អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រ៉ូកែត​៥គ្រាប់​ហោះសំដៅ​មក​ព្រលាន​យន្តហោះ​ក្រុងកាប៊ុល ខណៈ​ទាហាន​អាមេរិក​កំពុង​បង្កើយ​​ការ​ជម្លៀស​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​៣១សីហាស្អែកនេះ គឺជាថ្ងៃចុងក្រោយ ដែលកងទ័ពអាមេរិក ត្រូវតែចាកចេញឲ្យ​អស់​ពី​អាហ្វហ្កានីស្ថាន។ នៅព្រលានយន្តហោះទីក្រុងកាប៊ុល កងទ័ពអាមេរិកកំពុងប្រឹងប្រែងជម្លៀសមនុស្ស​ ដែលនៅសេសសល់ ក្នុងបរិយាកាសសន្តិសុខ​ដ៏តានតឹងបំផុត ដោយ​ខ្លាចក្រែងមាន​ការវាយ​ប្រហារ​ភេរវកម្មជាថ្មីទៀត។ យ៉ាងណាមិញ នៅព្រឹកថ្ងៃចន្ទទី៣០សីហា មានគ្រាប់រ៉ូកែតយ៉ាងហោច ចំនួន​៥គ្រាប់ ត្រូវបាន​បាញ់សំដៅ​មកព្រលានយន្តហោះ តែត្រូវបាន​ប្រព័ន្ធខែលមីស៊ីលអាមេរិក ចាប់ស្ទាក់បាន​។ ២ថ្ងៃមុនផុតឱសានុវាទ ស្ថានភាព​នៅព្រលានយន្តហោះក្រុងកាប៊ុល កាន់តែចលាចលជ្រួលច្របល់ ប្រកបដោយ​ការភ័យ​ខ្លាច ខណៈមាន​ប្រជាជនអាហ្វហ្កានីស្ថានជាច្រើនពាន់នាក់ កំពុងរងចាំ និងស្វែងរកវិធី ដើម្បី​អាចចាកចេញពីប្រទេសនេះ​។

គ្រួសារប្រជាជនអាហ្វហ្កានីស្ថាន កំពុងធ្វើដំណើរឡើងយន្តហោះ កងទ័ពអាមេរិក នៅព្រលានយន្តហោះ​ក្រុងកាប៊ុល យប់ថ្ងៃទី​២៩ សីហា ២០២១
គ្រួសារប្រជាជនអាហ្វហ្កានីស្ថាន កំពុងធ្វើដំណើរឡើងយន្តហោះ កងទ័ពអាមេរិក នៅព្រលានយន្តហោះ​ក្រុងកាប៊ុល យប់ថ្ងៃទី​២៩ សីហា ២០២១ AP - Visar Kryeziu
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ស្ទាក់កំទេចរ៉ូកែត៥គ្រាប់ ដែលហោះសំដៅ​មកព្រលានយន្តហោះ

ភាពភ័យខ្លាចជ្រួលច្របល់ មានកានតែធំ ដោយ​ម្នាក់ភ័យបារម្ភអំពីការវាយប្រហារភេរវកម្មជាថ្មីទៀត​ នៅតំបន់​ក្បែរព្រលានយន្តហោះ​ទីក្រុងកាប៊ុល។ ជាក់ស្តែង នៅព្រឹកថ្ងៃចន្ទនេះ យោងតាមការបញ្ជាក់ពី​មន្ត្រីយោធាអាមេរិក គឺមានគ្រាប់រ៉ូកែត យ៉ាងហោចចំនួន​៥គ្រាប់ ត្រូវបាន​គេបាញ់បង្ហោះ សំដៅមកព្រលានយន្តហោះតែម្តង។ តែជាសំណាងល្អ ប្រពន្ធ័ខែល​មីស៊ីល​របស់កងទ័ពអាមេរិក បានស្ទាក់កំទេចបាន​។

យោងតាម​ការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មានអាហ្វហ្កានីស្ថាន គឺ​ពិតជាមានគ្រាប់រ៉ូកែតច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តមួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកាប៊ុល។ ទីភ្នាក់ងារព័ត៌មាន​Pajhwok បានចុះផ្សាយថា គ្រាប់រ៉ូកែតជាច្រើនគ្រាប់ បានធ្លាក់ទៅលើសង្កាត់មួយចំនួន​ ក្នុង​ក្រុងកាប៊ុលថែមទៀតផង។

កាលពីថ្ងៃអាទិត្យ កងទ័ពអាមេរិកបាន​ប្រើយានដ្រូន បាញ់កម្ទេចរថយន្តមួយ​គ្រឿង ដែលផ្ទុកដោយ​គ្រាប់ផ្ទុះ។ រថយន្តនោះ កំពុងបើកសំដៅទៅ​ព្រលានយន្តហោះក្រុងកាប៊ុល ស្ថិតនៅចំងាយ​ប្រមាណ​២គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយ​របស់ ទូរទស្សន៍​CNN គឺមាន​គ្រួសារ​ប្រជាជន​​​អាហ្វហ្កានីស្ថាន​​មានសមាជិក​​៩នាក់​បានស្លាប់ ក្នុងនោះក្មេងមាន​​៦នាក់។ ក្រសួងការពារជាតិអាេមរិក​ បាន​បញ្ជាក់ថា​ គេកំពុងស៊ើបអង្កេតលំអិត លើករណីនេះ។ គេបានទទួលស្គាល់ថា ដោយសារ​តែ​រថយន្ត​របស់​​ក្រុមភេរវកម្ម មានផ្ទុកគ្រាប់​ផ្ទុះច្រើន ទើបបានបណ្តាល​ឲ្យ​ផ្ទុះខ្លាំង ហើយអាច​បង្កឲ្យ​មាន​គ្រោះថ្នាក់​ ទៅលើ​មនុស្ស​ស្ថិតនៅក្បែរនោះ។

ស្ថានការណ៍នៅក្រុងកាប៊ុល ជាពិសេសនៅព្រលានយន្តហោះតែម្តង គឺមាន​ភាពតានតឹង ប្រកប​ដោយ​​ការភ័យ​បារម្ភ​ខ្លាំងណាស់។ តែយ៉ាងណា សេតវិមានអាេមរិក បានអះអាងថា គេនៅតែបន្ត​ ប្រឹងប្រែងធ្វើប្រតិបត្តិជម្លៀសមនុស្ស តាមយន្តហោះ ដោយ​ឥតមាន​រអាក់រអួលទេ ព្រោះនៅសល់ពេល​​តែថ្ងៃនេះ និងថ្ងៃស្អែក ទី​៣១​សីហាតែប៉ុណ្ណោះ។

ជម្លៀសបាន​ ១១៤៤០០នាក់

យោងតាមតួលេខ​ផ្តល់ឲ្យ​ដោយ​សេតវិមាន​ គឺ​ មានមនុស្ស​ប្រមាណ​ ១១៤៤០០នាក់ ត្រូវបាន​ជម្លៀសចេញពីក្រុងកាប៊ុលតាមយន្តហោះ ទៅកាន់ប្រទេសផ្សេងៗ គិតចាប់ពីថ្ងៃទី​១៤សីហាមក។ ក្នុង​ចំណោមអ្នកដែលគេជម្លៀសចេញរួចរាល់ គឺមាន​​ជនជាតិអាេមរិក ចំនួន៥៥០០នាក់។ ក្រៅពីនោះ​គឺមាន​​បុគ្គលិក​ស្ថានទូតបរទេស អ្នកកាសែត បុគ្គលិកអង្គការសហប្រជាជាតិ និងបុគ្គលិក​របស់អង្គការអូតង់ជាដើម។ តែភាគច្រើនលើសលុប គឺប្រជាជនអាហ្វហ្កានីស្ថាន ដែល​ប្រឈមនឹងគ្រោះថ្នាក់។

តាមការបញ្ជាក់ពី​លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាេមរិក កាលពី​ល្ងាចថ្ងៃអាទិត្យ​ម្សិលមិញ តាមកញ្ចក់ទូរទស្សន៍ ABC បច្ចុប្បន្ននេះគឺនៅមានសល់ ជនជាតិអាមេរិក ចំនួន​៣០០នាក់ទៀត។ ក៏ប៉ុន្តែ នៅមានប្រជាជនអាហ្វហ្កានីស្ថាន ច្រើនពាន់នាក់ណាស់ ដែលកំពុងរងចាំ សុំ​ឲ្យ​គេជម្លៀស​តាមយន្តហោះ។ ក្រសួងការបរទេសអង់គ្លេស បញ្ជាក់ថាគេនៅសល់ប្រជាជនអាហ្វហ្កានីស្ថាន​ប្រមាណ​ ១១០០នាក់ទៀត ដែលត្រូវជម្លៀសមកអង់គ្លេស តែមិនបានធ្វើទាន់ពេលវេលា។

យ៉ាងណាមិញ មន្ត្រីអាមេរិក២នាក់ នៅក្រុងកាប៊ុល បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសសម្ព័ន្ធមិត្តបាន​សំណូមពរ និងដាក់ឯកសារជាច្រើន ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ ដើម្បីឲ្យ​អាមេរិកជួយ​ជម្លៀសប្រជាជនអាហ្វហ្កានីស្ថាន ដែល​ត្រូវគេ​ចាត់ទុកថាជាអ្នកប្រឈមគ្រោះថ្នាក់។

ក្រុមតាលីបង់បដិសេធបង្កើត​ « តំបន់សុវត្ថិភាព »

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នឹងបើកការប្រជុំនៅថ្ងៃចន្ទនេះ ឆ្លើយតបទៅនឹងការស្នើសុំរបស់​បារាំងនឹងអង់គ្លេស ឲ្យ​បង្កើតតំបន់​សុវត្ថិភាព នៅ​ព្រលានយន្តហោះក្រុងកាប៊ុល។ ការបង្កើតតំបន់សុវត្ថិភាពពិសេស គឺមានន័យថា ត្រូវតែមាន​កងកម្លាំងអន្តរជាតិ ទៅយាមការពារសន្តិសុខ។

ក្រុមតាលីបង់ តាមរយៈអ្នកនាំពាក្យឈ្មោះ Souhail Shaheen បានប្រកាសថា ក្រុមគេ នឹងមិនអនុញ្ញាត ឲ្យ​បង្កើតតំបន់សុវត្ថិភាពនេះទេ។ ក្រុមតាលីបង់បានអះអាងថា មិនមានប្រយោជន៍ទេ ព្រោះថាពួកគេ នឹងមិន​ទៅរារាំង មិន​ឲ្យ​មនុស្ស​ធ្វើដំណើរ ចាប់ពីថ្ងៃទី​១កញ្ញាទៅទេ។ ដូច្នេះមិនចាំ​បាច់​​មាន​តំបន់សុវត្ថិភាពពិសេសអ្វីទេ។

យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្តបានចេញលិខិតមួយ​ ដោយ​លើកឡើងថា ក្រុមតាលីបង់ពិតជាបានធានាអះអាង​ប្រាប់ទៅគេមែន ថា​នៅក្រោយថ្ងៃទី​៣១សីហា គឺប្រជាជន​អាហ្វហ្កានីស្ថាន នៅតែអាចធ្វើដំណើរចាកចេញ​ពីប្រទេសបាន ដោយសុវត្ថិភាពធម្មតាទេ ឲ្យ​តែអ្នកនោះមានឯកសារធ្វើដំណើរត្រឹមត្រូវ។

គឺនៅក្រោយ​ការធានាអះអាង របស់ក្រុមតាលីបង់នេះហើយ បាន​ជានៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រី​ការបរទេស​​​សហរដ្ឋ​អាមេរិក បានបើកការប្រជុំមួយ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសសម្ព័ន្ធមិត្ត មានដូចជា បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស តួកគី កាតា ព្រមទាំងសហភាពអឺរ៉ុប និងអង្គការអូតង់ផង។ យោងតាមលិខិតប្រកាស​ របស់ក្រសួងការបរទេសអាេមរិក គឺអាមេរិកនិយាយមួយប្រទេស​សម្ព័ន្ធមិត្តសំខាន់ៗទាំងនេះ​ ដើម្បីគូសវាសវិធានការ ក៏ដូចជារៀបចំការងារ ត្រូវធ្វើយ៉ាងណាខ្លះ នៅក្រោយថ្ងៃទី​៣១សីហា នៅពេលដែលទាហានអាមេរិកចាកចេញអស់។

ដោយឡែក បើផ្អែកតាមប្រសាសន៍ របស់​លោកម៉ាក្រុង កាលពីថ្ងៃអាទិត្យម្សិលមិញ គឺគេបានពឹងប្រទេសកាតា ដោយជួយសម្រួល និយាយជាមួយក្រុមតាលីបង់ ដើម្បីបន្តការងារដឹក​ជម្លៀសប្រជាជនអាហ្វហ្កានីស្ថាន ដែលនៅសេសសល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ