អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖ កម្លាំងតស៊ូ​នៅ​ខេត្ត​ប៉ាន់ឆៀរ ជាពន្លឺ​នៃក្តី​​សង្ឃឹម​ថ្មី​​ដើម្បី​​ប្រឆាំង​នឹង​ក្រុម​តាលីបង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈដែលក្រុមតាលីបង់ កំពុងតែឈានមកកាន់កាប់អំណាច​ នៅអាហ្វហ្កានីស្ថាន មានក្រុមចលនាតស៊ូមួយ កំពុងតែប្រឹងប្រែងប្រយុទ្ធ មិនចុះញ៉ម នឹងក្រុមតាលីបង់។ ចលនាតស៊ូនេះ មានមូលដ្ឋាននៅក្នុងខេត្ត ប៉ាន់ឆៀរ ដែលស្ថិតនៅខាងជើងឆៀងខាងកើត រដ្ឋធានីកាប៊ូល ហើយ​ដែលខេត្តនេះ ​ក្រុម​តាលីបង់ នៅមិនទាន់វាយ​ដណ្តើម​បាន​នៅឡើយទេ។ តើក្រុមចលនាតស៊ូនៅខេត្តប៉ាន់ឆៀរនេះ អាចនឹងមានសង្ឃឹម​កម្រិត​ណា ក្នុងការយកឈ្នះក្រុមតាលីបង់ ឬមួយនេះ គឺជាចំណុចចាប់ផ្តើម នៃការផុសផុលរើបំរះ ប្រឆាំងនឹងក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន​?

ក្រុមអតីតទាហានអាហ្វហ្កានីស្ថាន ចូលរួមនៅក្នុង​ចលនាតស៊ូខេត្តប៉ាន់ឆៀរ ដើម្បីបន្តប្រយុទ្ធជាមួយ​ក្រុមតាលីបង់។ រូបថត ថ្ងៃទី ២១ សីហា ២០២១ ។
ក្រុមអតីតទាហានអាហ្វហ្កានីស្ថាន ចូលរួមនៅក្នុង​ចលនាតស៊ូខេត្តប៉ាន់ឆៀរ ដើម្បីបន្តប្រយុទ្ធជាមួយ​ក្រុមតាលីបង់។ រូបថត ថ្ងៃទី ២១ សីហា ២០២១ ។ AFP - AHMAD SAHEL ARMAN
ផ្សាយពាណិជ្ជកម្ម

ចលនា​តស៊ូ ដឹកនាំដោយ​កូន​ប្រុសរបស់លោកអតីតមេបញ្ជាការដ៏ល្បី ឈ្មោះ Massoud

បច្ចុប្បន្ននេះ ខេត្តប៉ាន់ឆៀរ (Panchir-Panjshir) គឺជាក្តីសង្ឃឹមចុងក្រោយ នៃការ​តស៊ូប្រយុទ្ធជាមួយ​នឹងក្រុមតាលីបង់​។ ចលនាតស៊ូនេះ មានឈ្មោះថា “សម្ព័ន្ធជាតិនៃការ​តស៊ូ” ដែលដឹកនាំដោយ​ មនុស្ស​ម្នាក់ឈ្មោះ Ahmad Massoud ដែលជាកូនប្រុស របស់លោកអតីតមេបញ្ជាការដ៏ល្បី ឈ្មោះ Massoud ដែលត្រូវបាន​ក្រុមអាល់កៃដាសម្លាប់ កាលពីខែ​​កញ្ញា​ឆ្នាំ​​២០០១ ប៉ុន្មានថ្ងៃមុនភេរវកម្ម​នៅ​ World Trad Center ក្រុងញូយ៉ក។

លោក Ali Maisam Nazary អ្នកនាំពាក្យ​របស់ចលនាតស៊ូនេះ បានអះអាងប្រាប់អ្នកយកព័ត៌មាន​បារាំងថា ចលនានេះ មានកម្លាំងប្រមាណ៩០០០នាក់។ យោងតាមរូបថតខ្លះ ផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP គេឃើញសមាជិក​កងកម្លាំងនេះ កំពុងហាត់សម​ ត្រៀម​ប្រយុទ្ធ អមដោយ​សម្ភារៈសិកមួយចំនួន ដូចជា​រថពាសដែកជាដើម។

ចំណែក លោក Amrullah Saleh អតីតអនុប្រធានាធិបតី​ របស់​រដ្ឋាភិបាល​លោកប្រធានាធិបតី Ashraf Ghani ក៏បាន​រត់ទៅខេត្តប៉ាន់ឆៀរនេះដែរ ជាមួយ​នឹង​មនុស្សប្រមាណ​​មួយ​ពាន់នាក់ទៀត ដែលភាគច្រើន សុទ្ធតែជាបញ្ញាវន្ត សកម្មជនការពារសិទ្ធិមនុស្ស​ និងអ្នកនយោបាយ។ ពួកគេបានរត់ចូលទៅក្នុងខេត្តប៉ាន់ឆៀរ ដើម្បីគេចចេញពី​ក្រុមតាលីបង់ ព្រោះថាខេត្តនេះ គឺជាដែនដីចុងក្រោយ ដែល​ក្រុម​តាលីបង់ មិនទាន់អាចវាយ​ដណ្តើមបាន។

ក្រុមតាលីបង់ មិនទាន់បើកការប្រយុទ្ធ

យោងតាមប្រភពព័ត៌មាន​ភាគច្រើន គឺ​ក្រុមតាលីបង់ មិនទាន់បើក​ការប្រយុទ្ធ ក្នុងទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកខេត្តប៉ាន់ឆៀរនេះទេ។ ក្រុមតាលីបង់ កំពុង​តែជាប់ដៃ មមាញឹក ជាមួយនឹងភាព​ចលាចលខ្លាំង​ នៅតំបន់​ក្រុងកាប៊ូល។ យ៉ាងណាមិញ លោក Serguei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា តំបន់ជ្រលងភ្នំក្នុងខេត្តប៉ាន់ឆៀរ ដែលស្ថិតនៅភាគខាងជើងឆៀងខាងកើត ក្រុងកាប៊ុល គឺមិន​ទាន់ស្ថិតក្រោម​ការកាន់កាប់ របស់​ក្រុមតាលីបង់​ទេ។ ក៏ប៉ុន្តែ មិនមែនមានន័យថា មានការវាយ​ប្រយុទ្ធគ្នា នៅតំបន់នោះដែរ។

លោក Gilles Dorronsoro សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ Paris Panthéon Sorbonne បាន​លើកឡើង​ថា មកទល់ពេលនេះ ក្រុមតាលីបង់ មិន​ទាន់បើកការប្រយុទ្ធ ដើម្បីដណ្តើមយកខេត្តប៉ាន់ឆៀរទេ ព្រោះថាអ្វីដែលក្រុមតាលីបង់ ចង់បង្ហាញប្រាប់ពិភពលោក គឺថាក្រុមខ្លួនមិនចង់បង្ហូរឈាម និងឈានទៅគ្រប់គ្រងអំណាចដោយសន្តិវិធី។

តែយ៉ាងណា លោក Abdul Sayed អ្នកជំនាញនៅសកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បានលើកឡើងថា តាមពិតខេត្តប៉ាន់ឆៀរ ត្រូវក្រុមតាលីបង់ ឡោមព័ទ្ធជិតទៅហើយ។ ហើយយោងតាម អង្គការមនុស្សធម៌អ៊ីតាលីមួយ ឈ្មោះ Emergency បានអះអាងកាលពីថ្ងៃពុធកន្លងទៅ ថានៅមន្ទីរពេទ្យរបស់គេ ក្នុងតំបន់ប៉ានឆៀរ គឺចាប់ផ្តើមមានមនុស្ស​របួស​ដោយ​ការប្រយុទ្ធច្រើនណាស់។ ដូចគ្នាដែរ ជនជាតិបារាំងម្នាក់ ដែលធ្លាប់ចូលរួម​ប្រយុទ្ធ​នៅខេត្តប៉ាន់ឆៀរនេះ កាលពីទសវត្សឆ្នាំ​៩០ បានលើលឡើងថា បច្ចុប្បន្ននេះពុំទាន់មានសមរភូមិប្រយុទ្ធមែន តែ​អាចមាន​ការប៉ះទង្គិចគ្នាខ្លះ រវាងក្រុមតាលីបង់ និងចលនាតស៊ូនៅខេត្តប៉ាន់ឆៀរ ដែលដឹកនាំដោយកូនប្រុស របស់​លោកអតីតមេបញ្ជាការ Massoud។

យុទ្ធនាការផ្សព្វផ្សាយឃោសនា

សម្រាប់ពេលនេះ ចលនាតស៊ូនៅខេត្តប៉ាន់ឆៀរនេះ កំពុងបើកយុទ្ធនាការផ្សព្វផ្សាយ ជាពាក្យសំដី និង​ ឃោសនាតាមបណ្តាញសង្គម ដើម្បីប្រកូកប្រកាស ឲ្យ​មានការចូលរួមគាំទ្រ ឲ្យ​បានច្រើន។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ លោក អាប់ឌូឡា អាប់ឌូឡា អតីតប្រធានាធិបតី​អាហ្វហ្កានីស្ថាន បាន​បង្ហោះរូបថតប៉ុន្មានសន្លឹក នៅលើ Facebook ដែលគេឃើញ គាត់និងលោក ហាមីដ កាហ្សៃ ជួបគ្នាជាមួយនឹង​តំណាង របស់ក្រុមចលនាតស៊ូ នៅខេត្តប៉ាន់ឆៀរ។

ដូច្នេះ យើងឃើញថា ទោះចង់មិនចង់ ចលនាតស៊ូនៅខេត្តប៉ាន់ឆៀរ បានក្លាយ​ជាពន្លកនៃ​ការតស៊ូប្រយុទ្ធជាមួយ​ក្រុមតាលីបង់ហើយ។ ក៏ប៉ុន្តែ បើ​និយាយ​ពីកម្លាំងប្រយុទ្ធ គឺគេសង្ឃឹមតិចណាស់ ថានឹងក្រុមនេះ អាចនឹងឈានទៅយកឈ្នះក្រុមតាលីបង់នោះ។ លោក Ahmad Massoud ដែលដឹកនាំចលនាតស៊ូនេះ ធ្លាប់បានអំពាវនាវ ឲ្យ​សហរដ្ឋអាមេរិកជួយខ្លួន តាមរយៈការជួយ​ផ្តល់អាវុធយុទ្ធភណ្ឌជាដើម។ លោក Nazary  អ្នកនាំពាក្យចលនានេះ បានអះអាងថា ក្រុមខ្លួន នឹងប្រឹងប្រែងប្រយុទ្ធរយៈពេលវែង ប្រសិនបើ​គ្មានការ​ស្រុះស្រួលណាមួយ ជាមួយ​ក្រុមតាលីបង់ទេនោះ។

ចរចាជាមួយក្រុមតាលីបង់ ដើម្បីបង្កើតរដ្ឋសហព័ន្ធ

បើតាមការវិភាគរបស់អ្នកជំនាញ កម្មវត្ថុចំបង គឺមិនមែនយកជ័យជំនះលើក្រុមតាលីបង់ទេ ព្រោះគេដឹងថាទៅមិនរួច។ អ្វីដែលចលនានេះ ចង់បានគឺឈានទៅចរចា ជាមួយក្រុមតាលីបង់ ដើម្បីរៀបចំការបែងចែងអំណាច។ យ៉ាងណាមិញ ការដែលលោក អាប់ឌូឡា​ អាប់ឌូឡា និង​លោក​ ហាមីដ កាហ្សៃ បានជួប​ជាមួយ​មេដឹកនាំចលនាខេត្តប៉ាន់ឆៀរនេះ គឺវាមានន័យថា ក្រុមអ្នកនយោបាយអាហ្វហ្កានីស្ថាន កំពុងប្រើចលនានេះ ដើម្បី​ជាកូនអុក ដាក់សំពាធទៅលើ​ក្រុមតាលីបង់ ដើម្បីចរចាបែងចែងអំណាច។​

លោក Nazary អ្នកនាំពាក្យ​ចលនាតស៊ូខេត្តប៉ាន់ឆៀរ បានអះអាងថា អ្វីដែល​ចលនាខ្លួនចង់បានគឺ ការបង្កើតរដ្ឋអាហ្វហ្កានីស្ថាន​ ជារដ្ឋសហព័ន្ធ មានការបែងចែកអំណាច និង​ស្វ័យភាព ទៅឲ្យ​តំបន់នីមួយៗ និងក្រុមជនជាតិនីមួយ ដោយស្មើភាព និងយុត្តិធម៌។ តែបញ្ហាចោទសួរថា តើ​សហគមអន្តរជាតិ ប្រទេសមហាអំណាច ជាពិសេសសហរដ្ឋអាមេរិក មានជំហរបែបណា ចំពោះ​ក្រុមចលនាតស៊ូនៅខេត្តប៉ាន់ឆៀរនេះ។ តើគាំទ្រ ទំនុកបំរុង ឬ មិនចាប់អារម្មណ៍?

អាមេរិក និងប្រទេសលោកខាងលិច កំពុងប្រយ័ត្នខ្លាំងណាស់ ខ្លាចក្រុមតាលីបង់បើទ្វារអាហ្វហ្កានីស្ថាន ឲ្យ​​ក្លាយជាជង្រុក​សំបុកពួកភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម។ ដូច្នេះ ប្រសិនអាចទប់បាន កាត់បន្ថយ​ឥទ្ធិពលរបស់ក្រុមតាលីបង់ គឺគេអាចពិចារណា គាំទ្រខាងក្រុមចលានតស៊ូនៅខេត្តប៉ាន់ឆៀរនេះ។ តែវាទាល់តែក្រុមអ្នកនយោបាយ​អាហ្វហ្កានីស្ថាន ខ្លួនឯង រួមកម្លាំង​សាមគ្គី​គ្នាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ