អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្តេច ប្រមុខរដ្ឋាភិបាល​ អ្នកនយោបាយ និង​តារា​ច្រើនរូប ជាប់ក្នុង​រឿង​អាស្រូវ​គេចពន្ធ​ « Pandora Papers »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ ទី៤តុលា សម្ព័ន្ធអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ (ICIJ) ទើបតែបានចេញ​របាយការណ៍ថ្មីមួយទៀត ដែលមានឈ្មោះថា « Pandora Papers » ។ វាគឺជាសំណុំរឿងអាស្រូវដ៏ធំ ដែល​បានបង្ហាញ​ឲ្យ​ឃើញ ឈ្មោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អ្នកនយោបាយ និង​តារាជាច្រើននាក់​ ដែលបានប្រើ​ប្រាស់​សេវាហិរញ្ញវត្ថុ នៅ​ក្រៅប្រទេស​ ដើម្បី​ទិញ​អចលនទ្រព្យ ឬលាក់ទ្រព្យសម្បត្តិមហាសាលរបស់ខ្លួន និងដោយ​​គេចមិនបង់ពន្ធត្រឹមត្រូវជូនរដ្ឋ។

រូបថតគេហទំព័រ របស់ ICIJ ដែលចុះផ្សាយសំណុំរបាយការណ៍ Pandora Papers ថ្ងៃទី​៤ តុលា ២០២១
រូបថតគេហទំព័រ របស់ ICIJ ដែលចុះផ្សាយសំណុំរបាយការណ៍ Pandora Papers ថ្ងៃទី​៤ តុលា ២០២១ © RFI
ផ្សាយពាណិជ្ជកម្ម

ឯកសារជិត១២លានច្បាប់ ក្រុមហ៊ុនoffshore ប្រមាណ​២៩០០០

« Pandora Papers » គឺជាលទ្ធផល​នៃការស៊ើបអង្កេត របស់អ្នកកាសែតប្រមាណ​៦០០នាក់ នៅទូទាំងពិភព​លោក ដែលជា​សមាជិក នៃ​​ក្រុមសម្ព័ន្ធអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ International Consortium of Investigative Journalistes (ICIJ)។ គេបាន​ប្រមូលឯកសារ ប្រមាណ​ជា ១១លាន​៩សែនច្បាប់​បានមកពីក្រុមហ៊ុន​ផ្តល់សេវាកម្ម​ហិរញ្ញវត្ថុ​ចំនួន​១៤។ ឯកសារទាំងនេះ បានបង្ហាញ ឲ្យ​ឃើញ​ក្រុមហ៊ុន offshores ចំនួនជាង​២៩០០០ក្រុមហ៊ុន។

ក្រុមហ៊ុន offshores គឺជាប្រភេទ​ក្រុមហ៊ុនដែលគេបង្កើត នៅតាម​ប្រទេស​ ឬដែនដី​កោះមួយចំនួន ដែលមាន​ច្បាប់ពន្ធដាធូររលុង ហើយជាក្រុមហ៊ុនដែល​មានតែឈ្មោះ តែគ្មានសកម្មភាពពាណិជ្ជកម្ម​អ្វី​ទាំងអស់។ គេធ្វើបែបនេះ ដើម្បី​យក​ឈ្មោះក្រុមហ៊ុនទាំងនោះ ទៅទិញ ឬក៏ផ្ទេរទ្រព្យសម្បត្តិ អចលទ្រព្យ និងភាគហ៊ុនផ្សេងៗ ព្រោះថាគេអាចធ្វើដោយស្ងាត់ៗ គ្មាននរណាដឹងថា អ្នកណានៅពីក្រោយ​ ជាម្ចាស់ទ្រព្យសម្បតិ្តទាំងនោះទេ។ អ្វីដែលចំណេញមួយទៀត គឺចំណេញ​មិនបង់ពន្ធ ទៅឲ្យ​ប្រទេសដែលម្ចាស់ទ្រព្យទាំងនោះ មានអាស័យដ្ឋានរស់នៅ។

រឿងអាស្រូវ​ « Pandora Papers » បានរំលេចឲ្យឃើញនូវទំហំទ្រព្យសម្បត្តិមហាសាល ដែលគ្មានប្រភពច្បាស់លាស់ របស់មេដឹកនាំ អ្នកនយោបាយមួយចំនួន និងជាពិសេសនោះ គឺការ លាក់លៀម​បែបស្ងាត់ៗ បន្លំ​គេចវេសមិនប្រកាសពន្ធ មិនបង់ពន្ធតែម្តង។

​មានឈ្មោះមេដឹកនាំ និងអ្នកនយោបាយជាង៣០០នាក់

យ៉ាងហោចណាស់ មាន​មេដឹកនាំប្រទេស និងអតីតមេដឹកនាំ ចំនួន​​៣៥នាក់ ព្រមទាំង​អ្នក​នយោបាយ ​ជាង​៣៣០នាក់ទៀត រួមទាំង​តារាល្បី និងមេបណ្តាញ​ឧក្រិដ្ឋកម្មផងដែរ ដែល​មានជាប់​ឈ្មោះ​ នៅក្នុងរឿងអាស្រូ​វ​ « Pandora Papers » នេះ។

ជាក់ស្តែង ព្រះចៅ អាប់ដាឡា ទី២ ស្តេចប្រទេសហ្សកដានី។ យោងតាម​របាយការណ៍នេះ ព្រះចៅ​អាប់ដាឡាទី​២ បានទិញអលនទ្រព្យ តម្លៃសរុបដល់ទៅ​១០៦លានដុល្លារ នៅសហរដ្ឋ​អាមេរិក និងនៅអង់គ្លេស ដោយ​ប្រើប្រាស់ឈ្មោះក្រុមហ៊ុន offshore។ មេធាវី របស់ព្រះចៅអាប់ដាឡា បានអះអាង​ប្រាប់ទូរទស្សន៍ BBC ថាប្រាក់នេះគឺជា​ទ្រព្យផ្ទាល់ខ្លួនរបស់​ព្រះអង្គ ហើយ​ការប្រើ​ប្រាស់​ឈ្មោះក្រុមហ៊ុន​ស្រមោលបែបនេះ គឺដើម្បីគ្រាន់តែដើម្បីរក្សាសន្តិសុខ និងការសម្ងាត់តែប៉ុណ្ណោះ។

លោក Andrej Babis នាយករដ្ឋមន្ត្រីសារធារណរដ្ឋឆេក តាមរយៈក្រុមហ៊ុនស្រមោល ​បាន​ទិញ ប្រាសាទបុរាណមួយកន្លែង ឈ្មោះ château Bigaud ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ក្នុងតម្លៃ២២លាន​ដុល្លារ នៅឆ្នាំ២០០៩។ ទ្រព្យ​សម្បត្តិ​ដ៏មានតម្លៃ​នេះ លោក​មិន​បាន​ប្រកាសឲ្យ​គេដឹងទេ នៅពេលលោកឈរឈ្មោះឆ្នោត។ រឿងអាស្រូវ « Pandora Papers » ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី Andrej Babis ចាត់ទុកថា គឺជា​ចេតនានយោបាយ របស់ក្រុមប្រឆាំង ខណៈដែលការបោះឆ្នោតសភាអាណត្តិថ្មី នឹងរៀបចំធ្វើនៅចុងសប្តាហ៍នេះ។

លោកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair និងភរិយាក៏មានឈ្មោះដែរ ដោយបានទិញក្រុមហ៊ុន​offshore មួយនៅឆ្នាំ​២០១៧​ ដើម្បីបានក្លាយ​ជាម្ចាស់​កម្មសិទ្ធិ លើ​អាគារ៤ជាន់មួយកន្លែងនៅ​ក្នុងទីក្រុងឡុងដ៍។ ធ្វើបែបនេះ លោក Tony Blair ចំណេញ​មិនបាច់បង់ពន្ធជូនរដ្ឋអង់គ្លេស ចំនួន​ដល់ទៅ​៤សែនដុល្លារ។ លោកប្រធានាធិបតីប្រទេសកេនយ៉ា ព្រមទាំងក្រុមគ្រួសារ ក៏ជាប់ឈ្មោះដែរ ដោយ​បាន​ផ្ទេរប្រាក់ចំនួន​យ៉ាងហោច៣០លានដុល្លារ ទៅកាន់ក្រុមហ៊ុន​ offshore ជាច្រើន នៅតាមដែនកោះនាយសមុទ្រ។

ចំណែក​ កូនប្រុស​លោក Ilham Aliev ប្រធានាធិបតីអាស៊ែរបៃហ្សង់ អាយុទើបតែ១១ឆ្នាំ តែមានឈ្មោះទិញអាគារមួយនៅទីក្រុងឡុងដ៍ តម្លៃ​៤៥លានដុល្លារ។​ លោក Dominique Strauss-Kahn អតីតប្រធាន​មូលនិធិរូបិយវត្ថុអន្តរជាតិ តារាចម្រៀងនាង Shakira ព្រមទាំងសមាជិក​ក្រុមគ្រួសារ​ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan និងមនុស្សស្និទនឹងលោក​ ប្រធានាធិបតី​ពូទីន​ខ្លះផង។

អ្នកប្រកាសថាចង់ប្រឆាំងអំពើពុករលួយ តែធ្វើទង្វើនេះខ្លួនឯង

នេះមិនមែនជាលើកទី១ទេ ដែល​ក្រុមសម្ព័ន្ធអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ (ICIJ) បានទំលាយឯកសារអំពីសកម្មភាពគេចពន្ធ និង​ការលាក់ទ្រព្យសម្បត្តិរបស់អ្នកនយោបាយ អ្នកមាន​អំណាច និងតារាជាដើមនេះ។ ICIJ បានទំលាយ​រឿងអាស្រូវ ទាក់ទិននឹងសកម្មភាពគេចពន្ធនេះ តាំងតែពី​ឆ្នាំ​២០១៣មក​ម្លេះ។ របាយការណ៍ "Panama Papers » នៅឆ្នាំ​២០១៦ បានធ្វើឲ្យរញ្ជួយកក្រើកទូទាំងពិភពលោកតែម្តង។ រឿងអាស្រូវគេចពន្ធនេះ បានធ្វើឲ្យ​នាយករដ្ឋមន្ត្រីអ៊ីស្លង់ Sigmundur David Gunnlaugsson និងលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន​ Nawaz Sharif កាលពីជំនាន់នោះ លាចុះពីតំណែងដោយភាពអាម៉ាស។ ក្រោយមកទៀត មាន​ "Paradise Papers » នៅឆ្នាំ​២០១៧ ដែលក្នុងនោះមានឈ្មោះព្រះអង្គម្ចាស់ Charles និងក្រុមហ៊ុន Nike ជាដើម ដែលបានរៀបផែនការគេចមិនបង់ពន្ធ។

សម្រាប់ករណី « Pandora Papers » នេះ ICIJ បានអះអាងថា គេបានរកឃើញទំនាក់ទំនង រវាងក្រុមហ៊ុន offshore ជាមួយនឹងអ្នកដឹកនាំជាតិ និងអ្នកនយោបាយ​ចំនួន​យ៉ាងហោច ជាង៣០០នាក់។ ក្រុមហ៊ុ​នស្រមោលចំនួនជិត ១០០០ក្រុមហ៊ុន ត្រូវបានគេបង្កើត ចុះបញ្ជីរដើម្បី​លាក់លុយ ផ្ទេរលុយ ឬទិញទ្រព្យសម្បត្តិនានា ដោយសម្ងាត់ សម្រាប់អ្នកនយោបាយទាំងនោះ។ លោក Gerard Ryle អគ្គនាយក ​ICIJ បាន​លើកឡើងថា តើ​ឲ្យ​គេសង្ឃឹម​ ថាការប្រយុទ្ធប្រឆាំងនឹងសកម្មភាព​គេចពន្ធ អាចបានជោគជ័យ​ម្តេចនឹងកើត បើថ្នាក់ដឹកនាំប្រទេស អ្នកនយោបាយ ដែលត្រូវ​មានតួនាទីធ្វើកិច្ចការនេះ បែជាបាន​ចូលរួម​ធ្វើសកម្មភាព​គេចពន្ធ លាក់ទ្រព្យសម្បតិ្តរបៀបនេះដែរនោះ។ វាមិនមែនជាប្រាក់បន្តិចបន្តួចទេ តែមានចំនួន​ រាប់ម៉ឺនលានដុល្លារឯណោះ។

លោកស្រី Maira Martini អ្នកស្រាវជ្រាវនៅ អង្គការ​ Transparency International បាន​លើកឡើងថា របាយការណ៍ « Pandora Papers » បានបញ្ជាក់ជាថ្មីម្តងទៀតថា បណ្តាញ​ក្រុម​ហ៊ុន offshore ដ៏ស្អេកស្កះ នៅតាមប្រទេសឬដែនដី​កោះមួយចំនួន គឺជាឧបករណ៍ល្បែងកំសាន្ត នៃសកម្មភាព​ពុករលួយ បណ្តាញ​ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ លាក់ទ្រព្យសម្បត្តិ លាងលុយក្រខ្វក់​ និង​ កា​រគេចវេស​មិនបង់ពន្ធ ប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌ជាតិ​និងអន្តរជាតិ​។ លោកស្រីបន្ថែមថា គម្រូសេដ្ឋកិច្ច ដែលផ្អែកលើការសម្ងាត់​ហិរញ្ញវត្ថុបែបនេះ គឺ​ដល់ពេលដែលត្រូវ​បិទបញ្ចប់ហើយ។ សហគមន៍អន្តរជាតិ ត្រូវតែរួមគ្នា កសាង ពង្រឹងតម្លាភាព ដើម្បី​លុបបំបាត់អំពើពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ