អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីប្រេស៊ីលត្រូវគេប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយសារការបំផ្លាញព្រៃអាម៉ាហ្សូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​ប្រេស៊ីល លោក ហ្សាអៀរ បុលសូណារ៉ូ ត្រូវ​បាន​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​របស់​ប្រទេស​អូទ្រីស​ដាក់ពាក្យប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃ​អង្គារ​ទី ១២ តុលា ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃអាម៉ាហ្សូន។ តើ​ការកាប់បំផ្លាញ​ព្រៃឈើ​មានជាប់​ទាក់ទង​អ្វី​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ? តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ប្រឆាំង​ប្រធានាធិបតី​ប្រេស៊ីល ទៅតាម​បណ្តឹង​របស់​អង្គការអូទ្រីស​ដែរ?

ប្រធានាធិបតី​ប្រេស៊ីល លោក​ហ្សាអៀរ បុលសូណារ៉ូ នៅក្នុង​ពិធីប្រារព្ធខួប​១ពាន់​ថ្ងៃ​នៃ​ការចូលអំណាច​របស់​លោក​ជា​ប្រធានាធិបតីប្រេស៊ីល​កាលពីខែ​កក្កដា ២០២១
ប្រធានាធិបតី​ប្រេស៊ីល លោក​ហ្សាអៀរ បុលសូណារ៉ូ នៅក្នុង​ពិធីប្រារព្ធខួប​១ពាន់​ថ្ងៃ​នៃ​ការចូលអំណាច​របស់​លោក​ជា​ប្រធានាធិបតីប្រេស៊ីល​កាលពីខែ​កក្កដា ២០២១ REUTERS - UESLEI MARCELINO
ផ្សាយពាណិជ្ជកម្ម

តាម​អង្គការ​អូទ្រីស AllRise គេ​ត្រូវចាត់វិធានការ​ផ្លូវច្បាប់ ប្រឆាំង ប្រធានាធិបតី​ប្រេស៊ីល បុលសូណារ៉ូ ពីព្រោះ លោក​បាន​ធ្វើ​នយោបាយ​ជាច្រើន ដែល​ចូលរួម​ជំរុញ​ឲ្យ​មានការប្រែប្រួល​អាកាសធាតុ ដែល​ជះអាក្រក់​ទៅលើ​គ្រប់ទីកន្លែង​ក្នុង​ពិភពលោក។

តាម​អង្គការ AllRise លោក​បុលសូណារ៉ូ​បាន​ចូលរួម​បំផ្លាញព្រៃអាម៉ាហ្សូន ដោយ​បាន​ធ្វើ​ច្បាប់ អនុញ្ញាត​ឲ្យគេ​ពង្រីកដី​កសិកម្ម ឬ​ធ្វើ​អាជីវកម្ម​រ៉ែ ទៅក្នុង​តំបន់​ព្រៃអាម៉ាហ្សូន។ គេ​វាយតម្លៃថា ចាប់តាំង​ពី​លោក​បុលសូណារ៉ូ ចូលកាន់តំណែង​ជា​ប្រធានាធិបតី ប្រេស៊ីល នៅ​ខែ​មករា ឆ្នាំ ២០១៩ ដីព្រៃអាម៉ាហ្សូន ប្រមាណ ៤សែន​ហិចតា ត្រូវ​បាន​កាប់ ដុត​បំផ្លាញ ក្នុង​មួយឆ្នាំៗ។ ការកាប់បំផ្លាញ និង​ដុតព្រៃ ដើម្បី​យកដី​ធ្វើចម្ការ ឬ​ធ្វើ​អាជីវកម្មរ៉ែ បានធ្វើ​ឲ្យ​ប្រេស៊ីលបញ្ចេញ​ឧស្ម័ន​កាបូនិក ដែលជា​ឧស្ម័នផ្ទះកញ្ចក់ ច្រើនជាង​សមត្ថភាពស្រូប​យក​របស់​តំបន់ព្រៃអាម៉ាហ្សូន។ ឧស្ម័នកាបូនិក ឧស្ម័នពុល​ជា​ដើមហេតុ​សំខាន់មួយ ដែលធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មុនអាយុ ដោយសារ​ជំងឺសួត ជំងឺបេះដូង​ជាដើម។ ម្យ៉ាងទៀត ឧស្ម័ន​កាបូនិក​ដែល​ចេញ ភ្លើងឆេះព្រៃ​អាម៉ាហ្សូន បាន​ទៅ​បង្កើន បរិមាណ ឧស្ម័នផ្ទះកញ្ចក់ ដែល​ធ្វើ​ឲ្យ​ផែនដី ឡើងកំដៅ រហូត​ទៅបង្ក​ឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ គ្រោះទឹកជំនន់ ខ្យល់ព្យុះ ឬ​អាកាសធាតុ​ក្តៅ។

តាម​អង្គការ​AllRise ឧស្ម័ន​កាបូនិក​ដែល​ចេញមកពី​ការបំផ្លាញព្រៃអាម៉ាហ្សូន ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​បុលសូណារ៉ូ នឹង​ធ្វើឲ្យ​មនុស្ស ប្រមាណ ១សែន ៨ម៉ឺននាក់ ស្លាប់បន្ថែមទៀត នៅក្នុង​ពិភពលោក ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង ។

មួយវិញទៀត ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​បុលសូណារ៉ូ គេឃើញ ក្រុមអ្នកការពារ​បរិស្ថាន និង​ជនជាតិ​ភាគតិច បានក្លាយ​ជា​ផ្ទាំងស៊ីប កាន់តែខ្លាំង របស់​ក្រុមទុច្ចរិត។ ពួកគេជាច្រើន  រង​ការព្យាបាទ និង​សម្លាប់ ធ្វើឃាត បន្ទាប់ពី​ពួកគេ​តវ៉ា​ប្រឆាំង​នយោបាយ​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃអាម៉ាហ្សូន។ អាច​ថា លោក​ប្រធានាធិបតី​បុលសូណារ៉ូ គ្មានជាប់ទាក់ទង​នឹង​ឃាតកម្ម​របស់សកម្មជនការពារ​បរិស្ថាន នៅប្រេស៊ីល ប៉ុន្តែ ការព្រងើយកន្តើយ របស់​លោក​បុលសូណារ៉ូ និង​ជំហរ​របស់​លោក​ក្នុងការការពារ​នយោបាយធ្វើ​អាជីវកម្ម ក្នុង​ដៃព្រៃ​អាម៉ាហ្សូន​បានធ្វើ​ឲ្យ​គេជឿថា លោក​បុលសូណារ៉ូ ចង់ឬ​មិនចង់ បានជំរុញ​ឲ្យ​ក្រុមឧក្រិដ្ឋកម្ម បាន​ដៃ សម្លាប់​បំបិទ មាត់​ក្រុមអ្នកការពារ​បរិស្ថាន។ សម្រាប់ អង្គការ​អូទ្រីស ដែលជា​ម្ចាស់បណ្តឹង ប្តឹង​ប្រធានាធិបតី​ប្រេស៊ីល​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ការបំផ្លាញបរិស្ថាន ​ដោយចេតនា រួម​ទាំង​ការសម្លាប់បំភិតបំភ័យ​អ្នកការពារ​បរិស្ថាន ច្បាស់ណាស់ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែលមាន​ចែង ក្នុង​លក្ខន្តិកៈក្រុងរ៉ូម។

ប្រធានាធិបតី​ប្រេស៊ីល​រងពាក្យបណ្តឹង​ចំនួន​៣ ក្នុង​បទចោទប្រកាន់​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នៅមុន​ពាក្យ​បណ្តឹង​របស់​អង្គការ​អូទ្រីស លោក​ប្រធានាធិបតីប្រេស៊ីល បុលសូណារ៉ូ ធ្លាប់​បាន​គេ​ដាក់ពាក្យ​ប្តឹង​ទៅតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ដល់​ទៅ​៣​លើកមកហើយ ​ក្នុង​បទចោទប្រកាន់​ដូចគ្នា គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ នៅ​ខែ កក្កដា ឆ្នាំ ២០២០ លោក​ត្រូវ​បានអង្គការ សមាគម​គ្រូពេទ្យ​នៅប្រទេស​ប្រេស៊ីល ដាក់ពាក្យ​ប្តឹង​ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ព្រោះ​លោក​បាន​ធ្វេសប្រហែស មិន​យកព្រមស្តាប់ តាម​យោបល់​របស់​អ្នកវិទ្យាសាស្រ្ត ដើម្បី​ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ។ ដោយសារតែ នយោបាយ​មើលស្រាល​របស់​ប្រធានាធិបតី​បុលសូណារ៉ូ ប្រេស៊ីល​មាន​ចំនួន​មនុស្ស​ឆ្លងដ៏ច្រើន និង​ស្លាប់​ដោយសារ​ជំងឺកូវីដ​ដល់​ជាង ៧សែន​នាក់។

នៅ​ឆ្នាំនេះទៀត​សោត ក្រុមជនជាតិ​ភាគតិច ដែលរស់នៅ​ក្នុង​តំបន់​ព្រៃអាម៉ាហ្សូន បាន​ដាក់​ពាក្យបណ្តឹង​សាជាថ្មី ប្តឹង​លោក​ប្រធានាធិបតី​បុលសូណារ៉ូ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ប្រល័យពូជសាសន៍ បន្ទាប់​ពី​ជនជាតិភាគតិច ​ត្រូវ​បាន​គេ​បៀតបៀន លួច​សម្លាប់​ធ្វើ​ឃាត ក្នុង​បុព្វហេតុ ការពារ​ព្រៃ​អាម៉ាហ្សូន។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែលមាន​តួនាទី​ជំនុំជម្រះ បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការសម្លាប់​រង្គាល​ក្នុង​ពិភពលោក គ្មាន​ភាពចាំបាច់ ដែល​ត្រូវ​ទទួល​យកគ្រប់​ពាក្យបណ្តឹង​នោះទេ។ តុលាការ​ដែលមានទីស្នាក់ការ​នៅទីក្រុង​ឡាអេ អាច​បញ្ចេញយោបល់​ណាមួយ នៅបន្ទាប់ពី រដ្ឋអាជ្ញា​របស់​តុលាការ ប្រកាស​បើក​ការស៊ើបអង្កេត​បឋម។ ដរាបណា រដ្ឋអាជ្ញា​នៅមិនទាន់​ចាត់វិធានការអ្វី គេ​នៅតែ​មិនដឹង ច្បាស់ថា តើ​ប្រធានាធិបតី ប្រេស៊ីល​អាច​ជាប់ក្នុង​សំណាញ់ច្បាប់ តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ដែរឬទេ។ សម្រាប់​មេធាវី​របស់​អង្គការ​អូទ្រីស ទោះគេ​នៅ​មិនទាន់​ដឹង​ច្បាស់ថា តុលាការ​អន្តរជាតិ​នឹង​ចាត់វិធានការ​ប្រឆាំង​លោក​បុលសូណារ៉ូ ប៉ុន្តែ ការពាក្យបណ្តឹង ប្រឆាំង​ប្រធានាធិបតី ប្រេស៊ីល និង​មន្រ្តីរដ្ឋាភិបាល​ប្រេស៊ីល​បច្ចុប្បន្ន ចង់​បញ្ជាក់ រំលឹក​ទៅ​ក្រុមអ្នកជំនួញ ម្ចាស់ធនាគារ និង​ក្រុមហ៊ុន​ដែល​បាន​ផលជំនួញ​ពីព្រៃអាម៉ាហ្សូន ឲ្យ​ដឹងថា ការចូលរួម​បំផ្លាញ​ព្រៃឈើ ធ្វើទុក្ខបុកម្នេញ ជនជាតិភាគតិច និង​ការដុតព្រៃ ដែល​បញ្ចេញ​ឧស្ម័នកាបូនិក ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ និង​ការប្រែប្រួលអាកាសធាតុ​ដែល​សម្លាប់ជីវិត​មនុស្ស​នៅលើ​ផែនដី អាច​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការចោទប្រកាន់ ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ការសិក្សា៖ ប្រជាជន​៨៥%​នៅលើ​ផែនដី ​បាន​រងប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដោយ​មិន​ចាំបាច់​រង់ចាំ ដល់​ចុងសតវត្សរ៍​ទី២១

 របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​កើតចេញមកពី​ការវិភាគ​លើ​ការសិក្សា​វិទ្យាសាស្រ្ត​ជាង ១សែន ដែល​គេ​បានធ្វើ ពី​ឆ្នាំ ១៩៥១ រហូត​ដល់​ឆ្នាំ ២០១៨​ដោយ​ផ្តោតទៅលើ​ការឡើង​កំដៅ​ផែនដី។

ដោយ​វិភាគ​ទៅលើ​ទៅ​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា ការធ្លាក់ចុះ​នៃ​ផលដំណាំ គ្រោះទឹកជំនន់ និង រលកកំដៅ ខុសធម្មតា អ្នកវិទ្យាសាស្រ្ត​បាន​ទាញ​ការសនិ្នដ្ឋាន អាកាសធាតុ​ប្រែប្រួល​ជ្រុលហួស មានជាប់ទាក់ទង​នឹង​សកម្មភាព​របស់មនុស្ស។

ការសិក្សា​ទាំងនោះ បាន​ធ្វើ​ឲ្យ​គេ​យល់ថា ការប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​គ្រប់ទ្វីប គ្រប់​ប្រព័ន្ធជីវចម្រុះ។ ៨០ភាគរយ​នៃផ្ទៃ​ផែនដី ជាទី​ដែលមនុស្ស​ភាគច្រើន​នៃ​ផែនដី កំពុងរស់នៅ បាន​រងប៉ះពាល់ រួចទៅហើយ ដោយសារ​ការប្រែប្រួល​អាកាសធាតុ។ តាំងពីប្រទេស​អ្នកមាន អាមេរិក រហូត​ដល់​ប្រទេស​ក្រីក្រ ស៊ីដង់  នៅតំបន់អាហ្វ្រិក គឺ​សុទ្ធ​តែ​រងគ្រោះតិច ឬ​ច្រើន ដោយសារ​គ្រោះ​រាំងស្ងួត គ្រោះ​ទឹកជំនន់ ខ្យល់ព្យុះ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។

ការសិក្សា ថ្មីនេះ​អាច​ជាជំនួយដាស់ រំលឹក មេដឹកនាំ ដែលត្រូវ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ នៅ​ប្រទេស​អង់គ្លេស​នៅខែ​ក្រោយនេះ ពោលគឺ​ឲ្យពួកគេ​ចាត់វិធានការ មានមហិច្ឆតា ជាងនេះ បើសិន​មិនចង់​ឲ្យ​ផែនដី ឡើងកំដៅ ជាងនេះ។ ត្រូវដឹងថា ការសន្យា​របស់ពួកគេ នៅ​ឆ្នាំ ២០១៥ ដើម្បីកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក នឹង​អាច​ធ្វើឲ្យ​ផែនដី ឡើងកំដៅ បន្ថែម២,៧អង្សា។ សព្វថ្ងៃនេះ ផែនដី ឡើងកំដៅ តែ ១អង្សា​ប៉ុណ្ណោះ មនុស្ស​ជួបគ្រោះ​ធម្មជាតិ កាន់តែ​ធ្ងន់ធ្ងរ ទៅហើយ ចុះបើកើនឡើង ២អង្សា តើ​អនាគត​មនុស្ស​លើ​ផែនដី នឹងទៅ​ជាយ៉ាងណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ