អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេមីរ៉ាតអារ៉ាប់រួម បើកសម្ភោធពិពណ៌សកលោក Dubai Expo-2020 ព្រឹត្តិការណ៍អន្តរជាតិធំបំផុត​ លើកទី១ក្នុងបរិបទកូវីដ​១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសុក្រ ទី១តុលា នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម មានបើកសម្ភោធកម្មវិធីតាំងពិពណ៌សកល​លោក Dubai Expo-2020។ គ្រោងធ្វើកាលពីឆ្នាំ​មុន កម្មវិធីដ៏ធំមហិមានេះ ត្រូវបាន​លើក មកធ្វើនៅពេលនេះ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ​១៩។ យ៉ាងណា នេះគឺជាកម្មវិធីអន្តរជាតិដ៏ធំបំផុត ដែលត្រូវបាន​ចាប់ផ្តើមរៀបចំឡើងវិញ ហើយដែលមាន​គេរំពឹងថានឹងមាន​មនុស្ស​ចូលរួមច្រើន បន្ទាប់ពីពិពភព​លោក​យើង បានពើបប្រទះ​នឹង​បញ្ហាជំងឺឆ្លងកូវីដ​១៩ ប្រមាណ​ជាង​២ឆ្នាំមកនេះ។ ហើយវាក៏ជាលើកទីមួយផងដែរ សម្រាប់ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងសម្រាប់បណ្តា​ប្រទេសពិភពអារ៉ាប់ទាំងមូលតែម្តង​ ដែល​បានទទួលរៀបចំ​កម្មវិធីដ៏ធំមហិមានេះ។

ភ្លើងបំភ្លឺ រចនាជា​រូបសញ្ញា  Dubai Expo 2020 នៅក្នុងពេលសម្ភោធបើកកម្មវិធី ថ្ងៃទី ១ តុលា ២០២១
ភ្លើងបំភ្លឺ រចនាជា​រូបសញ្ញា Dubai Expo 2020 នៅក្នុងពេលសម្ភោធបើកកម្មវិធី ថ្ងៃទី ១ តុលា ២០២១ REUTERS - AHMED JADALLAH
ផ្សាយពាណិជ្ជកម្ម

រយៈពេល៦ខែ រំពឹងមានមនុស្សទស្សនា ២៥លាននាក់

កម្មវិធី Dubai Expo-2020 ត្រូវបាន​គេគ្រោងធ្វើនៅឆ្នាំមុន តែដោយសារតែកូវីដ គេបានលើកមកធ្វើនៅពេលនេះ។ កម្មវិធីនេះ អាចចាត់ទុកបានថា ជា​កម្មវិធីតាំងពិព៌ណដ៏ធំបំផុត ក្នុងពិភពលោក ដែលត្រូវគេរៀបចំរៀងរាល់៥ឆ្នាំម្តង ។ ឆ្នាំ២០១៥ គឺធ្វើនៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី លើកនេះ គឺទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែល​ត្រូវបានគេជ្រើសរើសឲ្យរៀបចំ ហើយនៅឆ្នាំ​២០២៥ គឺទីក្រុងអូសាកា ប្រទេសជប៉ុន។

ពិធីបើកសម្ភោធនៅថ្ងៃទី​១តុលា គឺត្រូវបាន​ប្រកាសដោយ ព្រះអង្គម្ចាស់រាជទាយាទឌូបៃ Cheikh Hamdane ben Mohammed ដែលបាន​ថ្លែងថា ពិភពលោកទាំងមូល បាន​មកជួបជុំគ្នានៅអេមៀរ៉ាតអារ៉ាប់រួម។ គេបានសាងសង់អាគារ ប៉មរាងមូលដ៏ធំស្កឹមស្កៃ យ៉ាងទំនើប និងយកលំនាំតាម​​ស្ថាបត្យកម្មអ៊ីស្លាម ដើម្បី​ប្រារព្ធកម្មវិធីនេះ។ ក្រៅពីតារាល្បី​ល្បីរបស់​អេមីរ៉ាតអារ៉ាប់រួម កម្មវិធីបើកសម្ពោធដ៏អធិកអធមនេះ មាន​ការចូលរួម ពីតារាចម្រៀងស្រីអង់គ្លេស Ellie Goulding កំពូលតារាចម្រៀង​តេន័រអូប៉េរ៉ា ជនជាតិអ៊ីតាលី Andrea Bocelli និងកំពូលតន្ត្រីករលេងព្យ៉ាណូ Lang Lang ថែមទៀតផង។

កាលពីកីឡាអូឡាំពិកនៅតូក្យូ ខែកក្កដា-សីហាកន្លងទៅ រដ្ឋភិបាលជប៉ុន បានរៀបចំដោយបិទទ្វារ មិន​ឲ្យ​មានទស្សនិកជនចូលទៅមើលទេ ព្រោះខ្លាចបញ្ហាឆ្លងរាលដាលកូវីដ។ តែសម្រាប់កម្មវិធីតាំងពិពណ៌ Dubai Expo-2020 នេះ គឺអាជ្ញាធរឌូបៃ បើកទ្វារស្វាគមន៍ភ្ញៀវទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយ ឬដែលមានលទ្ធផលតេស្តអវិជ្ជមាន​ជាដើម។ សម្រាប់កម្មវិធីដែលនឹងមាន​រយៈពេល៦ខែនេះ ការរៀបចំទាំងស្រុង ត្រូវបាន​ចំណាយប្រាក់ប្រមាណ​ ៧ពាន់លានដុល្លារ ហើយគេរំពឹងថា នឹងមានមនុស្ស​ទៅទស្សនា ប្រមាណ​២៥លាននាក់ ចាប់ពីពេលនេះ រហូតដល់បិទកម្មវិធី។

ដូច្នេះ វាគឺជា​កម្មវិធីអន្តរជាតិ ដ៏ធំណាស់ ដែលគេបានរៀបចំជាលើកទី១ បន្ទាប់ពីពិភពលោកយើង បានឆ្លងកាត់វិបត្តិកូវីដ១៩។ លើកទី១ក្នុងបរិបទកូវីដ លើកទី​១សម្រាប់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយជាលើកទីមួយសម្រាប់ប្រទេសអារ៉ាប់នៅក្នុងតំបន់នេះទៀត។

បច្ចេកវិទ្យាបម្រើដល់ការរីកចម្រើន និងសុខមាលភាព​របស់មនុស្ស​លោក​

ជាទូទៅ កម្មវិធីពិពណ៌សលកលោក គឺគេត្រូវតែ​តាំងអ្វី ដែលបង្ហាញអំពី​ ការរីកចម្រើន ដែលមានអត្ថប្រយោជន៍ ដល់មនុស្សជាតិ ហើយឆ្លើយតបទៅនឹងរបត់សង្គម បច្ចុប្បន្ននិងអនាគត លើកកំពស់ចំណេះ​ដឹង និងសុខមាលភាព មិនថាផ្នែក​ស្ថាបត្យកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រទំនើប​ជាដើម ។ ប្រទេសនីមួយៗ ដែលចូលរួមក្នុងកម្មវិធីនេះ គឺគេបានសាងសង់ ប៉ាវីយ៉ុង ឬហៅថាអាគារវិមានមួយរបស់គេ ដែលឆ្លុះបញ្ចាំង ពី​ការរីកចម្រើន និងរបត់គំនិតរបស់គេ។

សម្រាប់ឆ្នាំនេះ ចិនគេបានអួតថា ប៉ាវីយ៉ុងគេ ធំស្កឹមស្កៃ និងល្អអស្ចារ្យលើសគេ ដែលមាន​រូបរាង្គ ជាចង្កៀងគោមបុរាណចិន តែត្រូវបានសាងសង់ឡើងដោយ​សម្ភារៈទំនើប។ ក្នុងឱកាសនេះ ចិនក៏មានបង្ហាញនូវ រ៉ូបូបង់ដា របស់ខ្លួនដែរ។ នៅប៉ាវីយ៉ុង អេស្ប៉ាញវិញ អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺយានធ្វើដំណើរដ៏ទំនើន ឈ្មោះ Hyperloop ដែលបំណាក់ដោយកង្ហាររ៉េអាក់ទ័រ ដូចរ៉េអាក់ទ័រយន្តហោះ។ ប្រទេសម៉ារ៉ុកវិញ បានសាងសង់ប៉ាវីយ៉ុង របស់ខ្លួន ដោយ​ប្រើដីសុទ្ធតែម្តង ដើម្បី​បញ្ជាក់ពីហេតុផលបរិស្ថានធម្មជាតិ។

ដោយឡែក ប្រទេសហូឡង់វិញ គេបាន​សាងសង់​អាគារប៉ាវីយ៉ុងរបស់​គេ មានទម្រង់ជាពីរ៉ាមីដ គ្របដណ្តប់ដោយរុក្ខជាតិ ដំណាំដែលអាចបរិភោគបាន ហើយ​ដោយមាន​បណ្តាញទឹកហូរស្រោចស្រព បានមកពីទឹកភ្លៀងដែលគេច្នៃចេញពី​ចំហាយនៃកំដៅព្រះអាទិត្យ​​។​ របត់នៃ​គំនិតស្ថាបត្យកម្ម​ថ្មី ដែល​គួបផ្សំបញ្ចូលគ្នា រវាងបច្ចេកទេសទំនើប ដោយ​គោរពធម្មជាតិ រុក្ខជាតិ ទឹក ពន្លឺ ខ្យល់បរិសុទ្ធជាដើមនេះ គឺជាជំនាញ​របស់ប្រទេសហូឡង់ហើយ។

មហិច្ឆិតាកសាងមុខមាត់ របស់អេ​មីរ៉ាតអារ៉ាប់រួម

ក្នុងនាម​ប្រទេសអារ៉ាប់ដ៏តូចមួយ មានប្រជាជន​ប្រមាណ​តែ១០លាននាក់ តែអេមីរ៉ាតអារ៉ាប់រួម មាន​មហិច្ឆិតាកសាងមុខមាត់ខ្លាំងណាស់ នៅលើឆាកអន្តរជាតិ តាមរយៈការរៀបចំកម្មវិធីធំៗ ការតាំងពិពណ៌ វេទនិង​ទិការអន្តរជាតិនានា។ ប្រទេសមហាសេដ្ឋីប្រេងនេះ ចំណាយប្រាក់រាប់ពាន់លាន​ ដោយឥតស្តាយទេ ដើម្បី​​កសាង​មុខមាត់ ទាក់ទាញ​ការស្ងើចសរសើរ ពីអ្នកទេសចរណ៍ និងជាពិសេសនោះគឺអ្នកវិនយោគតែម្តង។ វាក៏ជាផ្នែកមួយ​ នៃនយោបាយ​ការទូតរបស់អេមីរ៉ាតអារ៉ាប់រួមដែរ។

ជាដែនដី មានតែវាលខ្សាច់ល្ហរល្ហេវ តែគេបានចំណាយ​ប្រាក់ដ៏សន្ធឹកសន្ធាប់ ដើម្បីកសាងទីក្រុងទំនើប អាគារខ្ពស់ស្កឹមស្កៃ ដូចជានៅទីក្រុងអាប៊ូដាប៊ី និង ឌូបៃនេះជាដើម​។ ភាពទំនើបអស្ចារ្យទាំងនេះ គឺចិញ្ចឹមគំនិតមោទនភាពជាតិ និងឯកភាពជាតិរបស់ប្រទេសនេះផងដែរ ព្រោះជាប្រទេសតូច តែផ្សំឡើងដោយ ​ក្រុម​និងដែនដីចំនួន​៧ផ្សេងៗគ្នា។ យ៉ាងណាមិញ នៅខែធ្នូខាងមុខនេះ កម្មវិធីតាំងពិពណ៌នេះ វាគាប់ជួន ជាមួយការ​ប្រារព្ធខួប​៥០ឆ្នាំ នៃការបង្រួបបង្រួម​ដែនដី​ទាំង​៧ ដើម្បីបង្កើតជារដ្ឋសហព័ន្ធ អេមីរ៉ាតអារ៉ាប់រួមផងដែរ។

សភាអឺរ៉ុប និងអង្គការសិទ្ធិមនុស្សអំពាវនាវ ឲ្យធ្វើពហិកា​ Dubai Expo-2020

តែយ៉ាងណា អេមីរ៉ាតអារ៉ាប់រួម ត្រូវ​គេរិះគន់ច្រើនណាស់ ដោយសារតែបញ្ហា​សិទ្ធិមនុស្ស។ ការបំបិទសិទ្ធិស្ត្រី ការកៀបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិ ហាមឃាត់ការរិះគន់ផ្សេងៗ គឺជាហេតុផលត្រួសៗ ដែលអង្គការសមាគមន៍ការពារសិទ្ធិមនុស្សបានលើកឡើង។ បន្ថែមពីនេះទៀត គឺបញ្ហាលក្ខខណ្ឌការងារ របស់ពលករ កម្មករបរទេស ដែលទៅធ្វើការស៊ីឈ្នួល ក្នុងប្រទេសនេះ ភាគច្រើនផ្នែកវិស័យសំណង់តែម្តង។ មានរបាយការណ៍ច្រើនណាស់ ដែលលើកឡើងពីការជិះជាន់​ក​ម្លាំងពលកម្ម ការរំលោភសិទ្ធិរបស់ពលករទាំងនោះ ដែលភាគច្រើនមកពី​ប៉ាគីស្ថាន ឥណ្ឌា បង់ក្លាដែស និង​ប្រទេសអាស៊ីអាគ្នេយ៍យើងខ្លះទៀតផង។

នៅពីក្រោយ​ភាពស្កឹមស្កៃ ហ៊ឺហារអស្ចារ្យ នៃទីក្រុងឌូបៃ អាប៊ីដាប៊ីនេះ គឺវាមាន​បង្កប់ដោយ​កម្លាំងញើសឈាមពលករ កម្មករបរទេស ដែលត្រូវគេជិះជាន់កម្លាំងពលកម្ម និងមានករណីគ្រោះថ្នាក់ស្លាប់ជាហូរហែរ ដោយ​គ្មានសំណងជំងឺចិត្តត្រឹមត្រូវទេ។ ដោយហេតុនេះហើយ បានជាអង្គការសិទ្ធិមនុស្ស​បានអំពាវនាវ ឲ្យធ្វើពហិការកម្មវិធីពិពណ៌នៅក្រុងឌូបៃនេះ។ សភាអឺរ៉ុប​កាលពីពាក់កណ្តាលខែកញ្ញានេះ ក៏បាន​ចេញសេ​ចក្តីអំពាវនាវមួយដែរ ប្រាប់ទៅប្រទេសអឺរ៉ុបថា មិនត្រូវទៅចូលរួមកម្មវិធីនេះទេ។ តែយ៉ាងណា គ្មានប្រទេសណាធ្វើតាមទេ ព្រោះថាម្នាក់ៗគេឆក់ឱកាសនេះ ដើម្បីទៅផ្សព្វផ្សាយ​ឃោសនា ពីប្រទេសគេ និងភាពអស្ចារ្យរបស់ប្រទេសគេដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ