អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ ចេញ​​​បញ្ជី​សត្វរងគ្រោះផុតពូជ និង​សត្វ​អភិរក្ស​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍​ទី​៤​កញ្ញា​២០២១នេះ សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិបាន​ចេញ​ផ្សាយ បញ្ជី​​ស្តីពីស្ថានភាព​សុខភាព​​សត្វ និង​រុក្ខជាតិដែលមាន​នៅ​លើ​ផែនដី។ បើ​តាម​បញ្ជី​ថ្មី សត្វ​ថ្លែន​ពូជកូម៉ូដូ បាន​ធ្លាក់​ចំណាត់​ថ្នាក់ ក្លាយ​ជា​ពពួក​សត្វ​ប្រឈម​នឹង​គ្រោះថ្នាក់​ផុត​ពូជ។ ចំណែក​ត្រី​ឈាម (Thon) បួន​ប្រភេទ ចាប់​មាន​កំណើន​ឡើង​វិញ​ បន្ទាប់​ពី​មាន​ច្បាប់​កំរិត​ការនេសាទ។ ការ​ផ្សព្វផ្សាយ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​សមាជ​ពិភពលោក​ដើម្បីស្រោច​ស្រង់​ធម្មជាតិ ដែល​រៀបចំ​ធ្វើ​នៅ ក្រុង​ម៉ាកសី​ ភាគ​ខាង​ត្បូង ប្រទេស​បារាំង​ ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី១១ កញ្ញា។

ថ្លែនពូជ​ Komodo កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ជិត​ផុតពូជ
ថ្លែនពូជ​ Komodo កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ជិត​ផុតពូជ Romeo GACAD AFP/File
ផ្សាយពាណិជ្ជកម្ម

សហភាព​អន្តរជាតិ​ដើម្បីអភិរក្សធម្មជាតិ UICNជា​អង្គការ​ការពារ​ធម្មជាតិ​របស់​អង្គការ​សហប្រជាជាតិ​ ដ៏​ធំ​ ដែល​រួម​ផ្តុំ​ទៅ​ដោយ​សមាគមនិង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង ភ្នាក់ងារ​សាធារណៈផង តំណាង​រដ្ឋ​ឬ​ប្រទេស​នីមួយផង និង​តំណាង​សហគមន៍​ថ្នាក់​មូលដ្ឋាន​ទៀត។

តាំង​ពី​ឆ្នាំ​១៩៦៤​មក អ្នក​ជំនាញ​របស់​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ តែង​តែ​ធ្វើ​ជំរឿន​ សត្វ​និង​រុក្ខជាតិ រាប់​សិប​ពាន់​ប្រភេទ មួយ​ប្រភេទ​ម្តងៗ​​​ ដោយ​ដាក់​ចំណាត់​ថ្នាក់​ ប្រភេទ​សត្វ​និង​រុក្ខជាតិ​នីមួយៗ ពី​លេខ​មួយ​ដល់​លេខ​៩។ លេខ​៩ ជា​កំរិត​រង​ការ​គំរាមកំហែង​ជិត​ផុត​ពូជ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​។

​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​បន្ទាប់​បាន​​ធ្វើ​ការ​វាយតម្លៃហើយ វាយតម្លៃ​ឡើង​វិញ​ទៀត អ្នក​ជំនាញ​របស់​សហភាពបាន​សម្រេច​ធ្វើ​បញ្ជី​សុខភាព ​​សត្វ​និ​ងរុក្ខជាតិ​ចំនួន​ជិត​១៣៨៣៧៤​ប្រភេទ​ ក្នុង​នោះ​ជិត​២៨%​​ (៣៨៥៤៣ប្រភេទ) ត្រូវបាន​ចាត់​ទុក​ថា​ជា​ពពួក​​​សត្វ​និ​ងរុក្ខជាតិ​រង​ការ​គំរាមកំហែងជិត​ផុត​ពូជ នាពេល​បច្ចុប្បន្ននេះ។

បញ្ជី​​​ក្រហម បញ្ជី​បៃតង​

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ទៀត គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​រលត់​ផុត​ពូជ​ពី​ផែនដី បានកើន​ឡើង​លឿនដល់​ទៅប្រមាណ​ពី​ ១០០ទៅ​១០០០ដង​ ហួស​កំរិត​ធម្មតា​។ បើ​ស្ថានភាព​បន្ត​ក្នុង​ល្បឿន​នេះ នោះ​មនុស្សជាតិ​នឹង​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ក្នុង​ពេល​ដ៏​ឆាប់ៗ​តែម្តង។ នេះ​បើ​តាមកា​រពន្យល់​របស់​លោក Craig Hilton-Taylor ប្រធានដេប៉ាតឺម៉ង់​ទទួល​បន្ទុក​ធ្វើ​បញ្ជី​សត្វ​រុក្ខជាតិ​រង​ការ​គំរាមកំហែង​ ឬ​បញ្ជី​ក្រហម​ របស់​សហភាព​អន្តរជាតិ​។

​ប៉ុន្តែនៅ​ឆ្នាំ​នេះ​ ជា​លើក​ទីមួយ សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ បាន​ចេញ​​បញ្ជី​ពីរ។ សហភាព​​ មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​បញ្ជី​ក្រហម​ ស្តី​អំពីកំរិត​នៃ​ការ​បំផ្លិច​បំផ្លាញ និង​ភាព​ហិនហោច​​បរិស្ថាន​ទេ តែ​ថែម​ទាំង​​បញ្ចេញ​​មួយ​ទៀត​ ហៅ​ថា​បញ្ជី​​បៃ​តង ដែល​បញ្ជាក់​អំពី​ជោគជ័យ​នៃ​កម្មវិធីថែរក្សា​សត្វ​រុក្ខជាតិ​​ ក្នុងតំបន់​អភិរក្សធម្មជាតិ។

នា​​ឱកាស​ធ្វើ​ជំរឿន អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ថា​ មាន​ប្រភេទ​សត្វ​ខ្លះ​អាច​​ធ្លាក់​ចំណាត់​ថ្នាក់ ខ្លះ​ក៏ប្រសើរ​ឡើង​វិញដោយ​សារ​តែ​នយោបាយ​អភិរក្ស​​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទន្ទឹម​នឹង​ការ​ធ្វើ​បញ្ជី​ក្រហម រាយ​នាម​សត្វ​និង​រុក្ខជាតិ​រង​ការ​គំរាមកំហែង​ សហភាព​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ការ​គិត​គូរ​តាំង​ពី​ជាង​១០​ឆ្នាំ​មក​ហើយ ធ្វើ​បញ្ជី​បៃ​តង​។

ម្យ៉ាង​វិញ​ទៀត នៅ​រាល់​ពេល​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ក្រហម​នេះ តែង​តែ​មាន​ក្រុមអ្នក​បញ្ចុះ​បញ្ចូល​​ឡបប៊ី​​ ចូល​ធ្វើ​អន្តរាគមន៍​ដែរ ​ដើម្បី​ការពារ​ប្រភេទ​សត្វជា​និម្មិតរូប​ខ្លះ​ ​កុំ​ឱ្យធ្លាក់​ចំណាត់​ថ្នាក់ជា​សត្វ​រង​ការ​គំរាមកំហែង​ផុត​ពូជ ឬ​ឱ្យនៅ​ត្រឹម​កំរិត​​មិន​សូវ​រង​ការ​គំរាមកំហែង​ ព្រោះ​បើ​ធ្លាក់​ចំណាត់​ថ្នាក់ នោះ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ឬ​រុក្ខជាតិ​ប្រភេទ​នោះ​នឹង​ត្រូវ បញ្ឈប់​ភ្លាម។ តែ​បើ​មាន​ចំណាត់​បញ្ចូល​ទៅ​ក្នុង​ក្រុម​បៃតង នោះ​អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង​វិញ។

សរុប​ទៅ​ សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​បញ្ជី​ក្រហម កម្មវត្ថុ​ចំបងនៃ​ការ​បង្កើត​​បញ្ជី​បៃតង គឺ​ជា​ការ​វាស់​វែងជោគជ័យ​នៃ​​កិច្ច​ខិត​ខំប្រឹង​ប្រែង​​អភិរក្ស​ធម្មជាតិ​។ ដើ​ម្បី​អាច​ជាប់​ចូល​ទៅ​ក្នុង​បញ្ជី​បៃ​តង​បាន សហភាព​ត្រូវ​មើលអំពី​​លក្ខខណ្ឌនៃ​​អភិបាល​កិច្ច ផែនការ​អភិរក្ស និងពិសេស​គឺ​​លទ្ធផល​នៃការ​អភិរក្ស​នោះ។

ថ្លែន​ប្រឈម​គ្រោះ​ផុត​ពូជ ត្រី​Thon/Tuna កំពុង​ចាប់​កើន

បញ្ជី​បៃ​តង​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ និង​ជា​លើក​ទីមួយ នៅ​ថ្ងៃ​សៅរ៍​ទី ៤កញ្ញា​នេះ ជាមួយ​នឹង​ចំណាត់​ថ្នាក់​ថ្មី​សម្រាប់​ពពួក​សត្វ​រុក្ខជាតិ​ក្នុង​បញ្ជី​ក្រហម​ផង។

បើតាម​បញ្ជីថ្មី​ ទើបចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ នៅ​វេលាម៉ោង ១២​កន្លះ​ ម៉ោង​សកល​ថ្ងៃ​សៅរ៍​ទី ៤ កញ្ញា សត្វ​ថ្លែន​ធំ ពូជ​Komodo ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ “ងាយ​រង​គ្រោះ” បាន​ក្លាយ​ជា​ពពួក​សត្វ​ប្រឈម​នឹង “​គ្រោះ​ថ្នាក់​” ផុតពូជ។ នៅ​៤៥ឆ្នាំ​ខាង​មុខ ការ​ឡើង​កម្តៅ​ផែនដី និង​ឡើង​កម្ពស់​ទឹក​សមុទ្ទ​ នឹង​ធ្វើ​ឱ្យ​ជីវិត​សត្វ​រុក្ខជាតិ​ បាត់​បង់​លំនៅ​អស់​​៣០% និង​ត្រូវ​រង​ការ​គំរាមកំហែង​ពី​មនុស្ស ជាពិសេស​​​នៅ​លើ​កោះ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​សត្វ​ពាក់​កណ្តាល​រស់​នៅ​ក្រៅ​តំបន់​អភិរក្ស។ ត្រី​ឆ្លាម​ និង​បបែល​ ដែល​ស្ថិ​ត​ក្នុង​ចង្កោម​គ្រួសារ​តែ​មួយ មាន​៣៧%​ ជា​ប្រភេទ​​សត្វ​រង​ការ​គំរាមកំហែង ទល់​នឹង​២៤​%​កាលពី​ឆ្នាំ​២០១៤។

ផ្ទុយ​ទៅវិញ ត្រី​តុង ឬ​ទុណា ចំនួន​៤​ប្រភេទ កំពុង​ស្ថិត​លើ​គន្លង​នៃ​ការ​កកើត​ប្រសើរ​ឡើង​វិញ។ នេះ​ជា​លទ្ធផល​នៃ​ការ​ដាក់​ច្បាប់​កំរិត​កូតា​នេសាទ។

​បារាំង​សន្យា​អភិរក្ស​សមុទ្ទ​៥%

​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទទួល​បើក​សមាជពិភពលោក បារាំង​បាន​ប្រកាស​​រៀប​ចំ​ជំនួប​កំពូល​ស្តី​អំពី មហាសមុទ្ទ​នៅ​ចុង​ឆ្នាំ​២០២១ ឬ​ដើម​ឆ្នាំ​២០២២ ឱ្យ​បាន​មុន​ការ​អនុម័ត​អត្ថបទ​ស្តី​អំពី​​ការ​រួម​រស់​​ប្រកប​ដោយសុខដុមរមនា​ជាមួយ​ធម្មជាតិ​ នៅ​ឆ្នាំ​២០៥០ នៅ​ខែ​មេសា​២០២២​ ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និសីទអាកាសធាតុ​​អន្តរជាតិ។​ លោក​ប្រធានាធិបតី​បារាំង​ បាន​ថែម​ទាំង​បញ្ជាក់​ថា​កា​រប្រយុទ្ធ​ប្រឆាំង​ដើម្បី​អាកាសធាតុ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ មិន​អាច​កាត់​ផ្តាច់​​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ថែរក្សា​និង​ស្តារ​ជីវចម្រុះ​បាន​ឡើយ។ គេ​មិន​អាច​យក​ជោគជ័យតែ​ម្ខាងៗ​បាន​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បារាំង​ ប្តេជ្ញា​ពង្រីក​តំបន់​អភិរក្ស​ ការពារតំបន់​ផ្ទៃ​​​ទឹក​ ​​បារាំង ក្នុង​សមុទ្ទមេឌីទែរ៉ាណេ ឱ្យ​បាន​៥%​នៃ​ផ្ទៃ​សមុទ្ទ​សរុប​ នៅ​ឆ្នាំ ២០២៧។ ការពារ​អភិរក្ស​ផ្ទៃ​ទឹក​ ​ពី​ការ​រងគ្រោះ​ដោយ​ការ​ឡើង​កម្តៅអាកាសធាតុ​ និង​ការ​បំពុល​បរិស្ថាន​ ជា​អាទិ៍​ដោយ​ប្លាស្ទិក។

សមុទ្ទ​ ក៏​ដូច​ជា​ព្រៃ​ធម្មជាតិ គឺ​​ជា​អណ្តូងធម្មជាតិ​​ស្រូប​ជាតិ​ពុល​កាបោន ដែល​​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​នៃ​សមាជ​ពិភពលោក​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ