អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ខឹង អូស្ត្រាលី​ដែល​ហែក​ចោល​កិច្ចសន្យា​ជាមួយ​បារាំង ដើម្បីទិញនាវាមុជទឹកអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក អូស្ត្រាលី និង​អង់គ្លេស​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ដ៏សំខាន់មួយ​ នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃពុធទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ ទៅតាម​កិច្ចព្រមព្រៀង ដែល​លោក​ប្រធានាធិបតី​អាមេរិក​ចាត់ទុក​ជា​ការបោះជំហាន​ជាប្រវត្តិសាស្រ្ត ក្នុងទំនាក់ទំនង​រវាង​ប្រទេស​ទាំងបី អូស្ត្រាលី យល់ព្រម​ទិញ​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ពី​អាមេរិក។ កិច្ចព្រមព្រៀង ដែល​មាន​ឈ្មោះថា AUKUS បាន​ធ្វើ​ឲ្យ​ប្រទេសចិន និង​បារាំង​សប្បាយចិត្ត។

លោកប្រធានាធិបតីបារាំង ម៉ាក្រុង ថតជាមួយ​នាយករដ្ឋមន្រ្តីអូស្ត្រាលី Turnbullនៅក្នុង​ឱកាស​ទស្សនកិច្ច​នៅមូលដ្ឋានទ័ពនៅអូស្ត្រាលី នៅ​ខែ ឧសភា ឆ្នាំ ២០១៨។ អូស្ត្រាលី​ចុះកិច្ចសន្យា​ឆ្នាំ ២០១៦ ដើម្បីទិញ នាវាមុជទឹកបារាំង ១២​គ្រឿង ប៉ុន្តែ នាយករដ្ឋមន្រ្តី​អូស្ត្រាលី ថ្មី លោក​ស្កុតម៉ូរីសុន បាន​ប្រកាស​នៅថ្ងៃទី ១៦ កញ្ញា ២០២១ លុបចោល​កិច្ចសន្យា​បារាំង ដើម្បី​ទិញ​នាវាមុជទឹក​ដើរដោយថាមពល​នុយក្លេអ៊ែរ​របស់អាមេរិក
លោកប្រធានាធិបតីបារាំង ម៉ាក្រុង ថតជាមួយ​នាយករដ្ឋមន្រ្តីអូស្ត្រាលី Turnbullនៅក្នុង​ឱកាស​ទស្សនកិច្ច​នៅមូលដ្ឋានទ័ពនៅអូស្ត្រាលី នៅ​ខែ ឧសភា ឆ្នាំ ២០១៨។ អូស្ត្រាលី​ចុះកិច្ចសន្យា​ឆ្នាំ ២០១៦ ដើម្បីទិញ នាវាមុជទឹកបារាំង ១២​គ្រឿង ប៉ុន្តែ នាយករដ្ឋមន្រ្តី​អូស្ត្រាលី ថ្មី លោក​ស្កុតម៉ូរីសុន បាន​ប្រកាស​នៅថ្ងៃទី ១៦ កញ្ញា ២០២១ លុបចោល​កិច្ចសន្យា​បារាំង ដើម្បី​ទិញ​នាវាមុជទឹក​ដើរដោយថាមពល​នុយក្លេអ៊ែរ​របស់អាមេរិក AP - Brendan Esposito
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​តាម​សន្និសីទ​វីដេអូ កាលពីថ្ងៃ​ពុធ ប្រធានាធិបតី​អាមេរិក ជាមួយ នាយករដ្ឋមន្រ្តី អូស្ត្រាលី និង​នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​ប្រកាសរួមគ្នា កិច្ចព្រមព្រៀងស្តីពី​សន្តិសុខ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

កិច្ច​ព្រមព្រៀង ស្តីពី​សន្តិសុខ នៅអាស៊ីប៉ាស៊ីហ្វិក ដែលមាន​ឈ្មោះ ហៅកាត់ ជាភាសា​អង់គ្លេស ថា Aukus មកពីពាក្យ Australia United Kingdom United States មាន​និយាយ​ថា អាមេរិក ​នឹង​ជួយ​បំពាក់​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ឲ្យ​ប្រទេស​អូស្ត្រាលី។ កិច្ចព្រមព្រៀង មាន​និយាយ​ផងដែរ ពីការសហការ ចែករំលែក រវាង​ប្រទេស​ទាំងបី នៅក្នុង​វិស័យ ការពារ​ជាតិ​តាមប្រព័ន្ធអ៊ីនធ័រនែត និង​បច្ចេកវិទ្យាទំនើបៗ ដូចជា វិស័យ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា កង់ទិក និង​បច្ចេកវិទ្យា​ក្រោមសមុទ្រ។

សម្រាប់​ភាគី​អាមេរិក កិច្ចព្រមព្រៀង​សន្តិសុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ជា​ការបោះជំហាន​ប្រវត្តិសាស្រ្ត ព្រោះថា នេះ​ជា​លើកទី១ ដែលអាមេរិក​ចែករំលែក​បច្ចេកវិទ្យា ខាង​សាងសង់​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ឲ្យ​អូស្ត្រាលី ដែលតាម​ជា​សម្ព័ន្ធមិត្ត​សំខាន់​យូរមកហើយ​របស់​អាមេរិក។ តាម​សេតវិមាន ក្នុង​រយៈពេល ជាង ៥០ឆ្នាំ​មក​នេះ មាន​ប្រទេស​តែមួយគត់ គឺ​អង់គ្លេស ដែល​បាន​ទទួល​បច្ចេកវិទ្យា​ផលិត​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ពីអាមេរិក។

ទៅតាម​កិច្ចព្រមព្រៀង អាមេរិក​នឹង​ជួយ​ខាង​ផ្នែកបច្ចេកទេស ​បច្ចេកវិទ្យា និង​សំភារៈ ដើម្បី ធ្វើយ៉ាងណាឲ្យ​អូស្ត្រាលី អាច​ផលិត​នាវាមុជទឹក ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ក្នុងទឹកដីអូស្ត្រាលី។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​អូស្ត្រាលី ក្លាយ​ជា​ប្រទេស ទី ៧ ក្នុង​លោក ដែលមាន​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរ។ សព្វថ្ងៃ​មានតែ​ប្រទេស​៦ប៉ុណ្ណោះ ដែល​មាន​នាវា​មុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ដែលមាន​ដូចជា បារាំង អាមេរិក អង់គ្លេស ចិន រុស្ស៊ី និង​ឥណ្ឌា។

កិច្ចព្រមព្រៀង សហការ​ខាងផ្នែក​សន្តិសុខ​មាន​គោលដៅ ទប់ទល់​ឥទ្ធិពល​របស់​ចិន នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក

នៅក្នុង​សេចក្តីថ្លែងការណ៍រួម មេដឹកនាំ​ប្រទេស​ទាំងបី​មិនបាន​និយាយ​ចំៗឈ្មោះ​ប្រទេស​ចិន។ ប៉ុន្តែ គេ​និយាយ​ តំបន់អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​ប្រឈម​កាន់តែខ្លាំង នឹង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ។ ទោះគេ​មិន​និយាយចំឈ្មោះ គេ​ដឹងច្បាស់ថា កិច្ចព្រមព្រៀង​ស្តី​ពី​សន្តិសុខ ដែល​អាមេរិក អង់គ្លេស និងអូស្ត្រាលី ទើបប្រកាស​រួមគ្នា កាលពីថ្ងៃ ម្សិលមិញ ជា​យុទ្ធសាស្រ្ត​មួយ​របស់​អាមេរិក ក្រោម​ការដឹកនាំ របស់​រដ្ឋបាល​លោក​ចូ បៃដិន ដែល​ចង់​អូសទាញ​កម្លាំង​យោធា​របស់​សម្ព័ន្ធមិត្ត ដើម្បី​ទប់ទល់ចិន។ ចិន​ដែល​កំពុង​ពង្រីក​ដែន​ឥទ្ធិពល​ក្នុង​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក តាមរយៈ ការកសាង ពង្រឹង​វិស័យ​កងទ័ពជើងទឹក ការទាមទារ​កម្មសិទ្ធិ​នៅសមុទ្រ​ចិន​ខាងត្បូង ហើយនិង​យុទ្ធសាស្រ្ត​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ខ្លួន។

ចាប់តាំង​ពី​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ម្ល៉េះ លោក​ចូ បៃដិន​បាន​និយាយ​ដដែលៗ ថា លោក​ចង់​ប្រឈមមុខ​នឹង​ចិន ដូច ប្រធានាធិបតី​ដូណាល់ ត្រាំ ប៉ុន្តែ ក្នុង​វិធីសាស្រ្ត​មួយបែបផ្សេងទៀត ពោល​គឺ​មិន​ប្រឈមមុខ ដោយត្រង់ៗ ឈ្លោះជាមួយ ចិន​ដោយ​ផ្ទាល់នោះទេ។

លោកប្រធានាធិបតី​អាមេរិក បាន​លេងគ្រប់​សន្លឹកបៀ ដើម្បី​ប្រមូល​កៀងគរ សម្ព័ន្ធមិត្ត គ្នីគ្នា ដើម្បី​ប្រឆាំង​អំណាចឥទ្ធិពល​របស់​ចិន។ នៅទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ ទី ២៤​កញ្ញា​ខាងមុខ លោក​ចូ បៃដិន​ក៏​ត្រូវ​បើក​ជំនួបកំពូល ទទួល ជួបមេដឹកនាំ ក្រុមប្រទេស Quad ដែល​មាន​ដូចជា​ប្រទេស​ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដើម្បី​និយាយពី​បញ្ហា​សន្តិសុខ នៅ​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក។

ចង់ ឬ​មិន​ចង់ កិច្ចព្រមព្រៀង សន្តិសុខ​នាំមុខ​ដោយ​អាមេរិក បាន​ធ្វើ​ឲ្យ​ភាគី​ចិន​ប្រតិកម្ម​ចោទប្រកាន់​ប្រទេស​ទាំងបី ថា កំពុង​ធ្វើ​សង្រ្គាមត្រជាក់ ផ្នែក​ចិត្តសាស្រ្ត និង​វិនិច្ឆ័យ ខុស​ទៅលើ​ប្រទេសដទៃ។ ចិន តាមរយៈ ស្ថានទូត​របស់ខ្លួន​នៅវ៉ាស៊ីនតោន បាន​ប្រតិកម្ម​រិះគន់​ថា គេមិនគួរ​បង្កើតក្រុមប្រទេស​ផ្តាច់មុខ​មួយ ដើម្បី​សំដៅ វាយប្រហារ​ផលប្រយោជន៍​របស់​ប្រទេស​ទីបីនោះទេ។

បារាំង​ខឹងសម្បារព្រោះ​កិច្ចព្រមព្រៀង សន្តិសុខ អាមេរិក អូស្ត្រាលី និង​អង់គ្លេសបានទៅ​សម្លាប់​កិច្ចសន្យា​លក់​នាវា​មុជទឹក​បារាំង

នៅក្រោយ​បង្កើត​កិច្ចព្រមព្រៀងសន្តិសុខ ​ជាមួយ​អាមេរិក និង​អង់គ្លេស ដែល​មាន​គោលដៅ បំពាក់ នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ឲ្យអូស្ត្រាលី  លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ស្កុត មូរីសុន បាន​ប្រកាស លុបចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹក តម្លៃ ៥០ ពាន់​លាន​ដុល្លារ អូស្ត្រាលី ឬ ៣១​ពាន់​លាន​អឺរ៉ូ ដែល​អូស្ត្រាលីបានចុះហត្ថលេខាជាមួយ ​បារាំង កាលពី​ឆ្នាំ ២០១៦។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​បារាំង លោក​Jean Yves Le Drian បាន​ចោទប្រកាន់​អូស្ត្រាលី ថា លេងស្នៀត ចាក់ពីក្រោយ​ខ្នង បន្ទាប់ពី​អូស្ត្រាលី ប្រកាស​ភ្លាមៗ ឈប់​ទិញ នាវាមុជទឹក របស់​បារាំង។ ប្រមុខការបរទេស​បារាំង នៅបាន​ចោទប្រកាន់និង​ និយាយ​ប្រៀបធៀប​រដ្ឋបាល​លោក​ចូ បៃដិន ទៅនឹង​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដែល​ធ្វើ​នយោបាយ ដោយ ឯកតោភាគី ភ្លាមៗ ដែលគេ​មិនអាច​ដឹងមុន  ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​សម្ព័ន្ធមិត្ត។

បារាំង​ខឹងសម្បារ​ខ្លាំង ព្រោះថា បារាំង ត្រូវ​បាត់បង់​ប្រយោជន៍ ពី​កិច្ចសន្យា ដែលធ្លាប់​គេចាត់ទុក​ជា​កិច្ចសន្យា​ទិញ​នាវាមុជទឹក ក្នុង​តម្លៃ​ដ៏មហាសាល ប្រចាំ​សតវត្សរ៍។ នៅឆ្នាំ ២០១៦ អូស្ត្រាលី​ធ្លាប់​បាន​ចុះ​កិច្ចសន្យា​ទិញ នាវាមុជទឹក​ពីបារាំង ចំនួន ១២គ្រឿង។ តាម​កិច្ចសន្យា​ទិញលក់​នាវាមុជទឹក ដែលមាន​តម្លៃ ជាង ៣១ពាន់លាន​អឺរូ ជាមួយ​បច្ចេកវិទ្យា​របស់​បារាំង ការដ្ឋាន​សាងសង់ នាវាមុជទឹក ក្នុងទឹកដី​អូស្ត្រាលី ត្រូវ​ចាប់ផ្តើម នៅ​ឆ្នាំ ២០២២ និងដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០៣០។

សម្រាប់​បារាំង អូស្ត្រាលី​បាន​ក្បត់ការសន្យា និង​រំលោភការជឿទុកចិត្ត​របស់​បារាំង។ គេអាច​យល់កំហឹង​របស់​បារាំង ព្រោះថា អូស្ត្រាលី ប្រកាសកាត់ផ្តាច់​កុងត្រា នៅតែ​មួយឆ្នាំ ប៉ុណ្ណោះ មុនដែល ការដ្ឋាន​សាងសង់​ចាប់ផ្តើម ជា​ផ្លូវការ។ អូស្ត្រាលី វិញ បាន​និយាយ​ការពារ​ខ្លួនថា ដោយឈប់ទិញ នាវាមុជទឹកបារាំង អូស្ត្រាលី​មិនបានប្តូរចិត្ត ទេ ប៉ុន្តែ អូស្ត្រាលី​បាន​ប្តូរ​មហិច្ឆតា និង​ដោយសារ​បរិយាកាស​យុទ្ធសាស្រ្ត បាន​ប្រែប្រួល។

នាវាមុជទឹក​របស់​បារាំងដែល​ត្រូវ​លក់​ឲ្យ​អូស្ត្រាលី ជា​នាវាមុជទឹក ប្រើប្រេង ប៉ុន្តែ មិនមែន​ជា​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ នោះទេ។ នាវា​មុជទឹក ដើរដោយថាមពល​នុយក្លេអ៊ែរ ដែលអូស្ត្រាលី​ត្រូវ​ទិញពី​អាមេរិក ជា​នាវាមុជទឹក ដែល​ស្ងាត់ និង​អាចស្ថិតនៅក្នុង​ជម្រៅ​ទឹកយូរ ដែល​អូស្ត្រាលី​ត្រូវការចាំបាច់ សម្រាប់យុទ្ធសាស្រ្ត ការពារ ខ្លួន​កុំ​ឲ្យ​សត្រូវ​ងាយ​ចាប់សញ្ញាបាន៕

អូស្ត្រាលី និងអង់គ្លេស ថា​កិច្ចព្រមព្រៀង​គ្មាន​គោលដៅ​ប្រឆាំង​ប្រទេស​ណាទេ

នាយករដ្ឋមន្រ្តី​អង់គ្លេស  លោក​បូរីស ចនសុន​បាន​អះអាងថា តាមរយៈ កិច្ចព្រមព្រៀង​លើកនេះ ប្រទេស​សម្ព័ន្ធមិត្ត ទាំងបី អូស្ត្រាលី អាមេរិក និង​អង់គ្លេស នឹង​ខិត​ចូលជិតគ្នា​កាន់​តែខ្លាំង។ មន្រ្តី​រដ្ឋាភិបាល​អង់គ្លេសបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ អាមេរិក និង​អូស្ត្រាលី គ្មាន​គោលដៅ ប្រឆាំង​នឹង​ប្រទេស​ណានោះទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​មាន​គោលដៅ ធានា​សន្តិសុខ ស្ថិរភាព នៅ​ក្នុង​តំបន់ អាស៊ីប៉ាស៊ីហ្វិក។

សម្រាប់​ករណី​បារាំង រដ្ឋមន្រ្តីការពារ​ជាតិ​អង់គ្លេស​អះអាងថា អង់គ្លេស គ្មានបំណង ធ្វើ​ឲ្យបារាំង ទាស់ចិត្ត និង​រារាំង​បារាំង។ “បារាំង​នៅតែ សម្ព័ន្ធមិត្ត​យោធា នៅអឺរ៉ុប។ អង់គ្លេស​មិនបានឆក់ឱកាសនោះទេ។ អូស្ត្រាលី​បាន​សម្រេចចិត្ត ចង់​មាន​សមត្ថភាព​ការពារ​ជាតិ បែបផ្សេងតែប៉ុណ្ណោះ។” នេះជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​អង់គ្លេស លោក Ben Wallace។

នៅមុន​ភាគីបារាំង​បញ្ចេញកំហឹង ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​និយាយធានា​ថា អាមេរិក​ចង់​ធ្វើការ​ដោយជិតស្និទ្ធជាមួយ​បារាំង នៅក្នុង​តំបន់​​ដ៏យុទ្ធសាស្រ្ត។ សម្រាប់​លោកចូ បៃដិន បារាំង​ជា​ដៃគូ​គន្លឹះ របស់​អាមេរិក។ នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេស បារាំង​បាន​ទាមទារ​ឲ្យប្រទេស ពាក់ព័ន្ធក្នុង​កិច្ចព្រមព្រៀង​សន្តិសុខ​នៅអាស៊ីប៉ាស៊ីហ្វិក ពន្យល់បំភ្លឺ នៅក្រោយ បារាំង​ត្រូវ​របូត​បាត់​កិច្ចសន្យា លក់នាវាមុជទឹក តម្លៃ​រាប់ពាន់លាន​​អឺរ៉ូ។

នៅក្នុង​ករណី​ចិន នាយករដ្ឋមន្រ្តី​អូស្ត្រាលី​ផ្ទាល់​អះអាងថា កិច្ចព្រមព្រៀង សន្តិសុខ នៅ​អាស៊ីប៉ាស៊ីហ្វិក ​គ្មាន​គោលដៅ ​ប្រឆាំង​នឹង​ចិន​នោះទេ។ ជាក់ស្តែង លោក​បាន​សរសេរសំបុត្រ ​ទៅ​ប្រមុខ​ដឹកនាំ​ចិន​ លោកស៊ី ជីនពីង ដើម្បី សុំ​ឲ្យ​បើក​ការចរចា​ឡើងវិញ ជាមួយ​អូស្ត្រាលី។

ការអះអាង​របស់នាយករដ្ឋមន្រ្តី​អង់គ្លេស និង​អូស្ត្រាលី ពិបាក​នឹង​ឲ្យ​ភាគី​ចិន​ជឿទុកចិត្ត ព្រោះថា អូស្ត្រាលីកំពុង​មានភាពតានតឹង​ខ្លាំង​មិនធ្លាប់មាន​ជាមួយ​ចិន ជាពិសេស សង្រ្គាមពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅ​ជាង​១ឆ្នាំមកនេះ ពោល គឺ​នៅក្រោយ ពេល​អូស្ត្រាលី​អំពាវនាវ​ឲ្យ​មានការស៊ើបអង្កេត​អន្តរជាតិ​លើ​ប្រភព​ជំងឺកូវីដ​នៅ​ប្រទេស​ចិន។

ចំណែកអង់គ្លេស​វិញ ទោះបី​គ្មានទំនាក់ទំនង​ល្អក់កករ​ជាមួយ​ចិន ប៉ុន្តែ អង់គ្លេស ដែល​ទើប​ដើរចេញពី​សហភាព​អឺរ៉ុប កំពុង​រត់ទៅ​តោង​មហាអំណាច អាមេរិក ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯកោ​នៅ​ឆាកអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ