អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ូដង់ ប្រកាសថានឹងប្រគល់ខ្លួនអតីតប្រធានាធិបតី​ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ស៊ូដង់ ប្រកាសថានឹងប្រគល់ខ្លួន អតីតប្រធានាធិបតី​ លោកអូម៉ារ អាល់បាស្ហៀរ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងសំណុំរឿង​ប្រល័យពូជសាសន៍ នៅ ដារហ្វួរ (Darfour)។ ភ្លាមៗ អ្នកនាំពាក្យ​ក្រសួងការបរទេស ​សហរដ្ឋអាមេរិក បាន​ថ្លែងគាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ស៊ូដង់។ មន្ត្រីទូតអាមេរិក បញ្ជាក់ថា « អាមេរិក សាទរ​ឲ្យ ​ស៊ូដង់​ បន្តកិច្ច​​សហការ​ជាមួយ តុលាការព្រហ្មទណ្ឌអន្តរជាតិ ជា​បន្ត​ទៀត ដើម្បី​បញ្ចូន​មេៗឧក្រិដ្ឋជន​ទាំង​ឡាយ​ដែលតុលាការ​តាម​ស្វែង​រក​មុខ។ » ​ការទូត​អាមេរិក​បន្តទៀត​​ថា « ​ការ​សម្រេច​ប្រគល់ខ្លួនលោក អូម៉ារ អាល់បាស្ហៀរ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលនេះ ជាការ​​បោះជំហាន​មួយ​យ៉ាងធំ ក្នុង​ការ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​និទ្ទណ្ឌភាព។ »​

លោក អូម៉ារ អាល់បាស្ហៀរ ​​បាន​ធ្វើ​រដ្ឋប្រហារឡើង​កាន់​អំណាចផ្តាច់ការ នៅឆ្នាំ ១៩៨៩។ ធ្លាក់​ពីតំណែងឆ្នាំ២០១៩ ហើយពេលនេះ លោកកំពុង​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ក្នុងស្រុក និងនៅ​អន្តរជាតិទៀត។
លោក អូម៉ារ អាល់បាស្ហៀរ ​​បាន​ធ្វើ​រដ្ឋប្រហារឡើង​កាន់​អំណាចផ្តាច់ការ នៅឆ្នាំ ១៩៨៩។ ធ្លាក់​ពីតំណែងឆ្នាំ២០១៩ ហើយពេលនេះ លោកកំពុង​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ក្នុងស្រុក និងនៅ​អន្តរជាតិទៀត។ Reuters
ផ្សាយពាណិជ្ជកម្ម

តើ​ការ​ប្រល័យ​ពូជសាសន៍​នៅ ​ដារហ្វួរ កើតឡើងយ៉ាងម៉េច?

ដារហ្វួរ ជា​តំបន់​នៅ​ប៉ែកខាងលិច ប្រទេស​ស៊ូដង់​សព្វថ្ងៃ។ លោក អូម៉ារ អាល់បាស្ហៀរ (Omar el-Béchir ) បាន​ធ្វើ​រដ្ឋប្រហារឡើង​កាន់​អំណាចផ្តាច់ការ នៅឆ្នាំ ១៩៨៩។ ចាប់ពី​​ឆ្នាំ​២០០៣  ក្រុម​អ៊ីស្លាមជាក្រុម​ភាគច្រើន ​នៅ​តំបន់​ដារហ្វូរ​ និង​ដែល​នៅស្និទ្ធ​ជាមួយ​លោក អូម៉ារ អាល់បាស្ហៀរ បាន​បង្ក​ជម្លោះ​បង្ហូរ​ឈាម ​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច ​និង​ជាតិ​ពន្ធុផ្សេងទៀត។ ជម្លោះ​បង្ហូរឈាម​គ្នា​នេះ ត្រូវ​អង្គការ​សហប្រជាជាតិ ព្យាករណ៍​ថា បាន​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​មនុស្ស ប្រមាណ ៣០ ម៉ឺននាក់ ហើយ​ ២លាន​៥សែននាក់ ​ត្រូវ​ជម្លៀសខ្លួន​ ចោល​ផ្ទះ​សម្បែង។

តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្រុង​ឡាអេ បាន​បើក​ការ​ស៊ើបអង្កេត និងបាន​លើកបទ​ចោទប្រកាន់ ពីបទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ ចំពោះ​បទឧក្រិដ្ឋ​ដែល​បាន​កើត​ឡើង​នៅ​តំបន់ ​ដារហ្វួរ ​នេះ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​ស៊ូដង់ និងអ្ន​កទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ ក្នុង​ការ​ប្រល័យ​ជីវិតម​នុស្ស​ នៅ​ដារហ្វួរ។

បទឧក្រិដ្ឋ​បាន​កើត​ឡើង​ជិត​២០ឆ្នាំទៅហើយ​។ តើ​ហេតុអ្វី ទើបតែ​មានការសម្រេច​​ប្រគល់​ខ្លួន​ នៅពេល​នេះ?

ជាក់ស្តែងទៅ លោកអូម៉ារ អាល់បាស្ហៀរ នៅតែ​បន្ត​កាន់អំណាច​ផ្តាច់​ការ នៅ​ស៊ូដង់​ ជាប់រហូត​មក។​ ​លោកទើបតែ​ត្រូវ​ធ្លាក់​ចុះ​ពីតំណែង កាលពី​ឆ្នាំ​២០១៩ ក៏​ព្រោះតែ​ កម្លាំងចលនា​ប្រជាជន​ ដែល​ទ្រាំ​នឹង​អំណាច​ផ្តាច់ការ ​លែងបាន។ ប្រជាជន​ស៊ូដង នៅឆ្នាំ២០១៩ បាន​ងើប​បះបោរ ខឹង និងប្រឆាំង​​រដ្ឋាភិបាល ​អាល់បាស្ហៀរ ដែល​ដំឡើង​ថ្លៃ​ នំប៉័ង ជា​ស្បៀងចាំបាច់​​សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពេល​ធ្លាក់​ចុះ​ពីតំណែង គឺ ​តុលាការ​ក្នុង​ស្រុក​ស៊ូដង់ ដែលកើតចេញ​​រដ្ឋាភិបាល​ចម្រុះ​​ ស៊ីវិល​និង​យោធា បាន​កាត់ទោស​អតីតថ្នាក់ដឹកនាំខ្លួន រូបនេះ​ ក្នុង​សំណុំ​រឿង​ជាច្រើន ដូចជា​ រឿង​រដ្ឋប្រហារ រឿង​ពុក​រលួយ និង​ឧក្រិដ្ឋ​កម្ម​ផ្សេងៗទៀត។

ការ​បញ្ចូន​ខ្លួនក្រុម​​ជន​សង្ស័យ​ទៅ ​តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលនេះ គឺ​មិនមែន​ត្រឹមតែ  អាល់បាស្ហៀរ តែម្នាក់ឯងទេ គឺនៅមាន​លោក Ahmed Haroun ជាអតីតរដ្ឋមន្ត្រី និងអតីតអភិបាលតំបន់ Kordafan និងលោក Abdel Rahim Mohanmed Hussein អតីតរដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ ទៀត។ សរុប​ មេដឹកនាំ​ធំ យ៉ាងហោច​បីនាក់ ក្នុង​ឧក្រិដ្ឋ​នៅ ​ដារហ្វួរ ដែលបានសម្រេច​ត្រូវ​បញ្ជូន​ទៅ​ ​​តុលាការព្រហ្មទណ្ឌអន្តរជាតិ ។ ការ​ប្រកាសនេះ គឺចេញពីមាត់​របស់រដ្ឋអាជ្ញាស៊ូដង និងដែលធ្វើ​​ឡើង​ក្រោយ​ជំនួបជជែកគ្នា ប្រមាណ​១សប្តាហ៍ ជាមួយនឹង​ រដ្ឋអាជ្ញា​របស់​​តុលាការព្រហ្មទណ្ឌអន្តរជាតិ  ដែល​ចុះ​ទៅផ្ទាល់ នៅ​ស៊ូដង។ ១សប្តាហ៍មកនេះ​ នៅរដ្ឋធានី​Khartoum រដ្ឋអាជ្ញា​របស់​​តុលាការព្រហ្មទណ្ឌអន្តរជាតិ Karim Khan បាន​ជួប​ប្រាស្រ័យ​នឹង​ថ្នាក់ដឹកនាំ​ស៊ូដង់ ជាច្រើន​នាក់​ ទាំង​ស៊ីវិល​និងទាំង​​យោធា។​   

​អ្នកវិភាគ​ស្ថានការណ៍ស៊ូដង់ យល់ថា ជា​យុទ្ធសាស្ត្រ​របស់ប្រទេសស៊ូដង់ ក្រោម​ការដឹកនាំរបស់រដ្ឋាភិបាល​ចម្រុះ។

ការដែល​គិត​ពី​យុទ្ធសាស្ត្រ​ដឹកនាំស្រុកទេសនេះ ក៏​មិនខុសដែរ។ ចំពោះ​​អ្ន​កវិភាគ គឺគេ​អាច​មើល​ឃើញ​ច្រើន​ចំណុច។ ទី១ ពិតហើយ ថា​ នេះ​ភាព​ចាប់បាច់​ក្នុងការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​និងក្រុម​គ្រួសារ ពិសេស​គឺ​ស្វែងរក​យុត្តិធម៌​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។ ពីព្រោះថា នេះជាបទឧក្រិដ្ឋប្រល័យ​ពូជសាសន៍ ដែល​ជារឿងធំសម្បើមណាស់។

ទី២ ក៏​ជា​ការ​បោះជំហានមួយ ដើម្បីស្តារមុខមាត់​ប្រទេសឡើងវិញ​ ព្រោះថា ស៊ូដង់​ បាន​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ជាច្រើន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ត្រូវ​រងវិបត្តិ​រាំរ៉ៃ​ជាយូរ​ឆ្នាំ​មកហើយ។

ទី៣ គឺអ្នកវិភាគគេមើលឃើញថា វា​អាច​ដោយសារតែ​ការ​ចរចា​និងការ​យល់​ព្រម​គ្នា ពី​ក្រុម​មេៗ​យោធា​ផ្សេងទៀត។ ក៏ប៉ុន្តែ ប្រហែល​ជាមាន​លក្ខខណ្ឌ​សម្រេច​ថា ប្រគល់​ត្រឹមតែ​ឈ្មោះ​៣នេះបានហើយ កុំ​ឲ្យ​បន្លាយ​បញ្ជីឈ្មោះវែង​ ដែល​ធ្វើ​ជាប់​ឈ្មោះ​របស់​ពួក​គេ​ថែមទៀត​​។

តើដំណើរ​កាត់​ទោស អ្នក​ទាំង​បីនេះ អាច​នឹង​ប្រព្រឹត្តិទៅ នៅទីណា?

តាមធម្មតា បើ​ត្រូវ​បញ្ចូន​បន្ត ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺមានតែ​ត្រូវ​ ក្រុងឡាអេ ប្រទេស​ហូឡង់។ ​តែអតីត​អ្នក​ដឹកនាំទាំងបីនេះ កំពុង​តែ​ឋិតនៅក្នុង​ពន្ធនាគារ ក្នុង​រដ្ឋធានី របស់ស៊ូដង់ ហើយ​ពួកគេ​ក៏កំពុង​ត្រូវ​តុលាការ​ក្នុងស្រុក កាត់​ទោស​​ពី​បទល្មើសផ្សេងៗ នៅមិនទាន់​ចប់​សព្វគ្រប់ទេ។

សេណារីយ៉ូ អាច​មាន​ពីរ គឺអាចថា ត្រូវ​​កាត់ទោស​នៅ​ស៊ូដង់ តាម​យន្តការពិសេស ឬក៏​បញ្ចូល​ឲ្យ​ស្រេច​ទៅ​ ក្រុងឡាអេ​ តែម្តង។ បើកាត់ក្តី​នៅ ក្រុង​ឡាអេ​ មិនចំណោទទេ ព្រោះថា​ឆ្នាំមុន ​កាលពីខែមិថុនា ថ្ងៃ​២០២០ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​កាត់ផ្តើម​កាត់ទោស​មេទាហាន​​​ Ali Kosheib ដែល​​ចូលរួម​ក្នុង​វិនាសកម្ម នៅដារ​ហ្វូរ ដែរ​។ លោកនេះ ជា​ មេ​ក្រុម​ឧទ្ទាម ដែល​មាន​ឥទ្ធិពល​ខ្លាំង​ នៅដារហ្វួរ និងដែល បាន​គេច​ខ្លួនអស់​​១៣ឆ្នាំហើយ​។ បើ សវនាការ​ធ្វើ​នៅឡាអេ មិនទាស់ខុសអីទេ​។

​សេណារីយ៉ូទី២ គឺគេ​អាច​បង្កើត​តុលាការ​កូន​កាត់​នៅស្រុក​ស៊ូបង់។​ ប្រហែល​យក​គំរូ​តាម​ តុលាការ​កាត់ទោស​មេដឹកនាំខ្មែរក្រហម នៅកម្ពុជា​ដែរ​ ដោយ​មានចៅក្រម​ក្នុងស្រុក​ និង​ចៅក្រម​អន្តរជាតិ ហើយ​និងបុគ្គលិក​ចម្រុះ​សាសន៍​ចូលរួម។​ ត្រង់​ចំណុចនេះ​ ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ ប្រចាំ​ស៊ូដង់  ប្រាប់​អ្ន​កសារព័ត៌មាន​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​នឹង​ជួយ​ ស៊ូដង់ ដើម្បី​បង្កើត​តុលាការ​កូន​កាត់​ នៅ​ទឹក​ដីស៊ូ​បង់​ ផ្ទាល់​តែម្តង​។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយទេ តែ​គេគ្រោង​នឹង​រៀបចំ​សន្នីសីទ​ពន្យល់​សំណុំ​រឿង​ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ ​​ដារហ្វួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ