អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អភិបាល​រដ្ឋញូវ​យ៉ក​ ចុះ​ចេញ​ពី​តំណែង​ក្រោយ​ជាប់​រឿង​អាស្រូវ​ផ្លូវ​ភេទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អភិបាលរដ្ឋ​ញូវយ៉ក​ លោក អេនឌ្រូ កួម៉ូ បានប្រកាស​លាឈប់​ពីតំណែង​ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពានផ្លូវភេទ​ លើ​ស្ត្រី​ជា​ច្រើន​រូប​។ សេចក្តី​ប្រកាស​នេះ​ គឺជា​ការ​បិទ​បញ្ចប់​សករាជ​គ្រប់គ្រង់​រដ្ឋ​របស់​លោក កួម៉ូ ​ដែល​មាន​រយៈ​ពេល ១២ ឆ្នាំមក​ហើយ​។ នៅគ្រាកន្លងមក​ លោក​អភិបាលរដ្ឋញូវយ៉ក​ កួម៉ូ​ បាន​បដិសេធ​ ថានឹងមិន​ចុះ​ចេញពី​តំណែង​ឡើយ​។ ចុះហេតុអ្វី​ លោក​ប្រកាស​ចុះចេញពីតំណែង​ នៅពេលនេះ​? ហើយ​ថា​តើ​អ្នកណា​ ដែល​នឹង​ឡើង​មក​គ្រប់គ្រង​តំណែង​ជា​អភិបាលរដ្ឋ​ញូវយ៉ក​បន្ទាប់​?

លោកអេនឌ្រូ កួម៉ូ អភិបាលរដ្ឋញូវយ៉ក។
លោកអេនឌ្រូ កួម៉ូ អភិបាលរដ្ឋញូវយ៉ក។ AP - Mary Altaffer
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​លោក​អេនឌ្រូ កួម៉ូប្រកាស​ចុះចេញពី​តំណែង​?

លោក​ អេនឌ្រូ កួម៉ូ បាន​ប្រកាស​លា​ឈប់​ពីតំណែង​ជា​អភិបាល​រដ្ឋញូវយ៉ក​កាលពី​ថ្ងៃអង្គារ ១០ សីហា​ម្សិលមិញ​ នៅមួយសប្តាហ៍​ក្រោយ​រដ្ឋ​អាជ្ញា​នៃ​រដ្ឋ​ញូវយ៉ក​ទម្លាយ​របាយការណ៍​ស៊ើប​អង្កេតមួយ​។ របាយការណ៍នេះ​ បង្ហាញថា​ លោក​ពិតជាបាន​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ចំនួន​ ១១ រូបមែន​ ហើយ​ក្នុងចំណោមនោះ​មាន​បុគ្គលិក​ស្ត្រី​បម្រើការ​នៅ​រដ្ឋ​ញូវយ៉ក​ជាច្រើននាក់ផងដែរ​។ ការ​លាលែងនេះ​ នឹង​ចូលជា​ធរមាន​ក្នុង​រយៈពេល​ ១៤ ថ្ងៃ​។

ទាក់ទិនរឿងនេះ​ គេគួរដឹងថា​ ការ​ចោទ​ប្រកាន់​ប្រឆាំងនឹង​លោក​ កួម៉ូ​ ផ្ទុះឡើង​ដំបូង​កាលពី​ចុងខែកុម្ភៈ​ ឆ្នាំ ២០២១​។ ស្ត្រី​រងគ្រោះ​ បាន​ចោទ​ប្រកាន់​លោក​ ថាបានប្រើ​ពាក្យ​សម្តី​មិនសមគួរ​បែប​បំពាន​ផ្លូវភេទ​ ប៉ះ​ពាល់ ឬ​លូកលាន់​ស្ទាប​រាង​កាយ​របស់​ពួកគេ​ និង​ថើប​ពួកគេ​ដោយគ្មាន​កាអនុញ្ញាត​។

បន្ទាប់មក​ ការិយាល័យ​រដ្ឋអាជ្ញា​នៃរដ្ឋញូវយ៉ក​ បាន​ចាប់​បើក​ការស៊ើបអង្កេត​ឯករាជ្យមួយ​ ហើយ​កាលពីសប្តាហ៍មុន​ របាយការណ៍នៃការអង្កេតនេះ​ត្រូវបាន​ប្រកាស​ដោយ​លោកស្រី​រដ្ឋ​អាជ្ញា​នៃ​រដ្ឋ​ញូវយ៉ក លែទីត្យា ជេមស៍​ (Laeticia James)។

បើ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​ ការ​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​ កួម៉ូ​ ធ្វើឡើង​ទាំង​បង្ខំចិត្ត​។ លោក​គ្មាន​ជម្រើស​អ្វីផ្សេង​ក្រៅពីនេះទៀតទេ​ ព្រោះ​ក្រោយ​របាយការណ៍​ខាងលើ​ ចេញ​ផ្សាយ​ភ្លាម​ លោក​ កួម៉ូ បាន​ទទួល​គំនាប​សង្កត់​ខ្លាំងឡើងៗ​ឲ្យ​ដើរ​ចេញពី​កៅអី​អភិបាល​រដ្ឋ​ញូវយ៉ក​។

លោក​បាន​ទទួល​រង​សម្ពាធខ្លាំងបំផុត​កាលពីសប្តាហ៍មុន​ ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​រួមមាន​តាំងពី​ប្រធាន​រដ្ឋសភា​អ្នកស្រី​ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រមុខ​បក្ស​ប្រជាធិបតេយ្យនៅ​ព្រឹទ្ធសភា​ លោកឈុក ស្កុម៉េ (Chuck Schumer) និង​ លោក​ប្រធានាធិបតី  ចូ បៃដិន ផងដែរ​។

នៅពេល​ថ្លែងសុន្ទរកថា​ពី​ញូវយ៉ក​ លោក​អភិបាល​ កួម៉ូ​ បាន​និយាយថា​ ស្ថិត​ក្នុង​កាលៈទេសៈនេះ​ វិធីដ៏​ល្អ​បំផុត​ ដែល​លោក​អាចធ្វើទៅបាន​គឺមានតែដើរចេញប៉ុណ្ណោះ​។

ខណៈ​នៅ​បន្តអះអាងថា​ មិន​បាន​ប្រព្រឹត្តខុស​ អភិបាលរូបនេះ​ បានគូសបញ្ជាក់ទៀតថា​ ការ​ដែលលោកសម្រេចចិត្តដើរចេញ​ជំនួសឲ្យ​ការនៅបន្តតស៊ូប្រឆាំង​ ព្រោះថា​ បើ​លោក​ នៅតស៊ូប្រឆាំង​នឹងការចោទប្រកាន់​ នោះរឿងនេះ​ នឹងនៅអូសបន្លាយ​ ជាច្រើនខែ​ ហើយវា នឹង​ធ្វើឲ្យខាតបង់​ថវិកា​របស់អ្នកបង់ពន្ធ​ចំនួន​រាប់លានដុល្លារ​។

លោក កួម៉ូ​ បានបដិសេធម្តងហើយម្តងទៀត​ចំពោះ​ការអះអាង​ដែលថា​លោក​បាន​បៀតបៀន​ផ្លូវភេទ​ ដូចមានចែង​នៅក្នុង​របាយការណ៍​របស់​ ការិយាល័យ​នៃ​រដ្ឋអាជ្ញា​ញូវ​យ៉ក​។ ដូច្នោះហើយ​តើ​អ្វី​ជា​មូលហេតុ​ពិតប្រាកដ​នៅ​ពី​ក្រោយ​រឿង​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រូប​លោក​នេះ​?

លោកអេនឌ្រូ​ កួម៉ូ ​ដែល​បច្ចុប្បន្នមានវ័យ ៦៣ ឆ្នាំ​ ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ ជា​អភិបាល​រដ្ឋ​ញូវយ៉ក​ ក្នុងឆ្នាំ ២០១០​ និងបានយកឈ្នះការបោះឆ្នោតជាថ្មីទៀត​យ៉ាងស្រួល​ កាលពី​ឆ្នាំ ២០១៤​ និង ឆ្នាំ ២០១៨​ ដែលជា​អាណត្តិទី៣​។

កូដ​ប្រជាប្រិយភាព​របស់លោក​ កួម៉ូ បានកើនឡើងខ្លាំង​ក្នុង​រយៈពេល​ប្រមាណជា​មួយ​ឆ្នាំចុង​ក្រោយនេះ​។ ការ​យកចិត្តទុកដាក់​របស់​លោក​ អំពី​ការ​រីករាលដាល​នៃជំងឺ​កូវីដ​១៩​ ត្រូវបានគេ​ កោតសរសើរយ៉ាងខ្លាំង​នៅ​ទូទាំង​ប្រទេស​អាមេរិកដែលជា​ហេតុនាំ​ឲ្យគេ​ទស្សទាយ​ដែរថា​ លោក​អាច​បោះជំហាន​ ចូល​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​យកតំណែង​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ ២០២០​ ទល់នឹង​លោក​ ដូណាល់ ត្រាំ​។

ក៏ប៉ុន្តែ​នៅទីបំផុត​ លោក កួម៉ូ​ បានសម្រេចចិត្ត​មិនឈរ​ឈ្មោះ​នៅសេតវិមានទេ​ ហើយ លោក​គ្រោង​ឈរ​ឈ្មោះ ​ជា​អភិបាល​រដ្ឋញូវយ៉ក​ជាថ្មី​ និង​ជា​លើកទី៤​ នៅឆ្នាំក្រោយ​។ ប៉ុន្តែ​ ​នៅពេលនេះ​ សំណុំ​រឿង​អាស្រូវផ្លូវ​ភេទ​ បាន​ក្លាយ​ជាភ្លើង​ដុត​បំផ្លាញ​គម្រោងផែនការ​របស់លោក​ឲ្យរលាយអស់រលីង​។

ដូចគេ​ដឹងស្រាប់ហើយ​ថា តាំងពីដំបូងអឺយ​មកម្ល៉េះ​ លោក កួម៉ូ តែង​បដិសេធ ថា​មិន​បានប្រព្រឹត្ត​អំពើបំពារបំពានផ្លូវភេទឡើយ​។ ដូចគ្នាចឹងដែរ​ ក្នុងពេល​ថ្លែងពន្យល់ពី​មូលហេតុ​ ចុះចេញពីតំណែង​ កាលពីម្សិលមិញ​ លោក កួម៉ូ​ បានបញ្ជាក់អះអាងជា​ថ្មី ថាមិន​បានធ្វើខុស​ ហើយលោក​បានឆ្លៀតគូស​បញ្ជាក់ដែរ​ ពី​ជំនឿជាក់​របស់លោក​ ដែលថា​ ភាព​ចម្រូងចម្រាស​ រឿងអាស្រូវ​ដែល​កំពុងរុំព័ទ្ធ​រូបលោកនេះ​ មាន​ពាក់ព័ន្ធ​មូលហេតុ​នយោបាយ​។ យ៉ាងណាក៏ដោយ​ លោក​អភិបាលរដ្ឋញូវយ៉ក​ មិន​បាន​បញ្ជាក់ប្រាប់​លម្អិត​នោះទេ​ ថាតើជា​ចេតនា​នយោបាយ​អ្វីឲ្យប្រាកដ​នោះ។

តើអ្នកណា​ជាអ្នក​ជំនួសតំណែង​លោកអេនឌ្រូ កូម៉ូ​?

លោកស្រី​ ខាធី​ ហូឈុល​ (Kathy Hochul)។ មានវ័យ​ ៦២ ឆ្នាំ​ លោកស្រី​ គឺជា​អ្នក​នយោបាយ​ និងជា​មេធាវីមួយរូប​បម្រើការ​ជាអភិបាល​រង​ រដ្ឋញូវយ៉ក​ចាប់តាំងពី​ឆ្នាំ​ ២០១៥ មក​។ លោកស្រី​ ហូឈុល​ នឹងក្លាយជា​អភិបាលរដ្ឋស្ត្រីដំបូងគេបង្អស់​របស់​ញូវយ៉ក​ ដែលជា​រដ្ឋមានប្រជាជនច្រើនជាងគេ​បំផុតលំដាប់​ ទី៤ របស់​សហរដ្ឋអាមេរិក​។

លោកស្រី​ នឹង​ចូល​អង្គុយកៅអី​ អភិបាលរដ្ឋញូវយ៉ក ​ជា​ផ្លូវការ នៅថ្ងៃទី ២៤ សីហា បន្ទាប់ពី​ពី​ការលាលែងរបស់លោក​ កួម៉ូ ចាប់​ចូលជាធរមាន​។ តាមពិតទៅ​ លោកស្រី​ ហូឈុល មិនមែនជា​ មនុស្សជំនិត ឬស្និទ្ធគ្នាខ្លាំង​ នឹងលោក កួម៉ូនោះទេ​ ប៉ុន្តែ លោក​អភិបាលរដ្ឋ​បាននិយាយថា​លោកស្រី​គឺជាស្ត្រីដែលវៃឆ្លាត​ និង​មាន​សមត្ថភាព​។

ចំណែក​ លោកស្រី ហូឈុល ដែលជា​អ្នកបាន​ចូលរួមជាមួយ ​ឥស្សរជន​នយោបាយ​អាមេរិក​ជាច្រើន ថ្កោលទោសលោក អេនឌ្រូ កួម៉ូ បាន​និយាយថា​ ការ​លាលែង​គឺជា​រឿង​ដែល​លោក កួម៉ូ ត្រូវធ្វើ​ និងថា​លោកស្រី​បានត្រៀមខ្លួនរួច​ជាស្រេច​ហើយ​ ដើម្បី​ដឹកនាំ​ក្នុង​នាម​ជាអភិបាល​ ទី ៥៧​ នៃ​រដ្ឋញូវយ៉ក​។

ពីខាងសេតវិមានវិញ​ លោក​ប្រធានាធិបតីចូ បៃដិន​ ដែលបាន​អំពាវនាវឲ្យ​លោកអភិបាល​ កូម៉ូ​ លាលែងពី​តំណែងកាលពីសប្តាហ៍មុននោះ​ បាន​អត្ថាធិប្បាយ​យ៉ាងខ្លី​កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ថា​លោកគោរព​ចំពោះ​ការសម្រេចចិត្ត​របស់​អភិបាល​រដ្ឋ​រូបនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ