អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុ​អ្វី​អាស៊ានសម្រេច​មិន​ឱ្យ​មេដឹកនាំ​យោធា​ភូមា ចូលរួម​ក្នុង​ជំនួប​កំពូល ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃសៅរ៍​ទី ១៦​តុលា​២០២១​នេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ចេញសេចក្តី​ថ្លែងការណ៍​សម្រេច​ជា​ផ្លូវការ​មិន​អញ្ជើញ​មេដឹកនាំសឹក​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្ត​ទៅពី ថ្ងៃ​ទី២៦ដល់​ថ្ងៃទី​២៨​តុលា ខាង​មុខទេ។ ជា​វិធានការ​ដ៏​កម្រ​របស់​អាស៊ាន​ចំពោះ​​ក្រុម​យោធា​ភូមា​ ដែល​ហាក់​ដូច​ជា​មិន​ខ្វល់​នឹង​ចង់​ដោះស្រាយ​វិបត្តិ។

អាស៊ាន​សម្រេច​មិន​ឱ្យ​មេដឹកនាំ​យោធា​ភូមា លោក Min Aung Hlaing ចូល​រួម​ក្នុង​ជំនួប​កំពូល​ថ្ងៃ២៦-២៨តុលា២០២១
អាស៊ាន​សម្រេច​មិន​ឱ្យ​មេដឹកនាំ​យោធា​ភូមា លោក Min Aung Hlaing ចូល​រួម​ក្នុង​ជំនួប​កំពូល​ថ្ងៃ២៦-២៨តុលា២០២១ Alexander Zemlianichenko POOL/AFP/File
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រុយណេ ​​​ប្រទេសជា​ប្រធាន​ផ្លាស់​វេនអាស៊ាន ពី​ថ្ងៃទី ២៦-២៨​តុលា ២០២១ នឹង​គ្មាន​វត្តមាន​លោក មីន អុងឡាំង ប្រមុខ​ដឹកនាំរបប​សឹកភូមាទេ។ អាស៊ាន បាន​ជូន​ដំណឹង​​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ទី ១៦ តុលា ដោយ​ពន្យល់​ថា ដោយហេតុ​តែ​របប​សឹកបដិសេធមិន​​ឱ្យ​អន្តរការីពិសេស​របស់​អាស៊ាន​ជួប​ពិភាក្សា​ជាមួយ​គ្រប់​ភាគីបក្សដិបក្ស​នៅភូមា ជាពិសេស​លោកស្រី​ អ៊ុង សានស៊ូជី ដែល​ក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​កាលពី​ថ្ងៃទី ១​កុម្ភៈ​២០២១ អាស៊ាន​​ត្រូវ​តែ​ចាត់​វិធានការ​ពិសេស​និ​ងដ៏​កម្រ​របស់​ខ្លួនដែរ គឺ​មិន​ហៅ​មេដឹកនាំប្រទេសភូមា​នេះ​ឱ្យ​មក​ចូល​ក្នុង​​ជំនួ​បកំពូល​ទេ។

​ភូមាបាន​ចុះ​កិច្ចព្រមព្រៀង​លើ​ផែនការ​៥​ចំណុច​ជាមួយ​អាស៊ាន កាលពី​ខែមេសា និង ​បាន​ចំណាយ​ពេល​ចរចា​អស់​ជា​ច្រើន​ខែ​ទម្រាំ​ជ្រើស​តាំងអន្តរការី​អាស៊ាន ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នយោបាយ​​ភូមាបាន តែ​​របប​សឹកបែរ​ជា​​បាន​ពន្យឺត​ពេលវេលាចុះ​ទៅ​បំពេញ​បេសកកម្មការងារ​នៅ​ក្នុង​ប្រទេស​ភូមា ​របស់​អន្តរការី​​អាស៊ាន លោក អេរីវ៉ាន់ យូស៊ូហ្វ និង​រារាំង​ដំណើរការ​​ផែនការ​៥​ចំណុចនោះ​ទៅ​វិញ។ នេះ​ជា​មូល​ហេតុ​មួយ​ទៀត ដែល​អាស៊ាន​មាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដែរ។

ហើយ​បើ​តាម​សំណើ​របស់​ឥណ្ឌូណេស៊ី អាស៊ាន​នឹង​ត្រូវ​ផាត់​លោក​មីន អ៊ុងឡាង មិន​ឱ្យ​ចូលរួម​ក្នុង​ជំនួប​ប្រជុំ​ផ្សេងៗ​រហូត​ណា​តែ​ភូមា​ ព្រម​គោរព​ និង​ដាក់​ឱ្យ​ដំណើរ​ផែនការ​ដើរ​ចេញ​វិបត្តិ​៥​ចំណុច​ដែលបាន​ព្រមព្រៀង​ជាមួយ​អាស៊ានសិន។

​បន្ធូរបន្ថយ​សម្ពាធ​នយោបាយ

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ អាស៊ាន​សម្រេច​ចិត្ត​ តាម​អនុសាសន៍​របស់​ប្រទេស​ជា​សមាជិក​មួយ​ចំនួន ទុកភូមាឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ ដើម្បី​ទុក​ពេល​ឱ្យ​មេដឹកនាំ​ភូមា ដក​ឃ្លា ទៅ​ស្តារ​ស្ថានភាព​ផ្ទៃ​ក្នុង​​ប្រទេស​ឱ្យ​បាន​ស្រួលបួល​បន្តិច​សិន។ តែ​អាស៊ាន​បាន​អញ្ជើញ​តំណាង​ភូមា ដែល​មិនមែន​ជា​អ្ន​ក​នយោបាយ ឱ្យ​មក​ចូល​រួម​ប្រជុំកំពូល​ចុង​ខែ​នេះ​ជំនួស​វិញ​ ប៉ុន្តែ​មិន​ដឹង​ថា​តើ​ជា​អ្នកតំណាង​រូបណាទេ។

ម្យ៉ាង​វិញ​ទៀត សេចក្តី​សម្រេច​មិន​ហៅ​មេដឹកនាំ​សឹក​ភូមា​មក​ប្រជុំ​កំពូល ដែល​ជា​វិធានការ​បែប​នយោបាយ​ក៏​កម្រ​របស់​អាស៊ាន ក៏​ដើម្បី​ប្រយោជន៍​អាស៊ាន​ខ្លួន​ឯង​ដែរ។ បើ​តាម​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃការិយាល័យ​ប្រឹក្សា​ Solaris Strategies នៅ​​សិង្ហបុរី លោក Mustafa Izzuddin វិធានការ​ផាត់​មេដឹកនាំ​ភូមា​ពី​ជំនួប​ប្រជុំ​អាស៊ាន ជាការ​បន្ធូរបន្ថយ​សម្ពាធ​នយោបាយ​ដែលសហគមន៍​អន្តរជាតិ​ ​បាន​ដាក់កំហិត​​លើ​អង្គការ​អាស៊ាន​។ ហើយ​ក្នុង​នាម​ជា​អង្គការ​សមាគមមួយ អាស៊ាន​ចង់បញ្ជាក់​​បង្ហាញថា ​អាស៊ាន នៅ​តែ​អាច​​មាន​ ​តួនាទី​ដ៏​សកម្ម ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​តាម​លោក Mustafa Izzuddin ដដែល ដែល​​លម្អិត​បន្ថែម​ថា សេចក្តី​សម្រេច​របស់​អាស៊ាន​ មិន​ឱ្យ​លោក​មីនអ៊ុងឡាង ចូលក្នុង​​ក្រុម ជា​សារ​នយោបាយ​ សម្រាប់​របប​សឹកបាន​ភ្លឺ​ភ្នែក​និងបាន​​ដឹង​ថា អាស៊ាន មិន​បណ្តោយ​ឱ្យ​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​ទេ ភូមា​ត្រូវ​តែ​ធ្វើ​ខ្លួន​ឱ្យ​ត្រឹម​ត្រូវ​ហ្មត់ចត់ គោរព​តាម​អ្វី​ដែល​បាន​សន្យា​ គឺ​ដាក់​ឱ្យ​ដំណើរការ​ផែនការ​៥​ចំណុច​។

នៅ​ចំពោះ​មុ​ខ​វិបត្តិ​ភូមា អាស៊ានជាប់​ឈ្មោះ​ថា​ជា​អង្គការ​គ្មាន​ប្រសិទ្ធភាព ហើយក្រោយ​មកប្រឈម​នឹង​ការ​ធ្លាក់​កាន់​តែ​ដុន​ដាប​នៃ​វិបត្តិភូមា អាស៊ាន​​រង​សម្ពាធកាន់​តែ​​​ខ្លាំងឱ្យ​​បញ្ចេញ​សកម្មភាព​ដោះស្រាយ។

​សកម្មភាព​របស់​សហគមន៍​អន្តរជាតិ ​

នៅ​ថ្ងៃសុក្រ​ទី ១៥​តុលា ៨ ប្រទេស ៖ សហរដ្ឋ​អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា កូរ៉េខាង​ត្បូង នូវែលហ្សេឡង់ ន័រវែស និង​ទីម័រខាង​កើត ព្រមទាំង​សហភាពអឺរ៉ុប បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​រួម​ សម្តែងការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ភូមា និង​បាន​អំពាវនាវ​ឱ្យ​របប​សឹក​ភូមា​ បើក​ផ្លូវ​ឱ្យ​អន្តរការី​អាស៊ាន លោក អេរីវ៉ាន់ យូស៊ូហ្វ បាន​ចូល​ជួប​អតីត​មេដឹកនាំ​ស៊ីវីល​ភូមា លោក​ស្រី​ អ៊ុង សានស៊ូជី និង​ស្វាហាប់​សហការ​​ការងារ​ក្នុង​អត្ថន័យ​ស្ថាបនា​ជាមួយសមាគម​អាស៊ាន​។

អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​សង្កត់​ធ្ងន់​អំពី​ភាពចាំបាច់​ដែល​របប​សឹក​ភូមា​ត្រូវ​អនុញ្ញាត​ឱ្យ​លោក​ អេរីវ៉ាន់ យូស៊ូហ្វ បំពេញ​ទស្សនកិច្ច​នៅ​​ប្រទេស​ភូមា តាមតម្រូវ​​ការ​​និង​ដោយ​រលូន ពោល​គឺ​អាច​ជួប​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​។ តំណាង​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក នឹងអញ្ជើញ​ទៅ​ដល់​​ប្រទេសឥណ្ឌូណេស៊ី  សិង្ហបុរី និង​ថៃ ចាប់​ពី​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះទៅ​ ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច​មួយ​ជុំតូច​នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ជជែក​ពិភាក្សា​អំពី​វិបត្តិ​ភូមានេះ​ឯង។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួងការបរទេស​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ