្លាំងណាស់។

​​ចិន​ឈ្នះ​នាំមុខ​គេ​កីឡា​អូឡាំពិក នៅ​​ឆ្នាំ​២០០៨ ពេ​លដែ​លចិន​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​​ ក្រៅពីនោះ​ គឺ​តាំងពី​ការ​បង្កើត​កីឡា​នេះមក មាន​តែ​ សហរដ្ឋអាមេរិក និង​សហភាព​សូវៀត ទេ ដែលជាអ្នក​​កាន់​តំណែង​ឈាន​មុខ​រហូតមក។​​​ លើក​នេះ រុស្ស៊ី ​​ជាប់​បំរាម​។ ដូច្នេះ ចិន​និងអាមេរិក ប្រកួត​ប្រជែង​គ្នាលើដីយីពុន។ គេ​កត់សម្គាល់ថា ចិន​នាំមុខ​គេ​ជាប់ៗប្រមាណជា​​មួយ​អាទិត្យមុន។ ​ពេល​នេះ បើ​គិត​តែមេដាយមាស គឺអាមេរិកឈ្នះ​លើសចិន​តែ​១មេដាយមាស​។​

រីឯ ជប៉ុនជាម្ចាស់ផ្ទះវិញ ទទួលបានមេដាយមាសចំនួន ២៧។ ចក្រភពអង់គ្លេស ទទួលបានមេដាយមាសចំនួន ២២។ ប្រទេស​អឺរ៉ុប​បួន គឺ​បារាំង អាល្លឺម៉ង់ អីតាលី ហូឡង់​​ គឺបាន​​មេដាយមាស ១០​ស្មើគ្នា។ ការ​សម្គាល់​ដែរ បារាំង​ បាន​មេដាយសរុប​ ​៣៣ តែបាន​មេដាយ​មាសតែ​១០ទេ។ ​នៅ​​បារាំង បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ បាន​ផ្សាយ​សម្បើមណាស់ ពឹត​អួត​ពីជាតិ​ខ្លួន ជាពិសេសគឺ​ក្រុម​កីឡាការិនី ដែល​ទទួល​បាន​មេដាយ​មាស សម្រាប់វិញ្ញាសា​ Handball ឬ បាល់គប់​។ ​​​ លើកនេះ​​រឹតតែ​ពិសេសណាស់ ដ្បិត​ថា វិញ្ញាសា​បាល់គប់ ​ទាំង​​ក្រុម​នារី និងទាំង​ក្រុម​បុរសបារាំង គឺ​សុទ្ធតែ​ឈ្នះ​ព្រមៗគ្នា។  នេះជា​មោទនភាព​ជាតិ​មួយ​សម្រាប់នគរបារាំងសេស។ រឿងនេះ ក៏​ជា​ឧបករណ៍​ឃោសនា​មួយ​ទៀតសម្រាប់បារាំង ពីព្រោះថា ការរៀបចំ​ការប្រកួត​កីឡាអូឡាំពិក លើកក្រោយ ឆ្នាំ​២០២៤ គឺស្រុក​បារាំងនឹងធ្វើ​ជា​ម្ចាស់​ផ្ទះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ