អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​កោះហៅ​អគ្គរដ្ឋទូត​ខ្លួន​​ប្រចាំ​វ៉ាស៊ីនតោន និង​​កង់បេរ៉ា​ឲ្យ​​ចូលស្រុក ដើម្បី​បង្ហាញ​​ការខឹង​សម្បារ​​ជា​ផ្លូវការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិការ​ទូត​កំពុងតែ​កើតមានឡើង រវាងបារាំង និងសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បានសម្រេចចិត្តបោះបង់ចោល កិច្ចសន្យាទិញនាវាមុជទឹកបាតសមុទ្រចំនួន​១២គ្រឿងពីបារាំង ហើយ​ងាកទៅ​ទិញ នាវាមុជទឹកបាតសមុទ្ររបស់អាមេរិកវិញ។ លើសពីការនិយាយ​បាតដៃខ្នងដៃ របស់អូស្ត្រាលី បារាំងបានសម្តែងការខឹងសម្បារ ចំពោះការ​ដែលអាមេរិក បានទៅចរចាអូសទាញ​​អូស្ត្រាលី នៅពីក្រោយ​ខ្នងបារាំង ទាំងដែល​អាេមរិកតែងតែអះអាងជានិច្ច ថាខ្លួននិងបារាំង គឺជាសម្ព័ន្ធមិត្តអមតៈនឹងគ្នា។ កាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី១៨កញ្ញានេះ រដ្ឋាភិបាល​បារាំង បានសម្រេច​កោះហៅឯកអគ្គរដ្ឋទូតខ្លួន ប្រចាំក្រុងវ៉ាស៊ីនតោន និង​ប្រចាំក្រុងកង់បេរ៉ា ឲ្យចូល​ស្រុកវិញ ដើម្បីជាការ​បង្ហាញ​ ភាព​អាក់អន់ចិត្តជាផ្លូវការ​។

លោក ចូ បៃដិន និងលោកម៉ាក្រុង ដើរដោយ​យកដៃឱបក្រៀកគ្នាយ៉ាស្និទស្នាល នៅ​ក្នុងឱកាសជំនួបកំពូល​ G7 ថ្ងៃទី១១ មិថុនា ២០២១ នៅប្រទេសអង់គ្លេស។
លោក ចូ បៃដិន និងលោកម៉ាក្រុង ដើរដោយ​យកដៃឱបក្រៀកគ្នាយ៉ាស្និទស្នាល នៅ​ក្នុងឱកាសជំនួបកំពូល​ G7 ថ្ងៃទី១១ មិថុនា ២០២១ នៅប្រទេសអង់គ្លេស។ AP - Phil Noble
ផ្សាយពាណិជ្ជកម្ម

ការសម្រេចចិត្ត​ដ៏កម្រ ឆ្លើយតប​នឹង​ភាពធ្ងន់ធ្ងរដ៏កម្រដែរ

នេះជាលើកទីមួយហើយ ដែលបារាំងកោះហៅ​ឯកអគ្គរដ្ឋទូតខ្លួន​ប្រចាំនៅ​ក្រុងវ៉ាស៊ីនតោន និង​ប្រចាំនៅកង់បេរ៉ា​ ឲ្យចូលស្រុក​វិញ។ ឯករដ្ឋទូតបារាំងទាំង​២ នឹងធ្វើដំណើរមកដល់​បារាំងវិញ នៅថ្ងៃសោរ៍នេះ ដើម្បីទៅជួប​ប្រជុំជាមួយ​លោក​ប្រធានាធិបតីម៉ាក្រុង និងបន្តស្នាក់នៅក្នុងស្រុក រហូតទាល់តែមានចំណាត់ការថ្មីណាមួយទៀត ពីសំណាក់​លោក​ប្រធានាធិបតី។​

លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង បានបញ្ជាក់ឲ្យ​ដឹងនៅព្រឹកថ្ងៃទី​១៨កញ្ញាថា ការកោះហៅឯកអគ្គរដ្ឋទូតនេះ គឺជាការសម្រេចចិត្ត​ដ៏ធំ និងកម្រណាស់។ តែគឺវាឆ្លើយតប ទៅនឹងភាពធ្ងន់ធ្ងរដ៏កម្រដែរ បន្ទាប់ពីអូស្ត្រាលីបាន​ប្រកាសបោះបង់ចោលកិច្ចសន្យាទិញនាវាមុជទឹកបាត​សមុទ្រ​​របស់​បារាំង​ចំនួន​១២គ្រឿង ដែលខ្លួន​បានសន្យាតាំងតែពីឆ្នាំ​២០១៦ ហើយងាកទៅ​ចរចា​ ទិញ​​នាវាមុជទឹកបាតសមុទ្រ ដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែរ របស់អាមេរិកវិញ។

សម្រាប់បារាំង គឺអាមេរិក បានលួចចរចាជាមួយអូស្ត្រាលីដោយសំងាត់ ពីក្រោយខ្នងបារាំង ដើម្បីឆក់​ដណ្តើម​យកកិច្ចសន្យាទំហំ៥ម៉ឺនលានដុល្លារនេះ។ រហូតមកទល់ពេលនេះ លោកប្រធានាធិបតី​ម៉ាក្រុង មិន​បានថ្លែង​ប្រតិកម្ម​អ្វី​ជាសាធារណៈ​ទេ។ ក៏​ប៉ុន្តែបើតាមប្រភពស្និទនឹងវិមាន​អេលីហ៊្សេ គឺ​លោក​ម៉ាក្រុងផ្ទាល់តែម្តង ដែលកំពុងស្ថិតនៅទីក្រុងអាតែនប្រទេសក្រិក បានទូរស័ព្ទបញ្ជា ឲ្យ​កោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវ៉ាស៊ីនតោន និងនៅកង់បេរ៉ា ឲ្យ​ចូលស្រុកជា​បន្ទាន់។ ការសម្រេចបែបនេះ គឺលោក​ប្រធានាធិបតី​ម៉ាក្រុង​ ចង់​បង្ហាញ​ការខឹងសម្បារ និង​ការអាក់អន់ចិត្តជាផ្លូវការតែម្តង ចំពោះទង្វើ បែបមើលងាយ គ្មានការគោរព ពីសំណាក់អូស្ត្រាលី និងអាមេរិក មកលើបារាំង។

អាមេរិក និងអូស្ត្រាលី នៅតែអះអាងថា បារាំងជាមិត្តល្អ

អ្នកនាំពាក្យសេតវិមានអាមេរិក បានលើកឡើងថា គេសោកស្តាយ​ណាស់ ដែល​បារាំងខឹង ហើយសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូត ឲ្យចូលស្រុកវិញបែបនេះ។ តែយ៉ាងណា​គេសន្យាថា គេនឹងប្រឹងប្រែង រកវិធីដើម្បី​សម្រួល​បញ្ហា ឲ្យត្រលប់មករកភាពប្រក្រតីវិញ។ កាលពីថ្ងៃសុក្រម្សិលមិញ លោក Jake Sullivan ទីប្រឹក្សាទទួលបន្ទុកសន្តិសុខជាតិអាេមរិក បានអញ្ជើញលោក Philippe Etienne ឯកអគ្គរដ្ឋទូតបារាំងប្រចាំក្រុងវ៉ាស៊ីនតោន ឲ្យទៅជួបនៅសេតវិមាន ​ដើម្បីសួរនាំពីបញ្ហា។

ប្រភពពី​ស្ថានទូតបារាំង ប្រចាំវ៉ាស៊ីនតោន បានឲ្យដឹងថា តាំងពី​លោក បៃដិនចូលកាន់តំណែងតាំងពីខែមករាមក លោក Jake Sullivan នេះមិនដែលនឹកនា ចង់ជួបអគ្គរដ្ឋទូតបារាំងទេ ក្នុងនាមជាប្រទេសសម្ព័ន្ធមិត្ត។ ទើបតែមានបញ្ហានៅពេលនេះទេ បានអញ្ជើញឲ្យទៅជួបដល់ទៅ​២ដង មិនដល់​២ថ្ងៃផង។

ដោយឡែក ចំពោះអូស្ត្រាលីវិញ លោកនាយករដ្ឋមន្ត្រី Scott Morrison បានទទួលស្គាល់ថា លោកយល់ ពីផលប៉ះពាល់ដែលបង្កឡើងដោយបញ្ហានេះ​ រវាងបារាំងនឹងអូស្ត្រាលី។ តែលោកបានបញ្ជាក់​ថា លោកធ្លាប់បាន​ប្រាប់ទៅលោកម៉ាក្រុង តាំងតែពី​ខែ​មិថុនាម្លេះ ថាអូស្ត្រាលី ចង់ប្តូរចិត្ត រឿងកិច្ចព្រមព្រៀងទិញ​នាវាមុជទឹកបាតសមុទ្រ។

ហើយកាលពីថ្ងៃសុក្រម្សិលមិញ លោកស្រី Marise Payne រដ្ឋមន្ត្រី​ការបរទេសអូស្ត្រាលី បានថ្លែងនៅ American Enterprise Institute នៅឯក្រុងវ៉ាស៊ីនតោនថា លោកស្រីយល់យ៉ាងច្បាស់ អំពីការអាក់អន់ចិត្ត ខកបំណងរបស់​បារាំង។ តែយ៉ាងណាលោកស្រីអះអាងថា បារាំងនៅតែជាដៃគូសម្ព័ន្ធមិត្តដ៏មានតម្លៃ សម្រាប់អូស្ត្រាលី។

មិត្តទ្រុសមិត្ត

តែយ៉ាងណា នៅក្នុងអារម្មណ៍ ផ្លូវចិត្តរបស់រដ្ឋាភិបាលបារាំង គឺអាេមរិក និងអូស្ត្រាលី បានក្បត់សម្ព័ន្ធមិត្តនេះទៅហើយ។ ចង់មិនចង់ ស្នាមប្រេះស្រាំ គឺមានកាន់តែធំទៅៗ ធ្វើឲ្យ​ទំនាក់ទំនងសម្ព័ន្ធមិត្ត រវាងបារាំង និងអាមេរិក កាន់តែលែងរឹងមាំដូចមុន។ បារាំងបាន​សង្កេតឃើញថា រដ្ឋាភិបាលអាេមរិក ដឹកនាំដោយ​លោកចូ បៃដិន បច្ចុប្បន្ននេះ គឺមិនខុសគ្នាណាប៉ុន្មានទេ ពីរដ្ឋាភិបាល​មុន ដែលដឹកនាំដោយ​លោកដូណាល់ ត្រាំដែរ។ ពោលគឺអាមេរិក និយាយបាតដៃខ្នងដៃ មាត់ថាស្រលាញ់រាប់អានបារាំងណាស់ ជាមិត្តល្អ ជាថសម្ព័ន្ធមិត្តអមតៈ តែនៅពីក្រោយខ្នង អាមេរិក​ធ្វើផ្សេងទៅវិញ​​ ដើម្បីតែប្រយោជន៍សួនតួ។

លោកចូ បៃដិន ធ្លាប់បានអះអាងថា លោក​នឹង​លើកដំកើងពហុភាគីនិយម ពង្រឹងសម្ព័ន្ធភាពជាមួយ​ប្រទេសដៃគូសំខាន់ៗទាំងអស់ឡើងវិញ។ តែផ្ទុយទៅវិញ លោក ចូ បៃដិន បានធ្វើ​ឲ្យ​បារាំង ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប មានការខកចិត្តមិនច្រើនដងហើយ។ ជាក់ស្តែងបញ្ហាដកទ័ព យ៉ាងតក់ក្រហល់ពីអាហ្វហ្កានីស្ថាន ដោយ​គ្មានជូនដំណឹង និង​ពិភាក្សា​ជាមួយ​ សម្ព័ន្ធមិត្តអឺរ៉ុប សូម្បីតែមួយម៉ាត់។ ហើយទាក់ទិននឹងវិបត្តិកូវីដទៀត រហូតមកទល់ពេលនេះ អាមេរិកមិនបើកទទួលអ្នកដំណើរទៅពីអឺរ៉ុបទេ ទោះអ្នកនោះ​បានចាក់វ៉ាក់សាំង​រួចហើយក៏ដោយ។ ហើយឥឡូវបន្ថែម ជាមួយបញ្ហា ដែលរដ្ឋាភិបាល​លោកចូ បៃដិន បាន​លួចចរចា អូសទាញឲ្យ​អូស្ត្រាលីបោះបង់ចោលកិច្ចសន្យាជាមួយបារាំង ហើយងាកទៅទិញរបស់ខ្លួនវិញ។ ទង្វើទាំងអស់នេះរបស់អាេមរិក សម្រាប់បារាំង គឺគេមិនហៅថាជាមិត្តល្អទេ។

បារាំងមិនចង់ស្អប់ចិនខ្លាំងដូចអាមេរិក

នៅពីក្រោយ​ការស៊ំគ្រលំគ្នារវាង អាមេរិក អូស្ត្រាលី និង​អង់គ្លេស ទាក់ទិននឹង​ យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺបារាំងយល់ថា អាមេរិកចង់ទាត់បារាំងចេញ ពីតំបន់នេះតែម្តង ដោយមិនឲ្យ​អូស្ត្រាលីប្រើប្រាស់គ្រឿងសព្វាវុធរបស់បារាំងទេ។ យុទ្ធសាស្ត្រ AUKUS នេះ គឺអាមេរិករៀបចំឡើង ដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលចិន។

ដោយឡែក បារាំង ក៏ដូចជាអឺរ៉ុប បានព្យាយាម នៅឆ្ងាយ មិនចង់ក្លាយ​ជា​កូនអុក តាម​តែ​អាមេរិក អូសទាញតាមចិត្តនោះទេ។ បារាំងជាសម្ព័ន្ធមិត្តជាមួយអាមេរិកមែន តែបារាំងមានភាពឯករាជ្យ​ម្ចាស់ការ មិនតាមតែអាមេរិកញាក់​ ឲ្យខឹងស្អប់ចិន ក៏ចេះតែធ្វើតាមដោយគ្មានការ​ពិចារណា​នោះដែរ។ ត្រង់នេះហើយ ដែលអាមេរិក មិនពេញចិត្តគោលជំហរបារាំង។ គោលជំហររបស់អាមេរិក គឺថាបើអ្នកណាមិនចូលរួម​សហការ ស្អប់ចិនដូចខ្លួន​ទេនោះ នោះគឺអាមេរិកនឹង​មិនលេងចូលជាមួយ ហើយក៏មិនទុកមុខឲ្យដែរ។

យ៉ាងណាក៏ដោយ គេសង្ឃឹមថាវិបត្តិនេះ អាចនឹងមានផ្លូវដោះស្រាយគ្នា ប្រសិន​បើ​លោក ចូ បៃដិន និងលោក ម៉ាក្រុង ទូរស័ព្ទនិយាយគ្នាដោយ​ផ្ទាល់នៅថ្ងៃខាងមុខ។ នៅសប្តាហ៍ក្រោយ នឹងមានមហាសន្និបាទអង្គការសហប្រជាជាតិ ដោយ​មានវត្តមាន​រដ្ឋមន្ត្រីការបរទេសបារាំង និង​អាមេរិកចូលរួមដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអះអាងថា គេសង្ឃឹមថានឹងអាច​ជួបនិយាយគ្នាជាមួយភាគីបារាំងនៅក្នុងពេលនេះ ដើម្បី​បន្ធូរបន្ថយបញ្ហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ