អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដបាន​មក​បំផ្លាញ​ ការប្រឹងប្រែង​កន្លងមក ក្នុង​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ជំងឺ​អេដស៍-​ស៊ីដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូចជារៀងរាល់ឆ្នាំ ថ្ងៃទី១ធ្នូ គឺជាទិវាអន្តរជាតិ នៃជំងឺស៊ីដា ឬជីងឺអេដស៍។ វាគឺជាជំងឺដ៏កាចសាហាវមួយ ដែលរហូតមកទល់ពេលនេះ នៅតែពុំទាន់មានវ៉ាក់សាំងបង្ការនៅឡើយទេ។ ក្នុងឆ្នាំ​២០២០ ជំងឺអេដស៍ បានសម្លាប់ជីវិតមនុស្ស​ ចំនួនប្រមាណ​៦៨ម៉ឺននាក់។ ជាងនេះទៀត ការប្រឹងប្រឹង ក្នុង​ការប្រយុទ្ធប្រឆាំងជំងឺនេះ ហាក់បានដើរថយក្រោយនៅក្នុងឆ្នាំ​២០២០កន្លងទៅ ដោយសារតែពិភពលោកយើង​ បានពើបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូវីដ១៩។ ជាក់ស្តែង​នៅបារាំង ទីភ្នាក់សុខភាពសាធារណៈបារាំង ​បាន​បង្ហាញតួលេខថា ក្នុងឆ្នាំ​២០២០ ការធ្វើតេស្តឈាមរកមេរោគអេដស៍ បានចុះថយគួរឲ្យ​ព្រួយបារម្ភ បើប្រៀបធៀបទៅឆ្នាំ​២០១៩។

សកម្មជនប្រឆាំងជំងឺអេដស៍ ដាក់ទៀន ក្នុងឱកាសទីវាអន្តរជាតិនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ថ្ងៃទី ១ ធ្នូ ២០២១ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី​។
សកម្មជនប្រឆាំងជំងឺអេដស៍ ដាក់ទៀន ក្នុងឱកាសទីវាអន្តរជាតិនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ថ្ងៃទី ១ ធ្នូ ២០២១ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី​។ © AP Photo/Tatan Syuflana
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០២០ ការធ្វើតេស្តឈាមរកមេរោគ​HIVចុះថយ១៦% នៅបារាំង

យោងតាមទីភ្នាក់ងារសុខភាពសាធារណៈបារាំង គឺក្នុងឆ្នាំ​២០២០កន្លងទៅ ការធ្វើតេស្តឈាម ដើម្បីពិនិត្យរកមេរោគអេដស៍ គឺមានចំនួនប្រមាណ ៥,២លានតេស្ត នៅទូទាំងប្រទេសបារាំង ពោលគឺវាបានចុះថយ ចំនួន១៤% បើប្រៀបធៀបទៅ កម្រិតមធ្យម រវាងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩។ ចំណែក លទ្ធផល​តេស្ត​ឈាម​ រកឃើញមាន​មេរោគHIV គឺមានចំនួនសរុប ប្រមាណ ៤៨៥៦ករណី ក្នុងឆ្នាំ២០២០ ពោលគឺវាបានធ្លាក់ចុះ ចំនួន​២២% បើប្រៀបធៀបទៅឆ្នាំ​២០១៩។

បើតាម ទីភ្នាក់ងារសុខភាពបារាំង វាមានហេតុផលមួយចំនួន នៅពីក្រោយ​ការធ្លាក់ចុះ។ ទីមួយគឺ គឺដោយសារវិធានការបិទខ្ទប់ ក្នុងឆ្នាំ២០២០ បន្ទាប់ពី​មានការឆ្លងរាលដាលកូវីដ។ វិធានការបិទខ្ទប់ ធ្វើឲ្យ​មនុស្សមិនអាចចេញ ឬមិនចង់ចេញធ្វើតេស្តឈាមរកមើលមេរោគHIV ហើយចំណែក​យុទ្ធនាការផ្សព្វផ្សាយ បង្ការជម្ងឺអេដស៍​ក៏បានចុះខ្សោយ ឬអាក់ខានដែរ។

ទន្ទឹមនឹងនេះ បណ្តាញភ្នាក់ងារសុខាភិបាលជំនាញ ដែលមានតួនាទីធ្វើតេស្តនេះ ក៏បានជួបភាពរអាក់រអួលដែរ ដោយសារវិធានការសុខាភិបាល ត្រូវផ្តោតការប្រឹងប្រែង ប្រញ៉េបប្រញាប់ធ្វើតែតេស្ត ពិនិត្យជំងឺកូវីដ ដែលកំពុងតែបន្ទាន់ខ្លាំង។ វិបត្តិជំងឺ​កូវីដ១៩ បានគ្របដណ្តប់ ពាសពេញផ្ទៃនៃប្រព័ន្ធសុខាភិបាល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឲ្យ​គ្រប់គ្នា ភ្លេចមេរោគជំងឺមួយទៀត ដែលកាចសាហាវខ្លាំងដែរ គឺជំងឺ អេដស៍ ឬស៊ីដា នេះឯង។

ទាំងនេះគឺជាតួលេខ នៅក្នុងប្រទេសបារាំងមែនពិត តែវាបានស្តែងឲ្យឃើញ នូវទំនោរធ្លាក់ចុះនៅទូទាំងពិភពលោក​តែ​ម្តង ​នៃការធ្វើតេស្តរកមេរោគអេដស៍នេះ​។ នៅបារាំង ដែលមានប្រព័ន្ធសុខាភិបាលល្អ មានការផ្សព្វផ្សាយឲ្យ​ប្រជាជនយល់ដឹង និង​ធ្វើតេស្តឈាម តាមដានបានល្អម្លឹងហើយ ការធ្វើតេស្តឈាមរកមេរោគអេដស៍ បានធ្លាក់ចុះប៉ុណ្ណេះ ចុះទម្រាំនៅតាមប្រទេសក្រីក្រផ្សេងទៀត វាយ៉ាងណាទៅ?

ហានិភ័យនៃការធ្វើតេស្តរកមេរោគយឺតពេល

ការមិនធ្វើតេស្តរកមេរោគជំងឺ​អេដស៍ ឲ្យ​បានទាន់ពេលវេលា គឺមានន័យថា មនុស្សកាន់តែប្រឈមខ្លាំង នឹងភាពធ្ងន់ធ្ងរនៃជំងឺអេដស៍។ ពោលគឺ ដល់ទៅធ្លាក់ខ្លួនឈឺគ្រឹប ទើបទៅធ្វើតេស្តឈាមបានដឹងថាមានមេរោគ​HIV ហើយវា​ដល់ដំណាក់កាលមួយដែលធ្ងន់ អាចពិបាកក្នុងការព្យាបាល។  ជាក់ស្តែង​ក្នុងឆ្នាំ​២០២០ នៅបារាំង ៣០%នៃករណីរកឃើញថ្មីនៃមេរោគHIV គឺជាករណីឈឺដំណាក់កាលធ្ងន់ទៅហើយ។ មួយវិញទៀត ការធ្វើតេស្តយឺតយ៉ាវ គឺវាអាចបន្ថែម​ ការប្រឈម  ដែល​មនុស្សអាច​ចម្លងមេរោគនេះ ទៅអ្នកផ្សេងទៀត ដោយ​មិនដឹងខ្លួន។ ដូច្នេះ ធ្វើតេស្ត​​បានឆាប់កាលណា គឺវាល្អកាលនោះ។

ជាងនេះទៀត ការផ្តល់ថ្នាំលេប ប្រភេទ Prophylaxie préexposition (PrEP) ដែលជាថ្នាំបង្ការ លេបក្នុងករណី សង្ស័​យ​ប្រឈមនឹងការ​ឆ្លង​មេរោគHIV  ក៏បានធ្លាក់ចុះដែរ។ រវាងពីខែ មីនា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ យោងតាមទីភ្នាក់ងារសុខភាពសាធារណៈបារាំង គឺការផ្តល់ថ្នាំគ្រាប់ប្រភេទនេះ បានធ្លាក់ចុះចំនួន១៧%។ មានន័យ​ថា ករណីប្រឈមនឹងការឆ្លងមេរោគHIV ដោយ​មិនអាចទទួលបាន ថ្នាំលេបទប់ឲ្យ​ទាន់ពេលវេលានោះ ក៏​វាមានកំណើនដែរ។ បញ្ហានេះ គឺបណ្តាល​មកពីវិធានាការបិទខ្ទប់ ក្នុងវិបត្តិកូវីដ​១៩នេះឯង។

យោងតាមលោកស្រី Florence Thune នាយិកា​សមាគមSidaction ក្នុងឆ្នាំ​២០២០កន្លងទៅនេះ ចំនួននៃការ ចាប់ផ្តើម​ព្យាបាល ករណីអ្នកជំងឺអេដស៍ថ្មីៗ នៅបារាំង បាន​ធ្លាក់ចុះប្រមាណ២០%។​ ការធ្លាក់ចុះនេះ គឺបណ្តាល​មកពី វិបត្តិកូវីដ​១៩ ដោយផ្ទាល់ និងដោយប្រយោល។ បន្ថែមពីនេះ ការ​ធ្វើតេស្តឈាម រកមេរោគ បាក់តេរី៣ប្រភេទផ្សេងទៀត ដែលឆ្លងតាមការរួមភេទដែរ ដែលភាសាបច្ចេកទេស​ ហៅថា IST bactériennes (Infections à Chlamydia Trachomatis, Gonococcie, Syphilis) ក៏បានធ្លាក់ចុះគួរឲ្យ​បារម្ភណាស់ដែរ នៅបារាំង។

មេរោគHIV បំប្លែងខ្លួនរហ័ស ពិបាកនឹងរកវ៉ាក់សាំង

មេរោគអេដស៍ បានផ្តើមចេញរូបរាង្គ នៅឆ្នាំ​១៩៨១។ មកទល់ពេលនេះ គឺវា​៤០ឆ្នាំហើយ តែអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់រកឃើញថ្នាំវ៉ាក់សាំងបាន។​ ដោយឡែក ជាមួយនឹងជំងឺ​កូវីដ១៩ ក្រុមអ្នកវិទ្យាសាស្ត្រ បាន​ប្រឹងប្រែង រកឃើញថ្នាំវ៉ាក់សាំងបាន ក្នុងពេលមិនដល់១ឆ្នាំ។ មេរោគនីមួយៗ វាខុសៗគ្នា យើងមិនអាចយក មេរោគ ​HIV មកប្រៀបធៀបដោយងាយៗ ជាមួយ​មេរោគកូរ៉ូណាវីរុស បានទេ។ មានហេតុផល និងកត្តាជាច្រើន នៅពីក្រោយ​ភាពបរាជ័យ ក្នុងការស្រាវជ្រាវរកវ៉ាក់សាំងបង្ការជំងឺអេដស៍​។

លោក Oliver Schwartz នាយកផ្នែកស្រាវជ្រាវមេរោគ នៅវិទ្យាស្ថានប៉ាស្ទ័របារាំង បានពន្យល់ថា ហេតុផលធំបំផុត គឺ​​វាស្ថិតនៅលើ​ លក្ខណៈស្មុគស្មាញនៃមេរោគHIV នៅពេលវាចូលក្នុងខ្លួនមនុស្ស​ ទៅវាយលុកកោសិកាដែលជាធាតុផ្សំ នៃ​ប្រព័ន្ធការពារខ្លួនរបស់​មនុស្សយើង។​ មួយវិញទៀត មេរោគ HIV បំលែងខ្លួន បានលឿនរហ័សណាស់ ពោលគឺរហ័សជាងមេរោគជំងឺកូវីដឆ្ងាយណាស់។ ការបំលែងខ្លួន លឿនរហ័សនេះ ជាឧបសគ្គដ៏ធំមួយទៀត ធ្វើឲ្យ​វ៉ាក់សាំង គ្មានប្រសិទ្ធភាពទេ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនមន្ទីរពិសោធន៍ឱសថធំៗ ក៏មិនសូវចង់ចំណាយ ដើមទុនធំ ក្នុងការរកវ៉ាក់សាំងប្រឆាំងមេរោគHIV ដែរ ព្រោះថា គេដឹងថា​ នឹងមិនមានមនុស្សទូទៅ គ្រប់គ្នាទៅចាក់វ៉ាក់សាំងប្រភេទនេះដែរ គឺមានតែអ្នកប្រឈមខ្លាំងតែប៉ុណ្ណោះ ជាក់ស្តែង អ្នករកស៊ីបំរើសេវាកម្មផ្លូវភេទជាដើម។ តែយ៉ាងណាហេតុផល គិតតែប្រាក់ចំណេញនេះ គឺមិនអាចទទួលយកបានទេ ពីសំណាក់អង្គការ សមាគមនានា ព្រោះថាបើយើងក្រលេកមើលចំនួនអ្នកផ្ទុកមេរោគអេដស៍បច្ចុប្បន្ន ដែលមានប្រមាណ​៣៨លាននាក់ទូទាំងពិភពលោក គឺពួកគេមិនមែនជាអ្នកបំរើសេវាកម្មផ្លូវភេទទាំងអស់នោះទេ។ មនុស្សណាក៏អាចរងគ្រោះ ឆ្លងមេរោគនេះដែរ។

តែទោះជាគ្មានវ៉ាក់សាំងក៏ដោយ តែអ្នកវិទ្យាសាស្ត្របានដើរទៅមុខច្រើនណាស់ ក្នុងការរកឃើញថ្នាំព្យាបាល ដែល​មានប្រសិទ្ធភាពល្អណាស់។ ថ្នាំព្យាបាល​ប្រភេទ Trithérapie Antirétroviraux មានគុណភាព ប្រសិទ្ធភាពកាន់តែល្អឡើងៗ ជួយសង្គ្រោះ ឲ្យអ្នកផ្ទុកមេរោគHIV អាចរស់នៅបានយ៉ាងធម្មតាបំផុត និងមិនចម្លងមេរោគនេះទៅអ្នកផ្សេង។

ដោយឡែកបច្ចុប្បន្ននេះ មន្ទីរពិសោធន៍ Moderna បានអះអាងថា គេកំពុងតែស្រាវជ្រាវវ៉ាក់សាំងប្រឆាំងជំងឺអេដស៍ ដោយ​ប្រើបច្ចេកទេស ARN Messager ដូចវ៉ាក់សាំងបង្ការកូវីដដែរ។ នេះជាក្តីសង្ឃឹមមួយ តែប្រហែលជាត្រូវរងចាំ​ច្រើនឆ្នាំទៅមុខទៀត ទម្រាំដឹងលទ្ធផល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ