អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មហាសន្និបាទ អ.ស.ប ៖ ប្រធានាធិបតី​ចិន និង​អាមេរិក ឌឺដងឲ្យ​គ្នា​ទៅវិញ​ទៅមក តែ​អះអាងថា​មិនមាន​សង្រ្គាម​​ត្រជាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​២១កញ្ញា លោកប្រធានាធិបតី​ ចូ បៃដិន បានចូលទៅថ្លែង​សន្ទរកថា​ដោយ​ផ្ទាល់ ជាលើកដំបូងបង្អស់ សម្រាប់អាណត្តិរបស់​លោក។​ ចំណែក​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីងវិញ បាន​ថ្លែងសារតាមវីដេអូ ថតទុកពីចំងាយ។ ជាសន្ទរកថា ដែលគេបាន​រំពឹងតាមដាន​ស្តាប់ជាខ្លាំង ដោយសារតែមហាអំណាចទាំង២នេះ កំពុងប្រឈមមុខដាក់គ្នាជាច្រើនសំណុំរឿង។ តែយ៉ាងណា នៅក្នុងសន្ទរកថា របស់​ប្រធានាធិបតី​ទាំង២ គេសង្កេតឃើញថា មេដឹកនាំទាំង២ បានចៀសវាងមិនប្រើពាក្យ​ចោទ​ធ្ងន់ៗ ចំៗ ទៅវិញទៅមកទេ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីទាំង២ បានប្រកាសពីការប្រឹងប្រែងមួយចំនួន បន្ថែមទៀត ដើម្បីចូលរួម​ដោះស្រាយ​វិបត្តិអាកាសធាតុ។

លោក ចូ បៃដិន នៅក្នុងពេលថ្លែងសន្ទរកថា នៅអង្គមហាសន្និបាត​ប្រចាំឆ្នាំ នៃអង្គការ​សហប្រជាជាតិ ទីក្រុងញូយ៉ក ថ្ងៃទី ២១ កញ្ញា ២០២១
លោក ចូ បៃដិន នៅក្នុងពេលថ្លែងសន្ទរកថា នៅអង្គមហាសន្និបាត​ប្រចាំឆ្នាំ នៃអង្គការ​សហប្រជាជាតិ ទីក្រុងញូយ៉ក ថ្ងៃទី ២១ កញ្ញា ២០២១ AP - Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

គ្មានសង្រ្គាមត្រជាក់ មានតែការប្រកួតប្រជែង

សង្គ្រាមត្រជាក់ដែលគ្រប់គ្នាកំពុងតែបារម្ភ ថាវាបានលេចរូបរាង្គកាន់តែច្បាស់ហើយ រវាង​ ចិន និង អាមេរិក។ យ៉ាងណាមិញ​ នៅក្នុងសន្ទរកថា បើកសម្ភោធអង្គមហាសន្និបាត លោក អង់តូនីញ៉ូ ហ្គូតទែស អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បាន​ថ្លែងថាប្រាប់ទៅចិន និងអាមេរិក ដោយប្រយោលថា វិបត្តិពិភពលោក​បច្ចុប្បន្ននេះ អាចនឹងធ្ងន់ធ្ងរ និងមានផលវិបាកខ្លាំងជាងជំនាន់សង្គ្រាមត្រជាក់ផង ក៏ថាបាន។ ដូច្នេះ មហាអំណាចទាំងអស់ ត្រូវតែនិយាយគ្នា ដើម្បីកសាងការយល់យោគគ្នាទៅវិញទៅមក។

ចំពោះមុខអង្គមហាសន្និបាត អង្គការសហប្រជាជាតិ លោក ចូ បៃដិន បានលើកឡើងថា លោកមិនចង់ឲ្យ​មាន​សង្គ្រាម​ត្រជាក់ក្នុងទំរង់ថ្មីណាមួយនោះទេ។ ហើយ​លោក​ក៏មិនចង់ ឃើញពិភពលោក បែងចែកគ្នា ជាបក្សពួក រឹងរូសដូចថ្ម មិនអាច​ចូលគ្នាចុះនោះដែរ។ តែទន្ទឹមនឹងនេះ លោកចូ បៃដិន ថ្លែងថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងការប្រកួតប្រជែង ដោយ​ប្រុងប្រយ័ត្ន និងម៉ដ្ឋចត់បំផុត ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជា​តម្លៃនៃមនសិកានយោបាយ របស់សហរដ្ឋ​អាមេរិក ដែល​ផ្អែកលើ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ក្នុងន័យនេះ គឺអាមេរិក នឹងនៅពីក្រោយ​ប្រទេសជាមិត្តនានា ដើម្បីជួយ​ជ្រោមជ្រែង មិនឲ្យ​ប្រទេសទាំងនោះ រងគ្រោះដោយការឈ្លានពាន ឬដោយ​ក្រញ៉ាំឥទ្ធិពល នៃប្រទេសណាមួយ ដែលប្រើប្រាស់របបផ្តាច់ការ។

សំដីទាំងនេះ លោក ចូ បៃដិន មិនបានបញ្ចេញ​ឈ្មោះដោយត្រង់ៗ ថាសំដៅទៅលើចិនទេ។ តែយ៉ាងណា យើងអាចកាត់យល់បាន។ ហើយវាក៏​ជាគោលជំហររបស់រដ្ឋាភិបាលលោកចូ បៃដិន ដែលធ្លាប់បានអះអាងកន្លងមកហើយដែរ​ ពោលគឺ គ្មានសង្គ្រាមត្រជាក់ទេ​ គឺ​មានតែការប្រកួតប្រជែង រវាង​ចិន និង អាមេរិក។ ក៏ប៉ុន្តែសួរថា តើការប្រកួតប្រជែង ប្រណាំងគ្នានេះ​ វាអាចឈានក្លាយទៅ​​ជាការ​​ប្រឈមមុខដាក់គ្នា ដែរឬទេ ទៅថ្ងៃអនាគត?

ប្រជាធិបតេយ្យ មិនមែនជាទ្រឹស្តីផ្តាច់មុខរបស់អាមេរិក

នៅក្នុងសារជាវីដេអូ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីងបានលើកឡើង បែបឆ្លើយតប​ដោយ​​ប្រយោល ទៅកាន់សហរដ្ឋអា​មេរិកថា លទ្ធិប្រជាធិបតេយ្យ មិនមែន​ជាសិទ្ធិផ្តាច់មុខ របស់ប្រទេស​ណាមួយនោះទេ។ វាគឺជាសិទ្ធិសម្រាប់​ប្រជាជនទាំងអស់ នៅទូទាំងពិភពលោក។ សម្តីនេះ លោកស៊ី ជីនពីង ចង់សំដៅថា និយមន័យ ឬខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ មិនមែន​អាមេរិកតែម្នាក់ឯង ដែល​ជាអ្នកកំណត់ថាទាល់តែបែបហ្នឹង ទើប​បាន​គេហៅថាលទ្ធិប្រជាធិបតេយ្យនោះទេ។ សម្រាប់ លោកស៊ី ជីនពីង ប្រជាធិបតេយ្យ គឺវាត្រូវឆ្លើយតបទៅតាម​លក្ខណៈពិសេស និងស្ថានភាព​របស់ប្រទេសនីមួយៗ ទូទាំងពិភពលោក។

លោកស៊ី ជីនពីង បន្ថែមទៀតថា ថ្មីៗនេះយើងបានឃើញហើយ ថា​អន្តរាគមន៍យោធាពីខាងក្រៅ គឺវាមិនមែនជាដំណោះស្រាយ​នោះទេ។ ផ្ទុយទៅវិញវាអាច​ធ្វើ​ឲ្យស្ថានការណ៍ កាន់តែដុនដាបក៏មាន។​ លោកអះអាងថា ចិន មិនដែល​លើកទ័ពទៅ​ឈ្លាន​ពាននរណាទេ ហើយ​ក៏នឹងមិនធ្វើទង្វើនេះដែរ។ អ្នកចាត់ចែង​សណ្តាប់ធ្នាប់ពិភពលោក គឺមានតែមួយទេ គឺ​ស្ថាប័នអន្តរជាតិ នេះឯង។ សម្តីទាំងអម្បាលម៉ាននេះ គឺលោកស៊ី ជីនពីង បានរិះគន់ដោយ​ប្រយោល ចំពោះសហរដ្ឋអាមេរិក ដែលបានលើកទ័ពដោយ​អត្តនោម័ត ទៅអាហ្វហ្កានីស្ថាន ទៅ​អ៊ីរ៉ាក់ ហើយបាន​​បរាជ័យ ធ្វើឲ្យស្ថានការណ៍កាន់តែវឹកវរ រហូតសព្វថ្ងៃនេះ។

សករាជថ្មី នៃនយោបាយការទូត

លោក ចូ បៃដិន បានអះអាងថា រយៈពេល​៨ខែមកនេះ គឺរដ្ឋបាលលោក​ បានព្យាយាមលើកកំពស់ឡើងវិញ នូវការពង្រឹង​សម្ព័ន្ធភាព នយោបាយ​ការបរទេស ជាមួយ​ប្រទេសជាមិត្តនានា។ សម្ព័ន្ធភាពរឹងមាំ វាគឺជាកម្លាំង រុញភាពរីកចម្រើនជាដរាប សម្រាប់សហរដ្ឋអាមេរិក។ លោក បៃដិន បានប្រកាសថា អំណេះតទៅ គឺអាមេរិក នឹងបើកសករាជថ្មី ដែលផ្តល់អាទិភាព​ដល់​នយោបាយ​ការទូត បន្ទាប់ពីបានបិទបញ្ចប់សង្គ្រាម២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន។ លោកថា កងទ័ពអាមេរិក មិនអាចជាដំណោះស្រាយ សម្រាប់គ្រប់បញ្ហាទាំងអស់ នៅទូទាំងពិភពលោក បានតទៅទៀតទេ។ ចាប់ពីពេលនេះទៅ អាមេរិក អាចប្រើអន្តរាគមន៍យោធាបាន​ គឺទាល់ជាដំណោះស្រាយ​ចុងក្រោយ​បង្អស់ គ្មានជំរើសផ្សេង។

តែយ៉ាងណា នយោបាយការទូត និងការរួមកម្លាំងជាមួយ​ប្រទេសសម្ព័ន្ធ​ ដែលលោក​ចូ បៃដិន ទើបតែបានប្រកាសនេះ គឺវា​កំពុងស្ថិតនៅក្នុងស្ថានភាពមួយ​ មិន​ប្រាកដប្រជាទេ ព្រោះថា អាមេរិក និងបារាំង កំពុងតែមានរឿងរកាំរកូសនឹងគ្នា ទាក់ទិននឹងសំណុំរឿងនាវាមុជទឹក​បាតសមុទ្រ។ សម្រាប់បារាំង ការដែល​អាមេរិក បានទៅអូសទាញអូស្ត្រាលី ឲ្យបោះបង់ចោលកិច្ចសន្យាបារាំង ហើយងាកទៅ​ទិញនាវាមុជទឹក ដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែររបស់ខ្លួននោះ គឺវាទង្វើមិនគម្បី មិនគោរពសម្ព័ន្ធមិត្ត ហើយអាចចាត់ទុកជាអំពើមិត្តទ្រុស្តមិត្ត។

មាត់ថាចង់ពង្រឹងសម្ព័ន្ធភាព តែនៅពីក្រោយ ​អាមេរិកបាន​ទាត់បារាំង ចេញពី​យុទ្ធសាស្ត្រ AUKUS ព្រោះមិនចង់​ឲ្យ​បារាំង លក់នាវាមុជទឹកបាតសមុទ្រ ទៅឲ្យអូស្ត្រាលី។ ហើយយុទ្ធសាស្ត្រ AUKUS នេះទៀតសោត ក៏វាជា​ការរៀបផែនការ របស់អាមេរិក ដើម្បី​ទប់ទល់កម្លាំង ប្រឈមជាមួយចិនដែរ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទាំងដែលលោកចូ បៃដិន អះអាងថា មិនចង់ធ្វើ​សង្រ្គាម​ត្រជាក់ជាមួយចិន។

រួមគ្នាប្រឹងប្រែង ​ដោះស្រាយវិបត្តិអាកាសធាតុ

លោកស៊ី ជីនពីង បានប្រកាសថា អំណេះតទៅ ចិននឹងលែងចូលរួមវិនិយោគ សាងសង់ស្ថានីយ៍អគ្គីសនីដើរដោយចំហេះធ្យូងថ្ម នៅ​ក្នុងប្រទេសផ្សេងហើយ។ លោក ស៊ី ជីនពីង បានទទួលស្គាល់ថា ការដុតធ្យូងថ្ម គឺជាប្រភពថាម​ពល​​ដែល​បំពុល​បរិស្ថាន និង​បង្កបញ្ហា​អាកាសធាតុខ្លាំងបំផុត។ កន្លងមក កូរ៉េខាងត្បូង និង​ ជប៉ុន ក៏ធ្លាប់បានប្រកាសដែរ ថាគេនឹងឈប់​ចូលរួមវិនិយោគសាងសង់ រោងចក្រអគ្គីសនី ដើរដោយធ្យូងថ្ម នៅតាមប្រទេសផ្សេងទៀតហើយ​ ដើម្បីចូលរួម​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ហើយងាកទៅលើកកំពស់​ ប្រភពថាមពលស្អាតស្អំ​វិញ​។

គួរបញ្ជាក់ថា កន្លងមក នៅក្នុងក្របខណ្ឌ​ គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ចិនបាន​ចូលរួម​វិនិយោគ សាងសង់រោងចក្រអគ្គីសនី ដើរដោយចំហេះធ្យូងថ្ម មាននៅវៀតណាម នៅបង់ក្លាដែស និងឥណ្ឌូណេស៊ីជាដើម។​ លោកស្រី Helen Mountford តំណាងវិទ្យាស្ថានធនធានពិភពលោក World Ressources Institute បាន​ថ្លែងអបអរចំពោះការសន្យារបស់ចិន។ តែយ៉ាងណាលោកស្រីសង្កត់ធ្ងន់ថា មិនមែនមិនសង់រោងចក្រអគ្គីសនី ដើរដោយធ្យូងថ្មនៅក្រៅស្រុកហើយ ចិនអាចគិតថារួចខ្លួននោះទេ។ ចិនក៏ត្រូវតែគិតរឿងរោងចក្រអគ្គីសនីធ្យូងថ្ម នៅក្នុងស្រុកខ្លួនដែរ។

ដោយឡែក លោក ចូ បៃដិនវិញ បាន​ប្រកាសថា លោក​នឹងប្រឹងប្រែង ប្រមូលប្រាក់ ឲ្យ​បាន​ចំនួន​ ១ម៉ឺន១ពាន់លានដុល្លារ ដើម្បីចូលរួមចំណាយ ដោះស្រាយ​វិបត្តិអាកាសធាតុនៅទូទាំងពិភពលោក។ ជាទឹកប្រាក់ ដែលអាមេរិក បានសន្យាជាមួយ​ប្រទេសផ្សេងៗទៀត កាលពីឆ្នាំ​២០០៩ នៅក្រុង​កូប៉េនហាក ថានឹងប្រមូលឲ្យ​បានសរុប ១០ម៉ឺនលានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ ២០២៥។

បញ្ហាថវិកាចំណាយ នៅក្នុងយុទ្ធនាការ​កាត់បន្ថយកំដៅផែនដី ជួយ​ប្រទេសរងគ្រោះខ្លាំង ដោយវិបត្តិអាកាសធាតុនេះ គឺជាចំណុចស្នូល​ ហើយដែលគេជឿថា វាអាចបង្កការជជែកគ្នាតែងតែងណាស់ នៅក្នុងសន្និសីទ COP26 នៅខែវិច្ឆិកាខាងមុខ។ អាមេរិក និង ចិន គឺជាកំពូលអ្នកបញ្ចេញ​ឧស្ម័នកាបូនិក ច្រើនជាងគេបង្អស់។ ដូច្នេះជាមួយនឹងការប្រកាសប្រឹងប្រែងនាពេលនេះ គេសង្ឃឹមថា អាមេរិក និងចិន អាចនឹងសហការគ្នាធ្វើការ នៅក្នុងសំណុំរឿងអាកាសធាតុនេះ បើទោះបីជាមិនត្រូវគ្នា លើសំណុំរឿងផ្សេងៗទៀតក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ