អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបាត់ខ្លួន​​កីឡាការនី​​តេនីស​ចិន ផឹង ស្ហយ ​ធ្វើឲ្យ​​ពិភពកីឡា​ និង​​សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កំពូលកីឡាការនីវាយតេនីស ជនជាតិចិនដ៏ល្បី ឈ្មោះ ផឹង ស្ហយ បានបាត់ខ្លួន ជាច្រើនថ្ងៃមកហើយ​។ ការបាត់ខ្លួន គ្មានដំណឹងនេះ គឺបន្ទាប់ពីកីឡាការនីតេនីសលេខ១លំដាប់ពិភពលោករូបនេះ បានបង្ហោះសារ នៅលើ​បណ្តាះ Weibo កាលពី​ថ្ងៃទី​២វិច្ឆិកា ដោយ​ចោទលោកអតីតឧបនាយករដ្ឋមន្ត្រីចិន​ ចាង កៅលី ថាបាន​ចាប់បង្ខំ និង​បំពានផ្លូវភេទ មកលើរូបនាង។ សារចោទប្រកាន់នេះ ត្រូវបាន​អាជ្ញាធរចិន លុបចោលភ្លាមៗផងដែរ​។ ការបាត់ខ្លួន​របស់កីឡាការនី ផឹង ស្ហយ ប្រមាណ​ជិត២ស​ប្តាហ៍ កំពុង​តែបង្កឲ្យ​មាន​ការព្រួយ​បារម្ភកាន់តែខ្លាំង​។ កីឡាករល្បីៗ​ សហព័ន្ធកីឡាអន្តរជាតិនានា​ ព្រមទាំងប្រទេសមហាអំណា​ចខ្លះ បាននាំគ្នាអំពាវនាវ ឲ្យ​អាជ្ញាធរចិន ត្រូវតែបង្ហាញភស្តុតាង បញ្ជាក់ថា កីឡាការនី ផឹង ស្ហយ ពិតជាកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព​។

កីឡាការនីតេនីសចិន ផឹង ស្ហយ (Peng Shuai) និង​លោកអតីឧបនាយករដ្ឋមន្ត្រីចិន ចាង កៅលី (Zhang Gaoli)
Crédit Photos : AP
កីឡាការនីតេនីសចិន ផឹង ស្ហយ (Peng Shuai) និង​លោកអតីឧបនាយករដ្ឋមន្ត្រីចិន ចាង កៅលី (Zhang Gaoli) Crédit Photos : AP © AP - RFI
ផ្សាយពាណិជ្ជកម្ម

ចោទអតីតឧបនាយករដ្ឋមន្ត្រីចិន ថាបាន​ចាប់បង្ខំរួមភេទ

កីឡាការនី ផឹង ស្ហយ (Peng Shuai) មុននឹងបាត់ខ្លួន គឺនាងបាន​សរសេរសារមួយ បង្ហោះនៅលើ​បណ្តាញ​ Weibo កាលពីថ្ងៃទី​២ វិច្ឆិកា។ ក្នុងសារដ៏វែងេនោះ នាងបាន​និយាយរៀបរាប់ ថារូបនាង ត្រូវបាន​លោក ចាង កៅលី​ (Zhang Gaoli) អតីតឧបនាយករដ្ឋមន្ត្រីចិន បង្ខំឲ្យ​រួម​ភេទកាលពី៣ឆ្នាំមុន ហើយបន្ទាប់មក​បានចាប់បង្ខំរូបនាង ឲ្យ​ធ្វើជា​ស្រីកំណាន់។

នាងបានរៀបរាប់ថា នាងមានការភ័យខ្លាចជាទីបំផុត ដោយ​មិនអាចប្រកែកនឹងការចាប់បង្ខំបាន។ នាងបានអះអាងទៀតថា ភរិយារបស់​លោក ចាង កៅលី ក៏បាន​ដឹងរឿងនេះដែរ ដោយ​គាត់គឺជាអ្នកចាំយាម នៅខាងក្រៅបន្ទប់សណ្ឋាគារ ផ្ទាល់តែម្តង។ តែយ៉ាងណា នាងលើកឡើងថា នាងគ្មានភស្តុតាងអ្វីមក​បញ្ជាក់ លើសំណេរចោទប្រកាន់នេះទេ​។

ប៉ុន្មានម៉ោងក្រោយ​មក អាជ្ញាធរចិន បាន​លុបចោលសារនេះភ្លាម។ ក៏ប៉ុន្តែ មានអ្នកប្រើប្រាស់បណ្តាញ​Weibo ជាច្រើន បានថតរូបសារនេះទុក និងបាន​បង្ហោះចែកចាយ​តៗគ្នា។ ហើយ​ចាប់ពីថ្ងៃ​ទី៤​វិច្ឆិកាមក ការវាយអក្សររកឈ្មោះ ផឹង ស្ហយ និង ចាង កៅលី នៅលើ បណ្តាញ Weibo ក៏ដូចជា​ទំព័រ Baidu គឺមិនចេញជាលទ្ធអ្វីទាំងអស់​។

លោក ចាង កៅលី ដែលត្រូវកីឡាការនី ផឹង ស្ហយចោទ នេះ បច្ចុប្បន្នមានអាយុ​៧០ឆ្នាំ ហើយធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីចិន ពីឆ្នាំ​ ២០១៣ ដល់ឆ្នាំ ២០១៨។ ពោលគឺ លោក ចៅ កៅលី ធ្លាប់ជាសមាជិកម្នាក់ ក្នុង​ចំណោម៧នាក់ នៃ​ការិយាល័យ​នយោបាយ​ បក្សកុម្មុយនីស្តចិន ដែលជាកំពូលមនុស្សមាន​ឥទ្ធិពល​អំណាច ខ្លាំងបំផុតនៅចិន។

#WhereIsPengShuai

រឿងនេះ មិនមែន​ផ្អែលតែក្នុង​ប្រទេសចិនទេ គឺវាបានផ្អើល​ទូទាំងពិភពលោកតែម្តង ជាពិសេសនៅតាម​ប្រទេស ដែលនិយម​កីឡាតេនីស។ កីឡាការនី ផឹង ស្ហយ មិនមែន​ជាកីឡាការនីសាមញ្ញទេ ។ នាងធ្លាប់ជាជើងឯកតេនីស លេខមួយពិភពលោក បានពាន​រង្វាន់ Wimbledon ឆ្នាំ​២០១៣  នៅពានរង្វាន់ Roland-Garros ឆ្នាំ២០១៤។

ប៉ុន្មានថ្ងៃមកនេះ នៅតាម​បណ្តាញ​សង្គម Twitter អ្នក​ប្រើប្រាស់បានសរសេរ ចែកចាយ​តៗគ្នា យ៉ាងព្រោងព្រាត នូវសារ #WhereIsPengShuai ដើម្បីជាការដាក់សំពាធ លើអាជ្ញាធររដ្ឋាភិបាលចិន ដែលហាក់តែកំពុងលាក់បាំងរឿងនេះ។ កីឡាករតេនីសល្បីៗលំដាប់ពិភពលោក ដូចជា Naomi Ozaka Serana Williams និង Novak Djokovic ជាដើម សុទ្ធតែបាន​បង្ហាញ​ការ​ព្រួយបារម្ភ និង​បានអំពាវនាវ ឲ្យអាជ្ញាធរចិន ត្រូវតែ​បង្ហាញ​ភស្តុតាង បញ្ជាក់ថា កីឡាការនី ផឹង ស្ហយ នៅមានជីវិត និង​ស្ថិត​នៅ​កន្លែងដែលមានសុវត្ថិភាព។

មិនត្រឹមតែប៉ុណ្ណេះទេ រដ្ឋាភិបាល​អាមេរិក រដ្ឋាភិបាល​បារាំង ព្រមទាំងអង្គការសហប្រជាជាតិផង ក៏បានថ្លែងសារ បង្ហាញពីការព្រួយ​បារម្ភដែរ ទាក់ទិននឹងការបាត់ខ្លួន​របស់​កីឡាការនី ផឹង ស្ហយ នេះ។ គេបាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាលចិន​ ត្រូវបង្ហាញភស្តុតាង ជាក់ច្បាស់ និងឯករាជ្យ អំពីទីតាំងដែលកីឡាការនីរូបនេះ កំពុងស្ថិតនៅ។ លោកប្រធានាធិបតី អាមេរិក ចូ បៃដិនវិញ បាន​អះអាងថា គេកំពុងពិចារណា ក្នុងការធ្វើ​ពហិការ មិនចូលរួម​ក្នុងការប្រកួតកីឡាអូឡាំពិក​រដូវរងា ដែលនឹងត្រូវធ្វើនៅក្រុង​ប៉េកាំង នៅឆ្នាំ​២០២២។

ចំណែក សមាគម WTA ដែលជាសមាគមរៀបចំ​ការប្រកួតតេនីតផ្នែកនារីទូទាំងពិភពលោក បានអះអាងថា បើសិន​ជាចិន នៅតែមិនបង្ហាញភស្តុតាច្បាស់លាស់ ថា កីឡាការនី ផឹង ស្ហយ កំពុងស្ថិតនៅទីកន្លែងមានសុវត្ថិភាពទេនោះ គឺគេនឹងពិចារណា មិន​ឲ្យចិនចូលរួម ទាំងការប្រកួត និង​ទាំងការរៀបចំការប្រកួត នៅក្នុង​កម្មវិធីប្រកួតកីឡាតេនីស្តលំដាប់ពិភពលោក។ លោក Steve Simon អគ្គនាយក WTA បានអំពាវនាវថា អាជ្ញាធរចិន ត្រូវតែបើកការស៊ើបអង្កេតស៊ីជំរៅ ទាក់ទិននឹងការ​ចោទប្រកាន់ ករណី​បំពារបំពានផ្លូវភេទលើរូបកីឡាការនី ផឹង ស្ហយ។

អ៊ីមែល និង រូបថត ដែលគ្មានប្រភពច្បាស់លាស់

បណ្តាញទូរទស្សន៍ចិនCGTV ផ្សាយជាភាសាអង់គ្លេស បាន​ផ្សាយ​រូបភាពថតពីលើកញ្ចក់កុំព្យូទ័រ ដែលគេអះអាងថា ជា​សារអ៊ីមែល ដែល​កីឡាការនី ផឹង ស្ហយ បានផ្ញើទៅកាន់ថ្នាក់ដឹកនាំ WTA។ ក្នុងសារអ៊ីមែល​នេះ មានសរសេរ ថានាងសុខសប្បាយជាធម្មតា ហើយថា ពាក្យ​ចោទប្រកាន់កន្លងមក គឺជារឿងមិនពិតទេ។ បច្ចុប្បន្ននាងកំពុងតែសម្រាក និងសូមអរគុណ ចំពោះការជួយ​ឈឺឆ្អាលបារម្ភពីមនុស្សគ្រប់គ្នា។

ចំណែកកាលពីថ្ងៃសុក្រ ទី​១៩វិច្ឆិកា គណនីTwitter មួយ ឈ្មោះ @shen_shiwei ដែលគេដឹងថាជាគណនី​របស់បណ្តាញ​ព័ត៌មានស្និទនឹងរដ្ឋចិន បាន​បង្ហោះរូបថត ៤សន្លឹក ដែលគេឃើញ កីឡាការិនី ផឹង ស្ហយ ថតជាមួយឆ្មា ក្នុងទឹកមុខញញឹមស្រស់ស្រាយ នៅក្នុងទីតាំងមួយ ដែលទំនងហាក់ដូចជាផ្ទះរបស់នាង។

លោក Steve Simon អគ្គនាយក WTA បានបញ្ជាក់ថា លោកបានទទួលការបញ្ជាក់អះអាង ពីប្រភពជាច្រើន ដូចជា​ពី​សហព័ន្ធកីឡាតេនីសចិនជាដើម ដែល​ធានាអះអាងថា កីឡាការនី ផឹង ស្ហយ កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមិនបានរងនូវការគំរាមកំហែង​លើរូបរាងកាយ​អ្វីទេ។

តែយ៉ាងណា ប្រភពទាំងអ៊ី​មែល ទាំងរូបថតនេះ គឺមិនទាន់ត្រូវបាន​មតិមហាជន​ទូទៅ​ ទុកចិត្តទេ។ ទាំងសហព័ន្ធកឡាតេនីសចិន​ ទាំងក្រសួងការបរទេសចិន សុទ្ធតែបានបដិសេធ មិនឆ្លើយអ្វីទាំងអស់ ទៅកាន់អ្នកកាសែត រហូតមកទល់ពេលនេះ។

មិនមែនជាលើកទី១ទេ ដែល​មានករណីបាត់ខ្លួនមនុស្ស នៅចិន ឲ្យ​តែអ្នកនោះ បានចោទ ឬរិះគន់មនុស្សមានអំណាច នៃគណបក្ស​កុម្មុយនីស្តចិន។ ករណីនេះ បានស្តែងឲ្យឃើញផងដែរ អំពី​ សង្គមចិនដែលមនុស្សមានអំណាចភាគច្រើនលើសលុបជាមនុស្សប្រុស បានប្រើអំណាច ចាប់បង្ខំ បំពារបំពានផ្លូវភេទទៅលើ​មនុស្សស្រី។ ហើយជានិច្ចជាកាល ស្រ្តីរងគ្រោះមិនដែលហ៊ានចេញមុខ ស្វែងរកយុត្តិធម៌ទេ ព្រោះដឹងថាខ្លួនត្រូវប្រឈមនឹងគ្រោះថ្នាក់ ហើយ​ប្រព័ន្ធយុត្តិធម៌ចិន ក៏មិន​បើកផ្លូវស្វាគមន៍ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ