អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើពិភពលោកគួរព្រួយបារម្ភនឹងមេរោគកូវីដបំប្លែងខ្លួនថ្មីដែលទើបលេចរូបរាងនៅអាហ្រ្វិកខាងត្បូងដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី២៦ វិច្ឆិកា សហភាព​អឺរ៉ុប រួម​ទាំង​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ព្យួរ​ជើង​ហោះហើរ​ទៅ និង​មក​ជាមួយ​ប្រទេស​អាហ្រ្វិកខាងត្បូង រួម​ទាំង ៥ប្រទេស​អាហ្វ្រិក​ផ្សេង​ទៀត។ មូលហេតុ គឺ​មក​ពី​អាហ្រិ្វកខាងត្បូង​ទើប​រក​ឃើញ​មេរោគ​កូវីដបំប្លែងខ្លួន​ថ្មី​មួយ​ទៀត​ដែល​មាន​អត្តសញ្ញាណ B.1.1.529។ អង្គការ​សុខភាព​ពិភពលោក WHO បាន​ប្រកាស​ពី​ការ​តាមដាន​មើល​លើ​មេរោគបំប្លែង​ខ្លួន​ថ្មី​មួយ​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត។វត្តមាន​មេរោគបំប្លែងខ្លួន​ថ្មី​បាន​កើត​ឡើង ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​រងគ្រោះ​ដោយ​មេរោគបំប្លែង​ខ្លួន​សព្វថ្ងៃ​ឈ្មោះ « ដែលតា »

តើពិភពលោកគួរព្រួយបារម្ភនឹងមេរោគកូវីដបំប្លែងខ្លួនថ្មីដែលទើបលេចរូបរាងនៅអាហ្រ្វិកខាងត្បូងដែរ ឬទេ?
តើពិភពលោកគួរព្រួយបារម្ភនឹងមេរោគកូវីដបំប្លែងខ្លួនថ្មីដែលទើបលេចរូបរាងនៅអាហ្រ្វិកខាងត្បូងដែរ ឬទេ? © AP Illustration/Peter Hamlin
ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាពពិភពលោកWHO នៅ​មិន​ទាន់​បាន​ដាក់​ឈ្មោះ​ឲ្យ​មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី​ដែល​ទើប​រក​ឃើញ​នៅ​អាហ្រ្វិកខាងត្បូង​ក្រោម​អត្តសញ្ញាណ B.1.1.529នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​ចាប់​ពី​ពេល​នេះ​ត​ទៅ មេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ​នឹង​ត្រូវWHO ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ផ្សេង​ទៀត​ដែល​ពិភពលោក​មាន​សព្វថ្ងៃ ដូច​ជា​បេតា អាល់ហ្វា ឬ​មួយ​ក៏​ដែលតា។ តើ​មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.1.529មាន​អត្រា​ឆ្លង និង​គ្រោះថ្នាក់​ជាង​មេរោគ​បំប្លែងខ្លួន​ផ្សេង ពិសេស​ដែលតា ឬ​ទេ?។

បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ត​អាហ្រ្វិកខាងត្បូង មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.1.529មាន​ចំនួន​បំប្លែងខ្លួន​ច្រើន​មែនទែន ពោល​មិន​តិច​ជាង ៣០ដង​ទេ បើ​ធៀប​នឹង​មេរោគកូវីដ​បំប្លែងខ្លួន​ដែលតា​ដែល​មាន​ចំនួន​តែ ២ដង​ប៉ុណ្ណោះ។ តាម​រយៈ​ទិន្នន័យ​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ថា អត្រា​ឆ្លង និង​អត្រា​គ្រោះថ្នាក់​បង្ក​ដោយ​មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.1.529 គឺ​សហាវ ព្រោះ​អាច​លឿន និង​គ្រោះថ្នាក់​ខ្លាំង។ តាម​វិទ្យាស្ថានជាតិ​ផ្នែក​ជំងឺ​ឆ្លង​អាហ្រ្វិកខាងត្បូង ចំនួន​ករណី​ឆ្លង​ថ្មី និង​ភាគរយ​នៃ​ការ​ធ្វើ​តេស្តិ៍​វិជ្ជមាន​ដោយ​មេរោគ​បំប្លែងខ្លួន​ថ្មី​នេះ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

គិត​ត្រឹម​ថ្ងៃ​សុក្រ ទី២៦ វិច្ឆិកា អាហ្រ្វិកខាងត្បូង​រក​ឃើញ​ករណី​ឆ្លង​ដោយ​មេរោគ​បំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.1.529 ចំនួន ២២ករណី ពិសេស​នៅ​លើ​ក្រុម​យុវជន។ ក្រៅ​ពី​អាហ្រ្វិកខាងត្បូង មេរោគ​បំប្លែងខ្លួន​ថ្មី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​បុតស្វាណា​ចំនួន ៤ករណី អ៊ីស្រាអែល​ចំនួន ១ករណី និង​នៅ​ហុងកុង​ចំនួន ២ករណី។

អង្គការ​សុខភាព​ពិភពលោក​កំពុង​តាមដាន ខណៈ​ដែល​ប្រទេស​ខ្លះ​ចាប់​ផ្តើម​ចាត់​វិធានការ​ទប់ស្កាត់

នៅ​ចំពោះ​មុខ​ពេល​នេះ និង​ដោយសារ​តែ​មេរោគបំប្លែង​ខ្លួន​ថ្មី​មួយ​នេះ​នៅ​ថ្មីថ្មោង​ខ្លាំង​ពេក អង្គការ​សុខភាព​ពិភពលោក WHO បាន​ថ្លែង​ពី​ការ​បន្ត​តាម​ដាន​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត និង​ត្រូវ​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ ទី២៦ វិច្ឆិកា​ដើម្បី​កំណត់​ពី​កម្រិត​គ្រោះថ្នាក់​របស់​មេរោគ​បំប្លែងខ្លួន​ថ្មី​នេះ។ តែ​លោកស្រី Maria Van Kerkhove អ្នក​ទទួល​ខុស​ត្រូវ​បច្ចេកទេស​របស់ WHO បាន​ថ្លែង​ថា គេ​ត្រូវ​ការ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​អត្រា​ឆ្លង និង​អត្រា​គ្រោះថ្នាក់​របស់​មេរោគ​បំប្លែងខ្លួន​ថ្មី​នេះ។

យ៉ាង​ណា​ក៏​ដោយ មាន​ប្រទេស​បណ្តើរៗ ដូច​ជា​អង់គ្លេស សិង្ហបុរី និង​បារាំង​បាន​ចាត់​វិធានការ​ទប់​ស្កាត់​រួច​ជា​ស្រេច​ដោយ​បាន​ប្រកាស​ផ្អាក​ជើង​ហៅហើរ​ទៅ មក​ជាមួយ​អាហ្រ្វិកខាងត្បូង រួម​ទាំង ៥ប្រទេស​អាហ្វ្រិក​ផ្សេង​ទៀត​មាន ណាមីប៊ី បុតស្វាណា ឡេសូតូ ស៊ីមបាវ៉េ និង​អេសវ៉ាទីនី។ ចំណែក​ប្រទេស​ផ្សេង​ទៀត​បាន​ប្រកាស​តាម​ដាន និង​ត្រៀម​​ខ្លួន​ធ្វើ​ដូច​គ្នា​នេះ បើ​ចាំ​បាច់។ គួរ​បញ្ជាក់​ថា អាហ្រ្វិកខាងត្បូង​ដែល​ជា​ប្រទេស​ឆ្លង​កូវីដ១៩ ខ្លាំង​ជាង​គេ​នៅ​អាហ្រ្វិក​បាន​ស្គាល់​សន្ទុះ​ករណី​ឆ្លង​ថ្មី​ដោយ​មេរោគ​បំប្លែងខ្លួន​ដែលតា។

គិត​ត្រឹម​ថ្ងៃ​ពុធ ទី២៤ វិច្ឆិកា អាហ្រិ្វកខាងត្បូង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ដោយ​ដែលតា​ជាង ១ ២០០ករណី។ តែ​មិន​ទាន់​អី​ផង​នៅ​ពេល​នេះ ក្រុម​អ្នកវិទ្យាសាស្រ្ត​អាហ្រ្វិកខាងត្បូង​បាន​មើល​ឃើញ​រួច​ជា​ស្រេច​ពី​រលក​ឆ្លង​ថ្មី​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ពិសេស​ដោយ​មេរោគ​បំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.1.529។

ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​កំពុង​ចោទ​ជា​បញ្ហា?

ខណៈ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​កម្រិត​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ដែល​ពិភពលោក​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ​ដើម្បី​បង្ការ​ទប់​នឹង​មេរោគ​បំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.1.529 នៅ​អាហ្រ្វិកខាងត្បូង​ពេល​នេះ​ទេ។ តែ​ប្រឈម​នឹង​ករណី​បំប្លែងខ្លួន​ក្នុង​ចំនួន​ច្រើន​ខ្លាំង​របស់​មេរោគ​ថ្មី​ប្រភេទ B.1.1.529មួយ​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​បារម្ភ​រួច​ជា​ស្រេច​ពី​ប្រសិទ្ធិភាព​តិចតួច​របស់​វ៉ាក់សាំង​បច្ចុប្បន្ន។ កុំ​ថា​ឡើយ​មេរោគបំប្លែងខ្លួន​ថ្មី​ពេល​នេះ សូម្បី​តែ​មេរោគបំប្លែងខ្លួន​ដែលតា​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​លោក​សព្វថ្ងៃ​ក៏​វ៉ាក់សាំង​បច្ចុប្បន្ន​ពិបាក​ទប់ទល់​ដែរ។

« អ្វី​ដែល​ធ្វើ​ឲ្យ​យើង​បារម្ភ គឺ​មេរោគបំប្លែង​ខ្លួន​ថ្មី​ប្រភេទ B.1.1.529 នេះ​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ចម្លង​ខ្លាំង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ពង្វាង​ប្រព័ន្ធ​ភាពស៊ាំ​ខ្លះ​របស់​យើង​ដែរ » នេះ​ជា​ការ​ថ្លែង​របស់​អ្នក​វិទ្យាសាស្រ្ត​អាហ្រ្វិកខាងត្បូង​ម្នាក់​លោក Richard Lessells។ ជា​ទូទៅ ក្រុម​អ្នកវិទ្យាសាស្រ្ត​អាហ្រ្វិកខាងត្បូង​កំពុង​មាន​មន្ទិលសង្ស័យ​លើ​ប្រសិទ្ធិភាព​វ៉ាក់សាំង​សព្វថ្ងៃ​ក្នុង​ការ​បង្ការ​មេរោគបំប្លែង​ខ្លួន​ថ្មី​ប្រភេទ B.1.1.529។

គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា តើ​មេរោគបំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.1.529 នឹង​វិវត្ត​ទៅ​យ៉ាង​ម៉េច និង​ថា តើ​វ៉ាក់សាំង​ដែល​ពិភពលោក​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ​អាច​បង្ការ​មេរោគបំប្លែងខ្លួន​ថ្មី​មួយ​នេះ​បាន​កម្រិត​ណា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ