អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមហ៊ុន​​ Facebook ប្រកាស​​​​ប្តូរឈ្មោះ​​ថ្មី ហៅថា​ Meta

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃព្រហស្បតិ៍ ទី​២៨តុលា ក្រុម​ហ៊ុនហ្វេសប៊ុក បាន​ប្រកាសពីការប្តូរឈ្មោះក្រុមហ៊ុន​មេរបស់ខ្លួន ដោយដាក់ឈ្មោះថ្មីថា មេតា (Meta)។ ចាប់ពីពេលនេះទៅ ក្រុមហ៊ុនទាំងអស់ដែលស្ថិតក្នុង​បណ្តុំ នៃ​​ក្រុមហ៊ុនហ្វេសប៊ុក ដែលមាន​ដូចជាបណ្តាញសង្គមFacebook  Messenger  Instagram និង WhatsApp ជាដើម នឹងត្រូវជ្រកក្រោមស្លាកថ្មីតែមួយ គឺក្រុមហ៊ុន Meta ។ ការប្តូរឈ្មោះថ្មីនាពេលនេះ គឺស្ថិតចំកាលៈទេសៈ ដែល​ហ្វេសប៊ុក កំពុង​រងការចោទប្រកាន់ជាច្រើន។​

លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុន Facebook ក្នុងពេល​ធ្វើ​បទបង្ហាញ អំពីឈ្មោះក្រុមហ៊ុនថ្មី  ហៅថា  "Meta" ។ កាលីហ្វ័រញ៉ា ថ្ងៃទី ២៨ តុលា ២០២១
លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុន Facebook ក្នុងពេល​ធ្វើ​បទបង្ហាញ អំពីឈ្មោះក្រុមហ៊ុនថ្មី ហៅថា "Meta" ។ កាលីហ្វ័រញ៉ា ថ្ងៃទី ២៨ តុលា ២០២១ AP - Eric Risberg
ផ្សាយពាណិជ្ជកម្ម

ចាប់ខែ​ធ្នូខាងមុខនេះទៅ បណ្តាញសង្គមFacebook Messenger Instagram និង WhatsApp នឹងត្រូវជ្រកក្រោម​ផ្លាកក្រុមហ៊ុនមេតែមួយ ដែលមាន​ឈ្មោះ ថា Meta។ មេតា “Meta” គឺជាពាក្យភាសា​ក្រិកបុរាណ ដែលមានន័យថា “អ្វីដែលមានលើសពីនេះ ឬអ្វីមួយ​ដែលមិនអាចគណនា និង​កំណត់បាន”។ រូបសញ្ញាតំណាងក្រុមហ៊ុន ថ្មីនេះ គឺជាសញ្ញា ដូចលេខ៨ផ្តេក ពណ៌ខៀវ ហើយដែលស្រដៀងទៅនឹងសញ្ញា "អនន្ត" ក្នុងគណិតវិទ្យា ដូច្នោះដែរ​។ ការជ្រើសរើសយកឈ្មោះនេះ គឺក្រុមហ៊ុន​ហ្វេសប៊ុក ចង់បង្ហាញអំពីរបត់នៃការវិវឌ្ឍន៍ថ្មី ទៅមុខទៀតជានិច្ច ដែលមិនចេះអស់នូវអ្វីដែលថ្មីទេ។ ក្រុមហ៊ុននេះនឹង​កសាង បង្កើតអ្វីប្លែកៗ​បន្ថែមទៀត សម្រាប់អតិថិជនអ្នកប្រើប្រាស់។

នៅក្នុងការធ្វើបទបង្ហាញ រយៈពេល​១ម៉ោងកន្លះ កាលពីថ្ងៃព្រហស្បតិ៍ លោក Mark Zuckerberg ស្ថាបនិក​ហ្វេសប៊ុក បាន​និយាយថា “យើងបាន​ដកពិសោធន៍ច្រើនណាស់ ពីបញ្ហាទាំងឡាយ​ដែលបានជួបប្រទះ។ ដូច្នេះនេះជាការបោះជំហានថ្មី ដើម្បី​កសាង​ និងសរសេរទំព័រថ្មីមួយទៀត។ ទំព័រថ្មីនេះ គឺនឹងផ្តោតទៅលើ បច្ចេកវិទ្យាថ្មី លើសពីបណ្ដាញ​សង្គមសាមញ្ញ ដូចពេលបច្ចុប្បន្ននេះ។

« Metavers »

លោក Mark Zuckerberg បានអះអាងថា សករាជបច្ចុប្បន្ន ជាសករាជកុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន និង​បណ្តាញ​សង្គមធម្មតា​។ តែសករាជថ្មី គឺជាសករាជបច្ចេកវិទ្យាទំនើបលើសនេះ ដែលអ្នកប្រើ​ប្រាស់ម្នាក់ៗ អាចចូលទៅទាក់ទងគ្នា កម្សាន្ត ឬក៏ធ្វើការ​ងារ ក្នុង​ពិភពបច្ចេកវិទ្យាថ្មី​មួយទៀត ស្របជាមួយ​ពិភព​ពិតជាក់ស្តែង។ ពិភពបច្ចេក​វិទ្យាថ្មីនេះ គឺមានឈ្មោះ Metavers ដែល​ក្រុមហ៊ុន​ Meta នឹងបង្កើតឡើង។​ ជាពិភពបច្ចេកវិទ្យាថ្មី មិនខុសអ្វី ពីនៅក្នុង​ ខ្សែភាព​យន្តវិទ្យាសាស្ត្រទំនើបនោះទេ។ ពោលគឺអ្នកប្រើប្រាស់ម្នាក់ៗ អាច​មាន​ អវតាជារូបតំណាង ហើយអាចចូលទៅក្នុងពិភពនោះ តាមរយៈការប្រើ​ វែនតា និង​កាសស្តាប់ត្រចៀកទំនើប ដើម្បីធ្វើសកម្មភាព​ផ្សេងៗ។

មានន័យថា ជាមួយ​នឹង​ Metavers គឺក្រុមហ៊ុន Meta នឹងពង្រីក​មុខរបបមួយទៀត គឺលក់វែនតា និងកាសស្តាប់ត្រចៀកទំនើប។ កាលពីឆ្នាំ​២០១៤ Facebook បានទិញម៉ាក Oculus ដែលមានជំនាញនេះ។ ហើយកាលពីឆ្នាំ​ទៅ​​ Oculus បាន​ផលិត​វែនតាទំនើប ឈ្មោះ Quest 2 ដែលគេលក់បានចំនួន ជិត២លាន​គ្រឿងរួចទៅហើយ។ នេះបើផ្អែកតាម​តួលេខ របស់​ការិយាល័យ Statista។

លោក Mark Zuckerberg បានអួតថា អ្នកប្រើប្រាស់ ប្រាកដជាត្រេកត្រអាល រំភើបមិនខានទេ នៅពេល​ដែល​ ពួកគេអាចផ្ញើសារទៅកាន់នរណាម្នាក់ ដោយ​គ្រាន់យកភ្នែកសំឡឹង និងគិតថាដៃកំពុងតែចុចសរសេរ ក៏ស្រាប់តែមាន​អក្សរ​លោតចេញមក។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយ ក្នុងចំនោម​បច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ដែល Metavers នឹងបង្កើត។ លោក​បានអះងាងថា ក្នុងរវាង១០ឆ្នាំទៀត ក្រុមហ៊ុនMeta នឹងចំណាយ​ប្រាក់វិនិយោគរាប់ម៉ឺនលានដុល្លារ ក្នុងការបង្កើតកម្មវិធីបច្ចេកវិទ្យាថ្មីៗ ក្នុងពិភពបច្ចេកវិទ្យាមួយ ដែលបើកចំហរ ពោលគឺមិនបិទជិត ដោយអ្នកប្រើប្រាស់អាចចេញចូល​ ហើយយកអ្វីដែលបានបង្កើតបានក្នុង Metavers ទៅប្រើនៅកន្លែងផ្សេងក៏បាន​។

“ប្តូរឈ្មោះបាន​ តែមិនអាចប្តូរការពិត”

ហ្វេសប៊ុកត្រូវបាន​គេចោទពីគ្រប់ទិសទី ថាជាក្រុមហ៊ុន​បណ្តាញសង្គម ដែល​គិតតែពីផលចំណេញ ធ្វើឲ្យ​មនុស្ស​វក់វី ប្រមូល​​កើប​ទិន្នន័យ​ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ជាពិសេសនោះ គឺជាបណ្តាញសង្គម ដែល​បានចូលរួម​បំផុស​បំផុល ព័ត៌មានក្លែងក្លាយ ជំរុញ​ការបញ្ចេញមតិ បែប​ស្អប់ខ្ពើមគ្នា រើសអើងប្រកាន់ពូជសាសន៍ជាដើម។ បញ្ហាទាំងនេះ វា​បានជះឥទ្ធិពលខ្លាំងណាស់ ទៅដល់ទំនោរនៃការបញ្ចេញមតិរបស់មហាជន នៅក្នុង​ការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

ការប្តូរឈ្មោះថ្មីនៅពេលនេះ ត្រូវបាន​អ្នកវិភាគខ្លះ សំឡឹងឃើញថា ហ្វេសប៊ុក ចង់លាងសំអាតកេរ្តិ៍​ឈ្មោះខ្លួន ឲ្យ​ថ្មីស្រឡាង និង​មានក្លិនក្រអូបឡើងវិញ។ តែយ៉ាងណា អង្គការប្រឆាំងហ្វេសប៊ុកដែលចេញមុខខ្លាំងជាងគេមួយឈ្មោះ The Real Facebook  Oversight Board បាន​លើកឡើងថា ហ្វេសប៊ុកប្តូរឈ្មោះបាន តែមិនអាចប្តូរការ​ពិត​​បានទេ។ ការពិតនៅតែជាការពិត។ គឺហ្វេសប៊ុកជាមេ​ជំរុញ ឲ្យ​មាន​ការស្អប់ខ្ពើម​គ្នាក្នុងសង្គម ព្រមទាំងមាន​ព័ត៌មាន​ក្លែងក្លាយ​ Fake News ពាសពេញសង្គម។ មួយវិញទៀត ឈ្មោះហ្វេសប៊ុកនេះ វាបានដក់ជាប់ក្នុង​ខួរក្បាល​មនុស្សជាទូទៅទៅហើយ។​ កាលពីឆ្នាំ​២០១៥ ក្រុមហ៊ុនGoogle ក៏បាន​បង្កើតឈ្មោះថ្មី ដាក់ថា Alphabet សម្រាប់ក្រុមហ៊ុនមេ របស់ខ្លួនដែរ តែមនុស្ស​មិនដែលប្រើទេ គឺគេនៅតែហៅថា ក្រុមហ៊ុនGoogle ដដែល។

Meta-stase”

លោកស្រី Alexandria Ocasio-Cortez អ្នកនយោបាយ​ឆ្វេងនិយម​ដ៏ល្បីម្នាក់​នៅអាមេរិក បាន​សរសេរលើទំព័រTwitter ថា ឈ្មោះថ្មីរបស់ក្រុមហ៊ុន​ហ្វេសប៊ុក ហៅថា Meta នេះ គឺមិនខុសអីពីពាក្យថា Meta-stase ទេ។ Meta-stase ជាពាក្យពេទ្យ ដែលគេសំដៅថា ជាដំណាក់​កាលចុងក្រោយ នៃជំងឺមហារីក។ ពោលគឺ Facebook គឺជាជំងឺមហារីកនៃលទ្ធិប្រជាធិបតេយ្យ ព្រោះវាជាឧបករណ៍ ឃោសនាបំប៉ោង​ និង​បំបិទសិទ្ធិសេរីភាព ដែល​​របបផ្តាច់ការនានា​ប្រើប្រាស់។​

ដោយឡែក នៅក្នុង​ការធ្វើបទបង្ហាញ កាលពីថ្ងៃទី​២៨តុលា​ លោក Mark Zuckerberg មិនបាននិយាយអ្វីច្រើនទេ អំពីការរិះគន់ចោទប្រកាន់ធ្ងន់ៗ ព្រមទាំងការប្រឈមនឹងក្តីក្តាំ របស់ក្រុមហ៊ុនលោក ក្នុងពេលបច្ចុប្បន្ននេះ។ លោក​គ្រាន់តែបានលើកឡើងថា ប៉ុន្មានឆ្នាំមកនេះ បទពិសោធន៍បានបង្រៀនលោកច្រើនណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ