អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ចូ បៃដិនបើកចំហ​ឯកសារ​សំងាត់ ដែល​បង្ហាញការពាក់ព័ន្ធ​របស់អារ៉ាប៊ីសាអូឌីត នៅក្នុង​​ភេរវកម្ម​ ១១កញ្ញា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសៅរ៍ទិ១១កញ្ញា សហរដ្ឋអាេមរិក​ បានប្រារព្ធពិធីរំលឹកខួប២០ឆ្នាំ នៃការវាយ​ប្រហារភេរវកម្ម​ ថ្ងៃទី​១១កញ្ញា២០០១។ ខួប២០ឆ្នាំ​នៃភេរវកម្ម​១១កញ្ញា គឺពោរពេញ​ដោយ​ចំណោទចោទសួរ អំពីបរាជ័យរបស់សហរដ្ឋអាមេរិក បូកបន្ថែមជាមួយ​នឹង​វិបត្តិបាក់​បែកផ្ទៃក្នុង នៅក្នុងសង្គមនិងនយោបាយ​អាមេរិក ថែមទៀតផង។ ទន្ទឹមគ្នានេះ សំឡេងហៅរកយុត្តិធម៌ របស់គ្រួសារជនរងគ្រោះដែលស្លាប់នៅថ្ងៃ១១កញ្ញា នៅតែបន្តដង្ហើយ​ ទាមទារ​ឲ្យ​វែកញែករកការពិត។ ឆ្លើយតបទៅនឹងការទាមទារនេះ លោកចូ បៃដិន បានសម្រេចកាលពីថ្ងៃទី​១១កញ្ញា បើកចំហឯកសារសំងាត់មួយរបស់ FBI ដែល​ទាក់ទិននឹងការស្រាវជ្រាវ ស្តីពី​អ្នកនៅពីក្រោយ​អំពើភេរវកម្ម​ ថ្ងៃ​១១កញ្ញា២០០១។

អាគារភ្លោះ World Trade Center កំពុងឆេះសន្ទៅ ក្រោយយន្តហោះរបស់ភេរវជន​ហោះ​បំបុក នៅថ្ងៃទី១១កញ្ញា ២០០១
អាគារភ្លោះ World Trade Center កំពុងឆេះសន្ទៅ ក្រោយយន្តហោះរបស់ភេរវជន​ហោះ​បំបុក នៅថ្ងៃទី១១កញ្ញា ២០០១ AP - Marty Lederhandler
ផ្សាយពាណិជ្ជកម្ម

កំណត់ហេតុ​FBI ចុះឆ្នាំ​២០១៦

លោក ចូ បៃដិន បានសម្រេច​បើកចំហ​ឯកសារ ដែលជា​របាយការណ៍​កំណត់ហេតុ របស់ទីភ្នាក់ងារ FBI ដែលត្រូវបាន​សរសេរ នៅថ្ងៃទី​៤ មេសា ឆ្នាំ២០១៦។ ជាកំណត់​ហេតុ ដែលផ្អែកលើ​ ការឆ្លងឆ្លើយសួរនាំគ្នា រវាងភ្នាក់ងារ FBI ជាមួយ​នឹងប្រភព​ម្នាក់របស់FBI ដែលគេមិនបញ្ចេញឈ្មោះ នៅរវាងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥។ កំណត់ហេតុបាន​រំលេចឲ្យឃើញ នូវ ទំនាក់ទំនង​ស្អិតរមួត រវាងមនុស្សម្នាក់ ឈ្មោះ Omar al-Bayoumi ជាមួយ​នឹង​ជនជីហាត២នាក់ ឈ្មោះ Nawaf al-Hazmi និង Khalid al-Mihdhar ដែលជាអ្នកប្លន់យន្តហោះបើកទៅបុក អាគារ World Trad Center។

យោងតាមប្រភព​ច្បាស់​ការណ៍នេះ គឺជនឈ្មោះ​ Omar al-Bayoumi ជានិស្សិតជនជាតិអារ៉ាប៊ីសាអូឌីត មករៀននៅអាមេរិក តែព្រមពេលជាមួយគ្នានេះ គឺជននេះជាក៏​ភ្នាក់ងារ​ចារកិច្ច របស់អារ៉ាប៊ីសាអូឌីត ហើយថែម​ទាំង​មានមុខតំណែងសំខាន់មួយ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅកាលីហ្វ័រញ៉ា។ នៅពេល​ដែលជនជីហាតទាំង២ខាងលើ បានធ្វើដំណើរមកដល់ភាគខាងត្បូង​រដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ​២០០០ ដើម្បីត្រៀមរៀបចំ​ធ្វើភេរវកម្ម គឺជនឈ្មោះ Omar al-Bayoumi នេះឯង ដែលជាអ្នកជួយជ្រោមជ្រែង ជួយ​បកប្រែ ជូនទៅនេះទៅនោះ ផ្តល់កន្លែងស្នាក់នៅ និងប្រាក់កាសជាដើម។

កំណត់ហេតុ ក៏បាន​បង្ហាញ​ឲ្យឃើញផងដែរ នូវទំនាក់ទំនង រវាងជនជីហាតទាំង២ ជាមួយ​គ្រូគង្វាលអ៊ីស្លាមម្នាក់ ឈ្មោះ​Fahad al-Thumairy។ គ្រូគង្វាលអ៊ីស្លាមនេះ ប្រចាំការនៅវិហារអ៊ីស្លាមក្រុង Los Angeles ហើយ​ក៏ធ្លាប់​ជា​មន្ត្រីទូតផ្លូវការម្នាក់ របស់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតដែរ នៅរវាងចុងទសវត្សឆ្នាំ​៩០។ មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារFBI បានកត់ត្រា ថាគេបានរកឃើញថា ជនឈ្មោះ Omar al-Bayoumi រួមជាមួយគ្រូគង្វាលអ៊ីស្លាម​Fahad al-Thumairy ធ្លាប់​បានជួប​ប្រជុំគ្នា និងនិយាយទូរស័ព្ទ ជាមួយជនម្នាក់ទៀត ឈ្មោះ Anouar al-Aulaqi ដែលជាជនជាតិអាមេរិក ដើមកំណើតយេម៉ែន ហើយដែលគេស្គាល់ថាជាមេឃោសនាអូសទាញរបស់បណ្តាញអាល់កៃដា ប្រចាំនៅឧបទ្វីបអារ៉ាប់។ ជននេះត្រូវបាន​ទាហានអាមេរិកបញ្ជាយានដ្រូនទំលាក់គ្រាប់សម្លាប់កាលពីខែកញ្ញាឆ្នាំ​២០១១។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ជាអ្នកទំនុកបំរុងក្រុមភេរវកម្ម?

ផ្អែកតាម​ប្រភពរបស់ FBI នេះ គឺថា ជនឈ្មោះ Omar al-Bayoumi ដែលជាអ្នកជួយជនជីហាតទាំង២ គឺជាភ្នាក់ងារចារកិច្ច ហើយមាន​មុខតំណែង នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតទៀត។ ហើយទន្ទឹមគ្នានេះ ជននេះក៏មានទំនាក់ទំនងស្អិតរមួត មានការឆ្លងឆ្លើយទូរស័ព្ទញឹកញាប់ និង​ការជួបប្រជុំគ្នា ជាមួយ​នឹងគ្រូគង្វាល​អ៊ីស្លាម ដែលធ្លាប់ជាមន្ត្រីទូតរបស់អារ៉ាប៊ីសាអូឌីតទៀត។ ប្រភពរបស់ FBI គឺជាមនុស្សស្គាល់ស្និទ ជាមួយ Omar al-Bayoumi នឹងធ្លាប់សហការ ជួយជនជីហាតទាំង២ ដែលបើកយន្តហោះបុក​អាគារ World Trad Center ដែរ។

ណាមួយទៀត វាមិនមែនជាលើកទី១ទេ ដែល​មានលេចចេញនូវតម្រុយមួយចំនួន ចង្អុលទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ថាជាអ្នកនៅពីក្រោយ​ អំពើភេរវកម្ម ថ្ងៃទី​១១ កញ្ញា ២០០១។ ជាក់ស្តែង ក្នុងចំណោមជនជីហាត ទាំង​១៩នាក់ ដែលធ្វើសកម្មភាព​ប្លន់យន្តហោះ ដើម្បីធ្វើប្រតិបត្តិការភេរវកម្មនៅថ្ងៃទី១១កញ្ញាហ្នឹង គឺមាន​១៥នាក់ ដែលជាជនជាតិអារ៉ាប៊ីសាអូឌីត។ ហើយ ប៊ីនឡាដិន មេក្លោងធំរបស់អាល់កៃដា ក៏ជាជនជាតិអារ៉ាប៊ីសាអូឌីតដែរ។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យោងតាម​ឯកសារកំណត់ហេតុនេះ គឺភ្នាក់ងារ FBI មិនបាន​សរសេរ សន្និដ្ឋានឲ្យ​ច្បាស់ប្រាកដ អំពីទំនាក់ទំនងដោយ​ផ្ទាល់ រវាងរដ្ឋាភិបាល​របស់អារ៉ាប៊ីសាអូឌីត ជាមួយ​ក្រុម​ភេរជនទេ។ វាអាចថា មនុស្សទាំងនោះជាជនជាតិអារ៉ាប៊ីសាអូឌីត ជាមន្ត្រីការទូត ឬក៏ភ្នាក់ងារចារកិច្ចរបស់អារ៉ាប៊ីសាអូឌីតមែន តែ​ពួកគេអាចឃុបឃិតគ្នាធ្វើសកម្មភាព​ភេរវកម្ម ក្រៅក្របខណ្ឌរដ្ឋាភិបាល របស់អារ៉ាប៊ីសាអូឌីត ក៏ថាបានដែរ។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏ធ្លាប់បាន​ច្រានចោលការសង្ស័យទាំងអស់ដែរ។ ហើយ​កាលពីឆ្នាំ​២០០៤ គណកម្មការស៊ើបអង្កេតមួយ របស់សភាអាមេរិក ក៏បាន​សន្និដ្ឋានដែរ ថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត គ្មានអ្វីពាក់ព័ន្ធជាមួយ​នឹងភេរវកម្ម​ ថ្ងៃទី១១កញ្ញា ឆ្នាំ​២០០១ទេ។

លោក ចូ​ បៃដិន រងសំពាធពីការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះ

ការដែលលោក ចូ បៃដិន សម្រេចបើកចំហឯកសារសំងាត់នេះ ជាសាធារណៈ គឺដោយសារតែរងសំពាធ និងការទាមទារខ្លាំង ពីក្រុមគ្រួសារជនរងគ្រោះមួយចំនួន។ ពួកគេបានដាក់ពាក្យ​ប្តឹង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត​តែម្តង នៅចំពោះមុខតុលាការអាមេរិក។ អស់ជាច្រើនឆ្នាំមកហើយ ដែលក្រុមគ្រួសារជនរងគ្រោះ ទាមទារឲ្យរដ្ឋាភិបាល​ទំលាយ​ឯកសារ ដែល​ជាឯកសារសំងាត់ ដើម្បីឲ្យ​មហាជន​បាន​យល់ដឹង នឹងឈានទៅស្វែងរកការពិតទាំងឡាយ ជុំវិញ​បណ្តាញ​ភេរវកម្ម ដែល​បានវាយប្រហារនៅថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ស្លាប់មនុស្សដល់ទៅ​ជិត​៣០០០នាក់។

តាមពិត កន្លងមក ទាំងក្នុងអាណត្តិលោកអូបាម៉ា អាណត្តិលោកដូណាល់ ត្រាំ គឺគេបានព្យាយាមបិទខ្ទប់ មិនទំលាយ​ឯកសារនេះទេ ព្រោះថាមិនចង់បង្កើត ឲ្យមានភាពតានតឹង មើលមុខគ្នាមិនត្រង់ រវាងអាមេរិក និង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត។

ចង់មិនចង់ ឯកសារសំងាត់របស់ FBI គឺវាបានមកដាស់ការសង្ស័យ ទៅលើរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ លោក Jim Kreindler មេធាវីដ៏សំខាន់ម្នាក់ តំណាងក្រុមគ្រួសារជនរងគ្រោះ ដែលបាន​ដាក់ពាក្យប្តឹង អារ៉ាប៊ីសាអូឌីត បាន​លើកឡើងថា ខ្លឹមសារ​នៃកំណត់ហេតុនេះ បានមកបញ្ជាក់ភាពប្រត្យក្ស​ ដល់ការសង្ស័យកន្លងមក ថារដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ពិតជាបានទំនុកបំរុងពួកភេរវជន ដែលធ្វើសកម្មភាពថ្ងៃទី​១១កញ្ញា។ លោក​បន្ថែមថា ២០ឆ្នាំមកហើយ ដែល​អារ៉ាប៊ីសាអូឌីត បានសំងំ​​ពួននៅពីក្រោយការជួយ​លាក់បាំង របស់រដ្ឋាភិបាលអាមេរិក។ តែពេលនេះ គឺដល់ពេលត្រូវចប់ហើយ។ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ត្រូវការចង់ឃើញឯកសារ និងភស្តុតាងទាំងអស់។ យោងតាមលោកមេធាវីនេះ នៅរវាង៦ខែទៀត លោក​ប្រធានាធិបតីចូ បៃដិន អាចនឹង​នឹងត្រូវ​បើកចំហឯកសារសំងាត់ផ្សេងៗទៀត ទាក់ទិននឹងសំណុំរឿងនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ