អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រព័ន្ធ​ជីវចម្រុះ ​COP15 ​មាន​ភាពចាំ​បាច់​កម្រិត​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទទី១១តុលានេះ គេនឹងបើកសន្និសីទអន្តរជាតិ ស្តីពី​ប្រព័ន្ធជីវចម្រុះនៃភពផែនដីយើង។ កិច្ចប្រជុំពីចំងាយ ដែលមាន​រយៈពេល​ពេញ​មួយ​សប្តាហ៍នេះ គឺជាដំណាក់កាលទីមួយ មុននឹងមាន​ការប្រជុំដោយ​ផ្ទាល់ នៅទីក្រុងគុនមីង ប្រទេសចិន នៅខែមេសា ឆ្នាំ​២០២២។ បញ្ហាវិបត្តិអាកាសធាតុ ការសិករិចរិលនៃប្រពន្ធជីវចម្រុះ គឺជា​សំណុំរឿងបន្ទាន់បំផុត ដែលពិភពលោក​យើងត្រូវតែរួមគ្នាដោះស្រាយ។

ទីតាំងសន្និសីទអង្គការសហប្រជាជាតិស្តីពី​ប្រព័ន្ធជីវចម្រុះ នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ ថ្ងៃទី ១១តុលា ២០២១
ទីតាំងសន្និសីទអង្គការសហប្រជាជាតិស្តីពី​ប្រព័ន្ធជីវចម្រុះ នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ ថ្ងៃទី ១១តុលា ២០២១ AFP - STR
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញាស្តីពីប្រព័ន្ធជីវចម្រុះ

សន្ធិសញ្ញាស្តីពី​ប្រព័ន្ធជីវចម្រុះ CDB ត្រូវបាន​ផ្តួចផ្តើមឡើង តាំងតែពីឆ្នាំ​១៩៩២ម្លេះ នៅក្នុង​ឱកាសជំនួបកំពូល​ស្តីពី​ផែន​ដី ដែលបាន​ប្រព្រឹត្រធ្វើទៅនៅ​ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។ គឺក្នុងឱកាសនោះដែរ ដែលសហគមអន្តរជាតិ ក្រោម​ការ​ចាត់​ចែងរបស់អង្គការសហប្រជាជាតិ បាន​បង្កើតសន្ធិសញ្ញាមួយចំនួន​ផ្សេងទៀត ដើម្បីដោះស្រាយ​បញ្ហាបរិស្ថាន និងអាកាសធាតុ។

ចំពោះ​សន្ធិសញ្ញាស្តីពីប្រព័ន្ធជីវចម្រុះនេះ គឺ​គេបានកំណត់កម្មវត្ថុធំៗ៣ ៖ ទី១ គឺការអភិរក្សប្រព័ន្ធជីវចម្រុះ ទី២ ​គឺការប្រើប្រាស់ប្រព័ន្ធជីវចម្រុះ ឲ្យមានលក្ខណៈស្ថិតថេរជានិរន្ត និងទី៣ គឺការបែងចែកដោយសមភាព នូវគុណប្រយោជន៍ទាំងឡាយ ដែលបាន​មកពី​ប្រព័ន្ធជីវចម្រុះ។ រហូតមកទល់ពេលនេះ សន្ធិសញ្ញានេះ ត្រូវបាន​ប្រទេសចំនួន​១៩៥ រួមទាំងសហភាពអឺរ៉ុបផង បានចុះហត្ថលេខាទទួលយក។​ ដោយឡែកសហរដ្ឋអាមេរិក មិន​បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទេ។ នៅក្នុងសន្ធិសញ្ញានេះដែរ គឺគេបានបង្កើត ការប្រជុំសន្និសីទ ជាគោលការណ៍ នៅរៀងរាល់​២ឆ្នាំម្តង រវាងប្រទេសសមាជិកទាំងអស់។ នៅលើកនេះ គឺ​ជាកិច្ចប្រជុំ​ទី​១៥ហើយ ដែលយើងហៅថា COP15 នេះឯង។

តាមធម្មតា គេត្រូវធ្វើនៅខែតុលា ឆ្នាំ​២០២០ទេ តែដោយសារបញ្ហាកូវីដ គេក៏បាន​លើកមកធ្វើនៅ​ថ្ងៃចន្ទទី​១១តុលានេះ។ កិច្ចប្រជុំពីចម្ងាយ ពេញមួយសប្តាហ៍ ក្រោមការរៀប​ចំរបស់​ប្រទេសចិននេះ គឺជាបើកឆាក ដាក់សំណុំរឿងធំៗ លើតុ ដើម្បី​ឲ្យ​ភាគីទាំងអស់ ពិចារណារួមគ្នា មុននឹងឈានទៅដល់វគ្គទី២ ដែល​គេគ្រោងធ្វើនៅ​ថ្ងៃទី ២៥ ខែមេសា រហូតដល់ថ្ងៃ៨ឧសភា ឆ្នាំ​២០២២ នៅទីក្រុងគុនមីង។

សារៈសំខាន់ ដែលត្រូវការពារ​ប្រព័ន្ធជីវចម្រុះ

ប្រព័ន្ធជីវចម្រុះ ជីវិតរុក្ខជាតិ សត្វ បានសិករិចរិលហិនហោច យ៉ាងលឿនរហ័សជាទីបំផុត នាប៉ុន្មាន​២០ឆ្នាំចុងក្រោយនេះ។ រុក្ខជាតិ និង​ សត្វប្រមាណ​១លានពូជ កំពុងតែប្រឈមនឹងការផុតពូជ អស់រលីងតែម្តង ក្នុងពេលដ៏ឆាប់ខាងមុខ។ នេះបើតាមការលើកឡើង របស់​លោកស្រី Elizabeth Maruma Mrema អគ្គលេខាធិការប្រតិបត្តិនៃ​សន្ធិសញ្ញាស្តីពី​ប្រព័ន្ធជីវចម្រុះ។

មូលហេតុនៃការហិនហោច បំផ្លិចបំផ្លាញធនធានធម្មជាតិ ប្រព័ន្ធជីវចម្រុះនេះ គឺមិនបាច់ទៅរកនៅ​ឯណាឆ្ងាយទេ គឺមនុស្សយើងនេះឯង។ គឺសកម្មភាព​របស់មនុស្ស​ដែលបានចូលរួម បំផ្លាញ និងពន្លឿនការសិករិចរិលនៃប្រព័ន្ធជីវចម្រុះ តាមរយៈ ការប្រើប្រាស់ កាប់គាស់ជីកដីដោយ​មិនគោរព​បែបបទធម្មជាតិ​ ការប្រម៉ាញ់ នេសាទ សម្លាប់សត្វ ឬកាប់ទន្ទ្រានរុក្ខជាតិ​ ដោយហួសប្រមាណ ជាដើម។ល។ បម្រែបម្រួលអាកាសធាតុ ឧស្ម័នពុលក្នុងបរិយាកាស ព្រមទាំងការ​រីកសំបូរ ពូជសត្វឬរុក្ខជាតិមួយចំនួន ដែលបំផ្លាញឬរំខាន​ពូជផ្សេងៗទៀតជាដើម។ ទាំងអស់នេះ គឺកើតចេញពីទង្វើ របស់​មនុស្សយើងទាំងអស់។

លោកស្រីElizabeth Maruma Mrema បានលើកឡើងថា ជីវិតមនុស្សយើងលើភពផែនដី រំពឹងទាំងស្រុងទៅលើធម្មជាតិ។ ធម្មជាតិផ្តល់ខ្យល់ដកដង្ហើម ផ្តល់ជាទឹកបរិភោគ ចំណីអាហារ ថ្នាំសង្កូវ ព្រមទាំងវត្ថុធាតុដើម សម្រាប់ឧស្សាហកម្ម។ លោកស្រីបានសង្កត់ធ្ងន់ថា វិបត្តិជម្ងឺឆ្លងកូវីដ​១៩ ដែលមានប្រភពចេញពីសត្វព្រៃនេះ បាន​បញ្ជាក់យ៉ាងច្បាស់ហើយ ថាមនុស្ស​យើងត្រូវតែកែប្រែ ត្រូវតែផ្លាស់ប្តូរ ហើយឈានទៅគោរពធម្មជាតិ ឈប់បំផ្លាញវាទៀត ពុំនោះទេ ជម្ងឺដង្កាត់ មេរោគចម្លែកៗ នឹងរីកសាយភាយ​ថ្មីៗមកទៀតជាក់ជាពុំខាន។

កាលពីឆ្នាំ២០១០ នៅក្នុងឱកាសសន្និសីទនៅទីក្រុង Aichi ប្រទេសជប៉ុន ប្រទេសសមាជិកនៃ​សន្ធិសញ្ញាស្តីពីប្រព័ន្ធជីវចម្រុះនេះ បាន​កំណត់​កម្មវត្ថុរួម ចំនួន​២០ ដើម្បីធ្វើយ៉ាងណាស្រោចស្រង់ប្រព័ន្ធជីវិចម្រុះ ក្នុងរយៈពេល​១០ឆ្នាំ។ តែរហូតមកទល់ពេលនេះ គឺគ្មានកម្មវត្ថុណាមួយ ត្រូវបាន​គេសម្រេច​បានទាំងស្រុងនោះទេ។ ដោយហេតុនេះហើយ សន្និសីទ COP15 នៅលើកនេះ គឺជាឱកាសសំខាន់ណាស់ ដើម្បីផ្តល់សន្ទុះ និងការប្រឹងប្រែងរួមគ្នា ព្រោះវាកាលៈទេសៈអាសន្ន​។

កាលៈទេសៈអាសន្ន ដែលមិនអាចបង្អង់បាន

សន្និសីទមួយសប្តាហ៍នេះ គឺគេនឹងនិយាយគ្នាលើអត្ថបទមួយ ដែល​មានកំណត់ ផែនការប្រតិបត្តិចំនួន ២១ចំណុច ដែលត្រូវអនុវត្តពីនេះរហូតដល់ឆ្នាំ២០៣០។ កម្មវត្ថុទាំងនោះ មានដូចជា ការអភិរក្សការពារឲ្យបាន​ចំនួន​៣០% នូវដែនដី​កោះ និងតំបន់សមុទ្រដែលប្រឈមខ្លាំងនឹងការលិចបាត់ ឬហិនហោច ដោយសារការឡើងកំពស់ទឹកសមុទ្រ។

ក្រៅពីនេះ គេមានគម្រោង ​កាត់​បន្ថយឲ្យ​បានយ៉ាងហោចពាក់កណ្តាល នូវការ​ប្រើប្រាស់ជីគីមី។ ជីគីមី ដែលគេប្រើ​ទៅលើដំណាំកសិកម្ម គឺវាបានបំផ្លាញ​គុណភាពដី ដីហិរ ខ្សោះគ្មានជីវជាតិ​ ហើយជីគីមីទាំងនោះបានហូរច្រោះចូលដល់ប្រភពទឹកស្អាត ធ្វើ​ឲ្យ​ខូចគុណភាព​ទឹក។ កម្មវត្ថុមួយទៀត គឺកាត់បន្ថយឲ្យ​បានយ៉ាងហោច ២ភាគ៣ នៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។ ហើយកម្មវត្ថុសំខាន់មួយទៀតដែរ គឺលុបបំបាត់ទាំងស្រុងតែម្តង នូ​វកាកសំណល់​ប្លាស្ទិក។

ប្រទេសសមាជិក ក៏នឹងជជែកគ្នាដែរ អំពីកម្មវត្ថុកាត់បន្ថយ ឲ្យ​បាន​៥០០ពាន់លានដុល្លារ នូវ​គម្រោងវិនិយោគអភិវឌ្ឍន៍នានា ដែល​បំផ្លាញធម្មជាតិ បំផ្លាញ​ប្រព័ន្ធជីវចម្រុះ។ អ្នកជំនាញ​ក៏បាន​ ទាមទារផងដែរ អំពីសារៈសំខាន់ បង្កើតកញ្ចប់​ហិរញ្ញវត្ថុ និង​ដាក់យន្តការ​តាមដាន នូវការ​អនុវត្តផែនការប្រតិបត្តិទាំងអស់នេះ ឲ្យ​មាន​ប្រសិទ្ធិភាព​ ដើម្បីចៀសវាង កុំឲ្យ​ដូចកាលពីលើកមុន ដែលបានត្រឹមតែ​ដាក់​កម្មវត្ថុ តែគ្មាននរណាធ្វើ ឬអនុវត្តសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ