អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមតាលីបង់​ជួប​អតីត​មេដឹកនាំ​អាហ្វហ្កានីស្ថានដើម្បីពិភាក្សា​បង្កើតរដ្ឋាភិបាល​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

៤ថ្ងៃ​ក្រោយ​ក្រុមតាលីបង់ វាយចូល​កាន់កាប់​បាន​អាហ្វហ្កានីស្ថាន​ទាំងស្រុង មន្រ្តីជាន់ខ្ពស់​តាលីបង់ និងអតីតថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែលមានដូចជា​អតីតប្រធានាធិបតី ហាមីដ ការហ្សៃ បាន​ជួប​ពិភាក្សា​គ្នា ជាលើកទី​១ នៅ​ទីក្រុង​កាប៊ូល នៅថ្ងៃ​ពុធទី ១៨ខែ​សីហា ឆ្នាំ ២០២១។ ទិសដៅ​នៃ​កិច្ចប្រជុំ​រវាង​ក្រុមតាលីបង់ និង​អតីត​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន គឺការឈាន​ទៅ​បង្កើត​រដ្ឋាភិបាល ដែល​មានការចូលរួម​ពីអតីតមន្រ្តីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែល​ជា​ការទាមទារ​ផងដែរ​ពីខាង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

អតីតប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហាមីដ ការហ្សៃ ខាងឆ្វេង , ជាមួយ​មន្រ្តីជាន់ខ្ពស់​របស់​ក្រុមតាលីបង់ លោក​អាណា ហាកានី Anas Haqqani ស្តាំ  នៅក្នុង​ជំនួបចរចា កាលពីថ្ងៃពុធទី ១៨​ខែ សីហា ឆ្នាំ ២០២១
អតីតប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហាមីដ ការហ្សៃ ខាងឆ្វេង , ជាមួយ​មន្រ្តីជាន់ខ្ពស់​របស់​ក្រុមតាលីបង់ លោក​អាណា ហាកានី Anas Haqqani ស្តាំ នៅក្នុង​ជំនួបចរចា កាលពីថ្ងៃពុធទី ១៨​ខែ សីហា ឆ្នាំ ២០២១ AP - Taliban
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​វាយដណ្តើមបាន​អំណាច​នៅ​អាហ្វហ្កានីស្ថាន កាលពី​ថ្ងៃអាទិត្យ ក្រុមតាលីបង់ បាន​បើកកិច្ចប្រជុំ​នយោបាយ​ជាមួយ​អតីត​មេដឹកនាំ​អាហ្វហ្កានីស្ថាន ដូចជា​លោក​ហាមីដ ការហ្សៃ ដែលជាអតីតប្រធានាធិបតី​អាហ្វហ្កានីស្ថាន។

ដោយ​ប្រយុទ្ធ វាយដណ្តើម​យកប្រទេស ពី​ដៃ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដោយ​មិន​បាច់​ប្រឹងខ្លាំង ព្រោះ​កងទ័ព ឬ​មន្រ្តី​រដ្ឋាភិបាល​ចាស់ បាន​ទម្លាក់អាវុធ ចុះចាញ់ មិន​ព្រមប្រយុទ្ធ ក្រុមតាលីបង់ បាន​សន្យា​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​មួយ ដែល​មាន​រួមបញ្ចូល សមាសភាពមក ពីខាង​អតីត​មន្រ្តី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

នៅក្នុង​ជំនួប​នយោបាយ នៅទីក្រុង​កាប៊ូល កាលពី​ថ្ងៃ​ពុធទី ១៨ ខែសីហា គេ​ឃើញមាន មន្រ្តីជាន់ខ្ពស់​របស់​តាលីបង់ គឺ លោក​អាណា ហាកានី Anas Haqqani បានជួប​ចរចា ​ជាមួយ​ឥស្សរជនជាន់ខ្ពស់ របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន គឺ​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ​លោក​ហាមីដ ការហ្សៃ និង​អតីត​អនុប្រធានាធិបតី អាប់ឌុឡា អាប់ឌុឡា ដែលមាននាទីផងដែរ ជា​ប្រធានក្រុមប្រឹក្សាជាតិ​ដើម្បីការផ្សះផ្សារជាតិ។

លោកប្រធានាធិបតី​អាហ្វហ្កានីស្ថាន អាស្រាហ្វ ហ្កានី ដែល​បាន​រត់ភៀសខ្លួន​ទៅ​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម នៅពេល​ក្រុមតាលីបង់​ចូល​កាន់អំណាច​នៅទីក្រុង​កាប៊ូល កាលពីថ្ងៃអាទិត្យ បានចេញមុខ​ជាលើកទី១ នៅក្នុង​វីដេអូ នៅថ្ងៃ​ពុធទី ១៨សីហា ដើម្បីគាំទ្រ ជំនួប​ពិភាក្សា នយោបាយ​ជាមួយ​ក្រុមតាលីបង់ និង​ថា លោក​ចង់​វិលត្រលប់​ចូល​ប្រទេស​វិញ នៅ​ថ្ងៃ​ខាងមុខ។ នៅក្នុង​វីដេអូ បង្ហោះតាម​បណ្តាញសង្គម លោក​អាស្រាហ្វហ្កានី​បាន​និយាយ​ផងដែរថា លោក​ត្រូវ​ក្រុមការពារ​សន្តិសុខ​ជម្លៀសបន្ទាន់​ពី​ទីក្រុង​កាប៊ូល ដោយសារខ្លាចថា លោកអាច​ជាមេដឹកនាំ​អាហ្វហ្កានីស្ថាន​មួយរូប​ដែលត្រូវ​ពួកតាលីបង់​ចាប់ព្យួរ ក នៅពេល ក្រុមនេះ​ចូល​កាន់កាប់ទីក្រុង​កាប៊ូល។

ហេតុអ្វី​នៅក្នុង​ជំនួប​ជាមួយ​ក្រុមតាលីបង់ ស្រាប់តែ​គ្មានមុខ​របស់​ប្រធានាធិបតី អាហ្វាហ្កានីស្ថាន លោក​អាស្រាហ្វ ហ្កានី ប៉ុន្តែ បែរជា​អតីត​ប្រធានាធិបតី លោកហាមីដ ការហ្សៃទៅវិញ?

លោក​ហាមីដ ការហ្សៃ និង លោក​អាប់ឌុឡា អាប់ឌុឡា ដែលជា​ប្រធាន​ក្រុមចរចា ជាមួយ​ពួកតាលីបង់ គឺ​ជា​សត្រូវ គូប្រជែង​របស់​លោក​ប្រធានាធិបតីអាហ្វហ្កានីស្ថាន អាស្រាហ្វ ហ្កានី។ នៅពេល​ដឹកនាំ​អាហ្វហ្កានីស្ថាន លោក​អាស្រាហ្វ ហា្កនី មិនដែល​លេចមុខ​ក្នុង​ចរចា​ជាមួយ​ពួកតាលីបង់​ម្តងនោះទេ។ ប៉ុន្តែ គឺ អតីត​ប្រធានាធិបតី ការហ្សៃ និង​លោក​អាប់ឌុឡា អាប់ឌុឡា ដែល​ធ្លាប់​ជួបចរចា​ជាមួយ​មេដឹកនាំ​តាលីបង់ ជាច្រើន​លើកមកហើយ នៅ​ទីក្រុង​ដូហា​ប្រទេស​កាតា។

នៅក្នុង​ការចរចា​រហូតមក ក្រុមតាលីបង់ បាន​សន្យា បង្កើត​រដ្ឋាភិបាល​ថ្មីមួយ ដែលមានការចូលរួម ពី មន្រ្តីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ពោល​គឺ មិនផាត់ចោល ដើម្បី​គ្រប់គ្រង​អំណាច​ផ្តាច់មុខ​តែម្នាក់ឯង​ដូច​កាលពី​២៥ឆ្នាំមុននោះទេ។

តាលីបង់ ចង់បាន​ការទទួលស្គាល់ ពីសហគមន៍​ជំនួយ​អន្តរជាតិ

ដោយចរចា​ដាក់បញ្ចូល អតីត​មន្រ្តីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ទៅក្នុង សមាសភាព​រដ្ឋាភិបាល​ថ្មី ក្រុមតាលីបង់ ចង់​បង្ហាញ​ថា ក្រុមខ្លួន​បាន​ធ្វើ​ស្របតាម សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ។

ក្រុមតាលីបង់​ធ្វើ​ដូច្នេះ ព្រោះ​តែ​ចង់​បាន​ការទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ថា ជា​អ្នកដឹកនាំ​អាហ្វហ្កានីស្ថាន​ស្របច្បាប់។ ចាប់តាំងពីថ្ងៃអាទិត្យ មាន​ប្រទេស​មួយចំនួន ដូចជា​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​តួកគី បាន​ចាប់​ទទួល​ស្គាល់ ក្រុមតាលីបង់​ថា ជាអ្នកដឹកនាំ​អាហ្វហ្កានីស្ថាន។

ប៉ុន្តែ ការទទួល​ស្គាល់​តែ​ពី​ខាង ប៉ុន្មាន​ប្រទេស​ខាងលើ​នេះ មិន​គ្រប់គ្រាន់​ទេ។ ដោយ​សុខចិត្ត​បែងចែក​អំណាច​ជាមួយ​អតីត​មន្រ្តី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ក្រុមតាលីបង់​ចង់​បញ្ចុះបញ្ចូល ប្រទេស​ដទៃ​ឲ្យ​ទទួល​ស្គាល់​អំណាច​ស្របច្បាប់​របស់ខ្លួន នៅ​អាហ្វហ្កានីស្ថាន។ តាលីបង់ ចង់​បញ្ចុះបញ្ចូល ក្រុម​ប្រទេស​លោក​ខាងលិច ដែល​មាន​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត ឲ្យ​ទុកចិត្តខ្លួន ថា នឹង​មិន​ដឹកនាំ​ប្រទេស តាម​លទ្ធិ​ផ្តាច់ការ តឹងរ៉ឹង ដូចការកាន់អំណាច ពី​ឆ្នាំ ១៩៩៦​ដល់​ឆ្នាំ ២០០១​នោះទេ។

បើសិន បានការទទួលស្គាល់​ពី​ក្រុមប្រទេសលោកខាងលិច ជាពិសេស អាមេរិក ក្រុមតាលីបង់​នឹង​អាច​ឈ្នះ​ទាំង​ក្នុង​សមរភូមិ​ប្រយុទ្ធ និង​ផ្នែកការទូត។ វាជាការបើកផ្លូវ​ឲ្យ​រដ្ឋាភិបាលតាលីបង់ បានទៅទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហគមន៍​អន្តរជាតិ។

ជំនួយ​អន្តរជាតិ សំខាន់ណាស់ សម្រាប់​ឲ្យ​ក្រុមតាលីបង់​មាន​អំណាច​ពេញលេញ នៅ​អាហ្វហ្កានីស្ថាន។ សូមបញ្ជាក់ថា ចាប់តាំង​ពី​ហេតុការណ៍ ធ្លាក់​ក្រុងកាប៊ូលក្នុង​ដៃ​របស់ពួកតាលីបង់ ដែលគេធ្លាប់ស្គាល់ថា ជា​ក្រុមឃោឃៅ​ រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅអាហ្វហ្កានីស្ថាន ប្រទេស​នៅអឺរ៉ុបជាច្រើន​បាន​ប្រកាស​ផ្អាកជំនួយ ចំណែកអាមេរិក បាន​ប្រកាស​ផ្អឹបទុក មាស និង​ទ្រព្យសម្បត្តិ របស់រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ជាង ៧ពាន់លាន​ដុល្លារ មិន​ឲ្យ​ក្រុមតាលីបង់​អាច​ចូលប្រើប្រាស់បាន។

មូលនីធិរូបិយវត្ថុអន្តរជាតិវិញ ទើប​បាន​ប្រកាស​នៅថ្ងៃ​ពុធទី ១៨ ខែ សីហាថា ដោយសារ​តែ សហគមន៍​អន្តរជាតិ នៅមិនទាន់​ប្រាកដចិត្ត ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នៅអាហ្វហ្កានីស្ថាន មូលនិធិ​បាន​សម្រេច​ផ្អាក ការផ្ទេរ​ប្រាក់ជំនួយ​ឥណទាន សម្រាប់​ការអភិវឌ្ឍន៍ ជាង ១០០​លាន​ដុល្លារ​ទៅកាន់​ប្រទេស​អាហ្វហ្កានីស្ថាន។

អនាគត​គម្រោងការ​របស់​ធនាគារ​ពិភពលោក ដែល​បាន​ផ្តល់​ប្រាក់កម្ចី ជាង ៥ពាន់លាន​ដុល្លារ​ទៅ​អាហ្វហ្កានីស្ថាន ចាប់តាំងពី​ឆ្នាំ ២០០២ ក៏ស្ថិតក្នុងភាពស្រពិចស្រពិល ជាពិសេស នៅពេល​ធនាគារ​ពិភពលោក​កំពុង​ព្យាយាម ជម្លៀស​បន្ទាន់ មន្រ្តីរបស់ខ្លួន​ចេញពី​ទីក្រុង​កាប៊ូល។

លោកចូបៃដិន ថា កងទ័ពអាមេរិក​នឹង​បន្តនៅ​អាហ្វហ្កានីស្ថាន នៅក្រោយ ថ្ងៃទី ៣១​សីហា

ការនិយាយធានាអះអាង​របស់​ពួកតាលីបង់ មិនបាន​បញ្ចុះបញ្ចូល​ប្រជាជន​អាហ្វហ្កានីស្ថាន​រាប់ម៉ឺននាក់ ដែល​ចង់គេចចេញពី​របបតាលីបង់ ដោយ​បន្ត​សម្រុកធ្វើដំណើរ​ទៅ​កាន់ព្រលានយន្តហោះ ដែលគ្រប់គ្រង​ដោយទាហាន​អាមេរិកាំង។

លោក​ប្រធានាធិបតី អាមេរិក ចូ បៃដិន បាន​និយាយ​ប្រាប់ទូរទស្សន៍អាមេរិកថា កងទ័ព​អាមេរិក​នឹង​នៅបន្តឈរជើង​នៅអាហ្វហ្កានីស្ថាន នៅក្រោយ ថ្ងៃទី ៣១​សីហា ដើម្បី​ជម្លៀស​បញ្ចេញ​ទាល់តែអស់ ជនជាតិអាមេរិកាំង​ពីអាហ្វហ្កានីស្ថាន។

នៅ​ថ្ងៃ​ពុធ ក្រុមតាលីបង់បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​គ្មាន​សិទ្ធិ លិខិត​ធ្វើដំណើរ​ចេញពី​អាហ្វហ្កានីស្ថាន ចាកចេញ ពី​ព្រលានយន្តហោះ ដើម្បី​ត្រលប់​ទៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែ សាក្សីជាច្រើន​បាន​និយាយ​ថា ទាហាន​តាលីបង់​បាន​ព្យាយាម បន្ទុចបង្អាក់ដំណើរ​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន ដែល​សម្រុក​ធ្វើដំណើរ​ទៅ​កាន់​ព្រលាន​យន្តហោះ ការហ្សៃ ដែល​ជា​ច្រកចេញ​តែមួយ ពីទឹកដី​អាហ្វហ្កានីស្ថាន។ គិតតាំង​ពី​ថ្ងៃអាទិត្យ មាន​មនុស្ស​១២នាក់ បាន​ស្លាប់ ដោយសារ​ការប៉ះទង្គិចអាវុធ ឬ​ការរត់ជាន់គ្នា នៅក្រៅ និង​ក្នុង​ព្រលានយន្តហោះ ការហ្សៃ ក្នុង​រដ្ឋធានី​កាប៊ូល។

តើ​ការតា​បាន​ដើរតួនាទី និង​ទំនាក់ទំនងអ្វីខ្លះ ជាមួយ​ពួកតាលីបង់?

ប្រទេស​ការតា​បាន​ផ្តល់​កន្លែង ចរចា​សន្តិភាព សម្រាប់អាហ្វហ្កានីស្ថាន​រហូតមក។ មេដឹកនាំ​តាលីបង់ លោក ម៉ុលឡា​ អាប់ឌុល ហ្កានី បារ៉ាដា ដែល​បាន​ធ្វើដំណើរ​ត្រលប់ទៅ ទីក្រុង​កាប៊ូល កាលពីថ្ងៃ​អង្គារ ក៏បាន​ចាកចេញពី​ការតា​ដែរ។

នៅពេល មេដឹកនាំ​ធំទី​២​របស់​ក្រុមតាលីបង់​លោក ម៉ុលឡា​ អាប់ឌុល ហ្កានី បារ៉ាដា​ធ្វើដំណើរ​ចាកចេញ​ពី​ទីក្រុង​ដូហា ទៅដល់​ទីក្រុង​កាប៊ូល កាល​ពី​ថ្ងៃអង្គារ ទំនាក់ទំនង​រវាងប្រទេស​ការតា និង​ក្រុមតាលីបង់ បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​របស់គេ​គ្រប់គ្នា។

គេ​ចាប់ផ្តើម​ចោទសួរ​ពី​តួនាទី និង​ទំនាក់ទំនង​របស់​ប្រទេស​ការតា ជាមួយ ក្រុមតាលីបង់ ដែល​បាន​វាយដណ្តើម ចូលកាន់​អំណាច នៅអាហ្វហ្កានីស្ថាន ក្នុងរយៈពេល​ដ៏ខ្លី ដែល​គ្មានអ្នកណា​គិតស្មានដល់។

តើ​ការតា​ជា​អ្នកផ្គត់ផ្គង់ គាំទ្រ នៅពីក្រោយ​ក្រុមតាលីបង់?

ការតាបាន​ផ្តល់​ជំរក ទីតាំង​ដល់​មេដឹកនាំ​និង​សកម្មជនប្រយុទ្ធជាច្រើន​របស់​តាលីបង់ អស់ជាច្រើន​ឆ្នាំមកហើយ។ ក្រុមតាលីបង់​ថែមទាំងមាន​ទីស្នាក់ការ​របស់ខ្លួន នៅទីក្រុង​ដូហា ប្រទេស​ការតា​ទៀតផង។ ប៉ុន្តែ មិនមែន​ដោយសារ​ការតា នឹកឃើញ ចង់​ធ្វើ​ខ្លួនឯងនោះទេ។ តើ ការតា​បានទទួល​ផ្តល់​កន្លែងជ្រក​ដល់​មេដឹកនាំ​តាលីបង់ ដែល​ជា​សត្រូវ​របស់​សម្ព័ន្ធមិត្ត​អាមេរិក បានយ៉ាងម៉េច? ការតា​ទទួល​មេដឹកនាំ​ក្រុមតាលីបង់ ក្នុងទឹកដី​របស់ខ្លួន ក៏ដោយសារ​តែ​មាន​សំណូមពរ​ពី​អាមេរិក​ហ្នឹងដែរ។ ដើម្បី បើក​ការចរចា បិទបញ្ចប់​សង្រ្គាម​ជាមួយ​ក្រុមតាលីបង់ អាមេរិក​បាន​ដាក់​សម្ពាធ ប៉ាគីស្ថាន ឲ្យ​ដោះលែង​លោក ម៉ុលឡា​ អាប់ឌុល ហ្កានី បារ៉ាដា មេដឹកនាំ​ទី ២​របស់​ក្រុមតាលីបង់ និង​បាន​សុំ​ឲ្យ​ការតា ផ្តល់​ទីតាំងជ្រកកោនទីតាំងដល់ មេដឹកនាំ និង​សកម្មជន​ប្រយុទ្ធតាលីបង់​ផ្សេងទៀត ដែលអាមេរិក​បាន​ទាមទារ​ឲ្យ​គេ​ដោះលែង មានសេរីភាព ចាប់តាំង​ពី​ឆ្នាំ ២០១៨។

ជារួម ការតា បាន​ដើរតួនាទី​សំខាន់ ត្រឹម​តែ​ផ្តល់​កន្លែងសម្រាប់​ការចរចា សម្រាប់ អាហ្វហ្កានីស្ថានតែប៉ុណ្ណោះ។ ការតា​មាន​មោទនភាព​ដែល​ឃើញ ថា ខ្លួន មានចំណែក ជួយ​ឲ្យ​មាន​កិច្ចព្រមព្រៀង អាមេរិក ​តាលីបង់ ដែល​និយាយ​ពីការដកទ័ពអាមេរិក ជាថ្នូរ​ទៅនឹង​ការសន្យា​របស់​ក្រុមតាលីបង់​ថា នឹង​មិន​ផ្តល់​ជំរកដល់​ក្រុមភេរវនិយម ដើម្បី​វាយប្រហារ​អាមេរិក។ ប៉ុន្តែ សួរថា តើ​ការតា​នឹង​ទទួលស្គាល់​រដ្ឋអំណាច​តាលីបង់​ដែរឬទេ។ ការតា ដែលមាន​មូលដ្ឋាន ទ័ព​អាមេរិក ក្នុង​ទឹកដី​របស់ខ្លួន នៅរង់ចាំ​ភ្លើងខៀវ​ពីអាមេរិក​ជាមុនសិន។ អាមេរិក​ដែល​បាន​ប្រកាសហើយថា នឹង​អាច​ទទួលស្គាល់ ឬ​មិនទទួលស្គាល់ គឺអាស្រ័យទៅលើ​សកម្មភាព​របស់​ក្រុមតាលីបង់ ប៉ុន្តែ មិនមែនទៅលើ​សំដី​សន្យា​របស់​ក្រុមតាលីបង់​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ