អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន ​អះអាង​ថា អាមេរិក​នឹងលើក​ទ័ពទៅ​ជួយ​តៃវ៉ាន់ ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​​ពី​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី​២១តុលាថា សហរដ្ឋអាមេរិក នឹងប្រើកម្លាំងទ័ពទៅជួយ​ការពារតៃវ៉ាន់ នៅក្នុងករណី ដែលចិនបើកការវាយប្រហារ នៅថ្ងៃណាមួយ។ ការប្រកាសរបស់​លោកចូ បៃដិន​នេះ គឺជាបញ្ជាក់គោលជំហរ យ៉ាងច្បាស់របស់អាមេរិក ខណៈដែលកន្លងមក អាមេរិកមិនដែលអះអាង ឬសន្យាឲ្យចំ ថានឹងលើកទ័ពទៅជួយ​ការពារតៃវ៉ាន់នោះទេ។ តើ​ក្រោយ​ការប្រកាសនេះ ចិននឹងដកថយទៅវិញ ឬក៏វានឹងជំរុញ​ឲ្យចិន ពុះកញ្ជ្រោល ចង់តទល់ជាមួយ​អាមេរិក ដើម្បី​ដណ្តើមកយកតៃ​វ៉ាន់ កាន់តែខ្លាំង?

លោក​ប្រធានាធិបតី ចូ បៃដិន ចូលរួម​ក្នុងកម្មវិធី  CNN town hall នៅ Baltimore Center Stage Pearlstone Theater ថ្ងៃព្រហស្បតិ៍ ទី​២១តុលា ២០២១
លោក​ប្រធានាធិបតី ចូ បៃដិន ចូលរួម​ក្នុងកម្មវិធី CNN town hall នៅ Baltimore Center Stage Pearlstone Theater ថ្ងៃព្រហស្បតិ៍ ទី​២១តុលា ២០២១ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

“សន្យាលើកទ័ពទៅជួយ​តៃវ៉ាន់”

នៅក្នុង​បទសម្ភាសន៍ ផ្សាយផ្ទាល់តាមទូរទស្សន៍ CNN កាល​ពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១តុលា​ អ្នកកាសែតបានសួរទៅលោក​ចូ បៃដិនថា តើសហរដ្ឋអាមេរិក ពិតជាបានត្រៀមខ្លួន នឹងលើកកម្លាំងទ័ព ទៅជួយតៃវ៉ាន់ ក្នុងករណីដែល​ចិនបើកការវាយប្រហារ ដែរឬទេ? លោក ចូ បៃដិន បាន​ឆ្លើយថា ពិតមែន គឺរដ្ឋាភិបាល​លោក​បានត្រៀមខ្លួន ហើយ​សន្យាថានឹងជួយការពារ​តៃវ៉ាន់។

ការប្រកាសរបស់​លោក ចូ បៃដិននេះ គឺវាជាការបញ្ជាក់ជំហរច្បាស់ៗ ជាលើកទី១ ព្រោះថាកន្លងមក រដ្ឋាភិបាល​អាណត្តិមុនៗ មិនដែលអះអាងដូច្នេះទេ។ ពោលគឺអាមេរិកប្រកាន់ “យុទ្ធសាស្ត្រមិនចេញមុខ ឬក៏ខ្លួនមួយជាន់ទូក២” ដើម្បីរក្សាលំនឹង មិន​ឲ្យ​មានការប្រឈមមុខដាក់គ្នាដោយ​ផ្ទាល់ ជាមួយចិន នៅក្នុងសំណុំរឿងកោះតៃវ៉ាន់នេះ។ កាលពីប៉ុន្មានខែមុន នៅក្នុង​កិច្ចសម្ភាសន៍មួយទៀត នៅទូរទស្សន៍ABC លោកចូបៃដិន បាននិយាយលើកឡើង អំពីការ “សន្យាដ៏មានតម្លៃ” ដែលអាមេរិកបាន​ធ្វើ ក្នុងការការពារ​ប្រទេសសមាជិក​អូតង់ និងសម្ព័ន្ធមិត្តទាំងអស់ ដោយរាប់ទាំង កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ជាដើម។

តែលើកនេះ លោក ​ចូ បៃដិន និយាយច្បាស់តែម្តង ថាអាមេរិកនឹងលើកទ័ពទៅជួយ​តៃ​វ៉ាន់ ក្នុងករណី​មានការវាយ​ប្រហារពីចិន។ លោក ចូ បៃដិន ក៏បានបញ្ជាក់ផងដែរថា សូមកុំបារម្ភឲ្យសោះ ព្រោះទាំងចិន ទាំងរុស្ស៊ី គឺពួកគេដឹងច្បាស់ណាស់ ថាលើលោកនេះ គ្មានកងទ័ពប្រទេសណា មាន​កម្លាំងសមត្ថភាពខ្ពស់ និងសព្វាវុធទំនើប ដូច​កងទ័ពអាមេរិក​នោះទេ។ តែទន្ទឹមនឹងនេះ លោកចូ បៃដិន បានអះអាងថា លោកគ្មានចេតនាណាមួយ ទៅបង្កសង្រ្គាមត្រជាក់ ជាមួយចិននោះទេ។

ចិនបញ្ជូន​យន្តហោះចម្បាំង ទៅគំរាមតៃវ៉ាន់កាន់តែញឹកញាប់

លោក ចាង ជុន អគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់អ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា​ ប្រទេសលោក​មិនបានទៅរករឿងនរណាទេ គឺត្រឹមតែការពារខ្លួន ការពារអធិបតេយ្យភាព និង​បូរណភាព​​ដែនដីតែប៉ុណ្ណោះ។ លោកអះអាងថា អ្នកដែលកំពុងតែបង្កបញ្ហា គឺមិនមែនចិនទេ តែគឺប្រទេសមួយចំនួន ជាក់ស្តែង​​គឺ​​សហរដ្ឋ​អាមេរិក​នេះតែម្តង។ មន្ត្រីទូតចិនរូបនេះ បាន​អំពាវនាវថា អាមេរិក គួរណាតែឈប់ រុញតៃវ៉ាន់​ឲ្យផ្ទប់ជញ្ជាំង តទៅទៀតទៅ ព្រោះវាមិនហុចប្រយោជន៍ ឲ្យភាគីណាមួយទាំងអស់។

តែយ៉ាងណា ​ចិនថាខ្លួន​មិន​បង្ករឿង តែបើយើងក្រឡេកទៅមើលស្ថានការណ៍​តានតឹងនៅតៃវ៉ាន់ ប្រមាណ​១ឆ្នាំកន្លងមកនេះ គឺយើងឃើញថា ចិនជាអ្នកដាក់សំពាធខ្លាំង ទៅលើតៃវ៉ាន់។ នៅក្នុងឆ្នាំ​២០២០កន្លងទៅ ចិន​បានបញ្ជូន​យន្តហោះចម្បាំង ហោះចូលដែនអាកាសរបស់តៃវ៉ាន់ ស្ថិតនៅភាគខាងនិរតី ចំនួន​៣៨០លើក។ ក៏ប៉ុន្តែក្នុងឆ្នាំ​២០២១នេះ គិតពីដើមឆ្នាំ មកទល់ពេលនេះ ចិនបានបញ្ជូន​យន្តហោះចម្បាំង មកក្រវ៉ែល​បំភ័យតៃវ៉ាន់ ចំនួន​៦៩២លើក។

ជាក់ស្តែង នៅដើមខែនេះ ក្នុងពេល​ចិន​ប្រារព្ធពិធីបុណ្យជាតិ ក្នុងរយៈពេលតែ៤ថ្ងៃ មានយន្តហោះចម្បាំងចិន ចំនួន​១៤៩គ្រឿង បាន​ហោះមក​ក្នុងដែនអាកាសរបស់តៃវ៉ាន់។ ជាងនេះទៀត យន្តហោះចម្បាំងទាំងនោះ កាន់តែសំបូរទៅដោយ​​យន្តហោះទំនើប​ថ្មីៗ តួយ៉ាងដូ​ចជាយន្តហោះទំលាក់គ្រាប់បែក H6 ដែលមានសមត្ថភាព​​ផ្ទុកគ្រាប់​​នុយក្លេអ៊ែរ។ ដូច្នេះ សម្រាប់តៃវ៉ាន់ ក៏ដូចជាសម្រាប់អាមេរិក ការបង្ហាញសាច់ដំកាន់តែធំរបស់ចិន មកលើតៃវ៉ាន់នេះ គឺវាជា​​សញ្ញា​ប្រាប់ថា ចិនឈប់គោរព​ Statu quo ដែលចៀសវៀង​មិន​ប្រឈមមុខ​ដាក់គ្នាដោយចំហរ ទៀតហើយ។ ដូច្នេះចង់មិនចង់ តៃវ៉ាន់ និងអាមេរិក ក៏ត្រូវតែរៀបយុទ្ធសាស្ត្រថ្មីដែរ។

“កុំទុកចិត្តចិនឲ្យសោះ!”

លោក Su Tzu-Yun អ្នកជំនាញយោធា នៅវិទ្យាស្ថានស្រាវជ្រាវ ការពារជាតោ និងសន្តិសុខជាតិតៃវ៉ាន់ បាន​លើកឡើងថា ការលើកទ័ព ឆ្លងច្រកសមុទ្រតៃវ៉ាន់ ពីចិនដីគោក មកកាន់កោះ​តៃវ៉ាន់ វាគឺមិនមែនជារឿងងាយ​ស្រួល​ធ្វើប៉ុន្មានទេ​ ព្រោះថាតៃវ៉ាន់ ក៏មិនមែនឈរនៅស្ងៀម មិន តដៃទៅចិននោះដែរ។

ដោយឡែក លោក Nicolas Burns ដែលនឹងត្រូវរដ្ឋាភិបាលអាមេរិក តែងតាំង​ជាអគ្គរដ្ឋទូតអាមេរិក ​ប្រចាំប្រទេសចិន ក្នុងពេលដ៏ឆាប់ខាងមុខនេះ បានលើកឡើង​ថា មិនត្រូវទុកចិត្ត​ចិនជាដាច់ខាត។ លោកម្នាក់នេះបានអំពាវនាវនាវ ចំពោះ​មុខ​គណកម្មការ​ព្រឹទ្ធសភាអាមេរិកថា ត្រូវតែលក់អាវុធ​ទំនើបៗ ឲ្យតៃវ៉ាន់បន្ថែមទៀត ដើម្បីការពារទប់ទល់​ជាមួយ​ចិន។

ទិសដៅ៣ នៃសារគំរាមរបស់ចិន

បើតាមការវិភាគរបស់​លោក J.Michael Cole អ្នកជំនាញប្រចាំនៅតៃវ៉ាន់ គឺនៅពីក្រោយ​ការគំរាម សំឡុតកាន់តែខ្លាំង ទៅលើតៃវ៉ាន់ ពីសំណាក់ចិននេះ គឺវាជាយុទ្ធសាស្ត្ររបស់ចិន ដែលចង់ផ្ញើសារទៅ​ទិសដៅ​​៣ផ្សេងគ្នា។ ទីមួយ​ គឺទៅរដ្ឋាភិបាល និង​ប្រជាជនតៃវ៉ាន់ ថាមិនអាចមានថ្ងៃបានឯករាជ្យ ផ្តាច់ខ្លួនពីចិនបានជាដាច់ខាត។ ទី២គឺចិនចង់ប្រាប់​ទៅអាមេរិក និង​សម្ព័ន្ធមិត្ត ថាចិន​មិនខ្លាចញញើត ចំពោះយុទ្ធសាស្ត្រា​ប្រឆាំងចិន ដែល​អាមេរិក​និងបក្សពួក​កំពុងតែរៀបចំ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ជាដាច់ខាត។ ហើយទិសដៅទី៣ គឺមតិសាធារណៈផ្ទៃក្នុងប្រទេសចិនតែម្តង ព្រោះ​ការច្បាម​យកតៃវ៉ាន់មកវិញ វាគឺ​ជា​សារ​ស្នេហាជាតិ មោទនភាពជាតិ ឲ្យ​ប្រជាជនចិន កាន់តែឃើញភាពក្លាហាន និង​អង់អាចអស្ចារ្យ របស់បក្សកុម្មុយនីស្តប៉េកាំង។

យ៉ាងណាមិញ លោក Jia Qingguo អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សកលវិទ្យាល័យ​ប៉េកាំង បាន​លើកឡើងថា ការសម្រេចចិត្តរបស់​ចិន ថាប្រើកម្លាំងឬមិនប្រើ គឺវាអាស្រ័យ​ទៅនឹង​អកប្បកិរិយា​របស់តៃវ៉ាន់ ថាតើ​ប្រឹង​បង្កើនសព្វាវុធ​ទំនើប​ខ្លាំងកម្រិតណា ហើយ​​មួយទៀតគឺ​វាអាស្រ័យថាតើ មតិផ្ទៃក្នុង​ចិន ដាក់​សំពាធ​មកលើរដ្ឋាភិបាល​​កម្រិតណា ក្នុងការ​បង្រួប​បង្រួមជាតិ។

យ៉ាងណាក៏ដោយ អ្វីដែលអ្នកជំនាញខ្លះបារម្ភនោះ គឺមិនមែនថា ចិនហ៊ានឬមិនហ៊ាន លើកទ័ពទៅវាយតៃវ៉ាន់នោះទេ។ តែគឺគេខ្លាចថាសង្គ្រាម អាចផ្ទុះឡើយ ដោយករណី​គ្រោះថា្នក់ ចៃដន្យ ប៉ះទង្គិចគ្នាជាយថាហេតុណាមួយ។ ចិនបញ្ជូន​យន្តហោះចម្បាំងទៅកាន់តែញឹកញាប់។​ នៅក្នុងសមុទ្រវិញ នាវាចម្បាំងអាមេរិក​ ក៏នៅក្បែរនោះ ហើយធ្វើសមយុទ្ធយោធា​ញឹកញាប់ទៀត។ ដូច្នេះ បើមានឧបត្តិហេតុណាមួយ កើតឡើងដោយ​អចេតនា នោះសង្រ្គាមអាចនឹងផ្ទុះឡើង ព្រោះថាម្នាក់ៗ កំពុងតែក្តៅរៀងៗខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ