អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផលវិបាក ក្រោយ​ថ្ងៃវាយប្រហារ​ភេរវកម្ម ១១​កញ្ញា ២០១១

ចុះផ្សាយ​នៅ​ថ្ងៃ៖

មនុស្ស​២៩៧៧នាក់ ស្លាប់​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម ១១កញ្ញា ឆ្នាំ ២០០១ ដែល ជា​ភេរវកម្ម​ដ៏​ធំ មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត។ ហេតុការណ៍​ភេរវកម្ម ទៅលើ​អគារភ្លោះ នៅក្រុង​ញូវយ៉ក ១១កញ្ញា គឺជា​ការចាប់ផ្តើម​នៃ​សង្រ្គាម​ដ៏​ធំ ២ នៃ​សតវត្សរ៍ ទី ២១ នោះ គឺ​សង្រ្គាម​ នៅ​អាហ្វហ្កានីស្ថាន និង​សង្រ្គាម​នៅអ៊ីរ៉ាក់ ដែល​បាន​បន្សល់ទុក នូវ​ផលវិបាក​រហូត​មកដល់​សព្វថ្ងៃ។ ព្រឹត្តិការណ៍ ភេរវកម្ម ក្នុងទឹកដីអាមេរិក ក៏ជា​ចំណុច​ចាប់ផ្តើម​ផងដែរនៃ​ការកកើត លេចមុខ​ឡើង​នៃ​ចលនា​ជីហាត​អ៊ីស្លាម​ជ្រុលនិយម។

ភ្លើងឆេះអគារភ្លោះពាណិជ្ជកម្ម​ក្រុង​ញូវយ៉ក បន្ទាប់ពី​​យន្តហោះ​របស់​ក្រុមភេរវនិយមអាល់កៃដា បើកសំដៅបំផ្លាញ ថ្ងៃទី ១១ កញ្ញា ២០០១​
ភ្លើងឆេះអគារភ្លោះពាណិជ្ជកម្ម​ក្រុង​ញូវយ៉ក បន្ទាប់ពី​​យន្តហោះ​របស់​ក្រុមភេរវនិយមអាល់កៃដា បើកសំដៅបំផ្លាញ ថ្ងៃទី ១១ កញ្ញា ២០០១​ AP - Chao Soi Cheong
ផ្សាយពាណិជ្ជកម្ម

ការបាត់បង់ ជីវិត​មនុស្ស

មនុស្ស​២៩៧៧ នាក់​បាន​ស្លាប់ និង​មនុស្ស​ជាង ៥ពាន់នាក់ រងរបួស នៅថ្ងៃ វាយប្រហារ​ភេរវកម្ម​របស់​ក្រុមអាល់កៃដា ទៅ​លើ​អគារ​ភ្លោះ ពាណិជ្ជកម្ម និង​អគារ​បញ្ចកោន នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅព្រឹកថ្ងៃ​ទី ១១​កញ្ញា។ ប៉ុន្តែ បន្ទាប់​ពី​នោះ នៅមាន​ប្រជាជន​អាមេរិក​ជាច្រើន​ពាន់នាក់ផ្សេងទៀត ដែល​រងគ្រោះ ដោយប្រយោល​នៃការវាយប្រហារ​ភេរវកម្ម។ ពួកគេ អាចជា​ប៉ូលិស ភ្នាក់ងារ ពន្លត់អគិ្គភ័យ បុគ្គលិក​ធ្វើការ​ខាង​សំអាត ដែល​ធ្លាប់ធ្វើការ នៅថ្ងៃ និង​ក្រោយ​ថ្ងៃ ដែល​អគារ ភ្លោះត្រូវ​ឆេះបំផ្លាញ ក្នុង​ថ្ងៃ​វាយប្រហារ​ភេរវកម្ម។ សារធាតុពុលគីមី នៅកន្លែង ចេញមកពី អគារ​ឆេះ​រលំបាក់ បានធ្វើ​ឲ្យ​ពួកគេមួយចំនួន​ធ្លាក់ខ្លួន​ឈឺស្លាប់ ចំណែក​មួយចំនួន កើតមាន​ជំងឺ​មហារីក រហូត​ដល់​សព្វថ្ងៃ។ នេះគេនៅមិនទាន់​និយាយ​ដល់ អ្នកកើតជំងឺផ្លូវចិត្ត ឬ​ផលវិបាក​សម្រាប់​ប្រជាជន​រាប់ម៉ឺននាក់ ដែលធ្លាក់ខ្លួន កំព្រា ដោយសារ​ភេរវកម្ម ១១​កញ្ញា ២០០១។

ភេរវកម្ម​វាយប្រហារ​អគារភ្លោះក្រុងញូវយ៉ក ជាចំណុចចាប់ផ្តើម​នៃ សង្រ្គាមអាមេរិក នៅអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់

ភេរវកម្ម​របស់​ក្រុមអាល់កៃដា ទៅលើ​អគារភ្លោះ នៅក្រុង​ញូវយ៉ក ១១កញ្ញា ឆ្នាំ ២០០១ គឺ​ជាចំណុច​ចាប់ផ្តើម​ដែលនាំទៅ​រក​សង្រ្គាម​ដ៏​ធំ ២ នៃ​សតវត្សរ៍ ទី ២១ នោះ គឺ សង្រ្គាម​ នៅ​អាហ្វហ្កានីស្ថាន និង​សង្រ្គាម​នៅអ៊ីរ៉ាក់ ដែល​បាន​បន្សល់ទុក នូវ​ផលវិបាក​រហូត​មកដល់​សព្វថ្ងៃ ទាំង​ការបាត់បង់អាយុ កងទ័ព និង​ប្រជាជន​ស៊ីវិល។

ព្រឹត្តិការណ៍ ភេរវកម្ម ក្នុងទឹកដីអាមេរិក ក៏ជា​ចំណុច​ចាប់ផ្តើម​ផងដែរ នៃ​ហេតុការណ៍​ដែលកំពុង​កើតឡើង នៅ​តំបន់​មជ្ឈិមបូព៌ា បច្ចុប្បន្ន ជាមួយ​នឹង​ការលេចមុខឡើង​នៃ​ចលនា​ជីហាតអ៊ីស្លាម​ជ្រុលនិយម។

លោកប្រធានាធិបតី ប៊ូស ប្រកាសធ្វើ​ “សង្រ្គាមប្រឆាំងភេរវកម្ម”

នៅតែ​ប៉ុន្មាន​ម៉ោងក្រោយ ដែល​អគារ ភ្លោះ នៅក្រុង​ញូវយ៉ក រងការវាយប្រហារ​ភេរវកម្ម លោក​ប្រធានាធិបតី ប៊ូស បាន​ប្រកាស​ធ្វើ​សង្រ្គាម​ប្រឆាំង ក្រុមភេរវនិយម ជាពិសេស ក្រុមអាល់កៃដា ដឹកនាំ​ដោយ​អូសាម៉ា បិនឡាដិន ដែលអាមេរិក​ចោទប្រកាន់​ថា ជាអ្នកនៅពីក្រោយ ការវាយប្រហារភេរវកម្ម​ក្រុងញូវយ៉ក។

នៅមួយខែ ក្រោយ ភេរវកម្ម នៅ​ញូវយ៉ក អាមេរិក បាន​ផ្តើម​ធ្វើ​សង្រ្គាម ឈ្លានពាន​អាហ្វហ្កានីស្ថាន បណ្តេញ ក្រុមតាលីបង់​ចេញពីអំណាច នៅបន្ទាប់ពី រដ្ឋាភិបាល​តាលីបង់ បដិសេធ​មិន​ព្រម ប្រគល់​ខ្លួន អូសាម៉ា បិនឡាដិន។ ដំបូងឡើយ អាមេរិក​គ្រាន់តែ​ចង់​ចាប់ខ្លួន អូសាម៉ា បិនឡាដិន មេដឹកនាំ បណ្តាញ​អាល់កៃដា ដែលជា​បញ្ជា​ឲ្យ​មាន​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ក្រុងញូវយ៉ក និង​នៅវ៉ាស៊ីនតោន។ នៅ​១០​ឆ្នាំ ក្រោយ កងទ័ព​អាមេរិក​ក៏​បាន សម្រេច សម្លាប់ បិនឡានដិន មេដឹកនាំ បណ្តាញ​អាល់កៃដា នៅ​ក្នុង​ប្រតិបត្តិការ​កងកុម្ម៉ងដូរ​ពិសេស​នៅក្នុង​ទឹកដី​ប៉ាគីស្ថាន។ ដោយសារ​តែ​អាមេរិក​មិន​បាន​ត្រៀម ឬ​គ្មាន​ផែនការ​ច្បាស់លាស់ អាមេរិក​ក៏​ត្រូវ​ផុងខ្លួន ធ្វើ​សង្រ្គាមបន្តនៅអាហ្វហ្កានីស្ថាន រហូត​ដល់​សព្វថ្ងៃ។ សង្រ្គាម រយៈពេល ២០ឆ្នាំ  នៅអាហ្វហ្កានីស្ថាន ដែល​កើតចេញ ដំបូង ដោយសារ​តែ ការវាយប្រហារ​ភេរវកម្ម ១១​កញ្ញា បាន​ធ្វើ​ឲ្យ​អាមេរិក បាត់បង់​ជីវិត​ទាហាន ប្រមាណ ២៥០០នាក់ និង​ថវិកា ជាង ២ទ្រីលាន​ដុល្លារ។ សង្រ្គាម​ផុងខ្លួន ២០ឆ្នាំ ដែល​អាមេរិក​ទើបបញ្ចប់ ជាមួយ​ការដកទ័ព ចេញអស់​ពីអាហ្វហ្កានីស្ថាន កាលពី​ថ្ងៃ ទី ៣១​សីហា​កន្លងទៅ បាន​បន្សល់ទុកផង ភាពអាម៉ាស សម្រាប់រដ្ឋបាល របស់​លោក​ចូ បៃដិន ដែល​បាន​ប្រកាស​ដកខ្លួន យ៉ាង​ប្រថុចញ៉ុច បំផុត ដោយសារ ការវាយលុក ចូលកាន់អំណាច របស់​ក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន។

សង្រ្គាម​ឈ្លានពាន​របស់អាមេរិក នៅ​អ៊ីរ៉ាក់ នៅ​ឆ្នាំ ២០០៣ មានជាប់​ទាក់ទង​អ្វី​នឹង​ការវាយប្រហារ ​១១ កញ្ញា ក្រុងញូវយ៉ក?

នៅថ្ងៃខែ មីនា ឆ្នាំ ២០០៣ ពោល​គឺ​ជាង ១ឆ្នាំ​ក្រោយ ធ្វើ​សង្រ្គាម ប្រឆាំង ភេរវនិយម នៅ​​អាហ្វហ្កានីស្ថាន អាមេរិក​បាន​ធ្វើ​សង្រ្គាម​ឈ្លានពាន អ៊ីរ៉ាក់ ក្នុង​ហេតុផល​ថា រដ្ឋាភិបាល​របស់​លោក​សាដាម ហ៊ូសេន មាន​លាក់ទុកអាវុធ​គីមី និង​មានទំនាក់ទំនង​ជាមួយ​ក្រុមអាល់កៃដា។

នៅក្រោយ សាដាម ហ៊ូសេន ត្រូវ ចាប់ខ្លួន និងក្រោយ មក ត្រូវ តុលាការ​អ៊ីរ៉ាក់ កាត់ទោស ព្យួរក គេ​ដឹងថា នោះ​គ្រាន់តែ ការភូតកុហក​របស់​អាមេរិក ព្រោះថា នៅទីបំផុត គេ​គ្មានរកឃើញ​អាវុធ​គីមី នៅអ៊ីរ៉ាក់ ដូច ការលើកឡើង​របស់​អាមេរិក។ មួយវិញទៀត ការចោទប្រកាន់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​របស់​អាមេរិក​ថា របបសាដាម ហ៊ូសេន មានជាប់ទាក់ទង​នឹង​បណ្តាញអាល់កៃដា គឺ​ជារឿង​មិនត្រឹមត្រូវ ព្រោះថា រដ្ឋាភិបាល​របស់​លោក​សាដាម ហ៊ូសេន ជា​សត្រូវ​របស់​ក្រុមអាល់កៃដា។

ដើម្បី​ធ្វើ​សង្រ្គាម​នៅអ៊ីរ៉ាក់ អាមេរិក​បាន​និយាយ​កុហក​ពិភពលោក ច្រើន។ គេ​ដឹងថា អាមេរិក ចេញ​ទៅឈ្លានពាន​នៅ អ៊ីរ៉ាក់ ដោយសារ​មូលហេតុ​សំខាន់ គឺ​រឿងប្រេងកាត​របស់​ប្រទេស​មួយនេះ និង​ដើម្បី​ទប់ទល់​ការពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​សួរពូជ​របស់អាមេរិក។ ជាអកុសល គឺ​ការឈ្លានពាន​របស់​អាមេរិក នៅអ៊ីរ៉ាក់ នេះ ហើយធ្វើ​ឲ្យ​កកើត លេចឡើង​ ចលនា​ជីហាត ជ្រុលនិយម ដូចជា​ក្រុមអង្គការរដ្ឋអ៊ីស្លាម ដែល​បានធ្វើ​សង្រ្គាម ពង្រីកទឹកដី នៅ​ស៊ីរី និង​អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០១៤។

សង្គ្រាម​ប្រឆាំង​ភេរវកម្ម ដែល​មិន​ចេះចប់ កំពុង​ពង្រឹង​បណ្តាញក្រុម​ភេរវនិយម

អ្នកជំនាញ​មួយចំនួន​យល់​ថា ដោយភេរវកម្ម​ប្រឆាំង​អគារភ្លោះ នៅទីក្រុង​ញូវយ៉ក ក្នុង​ទឹកដីអាមេរិក អូសាម៉ា បិនឡាដិន មេបណ្តាញ​អាល់កៃដា ចង់​ញុះញង់​ឲ្យ​អាមេរិក ខឹង ធ្វើ​សង្រ្គាម ប្រឆាំង អ្នកកាន់សាសនា​អ៊ីស្លាម។ ដោយប្រើ​ដៃ​របស់​អាមេរិក ដែល​ធ្វើ​សង្រ្គាមឈ្លានពាន នៅ​អាហ្វហ្កានីស្ថាន ឬ​នៅអ៊ីរ៉ាក់ បណ្តាញ​អាល់កៃដា ចង់​ដាស់ ស្មារតី ពួកជីហាតនៅក្នុង​ពិភពលោក ឲ្យ​កើតមាន​គំនិត​ប្រឆាំង សងសឹក​អាមេរិក។

ជាក់ស្តែង នៅពេល​អាមេរិក​ធ្វើ​សង្រ្គាម​ឈ្លានពាន​នៅអ៊ីរ៉ាក់ ដោយសារ​តែ​អាមេរិក​គ្មាន​ផែនការ​ គោលដៃ សង្រ្គាម ច្បាស់លាស់ វត្តមាន​ទ័ព​របស់អាមេរិក​បាន​ត្រឹមតែ ទៅ​ចិញ្ចឹម​ចិត្ត​គំនិត របស់ប្រ​ជាជន អ៊ីរ៉ាក់ ដែល​ទទួល​អំពើយុត្តិធម៌ ពី​កងទ័ពអាមេរិក ឲ្យ​ស្អប់​អាមេរិក​កាន់តែខ្លាំង ហើយនិង​អាច​ងាយ​ធ្លាក់​ទៅក្នុង​ការបញ្ចុះបញ្ចូល​របស់​បណ្តាញ​ភេរវនិយម ដូចជា​ក្រុមអាល់កៃដា។ ដូចលើកខាងដើម ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម ដែល​ធ្វើ​សង្រ្គាម សម្លាប់​មនុស្ស នៅទឹកដី ស៊ីរី ពី​ឆ្នាំ ២០១៤​ដល់​ឆ្នាំ ២០១៩ ក៏កើតចេញ​មកពី​ក្រុមអ៊ីស្លាម ជ្រុលនិយម ដែល ស្អប់ ប្រឆាំង អាមេរិក​នេះដែរ។

ត្រង់ចំណុច​នេះ គេ​អាច​និយាយបាន​ថា នៅ​មុន​ភេរវកម្ម វាយប្រហារ​ក្រុងញូវយ៉ក ពិភពលោក មិនដែល​ស្គាល់អ្វីទៅ ចលនា​ភេរវនិយម​នោះទេ។ ប៉ុន្តែ គឺសង្រ្គាម​ប្រឆាំង ភេរវកម្ម​របស់អាមេរិក ចាប់ផ្តើម​នៅអាហ្វហ្កានីស្ថាន និង​នៅអ៊ីរ៉ាក់ ដែល​បាន​ធ្វើ​ឲ្យ​កកើត​មាន​ចលនា​ភេរវនិយម ដែល​ដើរ​សាបព្រួស ធ្វើ​ភេរវកម្ម នៅគ្រប់ទិស ក្នុងពិភពលោក ដើម្បី​ប្រឆាំង ជាពិសេស ផលប្រយោជន៍​អាមេរិក ប្រទេស​លោកខាងលិច។ ពីប៉ារីស ព្រុចស៊ែល ឡុងដ៍ បូស្តុន ភេរវកម្ម របស់​ក្រុមអ៊ីស្លាមជ្រុលនិយម សុទ្ធតែ​ទាក់ទង​នឹង​នយោបាយ​ធ្វើ​សង្រ្គាមប្រឆាំងក្រុមភេរវនិយម របស់​អាមេរិក និង​សហគមន៍​អន្តរជាតិ នៅ​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ