អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​បន្ត​ប្រតិបត្តិ​ការ​យ៉ាង​សស្រាក់​សស្រាំ​​ជម្លៀស​ពលរដ្ឋ​និង​សម្ព័ន្ធ​មិត្តចេញ​ពី​ក្រុង​កាប៊ុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

៦ ថ្ងៃ​ក្រោយទី​ក្រុង​កាប៊ុល​ធ្លាក់​ក្នុង​ដៃ​ក្រុម​តាលីបង់​ លំហូរ​នៃ​មនុស្ស​ដែល​រត់ភៀស​ខ្លួននៅតែ​មាន​ច្រើន​លើស​លុប​។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ​ កំពុង​បន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ និង​សម្ព័ន្ធមិត្ត​យ៉ាង​សស្រាក់​សស្រាំ​ចេញពី​ក្រុង​កាប៊ុល​។ ដោយឡែកខណៈ​ភាព​ជ្រួលច្របល់​បន្តកើតមានខ្លាំង​ឯ​ព្រលានយន្តហោះ​ការហ្សៃ​ ប្រធានាធិបតីអាមេរិក​លោកចូ បៃដិន​ បាននិយាយ​ថា​គ្រោះថ្នាក់​ផ្សេងៗ​អាចនឹងកើតមាន​ក្នុង​កាលៈទេសៈតានតឹង​បែប​នេះ។


ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ទារកម្នាក់ត្រូវបានហុចប្រគល់ឲ្យកងទ័ពអាមេរិក លើជញ្ជាំងរបងព្រលានយន្តហោះការហ្សៃដែលមានបន្លាលួសព័ទ្ធពីលើ។
ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ទារកម្នាក់ត្រូវបានហុចប្រគល់ឲ្យកងទ័ពអាមេរិក លើជញ្ជាំងរបងព្រលានយន្តហោះការហ្សៃដែលមានបន្លាលួសព័ទ្ធពីលើ។ via REUTERS - Social Media
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​របស់​លោកចូ បៃដិន​ជុំវិញ​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ចេញពី​អាហ្វហ្កានីស្ថាន

៦ ថ្ងៃ​ តាំងពី​ក្រុមតាលីបង់​ត្រលប់ទៅ​ក្តោបក្តាប់​អំណាច​វិញ​សាជាថ្មី​ ភាព​ជ្រួល​ច្របល់​នៅតែ​បន្តកើតមានយ៉ាងខ្លាំង​ដដែល​ក្នុង​ប្រទេស​អាហ្វហា្កនីស្ថាន​។ នាខណៈពេលនេះ​ ថ្នាក់​ដឹកនាំ​កំពូល​តាលីបង់​កំពុងតែគិតគូរ​និង​ពិភាក្សាជាមួយ​ភាគីជាច្រើន​ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ។​ ចំណែក​សហរដ្ឋអាមេរិក​ឯណោះវិញ​ កំពុងបន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋអាមេរិកាំង​ និង​សម្ព័ន្ធមិត្ត​​អាហ្វហ្កានីស្ថាន​ដែលធ្លាប់បម្រើការងារ​ឲ្យខ្លួន​យ៉ាង​សស្រាក់សស្រាំ​ជាទីបំផុត​។

ស្របពេល​ដែល​ប្រតិបត្តិការជម្លៀស​កំពុងបន្តធ្វើ​ ប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន បានមុខ​ថ្លែងជាថ្មី​ពី​ស្ថានការណ៍​ក្នុង​ប្រទេសអាហ្វហ្កានីស្ថាន​ កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ​។ នៅក្នុង​អន្តរាគមន៍​ជាលើកទី២​ ក្រោយ​ក្រុង​កាប៊ុល​ធ្លាក់ក្នុងដៃពួក​តាលីបង់​ លោកបៃដិន បាន​គូសបញ្ជាក់ឲ្យដឹងថា​ សហរដ្ឋអាមេរិក​ជម្លៀស​មនុស្ស​បាន​ចំនួនប្រមាណ ១ម៉ឺន ៣ ពាន់​នាក់ហើយ​។

ថ្លែងចេញពីសេតវិមាន​ លោកបៃដិន ថា ការជម្លៀសមនុស្សចេញពី​អាហ្វហ្កានីស្ថាន​ គឺជា​ប្រតិបត្តិការ​ដ៏ធំ​ និងជាប្រតិបត្តិការដ៏ពិបាក​មួយ​ក្នុងប្រវត្តសាស្ត្រ​។ ក៏ប៉ុន្តែ​លោកថា​ ការ​ជម្លៀស​ពលរដ្ឋអាមេរិក​ដែលជា​អាទិភាពចំបងគេ​របស់​ក្រុងវ៉ាស៊ីនតាន មិន​ត្រូវ​បាន​រារាំង​ដោយ​ក្រុមតាលីបង់​ឡើយ​។

“ជនជាតិ​អាមេរិកណាម្នាក់​ដែលចង់ត្រលប់​មក​ស្រុកកំណើតវិញ យើងនឹងនាំ​អ្នកមក​ផ្ទះ​វិញ​”។ នេះជាការលើកឡើង​របស់​ម្ចាស់​សេតវិមានអាមេរិក។

តើអាមេរិក​បានប្តេជ្ញា​ដូចម្តេចខ្លះ​ក្នុងការ​ជម្លៀស​សម្ព័ន្ធមិត្ត​អាហ្វហ្កានីស្ថាន​ចេញពី​ក្រុង​កាប៊ុល?

នៅក្នុង​អន្តរាគមន៍​របស់លោក​ចូ បៃដិន កាលពីថ្ងៃសុក្រ​ម្សិលមិញ​ ក្រុមអ្នក​យកព័តមាន​ជាច្រើន​ ក៏បាន​ចោទសួរលោក អំពីការប្តេជ្ញាចិត្តរបស់ប្រទេសអាមេរិក ក្នុងការជម្លៀស​អ្នកធ្លាប់ធ្វើការឲ្យខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថាន។

សំណួរដ៏សំខាន់មួយ​ ដែលអ្នកកាសែតចោទសួរលោកបៃដិន​ និងដែលមានចុះផ្សាយលើសារព័ត៌មាន BBC គឺថាតើ​សហរដ្ឋអាមេរិក​ ប្តេជ្ញាចិត្ត​ខ្លាំង​ដូចគ្នា​ឬក៏​អត់​ ក្នុងការជម្លៀស​សម្ព័ន្ធមិត្ត​អាហ្វហ្កានីស្ថាន​ ចំនួន​ប្រមាណជា​ ៥ ម៉ឺន ទៅ ៦ ម៉ឺន ៥ ពាន់នាក់ចេញពីរដ្ឋធានទីកាប៊ុល ដូចគ្នាទៅនឹង​ការជម្លៀសពលរដ្ឋអាមេរិក​?

លោកចូ បៃដិន​ បានលើកឡើងថា​ការជម្លៀស​ប្រជាជន​យ៉ាងច្រើន​ចេញពីទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន​ គឺជា​ប្រតិបត្តិដ៏ធំ​និងដ៏គ្រោះថ្នាក់មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​។ ស្ថិតក្នុង​កាលៈទេសៈ​ដូចពេលនេះ​ លោកថាហានិភ័យ​ឬគ្រោះថ្នាក់រហូត​បណ្តាលឲ្យមានការបាត់បង់ជីវិត​ ទំនងជារឿងដែលអាចនឹងកើតមានឡើងក៏ថាបាន​។

លោកបៃដិន សង្កត់ធ្ងន់ដែរថា​លោកមិនអាចនិយាយសន្យាជាមុននោះទេ​ ថា​លទ្ធផល​ចុង​ក្រោយ នឹងទៅជាយ៉ាងណា​ ឬថាវានឹងគ្មានហានិភ័យ​ ឬគ្មានគ្រោះថ្នាក់ដល់​អាយុជីវិត​មនុស្សកើតឡើង​នោះ។​ ប៉ុន្តែយ៉ាងណាក៏ដោយ​ ប្រមុខដឹកនាអាមេរិករូបនេះ​បានប្តេជ្ញាថា នឹង​ជម្លៀសពលរដ្ឋអាមេរិក និងដៃគូពាក់ព័ន្ធទាំងអស់ចេញពីក្រុងកាប៊ុលឲ្យបាន​ ទោះបីជាត្រូវជួបឧបស្គអ្វីក៏ដោយចុះ​។

ជាការគួរឲ្យកត់សម្គាល់ដែរ​ លោកចូ បៃដិន នៅតែ​បន្ត​ការពារនូវសេចក្តី​​សម្រេចចិត្ត​របស់​លោក​ ក្នុងការ​ដកកងទ័ពចេញពី​អាហ្វហ្កានីស្ថានដដែល​ និងបានឆ្លៀត​លើកបញ្ជាក់ពីចំណុច​ដែល​សហរដ្ឋ​អាមេរិកបានឈ្មុសឈ្មុលនិងអាច​ជម្លៀស​មនុស្សបានជាច្រើន ចាប់តាំង​ពី​ភាពជ្រួល​ច្របល់ បានផ្ទុះឡើងនៅអាកាសយានដ្ឋាន​ការហ្សៃ ក្នុងទីក្រុង កាប៊ុល នៅ​ថ្ងៃចន្ទដើម​សប្តាហ៍នេះមក។

កិត្តិសព្ទ​អាមេរិក​ធ្លាក់ចុះ​?

ចង់ឬមិនចង់​ វិបត្តិនៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ពេលនេះ​បានក្លាយទៅជា​ស្រមោល​មួយទៀត​ តាមអន្ទងគ្របដណ្តប់ពីលើឋានៈរបស់​សហរដ្ឋអាមេរិក ក្នុងមានជា​កំពូល​មហាអំណាច​ពិភព​លោក​ និងសមត្ថភាពរបស់អាមេរិក​ក្នុងការជួយសម្ព័ន្ធមិត្ត​ ឬក៏​ក្រុម​អ្នកដែល​ធ្លាប់បម្រើ​ការងារឲ្យអាមេរិក​ នៅជុំវិញ​ពិភពលោក​។

ក្រុមតាលីបង់​ វាយលុកដណ្តើមយកបានរដ្ឋធានីកាប៊ុល កាលពីសប្តាហ៍មុន​ ហើយវា បានទៅ​បិទបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំ ទាំងដែល​រដ្ឋបាល​របស់លោកចូ បៃដិន នៅមិន​ទាន់បានដកកងទ័ពចេញ​ទាំងស្រុង​ពី​អាហ្វហ្កានីស្ថានផង​។ ការ​ដកកងទ័ព​អាមេរិកចេញ​អស់ទាំងអស់​គ្រោងធ្វើរហូតដល់ថ្ងៃទី ៣១ ខែសីហានេះ​។

លោកប្រធានាធិបតីអាមេរិកចូ បៃដិន និងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត​ មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសឹងមិនជឿនោះទេ​ ថា​​ពួក​តាលីបង់ ​អាច​វាយ​ចូល​កាន់កាប់​ក្រុង​កាប៊ុល​យ៉ាង​ងាយ​ស្រួល ដោយ​ចំណាយ​ពេល​មិន​ដល់១០ថ្ងៃ​ និងមិន​បាច់​ប្រយុទ្ធ និង​គ្មាន​ការ​បង្ហូរ​ឈាម​មួយ​ដំណក់​។

ក្រុមតាលីបង់​ បានសន្យាថា​នឹង​ដឹកនាំអាហ្វហ្កានីស្ថាន​ឆ្ពោះទៅរកចំណុចវិជ្ជមាន​ ខុស​កាល​សម័យ​កាន់អំណាច​របស់ខ្លួន​ក្នុងឆ្នាំ ១៩៩៦-២០០១ ដែលកាលណោះ​ តាលីបង់​ មាន​កេរ្តិ៍ឈ្មោះល្បាញល្បីខ្លាំងក្នុងការអនុវត្តច្បាប់អ៊ីស្លាមជ្រុលនិយមតឹងតែងខ្លាំង​ និងមាន​កំណត់ត្រា​សិទ្ធិ​មនុស្សអាក្រក់ខ្លាំង​ក្នុងពិភពលោក​។

ស្ត្រីអាហ្វហ្កានីស្ថាន​ ត្រូវបានគេហាមឃាតមិនឲ្យធ្វើការក្នុងសង្គមបាន​ ក្មេង​ស្រីត្រូវ​បានហាមឃាត់​មិនឲ្យចូលសាលា​ ហើយចំពោះអ្នកដែល​ប្រព្រឹត្ត​ទង្វើអំពើផិតក្បត់​វិញ ត្រូវគេប្រហារជីវិត​ដោយគប់នឹងដុំថ្មរហូតដល់ស្លាប់​។

ភ្លាមៗក្រោយ​វាយដណ្តើមគ្រប់គ្រងអាហ្វហ្កានីស្ថាន​ ពួកតាលីបង់​ បាន​ប្តេជ្ញាមិន​សងសឹក​គូប្រជែង​ សន្យាគោរព​សិទ្ធិសេរីភាពសារព័ត៌មាន​ និងគោរព​សិទ្ធិស្ត្រី​ ប៉ុន្តែ​ត្រូវស្ថិត​នៅក្នុងរង្វង់​នៃ​ច្បាប់អ៊ីស្លាម។ ពួកគេ សន្យាថា​ នឹងលើកលែងទោស​ ចំពោះក្រុមអ្នក​ធ្លាប់ ធ្វើការ​ជាមួយរដ្ឋាភិបាលចាស់​ដែលគាំទ្រដោយ​សហរដ្ឋអាមេរិក​។

ប៉ុន្តែ​របាយការណ៍របស់អង្គការសហប្រជាជាតិ​បង្ហាញថា​ ក្រុមតាលីបង់​ បាននិង​កំពុងតាម​ប្រមាញ់​រកមុខ​អតីត​មន្រ្តីរដ្ឋាភិបាលក្រុងកាប៊ុល​ និង​ក្រុមអ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​កម្លាំងអាមេរិក​ និងណាតូ​។

យោងតាមឯកសារសម្ងាត់​ដោយ​ទីប្រឹក្សាវាយតម្លៃការគំរាមកំហែង​របស់​អង្គការសហ​ប្រជាជាតិ ដែលត្រូវបានឃើញដោយទីភ្នាក់ងារព័ត៌មាន AFP​ ក្រុមតាលបីង ក៏​កំពុង​តាម​ត្រួតពិនិត្យ​ឆែកឆេរយ៉ាងខ្លាំងដែរ​លើមនុស្សនៅតាម​ផ្លូវ​ទៅអាកាសយានដ្ឋានក្រុងកាប៊ុល​។

អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៊ែរឡាំង​ បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញ​ថា​មាន​ជន​ស៊ីវិល​អាល្លឺម៉ង់ម្នាក់​ត្រូវបានគេបាញ់​ និងរងរបួស​នៅពេលធ្វើដំណើរ​ទៅអាកាសយានដ្ឋាន​ការហ្សៃ​។

ជាមួយគ្នានេះ​ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់​ Deutsche Welle បាន​រាយការណ៍​កាលពី​ព្រហស្បតិ៍ទី​១៩សីហាដែរថា​ ទាហាន​តាលីបង់​បាន​សម្លាប់​សាច់ញាតិ​របស់​អ្នកកាសែត​ម្នាក់​ដែល​កំពុង​ធ្វើការ​ឲ្យ​ទូរទស្សន៍រដ្ឋអាល្លឺម៉ង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ