អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​អង់គ្លេស និង​អឺរ៉ុប​ជួបវិបត្តិ​ថាមពល​ឡើងថ្លៃ នៅពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​នឹង​វិបត្តិ​ខ្វះប្រេង នៅតាម​ស្ថានីយ៍ ជាច្រើន​ក្នុង​ប្រទេស រដ្ឋាភិបាល​អង់គ្លេស បាន​សម្រេច​ កាលពីយប់​ថ្ងៃ​​ចន្ទទី ២៧ កញ្ញា ថា នឹង​បញ្ជូន​កងទ័ពឲ្យ​ទៅ​ដឹកប្រេង ដើម្បី ផ្គត់ផ្គង់ តម្រូវការ​កើនឡើង​របស់​ប្រជាជន។ ប៉ុន្មាន​ថ្ងៃ​មកហើយ ប្រជាជន​អង់គ្លេស បានបើកឡាន ចូល​បន្ត​កន្ទុយគ្នា ទៅចាក់បំពេញ​ធុងប្រេង រហូត​ធ្វើ​ឲ្យ​ស្ថានីយ៍ប្រេង​ជាច្រើន​ត្រូវ​ស្ងួត អស់ប្រេង និង​ត្រូវ​បិទទ្វារ ជាបន្តបន្ទាប់។ នៅពេល​អង់គ្លេស​កំពុង​ជួប​វិបត្តិខ្វះ​ប្រេងនៅតាម​ស្ថានីយ៍ចាក់ប្រេង អង់គ្លេស និង​ប្រទេស​ជាច្រើន​នៅ​ក្នុង​សហភាព​អឺរ៉ុប ក៏​កំពុង​ជួបប្រទះវិបត្តិ​ថាមពល​ឡើងថ្លៃ ជាពិសេស ហ្គាស។ ហេតុអ្វីបានជា​ប្រជាជន​អង់គ្លេស​សម្រុក​ទៅ​ទិញសាំងនៅពេលនេះ

ស្ថានីយ៍បូមប្រេង Cromarty Firth នៅ​ប្រទេស​អង់គ្លេស ឆ្នាំ ២០១៥
ស្ថានីយ៍បូមប្រេង Cromarty Firth នៅ​ប្រទេស​អង់គ្លេស ឆ្នាំ ២០១៥ REUTERS - Russell Cheyne
ផ្សាយពាណិជ្ជកម្ម

នៅអង់គ្លេស វិបត្តិ​ខ្វះប្រេង​នៅតាម​ស្ថានីយ៍​កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ នៅថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រជាជន​នាំគ្នា សម្រុក​ទៅ​ចាក់ប្រេង​បំពេញ​រថយន្ត ដោយសារ​តែ​ខ្លាច លែង​ប្រេង​ចាក់ តទៅទៀត។

ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រេង ធ្លាប់​បាន​ចេញ​មុខ​ធានា ជា​ច្រើន​ដង ថា អង់គ្លេស​មិន​ខ្វះខាតប្រេង​នោះទេ។ រោងចក្រ​ចម្រាញ់​ប្រេង​របស់​អង់គ្លេស​នៅ​តែ​មាន​ប្រេង​គ្រប់គ្រាន់ សម្រាប់​ការប្រើប្រាស់​របស់​ប្រជាជន​អង់គ្លេស។ ប៉ុន្តែ ពាក្យធានា​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រេង មិនបាន​ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស ឈប់ ជ្រួលច្របល់​ទៅ ទិញប្រេង​នោះទេ។ អ្នកខ្លះ ត្រូវ​គេង​ក្នុង​រថយន្ត​ចាំ​តាំងពីយប់ ឬ បើកទៅចាំ បន្តកន្ទុយ​រាប់ម៉ោង ព្រោះ​តែ​ខ្លាច​រថយន្ត គ្មាន​សាំង ចាក់​សម្រាប់​បើក ទៅ​ធ្វើការ។

តាម​សមាគម​ចែកចាយប្រេង​នៅអង់គ្លេស តម្រូវការ​ប្រេង ដ៏គំហុក​បានធ្វើ​ឲ្យហាងសាំង ជាង ៥ពាន់ ក្នុង​ចំណោម ៨ពាន់ នៅទូទាំងប្រទេស​អង់គ្លេស ត្រូវ​ជួប​វិបត្តិ ខើចប្រេង ចំណែក​មួយចំនួន​ផ្សេងទៀត ក្បែរតែនឹង​ស្ងួត​អស់​ប្រេង​ពីស្តុក។

ព្រឹត្តិការណ៍​សម្រុក​ទៅ​ទិញប្រេង ចាប់កើតមាន​តាំងពី​ពាក់កណ្តាល​សប្តាហ៍​មុន បន្ទាប់​ពី​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រេង អង់គ្លេស BP ផ្ញើទៅកាន់​រដ្ឋាភិបាល ត្រូវ​បែក​លេចធ្លាយថា ក្រុមហ៊ុន​នឹង​បិទ​ស្ថានីយ៍ចាក់​ប្រេង ជាង ១០កន្លែង ដោយសារ​តែខ្វះប្រេង។

របាយការណ៍បែកលេចធ្លាយ​របស់​ក្រុមហ៊ុន​ប្រេង BPជារឿងមួយ។ រឿងមួយ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស ប្រញាប់ប្រញាល់ ទៅ​ចាក់​ប្រេង បំពេញ​ធុងរបស់ខ្លួន​នៅពេលនេះ ក៏ដោយសារ​តែគេ​ខ្លាចថា ស្ថានីយ៍​នឹងអាច​ជួបបញ្ហា​ខ្វះ​ប្រេង នៅពេល​ដែល​អង់គ្លេស​កំពុង​ជួប​វិបត្តិ​ខ្វះ អ្នកបើករថយន្ត ធុនធ្ងន់ ដែលក្នុង​នោះ មានផងដែរ រថយន្ត​ដឹកប្រេង។ អង់គ្លេស​កំពុង​ជួបវិបត្តិ​ខ្វះមនុស្ស បើករថយន្ត​ធុនធ្ងន់ ដោយសារ ម្យ៉ាង ពួកគេ​មួយចំនួន​ត្រូវ​ចូល​និវត្តន៍ និង​ម្យ៉ាង ដោយសារ នយោបាយ​អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​អង់គ្លេស​ត្រូវ​ខ្វះ​កម្លាំងពលកម្ម មកពី​បរទេស។

ខ្វះ​មនុស្ស​បើករថយន្ត​ធុនធ្ងន់ ជា​រឿងសំខាន់ណាស់ សម្រាប់​ធានា​មិន​ថា ការផ្គត់ផ្គង់​ប្រេង ឬ សេវា និង ទំនិញ ប្រើប្រាស់​ក្នុង​ទឹកដី​អង់គ្លេស។ ដើម្បី​ដោះស្រាយវិបត្តិ​គ្មានអ្នកបើករថយន្ត​ធុនធ្ងន់ រដ្ឋាភិបាល​អង់គ្លេស​ទើប​បាន​សម្រេច​ផ្តល់​ទិដ្ឋាការ​ធ្វើការ​បណ្តោះអាសន្ន ជាង ១ម៉ឺន ដើម្បី​ទាក់ទាញ ជនជាតិ​អឺរ៉ុប ឲ្យទៅធ្វើការ​នៅអង់គ្លេស។ ដូច​បាន​លើកខាងដើម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម គ្មានអ្នកបើករថយន្ត​ផ្គត់ផ្គង់ប្រេង រដ្ឋាភិបាល​អង់គ្លេស ត្រៀម​នឹង​បញ្ចេញ​កងទ័ព ដើម្បី អន្តរាគម ទៅ​ដឹកប្រេង ចាក់បំពេញ តាម​ស្ថានីយ៍ប្រេង។

សរុបមក អង់គ្លេស​ជួបវិបត្តិ​ខ្វះប្រេង​លើកនេះ ក៏ដោយសារ​តែ អារម្មណ៍​ភ័យខ្លាច ខ្វះប្រេង ដែល​ធ្វើ​ប្រជាជន​ត្រូវ​សម្រុក​ទៅ​ទិញ​ប្រេងទុក ប៉ុន្តែ មិនមែន​ដោយសារ​អង់គ្លេសកំពុង ខ្វះខាត​ប្រេង​នោះទេ។

ហេតុអ្វី​បាន​ជា​ ហ្គាស ឡើងថ្លៃ ខ្លាំង​នៅអឺរ៉ុប?

អង់គ្លេស អាច​មិន​ខ្វះខាតប្រេង ប៉ុន្តែ អង់គ្លេស ក៏ដូចជា​ប្រទេស​នៅអឺរ៉ុប​ផ្សេងទៀត ក៏កំពុង​ត្រូវការ​ប្រេង ច្រើន ដើម្បី បំពេញ​បង្គ្រប់ តម្រូវការ​ថាមពល ជា​ពិសេស ក្នុងកាលៈទេសៈ ដែល គេ​កំពុង​ជួប​វិបត្តិ​ថាមពល​ឡើងថ្លៃ ដូចជា តម្លៃ ឧស្ម័ន​ហ្គាស ជាដើម។ នៅប្រទេស​បារាំង តម្លៃហ្គាស​បាន​កើនឡើង​ខ្ពស់​មិនធ្លាប់​មាន ក្នុង​រយៈពេល ២០ឆ្នាំ​ចុងក្រោយនេះ។

នៅ​ទឹកដី​អឺរ៉ុប ឧស្ម័ន​ហ្គាស បាន​ឡើង​ថ្លៃ​ក្រឺតៗ ក្នុង​រយៈពេល​១ឆ្នាំ​មក​នេះ។ មាន​មូលហេតុ ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ហ្គាស ស្រាប់តែ​កើនឡើង ខ្ពស់ សឹង​មួយ​ជា​បួន នៅ​ទឹកដី​អឺរ៉ុប។

ហេតុផល​ទី១ គឺ​តម្រូវការ មានច្រើន​ជាង ការផ្គត់ផ្គង់។ តម្រូវការ​ឧស្ម័ន​ បាន​កើនឡើង​ខ្លាំង ​នៅ​គ្រប់​ទីកន្លែង ក្នុង​ពេល​តែ​មួយ នៅ​ក្នុង​កាលៈទេសៈដែល សេដ្ឋកិច្ច ចាប់កំរើកឡើងវិញ នៅក្រោយ វិបត្តិកូវីដ។ តម្រូវការ​ឧស្ម័ន កើនឡើង នៅអាស៊ី ជះឥទ្ធិពល អាក្រក់ ធ្វើ​ឲ្យ​តម្លៃ​ឧស្ម័នក្នុង​ទីផ្សារ​អន្តរជាតិ​កើនឡើង។ ម្យ៉ាងទៀត ដោយសារ​តែ រុស្ស៊ី និង​ន័រវែស ដែល​ជាប្រភព​ផ្គត់ផ្គង់​ឧស្ម័ន សម្រាប់​អឺរ៉ុប គ្មាន​សមត្ថភាព បញ្ជូន​លក់​ឧស្ម័ន​បាន​ច្រើន ដើម្បី​ឆ្លើយតប​តម្រូវការ​របស់អឺរ៉ុប។ គេ​វាយតម្លៃ​ថា រុស្ស៊ី ដែល​ជា​ប្រភពផ្គត់ផ្គង់ លក់​ឧស្ម័ន​ឲ្យ​អឺរ៉ុប កំពុង​កេងចំណេញ យក​វិបត្តិខ្វះថាមពល​នៅទឹកដី​អឺរ៉ុប ដើម្បី​តថ្លៃ ចង់ តម្លើង តម្លៃ​ឧស្ម័ន​របស់​ខ្លួន។ ជាលទ្ធផល តម្លៃ​ឧស្ម័ន​នៅ​ទឹកដី​អឺរ៉ុប ក៏ត្រូវ​កើនឡើងក្រឺតៗ មិនព្រមធ្លាក់ចុះ​ទាល់តែសោះ។

ហេតុផល​ទី២ គឺ ការស្តុកឧស្ម័ន​របស់​ទឹកដី​អឺរ៉ុប បានធ្លាក់ចុះ​ទាប បើប្រៀបធៀប​នឹង​ឆ្នាំមុនៗ។ ដូច បាន​និយាយ តម្រូវការ​ឧស្ម័ន​នៅ ទឹកដី អឺរ៉ុប​បានកើនឡើង ខ្ពស់ ក៏ដើម្បី យកទៅ បំពេញបង្រ្គប់ បន្ថែម ពីលើ​ថាមពល​ដែល​គេ​ខ្វះខាត ដូចជា ប្រេង ឬ ថាមពល​មិនចេះរីងស្ងួតជាដើម។ ជាក់ស្តែង នៅ​អង់គ្លេស ដោយសារ​តែ ខ្វះខ្យល់សមុទ្រ នៅ​រដូវក្តៅ កង្ហារយក្សខ្យល់ ដែលជា​ប្រភពផ្គត់ផ្គង់ ថាមពល​របស់​អង់គ្លេស ត្រូវ​បញ្ឈរជើង មិន​ដំណើរការ។ បូកផ្សំ​នឹង​ការជួយជុល រោងចក្រ​នុយក្លេអ៊ែរ​ផង អង់គ្លេស ត្រូវ​ពឹងផ្អែក​លើ​ប្រេង និង​ឧស្ម័ន សម្រាប់ តម្រូវការ​សេដ្ឋកិច្ច​របស់ខ្លួន។

នៅ​បារាំង អេស្ប៉ាញ អាល្លឺម៉ង់ រហូត​ដល់​អ៊ីតាលី ដែល​ត្រូវការ​ឧស្ម័ន​សម្រាប់​បង្រ្គប់​បន្ថែម​តម្រូវការ​ថាមពល​ក្នុង​ស្រុក តម្លៃឧស្ម័ន​បាន​កើនឡើង​ខ្ពស់ ដោយសារ​តែ នយោបាយ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក។ ត្រូវដឹងថា ដើម្បី ជំរុញ​ឲ្យ​គេ​ប្រើប្រាស់ ថាមពល​ស្អាតស្អំ ដូចជា​ថាមពល​បានមកពី ផ្ទាំងកញ្ចក់ស្រូបពន្លឺព្រះអាទិត្យ ឬ​កង្ហារយក្ស រដ្ឋាភិបាល​នៅអឺរ៉ុប ​បាន​តម្លើង ពន្ធ សម្រាប់​អ្នកដែល​ប្រើប្រាស់​ឧស្ម័ន ប្រេង ដែល​ជា​ប្រភព បញ្ចេញ​ឧស្ម័ន​កាបូនិក ដែលជា​ឧស្ម័នពុល ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។

ប្រេង ហ្គាស​ឡើងថ្លៃ ជាសញ្ញាមិនល្អ​នៅពេល​អឺរ៉ុប​ឈាន​ចូល​ដល់​រដូវត្រជាក់

នៅពេល​រដូវត្រជាក់​កំពុង​ឈាន​ចូល​មកដល់ តម្លៃ​ប្រេង តម្លៃ​ហ្គាស​ឡើង​ថ្លៃ ជា​សញ្ញា​មិនល្អ​នោះ​ទេ សម្រាប់​អឺរ៉ុប និង​សម្រាប់​សេដ្ឋកិច្ច ជាពិសេស ហោប៉ៅ របស់​ប្រជាជន។ ជាក់ស្តែង​នៅបារាំង ក្រុមហ៊ុន Engie បាន​ប្រកាស​ឡើងថ្លៃ ឧស្ម័ន​១២% ចាប់ពី​ខែ​តុលា តទៅ។ តម្លៃប្រេង នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ជាង ៣លាននាក់។ នៅ​អេស្ប៉ាញ តម្លៃ​ឧស្ម័ន​កើនឡើងខ្លាំង បានធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ខ្ពស់​ជាង​សមត្ថភាព​ទិញ របស់​ប្រជាជន។

តម្លៃប្រេង ហ្គាស​ឡើងខ្ពស់​នៅពេលនេះ ​ក៏​អាច​ជា​បញ្ហា​ចោទ សម្រាប់​នយោបាយ ដើម្បី​ថាមពល​ស្អាតស្អំ ដែល​មិន​បំពុល មិន​បញ្ចេញ ឧស្ម័ន​កាបូនិក ដែល​ធ្វើ​ឲ្យ ផែនដីឡើងកំដៅ។ ប្រជាជន​នៅ​អឺរ៉ុប អាច ចោទប្រកាន់​រដ្ឋាភិបាល​របស់ខ្លួន​ថា ការ​ដែល​រដ្ឋ​តម្លើងពន្ធ លើ​ការប្រើប្រាស់ ប្រភពថាមពល​មិន​ស្អាតស្អំ ដូចជា ប្រេង និង​ឧស្ម័ន ជា​ការរួមចំណែក​ធ្វើ​ឲ្យ​តម្លៃ​ឧស្ម័នកើនឡើង។ អ្នកនយោបាយ​ បារាំង​មួយចំនួន​បាន​ព្រមាន​ពី​បដិវត្ត បាតុកម្ម​ប្រឆាំង ដូច​បាតុកម្ម​ក្រុមអាវលឿងកាលពី​ឆ្នាំ ២០១៨  ប៉ុន្តែ ដែលមាន​ទ្រង់ទ្រាយធំ ព្រោះថា រឿង​ប្រេង ឧស្ម័ន​ឡើងថ្លៃ​ប្រាកដណាស់​ប៉ះពាល់​ដំបូងគេ​ដល់​ជីវភាព​របស់​ប្រជាជន។

ដើម្បី​ដោះស្រាយ​វិបត្តិប្រេង ឧស្ម័ន​ឡើងថ្លៃ រដ្ឋាភិបាល​នៅអឺរ៉ុប បានចាត់វិធានការ​បន្ទាន់ ក្នុង​គោលដៅ សម្រាលបន្ទុក​របស់​ប្រជាជន។ នៅ​បារាំង រដ្ឋាភិបាល​ផ្តល់​កញ្ចប់​ជំនួយ​ពិសេស រាប់ពាន់​លាន​អឺរ៉ូ សម្រាប់​ជួយ​ប្រជាជន​ដែល​អាច​មានជីវភាព​ប៉ះពាល់​ដោយ​ផ្ទាល់ ដោយសារតែវិបត្តិថាមពល​ឡើងថ្លៃ។ ​នៅអេស្ប៉ាញ ដើម្បី សម្រាល បន្ទុក​ចំណាយ​របស់​ប្រជាជន រដ្ឋាភិបាល​បាន​បញ្ចុះ​តម្លៃអត្រាពន្ធ​លើ​តម្លៃបន្ថែម ក្នុង​វិក័យប័ត្រ​ភ្លើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ