អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បណ្តា​សារព័ត៌មាន​ជំនាញ​សុខភាព និង​​​ធម្មជាតិ រួមគ្នា​​អំពាវនាវ​​ឲ្យ​​ពិភព​លោក​​​គិត​គូរ​​ពី​​បញ្ហា​​អាកាសធាតុ​ជា​បន្ទាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តអាកាសធាតុ គឺជាបញ្ហាអាសន្ន និងបន្ទាន់បំផុត ដែលពិភពលោក​យើង ត្រូវតែរួមគ្នាដោះស្រាយ ដោយ​មិនត្រូវបង្អង់ រងចាំ​ទាល់តែចប់​វិបត្តិកូវីដ​នោះទេ។ នេះគឺជាការលើកឡើងរួមគ្នា របស់បណ្តាសារព័ត៌មានធំៗ​ ជំនាញ​សុខភាព ​និង ​​បរិស្ថាន​ធម្មជាតិ​ ចុះផ្សាយ​នៅថ្ងៃចន្ទ ទី​៦កញ្ញានេះ។ បណ្តាសារព័ត៌មានជំនាញទាំងនេះ បានអះអាងថា សីតុណ្ហភាពផែនដីឡើងកំដៅ គឺជាប្រភពនៃវិបត្តិ​ទាំងឡាយទាំងពួង មិនថាសុខភាព ស្បៀងអាហារ និង​គ្រោះធម្មជាតិ។ មនុស្ស​លោក​ត្រូវ​តែគិតគូរ កែប្រែអាកប្បកិរិយា និងទំលាប់រស់នៅ មុននឹង​អ្វីៗហួសពេល សម្រាប់​ក្មេងជំនាន់ក្រោយ​។

រូបភាពថតពីលើអាកាសថ្ងៃទី  ២៧ កក្កដា ២០២១ បង្ហាញពី ភ្លើងឆេះព្រៃនៅទំបន់ស៊ីបេរី ដែលជាតំបន់ទឹកកក នឹងដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង។ ទំហំនៃភ្លើេងឆេះព្រៃ នៅទូទាំងពិភពលោក មានកម្រិតកាន់តែធ្ងន់ធ្ងរ ដោយសារតែសីតុណ្ហភាព​ឡើងក្តៅខ្លាំង។
រូបភាពថតពីលើអាកាសថ្ងៃទី ២៧ កក្កដា ២០២១ បង្ហាញពី ភ្លើងឆេះព្រៃនៅទំបន់ស៊ីបេរី ដែលជាតំបន់ទឹកកក នឹងដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង។ ទំហំនៃភ្លើេងឆេះព្រៃ នៅទូទាំងពិភពលោក មានកម្រិតកាន់តែធ្ងន់ធ្ងរ ដោយសារតែសីតុណ្ហភាព​ឡើងក្តៅខ្លាំង។ AFP - DIMITAR DILKOFF
ផ្សាយពាណិជ្ជកម្ម

“ មិនត្រូវ​យកលេស​ ថាចាំឲ្យចប់វិបត្តិកូវីដ ! ​”

សេចក្តីអំពាវនាវនេះ ធ្វើឡើងរួមគ្នាដោយ​ បណ្តាសារព័ត៌មា​ន កាសែត ទស្សនាវត្តីធំៗចំនួន​ជាង​២០​ ដែលមានជំនាញ​ផ្នែកវិទ្យាសាស្ត្រ​​សុខភាព និង​បរិស្ថា​នធម្មជាតិ ដូចជា ទស្សនាវត្តី The Lancet  British Medical Journal  និង National Medical Journal of India ជាដើម។ អត្ថបទអំពាវនាវនេះ ត្រូវបាន​ចុះផ្សាយ​នៅក្នុងវិចារណកថា សារព័ត៌មាន​សុខភាពចំ​នួន​២២០ នៅថ្ងៃចន្ទទី​​៦កញ្ញានេះ។

ក្រុមអ្នកជំនាញនៃបណ្តាសារព័ត៌មាន​ទាំងនេះ បាន​លើកឡើងថា ពិភពលោក​យើង មិនអាចបង្អែរបង្អង់ រងចាំទាល់តែចប់វិបត្តិកូវីដ​ ទើបនាំគ្នាងាកទៅ​គិតគូរពីបញ្ហា​អាកាសធាតុនោះទេ។ វិបត្តិអាកាសធាតុគឺជាវិបត្តិ​ដ៏ធំ អាសន្ន​បន្ទាន់បំផុត ដែលតម្រូវឲ្យយើងគ្រប់គ្នាត្រូវ​តែរួសរាល់ ចាត់វិធានការ រួមគ្នារកដំណោះស្រាយ មុននឹងអ្វីៗហួសពេល​។ ពិភពលោក ត្រូវតែរួមគ្នាកាត់បន្ថយ​ ការបញ្ចេញឧស្ម័ន​កាបូនិក ទៅក្នុងបរិយាកាស ដើម្បីទប់កុំឲ្យ​ផែនដីឡើងកំដៅ ដោយ​មិនត្រូវយកលេស ថាបច្ចុប្បន្ននេះ រវល់គិត​តែរឿងវិបត្តិជំងឺឆ្លងកូវីដ​នោះទេ។

បើគិតពីសម័យ​បុរេឧស្សាហកម្មមក​ ផែនដីយើងបាន​ឡើងសីតុណ្ហភាព ប្រមាណ ១,១°c រួចទៅហើយ។ យោងតាម​អ្នកជំនាញ​ សីតុណ្ហភាព​ឡើងប៉ុណ្ណេះ គឺវា​បាន​បង្កផល​អវិជ្ជមាន​ធ្ងន់ធ្ងរ មកដល់អាយុជីវិតមនុស្ស សត្វ និងធម្មជាតិលើផែនដីយើងរួចទៅហើយ។ ហើយយោងតាមអ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ GIEC នៅរវាង​ឆ្នាំ​២០៣០ ផែនដីយើងនឹងឡើងកំដៅបន្ថែម ចំនួន១,៥°c បើប្រៀបធៀបទៅ​សម័យ​បុរេឧស្សាហកម្ម។ ពោលគឺវាលឿនជាងការព្យាករណ៍ទុក ដល់ទៅ​១០ឆ្នាំឯណោះ។

សុខភាព​មនុស្ស​ ចុះដុនដាបដោយសារវិបត្តិអាកាសធាតុ

យោងតាមអ្នកជំនាញ សម្រាប់ពេលបច្ចុប្បន្ននេះ សីតុណ្ហភាពឡើងក្តៅ គឺវាបាន​បង្កជាបញ្ហា​មួយចំនួនរួចទៅហើយ​ មកលើសុខភាព​មនុស្ស​យើង​ ដូចជា ខ្សោះជាតិទឹក​ ឈឺតម្រងនោះ មហារីកស្បែក ជំងឺឆ្លងតំបន់ត្រូពិក បញ្ហាសតិអារម្មណ៍ ផលប៉ះពាល់លើ​ស្ត្រីពរពោះ ជំងឺបេះដូង ជំងឺ​សរសៃឈាម ជំងឺសួតផ្លូវដង្ហើម និង​​ប្រតិកម្មអាលែកហ្ស៊ី ជាដើម ។ល។

បន្ថែមពីនេះ សីតុណ្ហភាព​ក្តៅ គឺវាប៉ះពាល់ធ្វើឲ្យ​ទិន្នផលកសិកម្មចុះថយ ដែល​វាបង្កឲ្យ​មាន​បញ្ហាកង្វះស្បៀងអាហារថែមទៀត ជាពិសេសនៅតាមប្រទេសក្រីក្រ ដែល​រំពឹង​លើ​​កសិកម្ម​​ដាំដុះ។ ប្រភពទឹកស្អាត មិនថាស្រទាប់​ទឹកក្នុងដី ទន្លេ ស្ទឹងបឹងបួជាដើម ក៏កាន់តែរួញខើចដែរ ដោយសារតែតម្រូវការកាន់តែធំទៅៗ ព្រោះមេឃកាន់តែក្តៅ។ ហើយ​បើ​នៅរវាង១០ឆ្នាំទៀត សីតុណ្ហភាពផែនដី​ឡើងបន្ថែម ១,៥°c នោះគឺមានន័យថា ប្រព័ន្ធជីវចម្រុះ នឹងដើរដល់ដំណាក់កាលមួយ ហិនហោច មិនអាចស្រោចស្រង់បាន។ សុខភាព​មនុស្ស​សត្វ និងធម្មជាតិនៅលើផែនដី ក៏នឹង​ស្ថិតក្នុងដំណាក់កាលអាសន្ន មិនអាចស្រោចស្រង់បាន​ដែរ។

ផ្លាស់ប្តូរ​ឲ្យ​បានស៊ីជំរៅ និងដោយរហ័សបំផុត មិននឹងអ្វីៗហួសពេល

នៅក្នុង​អត្ថបទវិចារណកថា ដែលបណ្តាសារព័ត៌មាន​បានរួមគ្នាសរសេរនេះ គឺគេបានលើកឡើងថា ជាមួយ​នឹងវិបត្តិកូវីដ​១៩ ពិភព​លោក​បានចំណាយ​ប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់។ ដូច្នេះ ជាមួយ​វិបត្តិអាកាសធាតុ ពិភពលោក ក៏ត្រូវតែហ៊ាន​ចំណាយ ឲ្យ​បានច្រើនដែរ ព្រោះថាវាជាបញ្ហារួម ជាអាយុជីវិតរបស់មនុស្សជាតិទាំងមូលតែម្តង។ យ៉ាងណាមិញ លោក​អគ្គលេខាធិការអង្គការសុខភាព​ពិភពលោក បាន​លើកឡើងថា ជាមួយ​កូវីដ ​យើងអាចមានវ៉ាក់សាំងការពារបាន។ តែ​បញ្ហានានា ដែលបង្កឡើង​ដោយ​​វិបត្តិ​អាកាសធាតុ គឺគ្មាន​វ៉ាក់សាំង​ណា មកការពារបានទេ។

អ្នកជំនាញបាន​អំពាវនាវថា គ្រប់ប្រទេសទាំងអស់ ត្រូវតែ​ចូលរួម ចេញវិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បីកាត់​ប​ន្ថយ​​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​ជាប្រភព​នៃ​ការ​កើនឡើងកំដៅផែនដី។ ជាក់ស្តែង បើសិនជាយើងអាចចូលរួម ធ្វើ​ឲ្យ​គុណភាព​ខ្យល់ដកដង្ហើម មាន​ភាព​បរិសុទ្ធ មានគុណភាព​ល្អប្រសើរជាងបច្ចុប្បន្ននេះ គឺវាអាចដោះស្រាយ​បញ្ហាបានមួយចំនួនធំ ទាក់ទិននឹង​កត្តាសុខភាព​មនុស្ស។ មនុស្ស​មានសុខភាព​ល្អប្រសើរ មានន័យថាយើង​នឹងអាចសល់​ថវិកា ដែលធ្លាប់តែប្រើលើ​ការមើលជម្ងឺ ឬក្នុងវិស័យសុខាភិបាលនោះ យកទៅប្រើ​ក្នុង​វិធានការការពារបរិស្ថាន​ធម្មជាតិបាន​។

លើសពីកត្តាថវិកានេះ អ្នកជំនាញបាន​អំពាវនាវថា គឺមនុស្ស​យើងម្នាក់ៗ ដែលត្រូវចូលរួម ធ្វើ​ឲ្យ​មានការផ្លាស់ប្តូរជាលក្ខណៈមូលដ្ឋានគ្រិះតែម្តង។ ជាការផ្លាស់ប្តូរ ក្នុងអាកប្បកិរិយា ទម្លាប់រស់នៅ ក្នុងសង្គម និង​ កត្តាសេដ្ឋកិច្ច ដោយផ្អែកលើ​មនសិកា ស្មារតី​ទទួលខុសត្រូវ ចំពោះវាសនាអនាគតនៃភពផែនដីយើង។ ជាក់ស្តែង ដូចជាតាមរយៈ​ការប្រើ​ប្រាស់ មធ្យោបាយ​ដឹកជញ្ជូនសាធារណៈឲ្យបានច្រើនបំផុត និង​ការផ្តល់អាទិភាព​ដល់​ទំនិញ​​ចំណីស្បៀងអាហារ ដែលមានប្រភពនៅទី​ជិតៗយើង ដោយមិនចាំបាច់ដឹកជញ្ជូនរាប់រយរាប់ពាន់​គីឡូម៉ែត្រ ជាដើម​។ សម្រាប់អាជ្ញាធរសាធារណៈវិញ គឺត្រូវតែ​គិតគូរពី​ ការរៀបចំទីក្រុងដែលផ្តល់អាទិភាព​ដល់បរិស្ថាន​ធម្មជាតិ កាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល និង​ការរៀបចំទីផ្សារហិរញ្ញវត្ថុឡើងវិញ ដែលឆ្លើយតបទៅ​នឹង​ការវិនិយោគ ចរន្តសេដ្ឋកិច្ច​​ដែលមានប្រយោជន៍ដល់​បរិស្ថាន និងអាកាសធាតុ។

សម្របខ្លួន​ជាមួយ​វិបត្តិគ្រោះធម្មជាតិ ដោយ​ប្រើប្រាស់ដំណោះស្រាយ​ធម្មជាតិ

វិបត្តិសីតុណ្ហភាពឡើងក្តៅ គឺវាធ្វើ​ឲ្យ​ប្រែប្រួល ក្រឡាបចាក់ ដល់អាកាសធាតុ ភាពរាំងស្ងួតនៅកន្លែងខ្លះ តែនៅកន្លែងផ្សេងទៀត បែរជាមានភ្លៀងធ្លាក់យ៉ាងគំហុកខុសធម្មតា បង្កជាទឹកជំនន់ធ្ងន់ធ្ងរ។ ជាក់ស្តែងដូចយើងបាន​ឃើញហើយ ថ្មីៗនេះ ទឹកជំនន់បំផ្លិចបំផ្លាចយ៉ាងរហ័ស និងយ៉ាងចម្លែក នៅភាគខាងលិចអាល្លឺម៉ង់ ជាព្រំដែន​ប៊ែលហ្សិក ទឹកជំនន់នៅប្រទេសចិន និងភ្លៀងធ្លាក់យ៉ាងគំហុកនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកជាដើម។

លោកស្រី Radhika Murti អគ្គនាយក​កម្មវិធី​គ្រប់គ្រង​ប្រព័ន្ធជី​វចម្រុះពិភពលោក នៃអង្គការសម្ព័ន្ធអន្តរជាតិដើម្បីការអភិរក្ស​ធម្មជាតិ UICN បានលើកឡើងថា កន្លងមកមនុស្សយើង​ បានព្យាយាម ស្រាវជ្រាវ ប្រើប្រាស់វិស័យ​​វិស្វកម្ម និងបច្ចេកវិទ្យា ដើម្បីទប់ទល់ជាមួយកម្លាំងធម្មជាតិ។ ជាក់ស្តែងដូចជាទំនប់ទប់ទឹកជំនន់ ជាដើម។ ក៏ប៉ុន្តែ ប្រឈមនឹងការគំរាម​ កាន់តែធ្ងន់និងកាចសាហាវពីធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ សំណងវិស្វកម្មទាំងនោះ អាចនឹងមិនគ្រប់គ្រាន់ទេ។ មនុស្ស​យើងត្រូវតែងាក​ មក​ប្រើប្រាស់ធម្មជាតិ ដើម្បីដោះស្រាយបញ្ហាវិញ។ ជាក់ស្តែងដូចជាករណីទឹកទន្លេឡើងជន់លិចភូមស្រុក គឺយើងត្រូវពិចារណា ចាត់វិធានការ​ស្តារ កាយដីបាតទន្លេឬស្ទឹងឲ្យជ្រៅ សាងសង់ ពង្រីកប្រព័ន្ធបង្ហូរទឹក  និង​បញ្ចៀសការសាងសង់ផ្ទះសំបែង នៅតំបន់ប្រឈមនឹងទឹកជំនន់ជាដើម។

គំនិតយកធម្មជាតិ ដើម្បីមកដោះស្រាយបញ្ហាគ្រោះធម្មជាតិ បានចាប់ផ្តើមរីកផុសផុលបន្តិចម្តងៗ ប្រមាណ​១០ឆ្នាំមកនេះ។ ពោលគឺជាដំណោះស្រាយដែលមានស្រាប់ នៅក្នុងធម្មជាតិ ​ដោយ​ការ​សម្របខ្លួនពីសំណាក់មនុស្ស​យើង ទៅលើការប្រែប្រួលរបស់ធម្មជាតិ មិនមែនទៅ​ប្រឆាំងតទល់នឹងធម្មជាតិទេ។ គំនិតជ្រើសយកដំណោះស្រាយ ដោយផ្អែកលើធម្មជាតិ និងសម្របខ្លួនទៅតាមធម្មជាតិនេះ គឺមាន​ការគាំទ្រ កាន់តែខ្លាំងឡើង ជាក់ស្តែងដូចជា ពីអង្គការ WWF ធនាគារហិរញ្ញវត្ថុអភិវឌ្ឍន៍ ដូចជា​ ទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍន៍ AFD និង​សមូហភាពមូលដ្ឋាន​ជាច្រើន​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ