អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​​និង​​សម្ព័ន្ធ​មិត្ត​​ព្រមាន​​ពី​​ការ​​គំរាម​កំហែង​​ភេរវកម្ម​​នៅ​​ព្រលាន​​យន្ត​ហោះ​កាប៊ុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក​និង​សម្ព័ន្ធមិត្ត ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្តហោះ​កាប៊ុល​ឲ្យសោះ​ ដោយ​សារ​មាន​ការ​គំរាមកំហែង​ភេរវកម្ម​។ ការ​ទាញ​សញ្ញា​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៦ សីហានេះបាន​កើតឡើង​ នៅ​ពេល​ដែល​កង​ទ័ព​លោក​ខាង​លិចប្រញាប់​ប្រញាល់​ជម្លៀស​ពលរដ្ឋ​និង​ប្រជាជន​អាហ្វហ្កានីស្ថាន​ឲ្យបាន​មុន​ពេល​ផុត​កំណត់​នៃ​ការ​ដក​ទ័ព​នា​ថ្ងៃទី​ ៣១ ខែ​សីហា​។ តើ​អ្វី​ជា​ការ​គំរាម​កំហែងភេរវកម្ម​នៅ​អាកាសយានដ្ឋានក្រុង​កាប៊ុល​?

បណ្តាប្រទេសលោកខាងលិចដឹកមុខដោយអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី ២៦សីហានេះ ព្រមានពីការគំរាមកំហែងភេរវកម្មនៅព្រលានយន្តហោះកាប៊ុល។
បណ្តាប្រទេសលោកខាងលិចដឹកមុខដោយអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី ២៦សីហានេះ ព្រមានពីការគំរាមកំហែងភេរវកម្មនៅព្រលានយន្តហោះកាប៊ុល។ AP - Airman 1st Class Kylie Barrow
ផ្សាយពាណិជ្ជកម្ម

ប្រទេស​លោក​ខាងលិច​ដឹកមុខដោយអាមេរិក​ព្រមាន​ពី​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​ព្រលាន​យន្តហោះ​កាប៊ុល

សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​មានដូចជា​អូស្ត្រាលី និង​អង់គ្លេស បាន​ប្រាប់​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​ចាកចេញ​ជាប្រញាប់​ពី​តំបន់​ព្រលាន​យន្តហោះ​ក្រុងកាប៊ុល​ ខណៈ​មនុស្ស​រាប់​ពាន់​នាក់នៅ​កំពុង​បន្ត​ព្យាយាម​ចាកចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន​ តាមរយៈ​ព្រលាន​ដែល​ជា​ច្រក​ចេញតាម​ផ្លូវអាកាស​តែ​មួយ​គត់​។

ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើឡើង​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ នៅបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន បានព្រមាន​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម​ដែល​ជា​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​។

នៅក្នុង​សេចក្តី​ជូន​ដំណឹងមួយ​ដែល​ចេញផ្សាយ​កាល​ពីល្ងាច​ថ្ងៃ​ពុធម្សិលមិញ​ ស្ថានទូត​អាមេរិក​នៅទីក្រុងកាប៊ុល​បាន​ណែនាំ​ដល់​ពលរដ្ឋអាមេរិក​ឲ្យ​ជៀសស​វាង​ធ្វើដំណើរ​ទៅ​ព្រលាន​យន្តហោះ​ និង​បាន​ប្រាប់​អ្នកដែល​កំពុង​នៅ​ច្រក​ទ្វារ​ព្រលាន​ឲ្យ​ចាកចេញ​ពី​ទីនោះជា​បន្ទាន់​។ ស្ថានទូតអាមេរិក​បានលើក​ឡើង​ពី​ “ការគំរាមកំហែងសន្តិសុខ” ប៉ុន្តែ​មិនបាន​ប្រាប់​ព័ត៌មាន​អ្វីលើស​ពី​នេះ​នោះទេ​។

ប្រទេស​អង់គ្លេស​និង​អូស្ត្រាលី​ក៏បានចេញសេចក្តី​ណែនាំ​ស្រដៀងគ្នា​នេះ​ដែរ ​ដោយប្រាប់​ពលរដ្ឋ​ដែល​នៅ​តំបន់​ព្រលានយន្ត​ហោះកាប៊ុល​ឲ្យ​ចាកចេញ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ ដោយ​ហេតុថា​ការ​គំរាមកំហែង​ភេរវកម្ម​គឺធ្ងន់ធ្ងរខ្លាំង​និង​អាច​កើត​ឡើង​ក្នុង​ពេល​ដ៏ខ្លីក៏ថាបាន​។

ទន្ទឹមនេះ​ ទីក្រុងឡុងដ៍​ក៏​បាន​ប្រកាសថាដែរថា​ប្រសិនបើអ្នកណា​អាច​ចាកចេញ​ពី​អាហ្វហ្កានីស្ថាន​ដោយសុវត្ថិភាព​តាមរយៈ​មធ្យោបាយ​ផ្សេងទៀត​ គេ​គួរតែធ្វើ​ដូច្នេះភ្លាមៗ​ កុំ​បង្អែបង្អង់​រង់ចាំយូរ​ឲ្យសោះ​។

នៅត្រង់ចំណុចនេះ​ គួរបញ្ជាក់ជូនដែរ​ថា​ ចាប់តាំងពីក្រុងកាប៊ុល​ធ្លាក់ចូលក្នុងកណ្តាប់​ដៃ​ពួក​តាលីបង់​កាលពីថ្ងៃទី ១៥ ខែ​សីហា​មក​ មាន​មនុស្សជាច្រើន​ភ័យខ្លាច​ និង​បាន​ព្យាយាម​ធ្វើដំណើរ​​ទៅកាន់​ព្រលាន​យន្តហោះ​ក្រុងកាប៊ុល​ដើម្បរត់គេចពី​របប​គ្រប់គ្រង​របស់​តាលីបង់​។

គិតមកទល់នឹងពេលនេះ​ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដឹកជម្លៀស​ជនបរទេស និង​ជនជាតិ​អាហ្វហ្កានីស្ថានចំនួនជិត ៩០ ០០០ នាក់ហើយ​ចេញពី​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ក្នុង​ប្រតិបត្តិការជម្លៀសអាកាស​ដែល​គេចាត់ទុកថា​ជា​ប្រតិបត្តិការ​ជម្លៀស​ដ៏ធំ​និង​មាន​គ្រោះថ្នាក់​បំផុត​មួយ​ក្នុងប្រវត្តិសាស្ត្រ​។

តើអ្វី​ជា​ការ​គំរាមកំហែង​ភេរវកម្ម​របស់​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន​?

មន្រ្តី​ក្រុង​វ៉ាស៊ីនតោន​ និយាយថា​ព្រលាន​យន្តហោះទីក្រុងកាប៊ុល​ដែល​មាន​កង​កម្លាំង​ទ័ព​បរទេស​រាប់​ពាន់​នាក់​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ ហ៊ុំព័ទ្ធ​ដោយ​ប្រជាជន​អាហ្វហ្កានីស្ថាន​ដ៏ច្រើន​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែងខ្ពស់​ណាស់​ពីក្រុម​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម​មួយ​ដែល​មាន​ឈ្មោះថា​ ខូរ៉ាសាន​ (Islamic State-Khorasan)។

សេចក្តី​ព្រមានពីការ​គំរាមកំហែង​ភេរវកម្ម​របស់​អាមេរិក​ អង់គ្លេស​ និង​អូស្ត្រាលី​ បាន​ជំរុញឲ្យ​ក្រុម​មនុស្ស​ដែលប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញ​នៅតំបន់​ព្រលាន​យន្តហោះ​កាប៊ុល​ចាកចេញ​ទៅ​ទី​កន្លែង​ដែល​មានសុវត្ថិភាព​ជាងមុន​។

ដូចបាន​លើកឡើង​មុន​នេះ​បន្តិចហើយថា​ ក្រុមប្រទេស​លោកខាងលិច​ដែល​ដឹក​មុខ​ដោយ​សហរដ្ឋអាមេរិក​បាន​លើកឡើងពី​ការ​គំរាមកំហែងភេរវកម្ម​ តែ​ពួកគេ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់ណាមួយ​អំពី​ការគំរាមកំហែងនេះ​នោះទេ​។

ដោយឡែក បើតាម​លោកប្រធានាធិបតីអាមេរិក​ចូ បៃដិន​ និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​រដ្ឋអ៊ីស្លាម​ជ្រុលនិយម​ ខូរ៉ាសាននេះ​គឺជា​សត្រូវ​សួពូជ​របស់​ពួកតា​លីបង់​ ហើយ​ពួក​គេ​ទាំង​សងខាងសុទ្ធ​តែ​មានប្រវត្តិ​ធ្លាប់​វាយប្រយុទ្ធគ្នា​ទៅវិញទៅមក​។

ដូច្នោះហើយ​ទើបលោកចូ បៃដិនលើកឡើងថា​កងទ័ពអាមេរិក​និង​សម្ព័ន្ធមិត្ត​ព្រមទាំង​ជនស៊ីវិល​ស្លូត​ត្រង់ទាំង​ជនបរទេស​និង​ជនជាតិអាហ្វហ្កានីស្ថាន​ដែល​មាន​វត្តមាន​រៀងរាល់​ថ្ងៃ នៅឯព្រលាន​យន្តហោះ​កាប៊ុល​ ប្រឈម​នឹង​ហានិភ័យ​នៃ​ការវាយប្រហារ​ពី​ពួក​រដ្ឋអ៊ីស្លាម​ខូរ៉ាសានណាស់​។

យន្តហោះយោធាមួយចំនួន​ដែល​ហោះដឹក​មនុស្ស​ចេញពីព្រលាន​ក្រុង​កាប៊ុល​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ​ ត្រូវបានគេមើលឃើញថា​ បានបាញ់ពន្លឺភ្លើង​ដើម្បី​បន្លំ​មីស៊ីល កុំឲ្យចាប់​ទីតាំងយន្តហោះបាន​។

តើក្រុម​រដ្ឋអ៊ីស្លាម​ខូរ៉ាសាន​ជាអ្នកណា​? ហើយតើ​ថាពួកគេ​ធ្លាប់បាន​បើកការ​វាយប្រហារ​អ្វីខ្លះ​?

ក្រុម​រដ្ឋអ៊ីស្លាម​ខូរ៉ាសាន​ (Islamic State-Khorasan) ត្រូវបានគេស្គាល់ដែរថា​ IS-K ឬ ISIS-K​។ “ខូរ៉ាសាន” គឺជា​ឈ្មោះ​ប្រវត្តិសាស្ត្រ​សម្រាប់តំបន់​ដែល​សព្វថ្ងៃនេះ​មាន​ផ្នែកខ្លះ​នៅក្នុងប្រទេស​ប៉ាគីស្ថាន​ អ៊ីរ៉ង់​ អាហ្វហ្កនីស្ថាន​ និង​អាស៊ីកណ្តាល​។

រដ្ឋអ៊ីស្លាម​ខូរ៉ាសាន​ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៥​ នៅពេល​ដែល​អង្គការ​រដ្ឋ​អ៊ីស្លាម​ ឬ​ក្រុម​ជ្រុល​និយម​អាយស៊ីស​ ISIS បាន​ព្យាយាម​ពង្រីក​វិសាលភាព​ភូមិសាស្ត្រ​របស់ខ្លួន​ហួសពី​ប្រទេស​អ៊ីរ៉ាក់​ និងស៊ីរី​។

ក្រុមរដ្ឋអ៊ីស្លាមខូរ៉ាសាននេះ​ត្រូវបានបង្កើតឡើង​នៅខេត្ត​ណាងហ្កាហារ​ (Nangarhar) ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្កានីស្ថាន​ក្នុងខែ​មករា ឆ្នាំ ២០១៥​។ ពួកគេ ទាក់ទាញ​និង​ជ្រើស​រើស​អ្នកចូលរួម​យ៉ាងសកម្ម​ជាពិសេស​បណ្តាជន​ដែលរត់ចោលស្រុក​ រត់គេច​ចេញ​ពី​ការ​គ្រប់គ្រង់​របស់​តាលីបង់​ និងក្រុមអ្នក​ដែល​មិនសប្បាយចិត្ត​នឹង​បរាជ័យ​របស់​មេដឹកនាំ​ក្រុង​កាប៊ុល​ក្នុង​សមរភូមិ​ជាមួយ​ទាហាន​តាលីបង់​។

បើយោងតាម​មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ​និង​អន្តរជាតិ​ហៅកាត់ថា CSIS ពួក​រដ្ឋ​អ៊ីស្លាម​ខូរ៉ាសាន​ទទួលបានការគាំទ្រ​ពី​ក្រុម​រដ្ឋអ៊ីស្លាម​នៅអ៊ីរ៉ាក់​ និងស៊ីរី​។ ក្រុមនេះធ្លាប់​បាន​បើកការ​វាយប្រហារ​រហូតដល់ជិត ១០០ ដង ប្រឆាំងនឹងជនស៊ីវិល​នៅ​អាហ្វហ្កានីស្ថាន​ និង​ប៉ាគីស្ថាន​។ ក្រៅពីនេះ​ ពួកក្រុម​រដ្ឋអ៊ីស្លាមខូរ៉ាសាន​ធ្លាប់​បាន​ប៉ះទង្គិចគ្នាហិង្សា​ប្រមាណ​ ២៥០ ដង​ជាមួយកងទ័ពអាមេរិក​ អាហ្កានីស្ថាន និង​ប៉ាគីស្ថាន​រាប់ចាប់តាំងពីខែមករា ឆ្នាំ ២០១៧ មក​។

ក្រុមរដ្ឋអ៊ីស្លាមខូរ៉ាសាននេះ​ ស្ទើរតែ​រលាយ​បាត់​រូបរាង​បាត់​អស់ពី​មូលដ្ឋាន​ដ៏​សំខាន់​របស់​ពួកគេ​នៅភាគខាងកើត​អាហ្វហ្កានីស្ថាន​ទៅហើយ​កាលពីចុងឆ្នាំ ២០១៩​ ដោយសារ​តែរង​ការ​វាយ​ប្រហារពី​យោធា​អាមេរិក អាហ្វហ្កានីស្ថាន​ និង​រងការវាយប្រហារផងដែរពី​ក្រុមសកម្មប្រ​យុទ្ធតាលីបង់​។

ដោយឡែក​ នៅពេល​ត្រូវបានគេសួរ​អំពី​ការគំរាមកំហែងភេរវកម្មធ្ងន់ធ្ងរ​នៅព្រលាន​យន្តហោះកាប៊ុល​ អ្នកនាំពាក្យតាលីបង់ម្នាក់​ បានទទួលស្គាល់ពី​ហានិភ័យ​ដែល​បង្កជា​បញ្ហា​បន្ថែមជាន់ពីលើ​ស្ថានការណ៍​ដែលវឹករវស្រាប់​ទៅហើយ​នៅទីក្រុងប៊ុល​។ ក្រុមតាលីបង់​បាន​ស្តី​បន្ទោស​ថា​នេះ​គឺជា​កំហុស​របស់​សហរដ្ឋអាមេរិក​ទាំងស្រុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ