អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់​រៀបចំ​ការបោះឆ្នោត ទាំង​គ្មានសង្ឃឹម​ថា នឹង​មាន​ការផ្លាស់ប្តូរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​អ៊ីរ៉ាក់​ប្រមាណ ២០លាននាក់ បាន​ចាប់ផ្តើម​ទៅបោះឆ្នោត នៅថ្ងៃអាទិត្យទី ១០​តុលា ២០២១ ដើម្បី ជ្រើសរើស​អ្នកតំណាងរាស្ត្រ នៅ​រដ្ឋសភា​អ៊ីរ៉ាក់។ បេក្ខជន ជាង ៣២០០នាក់ មក​ពី​គណបក្ស យ៉ាងតិច ១៦៧​គណបក្ស​ត្រូវ​ប្រកួតប្រជែងគ្នា​ដើម្បី​ដណ្តើម​អាសនៈ ចំនួន ៣២៩ នៅ​រដ្ឋសភា។ នៅពេលការបោះឆ្នោត ត្រូវ​បាន​រៀបចំឡើង មុនកាលកំណត់ ពោល​គឺ​ទៅតាម​ការទាមទារ​ចង់បាន​របស់​បាតុករ​អ៊ីរ៉ាក់ ដែល​រង​ការបង្រ្កាប​ដ៏ហិង្សា កាលពី​ដើម​ឆ្នាំ ២០១៩ គេ​មិន​សង្ឃឹមថា ការបោះឆ្នោត​នៅថ្ងៃអាទិត្យ នឹង​ធ្វើ​ឲ្យ​របបនយោបាយ​នៅអ៊ីរ៉ាក់ មាន​ការផ្លាស់ប្តូរ​ច្រើន​នោះទេ។

កម្លាំងសន្តិសុខ​ប្រចាំការពារ​ការិយាល័យបោះឆ្នោត ដែលរៀបចំ​ជាពិសេស សម្រាប់​ទាហាន​ អ្នកទោស នៅ​ពីរថ្ងៃមុន​ការបោះឆ្នោត​សភា មុនកាលកំណត់​ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០​តុលា ២០២១
កម្លាំងសន្តិសុខ​ប្រចាំការពារ​ការិយាល័យបោះឆ្នោត ដែលរៀបចំ​ជាពិសេស សម្រាប់​ទាហាន​ អ្នកទោស នៅ​ពីរថ្ងៃមុន​ការបោះឆ្នោត​សភា មុនកាលកំណត់​ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០​តុលា ២០២១ REUTERS - AHMED SAAD
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ាក់​បាន​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់ ទៅ​តាម​ការទាមទារ​ចង់​បាន​របស់​ប្រជាជន​អ៊ីរ៉ាក់ ដែលបានធ្វើ​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល កាលពី​ឆ្នាំ ២០១៩ ដើម្បី​ទាមទារ​ឲ្យ​មាន​ការការផ្លាស់ប្តូរ ប្រព័ន្ធនយោបាយ នៅ​អ៊ីរ៉ាក់។

ដោយ រៀបចំ​ការបោះឆ្នោតសភា មុន​កាលកំណត់ និង​បង្កើត​ច្បាប់​បោះឆ្នោត​ថ្មី ដែល​បាន​បង្កើន​ចំនួន​មណ្ឌល​បោះឆ្នោតថ្មី ដើម្បី​លើកទឹកចិត្ត​ឲ្យមាន​ការចូលរួម​ពី​បេក្ខជន​ឯករាជ្យ អាជ្ញាធរ​អ៊ីរ៉ាក់​ចង់​បង្ហាញ​ជាលើកទី១ ថា ខ្លួន​បាន​ធ្វើ​សម្បទាន​នយោបាយ សម្រាប់​ឆ្លើយតប​ទៅតាម​ការចង់បាន​របស់​បាតុករ អ៊ីរ៉ាក់ ដែល​បាន​ធ្វើ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​អស់ រាប់ខែ កាលពី​ដើម​ឆ្នាំ ២០១៩។

នៅក្នុង​មហាបាតុកម្ម ជាទី​ដែល​ការបង្រ្កាប​ដ៏ហិង្សា របស់ប៉ូលិស​និង​យោធា​អ៊ីរ៉ាក់ បាន​សម្លាប់​ជីវិត​មនុស្ស ជាង ៦០០​នាក់ និង​របួស យ៉ាងតិច ៣ម៉ឺននាក់  កាលពី​ដើម​ឆ្នាំ ២០១៩ បាតុករ​ធ្លាប់​បាន​ស្រែកបរិហារ រិះគន់​អំពើពុករលួយ អសមត្ថភាព​របស់​រដ្ឋាភិបាល និង​បានទាមទារ​ឲ្យ​មានការផ្លាស់ប្តូរ​ទាំងស្រុង ប្រព័ន្ធនយោបាយ ដែលបាន​​អនុញ្ញាត​ឲ្យ​គណបក្ស​ដដែលៗ នៅ​កាន់អំណាច​នៅ​អ៊ីរ៉ាក់។

ទោះ​រដ្ឋាភិបាល​សម្រេច​រៀបចំ​ការបោះឆ្នោត​មុនកាលកំណត់ ប៉ុន្តែ គេ​មិន​សង្ឃឹមថា នឹង​មានការផ្លាស់ប្តូរ​ធំដុំ​នៅក្នុង​ទិដ្ឋភាព​នយោបាយ​នៅអ៊ីរ៉ាក់។ ជាការពិត ការបង្កើត​ច្បាប់​បោះឆ្នោត​ថ្មី បាន​ជំរុញ​ឲ្យ​កើតមាន​គណបក្ស​ឯករាជ្យ​ថ្មី ដែល​មាន​ស្ថាបនិក​ជា​សកម្មជន​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល កាលពី​ឆ្នាំ ២០១៩។ ប៉ុន្តែ យ៉ាងណាក៏ដោយ ចំនួន​គណបក្ស​ថ្មីថ្មោង​នេះ​តែ​តិចតួច មាន​ធនធាន​ថវិកា​តិចតួច មិនអាច​ទៅ​ប្រកួតប្រជែង ជាមួយ​គណបក្ស​ធំៗ ដែល​បុកគ្រឹះ​កាន់អំណាច រាប់ឆ្នាំ មកហើយ​នោះទេ។ មានខ្សត់ខ្សោយ សកម្មជននយោបាយ​ឯករាជ្យ​ទាំងនោះ នៅ​រង​ការយាយី ប៉ុនប៉ងសម្លាប់ គំរាមកំហែង អសន្តិសុខ​ជាប់ជា​ប្រចាំ ពីសំណាក់​ក្រុមប្រដាប់អាវុធ ដែលគាំទ្រ​គណបក្ស​កាន់អំណាច។ ម្យ៉ាង នៅក្នុង​ចំណោម​សកម្មជន​ដែល​ប្រឆាំង​រដ្ឋាភិបាល​ទៀតសោត ក៏មានការបែកបាក់គ្នា ព្រោះថា ថ្នាក់ដឹកនាំ​របស់ពួកគេ​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​គេ​ធ្វើ​ពហិការ កុំ​ទៅ​បោះឆ្នោត នៅថ្ងៃនេះ ដោយសារ គេដឹង​ហើយថា ទោះយ៉ាងណា ក៏នៅតែ​មិនអាច​ឈ្នះ គណបក្ស​កាន់អំណាច ដែលមាន​ទាំង​ទាហាន និង​លុយ ដែលបាន​មកពី អំពើ​ពុករលួយ ​នោះ​ទេ។

គណបក្ស​ចលនា​Sadriste ដែលមាន​មេដឹកនាំ ឈ្មោះ ម៉ូតាដា អាល់ សាដ្រ មកពី​និកាយឈីអ៊ីត ធ្លាប់​ឈ្នះឆ្នោត ដាច់គេ នៅ​ឆ្នាំ ២០១៨ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ទទួល​ជ័យជំនះដូចមុន។ គណបក្ស​មួយនេះ ដែលជា​អ្នកជ្រើសរើស​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​សព្វថ្ងៃ បាន​បង្កើត​យុទ្ធសាស្រ្ត ដើម្បី​សម្របខ្លួន​ទៅតាម​កាលៈទេសៈ  ដោយ​បាន​តែងតាំង​យុវជន មនុស្ស​ថ្មី សម្រាប់​តំណែង​អ្នកតំណាងរាស្រ្ត ក្នុង​បំណង​បង្ហាញថា គណបក្ស សមាជិក​មុខមាត់ថ្មី​ដែល​យល់​ពី​តម្រូវការចង់​បាន​របស់​យុវជន​អ៊ីរ៉ាក់ ដែល​តំណាង​ឲ្យ​៤០ភាគរយ នៃ​ប្រជាជន​អ៊ីរ៉ាក់សរុប ជាង ៤០លាននាក់។ យុវជន​អ៊ីរ៉ាក់ ដែលចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​កន្លងមក ដើម្បី បរិហារ ភាពក្រីក្រ អយុត្តិធម៌ និង​ភាពគ្មានការងារធ្វើ។ ជារួម គណបក្ស​កាន់អំណាច​នៅអ៊ីរ៉ាក់ អាច​ផ្លាស់ប្តូរ មុខមាត់ តាមរយៈ ការដាក់បញ្ចូល​សមាជិកអ្នកតំណាងរាស្ត្រ​ថ្មី ប៉ុន្តែ រចនាសម្ព័ន្ធ មាគ៌ានយោបាយ​នៅតែ​ចាស់ដូចមុន មិន​ផ្លាស់ប្តូរនោះទេ។

ការបោះឆ្នោត​អ៊ីរ៉ាក់​តែង​កត់សំគាល់​ដោយ​អវត្តមាន ដ៏ក្រាស់ក្រែល​របស់​អ្នកបោះឆ្នោត។ នៅ​ឆ្នាំ ២០១៨ មានអ្នកមិនទៅ​បោះឆ្នោត ដល់ ទៅ ៤០% ហើយ​គេ​រំពឹងថា ចំនួននេះ នឹង​អាច​ច្រើនជាងនេះ នៅ​ក្នុង​ការបោះឆ្នោត នៅ​ថ្ងៃ​អាទិត្យនេះ។

ហេតុអ្វី​គេ​ត្រូវ​ចាប់អារម្មណ៍ តាមដាន​ការបោះឆ្នោត នៅ​អ៊ីរ៉ាក់នោះ​បុប្ផា?

ការបោះឆ្នោត​លើកនេះ ប្រហែល​ជា​គ្មាន​ឥទ្ធិពល ជំរុញ ឲ្យ​មានការផ្លាស់ប្តូរ​ក្នុង​សង្គមអ៊ីរ៉ាក់ ព្រោះថា អ្នកនយោបាយ​មកពីគណបក្ស​ដដែលៗ នឹង​ឈ្នះឆ្នោត ដឹកនាំ​អំណាច​នៅ​អ៊ីរ៉ាក់។ ប៉ុន្តែ សម្រាប់​នយោបាយ​ក្នុង​តំបន់វិញ គឺ​វា​ផ្សេងពីនោះ។ ការបោះឆ្នោត នៅថ្ងៃ​អាទិត្យ​នេះ សំខាន់​ណាស់ សម្រាប់​អនាគត នយោបាយ យុទ្ធសាស្រ្ត​របស់​តំបន់​ដើមបូព៌ា។

ជាការពិត គណបក្ស​ទាំងពីរ មកពី​ក្រុមឈីអ៊ីត គឺ​គណបក្ស​Sadriste និង​គណបក្ស Hachd al Chaabi ទំនង​ជា​នឹង​នៅតែ​រក្សា​សំឡេង​នាំមុខ នៅ​រដ្ឋសភា ហើយ​និង​មាន​សិទ្ធិជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី។ គណបក្ស​Sadriste មានជំហរ​ប្រឆាំង​អាមេរិក និង​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ចំណែក​គណបក្ស​Hachd al Chaabi មាននិន្នាការ​ទៅ​ខាង​អ៊ីរ៉ង់។ គណបក្ស​ទាំងពីរ ជាគូ​ប្រកួតប្រជែងគ្នា ប៉ុន្តែ នៅទីបំផុត តែងតែ​ចរចាគ្នា គ្នា នៅក្រោយ​វាំងនន ដើម្បី​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្រ្តី​រួមគ្នា។ កន្លងមក នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់​ដែល​គណបក្ស​ឈីអ៊ីត​បាន​ជ្រើសរើស គឺ​តែង​មាន​ជំហរ​មិន​សូវ​តឹងរ៉ឹង ដាក់អ៊ីរ៉ង់ ដែល​មាន​ឥទ្ធិពល​សំខាន់​លើ​អ្នកនយោបាយ​អ៊ីរ៉ាក់។

នាយករដ្ឋមន្រ្តី អ៊ីរ៉ាក់​សព្វថ្ងៃ គឺ​លោកMoustafa Al Kazimi ក៏ជា​បេក្ខជន ដែល​កើតចេញមកពី​ការចរចា​រវាង​គណបក្ស​ធំៗ​ពីរនេះដែរ។ លោក Moustafa Al Kazimi ធ្លាប់​បាន​សម្រេច​ស្នាដៃ​ធំមួយ គឺ​ជួយ​សម្របសម្រួល​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត ដែលតាមពិតជា​សត្រូវ​សួរពូជនឹងគ្នា។ ដូច្នេះ បើសិន អ៊ីរ៉ាក់ មាន​នាយករដ្ឋមន្រ្តី​ថ្មី ដែលមិន​ចង់​បន្ត​នយោបាយ​សម្របសម្រួល​មួយនេះ គេជឿថា ភាពតានតឹង រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត នៅ​តែ​បន្តមាន ហើយភាគីទាំងពីរ នៅតែ​អាច​បន្ត​ចិញ្ចឹម សង្រ្គាម ស៊ីវិលនៅ​ប្រទេស​ជិតខាង ដូចជានៅស៊ីរី យេម៉ែន ដើម្បី ការពារ​ដែនឥទ្ធិពល​របស់ខ្លួន។

អ៊ីរ៉ាក់ ប្រទេស​សំបូរប្រេង ប៉ុន្តែ មិន​បាន​សោយសុខ ទទួលប្រយោជន៍​ពី​សម្បត្តិប្រេង

ទទួល​បាន​ឯករាជ្យ​ពីអង់គ្លេស​នៅ​ឆ្នាំ ១៩៣២ អ៊ីរ៉ាក់ បាន​ប្រកាន់របប​សាធារណរដ្ឋ នៅក្រោយ​រដ្ឋប្រហារ​យោធា ផ្តួលរំលំ របបរាជានិយម នៅ​ឆ្នាំ ១៩៥៨។ ជា ប្រទេស​នាំចេញប្រេង ធំទី ២​របស់​អង្គការ​OPEP ៩០%​នៃ​ប្រភព​ចំណូល​របស់អ៊ីរ៉ាក់ បាន​មក​ប្រេង។ ប៉ុន្តែ ប្រទេស​សំបូរប្រេង​មួយនេះ បាន​រងខេ្ទចខ្ទាំ យាយី ដោយសារ​តែវិបត្តិនយោបាយ និង​សង្រ្គាម​ជាបន្តបន្ទាប់ តាំង​ពី​ឆ្នាំ ដែលមាន​សង្រ្គាម​អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​សង្រ្គាម​ឈូងសមុទ្រ​ពែក្សរ៍ នៅក្រោយ អ៊ីរ៉ាក់​របស់​សាដាម ហ៊ូសេន ចាប់​ឈ្លានពាន​កូវ៉ែត។

នៅ​ឆ្នាំ ២០០៣ សង្រ្គាម ឈ្លានពាន​របស់​អាមេរិក​ដោយ​បាន​ផ្តួលរំលំ​របបផ្តាច់ការ​សាដាម ហ៊ូសេនបាន​បើកផ្លូវ​ឲ្យ​ក្រុមឈីអ៊ីត ចូល​កាន់អំណាច​នៅ​អ៊ីរ៉ាក់។ បញ្ហា​នៅ​អ៊ីរ៉ាក់​នៅត្រង់ថា គ្រប់​គណបក្ស នយោបាយ សុទ្ធតែ​មាន​ក្រុមប្រដាប់​អាវុធ​គាំទ្រ​រៀងៗខ្លួន និង​ដើរ​ធ្វើព្យុះភ្លៀង បង្កអសន្តិសុខ គំរាមកំហែង​អ្នកនយោបាយប្រឆាំង។

អំពើពុករលួយ បក្សនិយម ក្នុង​ចំណោម​សមាជិកជាន់ខ្ពស់​របស់​គណបក្ស​កាន់អំនាច បាន​ចាក់រូងស៊ីជ្រៅ ក្នុង​សង្គម​អ៊ីរ៉ាក់។ អំពើពុករលួយចាប់តាំង​ពី​ឆ្នាំ ២០០៣ បាន​លេបត្របាក់​ថវិកា ប្រមាណ ៤១០ពាន់​លាន​អឺរ៉ូ តាំង​ពី​ឆ្នាំ ២០០៣។ អំពើពុករលួយ និង​ការធ្លាក់ចុះ តម្លៃប្រេង បានធ្វើ​ឲ្យ​ប្រជាជនអ៊ីរ៉ាក់ ១ភាគ៣ ធ្លាក់ក្នុង​ភាពក្រីក្រ។ ប្រទេស​ដែល​សំបូរប្រេង នាំចេញប្រេង ធំទី ២ ក្នុង​ពិភពលោក បែរ​ជាមាន​ប្រជាជន ខ្វះប្រេង ប្រើ និងត្រូវ​ពឹង​លើ​ការផ្គត់ផ្គង់ថាមពល​ពី​ប្រទេស​អ៊ីរ៉ង់ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ