អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ​១៩ ៖ ការរីករាលដាល​យ៉ាង​លឿន​នៃ​អូមីក្រុង ជា​ស្នូល​នៃ​ជំនួប​កំពូល​សហភាព​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦​ធ្នូ​២០២១​នេះ សហភាពអឺរ៉ុបបាន​ផ្តោត​​​​ជំនួប​កំពូល​របស់​ខ្លួន ទៅ​លើ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង។ ​ នៅ​ចំពោះ​មុខ​ការ​ស្ទុះ​ឡើង​ ​ច្រើន​ខ្លាំង​នៃ​ករណី​វិជ្ជមាន​កូវីដ​១៩ និង​កំណើន​យ៉ាង​លឿន​ស្លេវ របស់​ អូមីក្រុង។ អឺរ៉ុប​ត្រូវ​​​​សាកល្បង​ស្វែង​រក​កិច្ចសហការ​គ្នា​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ព្រោះ​​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​​ខ្លះ​ បាន​ដាក់​​​វិធានការ​ថ្មី​ជា​លក្ខណៈឯកតោភាគី រួច​ទៅ​ហើយ​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន។

ការរីករាលដាល​យ៉ាង​លឿន​នៃ​អូមីក្រុង ក្លាយ​ជា​ស្នូល​នៃ​ជំនួប​កំពូល​សហភាព​អឺរ៉ុប​
ការរីករាលដាល​យ៉ាង​លឿន​នៃ​អូមីក្រុង ក្លាយ​ជា​ស្នូល​នៃ​ជំនួប​កំពូល​សហភាព​អឺរ៉ុប​ Kenzo TRIBOUILLARD AFP
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជា​សមាជិក​សហភាពអឺរុប ទាំង​២៧​ប្រទេស កំពុង​ជួប​ជុំ​គ្នា​ ​នៅទីក្រុង​ព្រុចសែល ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួបកំពូល​​អឹរ៉ុប​ ចុងក្រោយ​ សម្រាប់​ឆ្នាំ ២០២១។ ក្រៅ​អំពី​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហា​សេដ្ឋកិច្ច ​នយោបាយ​ ថាមពល និង​ការ​​​​​រៀប​ទណ្ឌកម្ម​មួយកញ្ចប់​សម្រាប់​ដាក់​លើ​រុស្ស៊ី ប្រសិនបើ​ម៉ូស្គូ​ហ៊ានប្រមាថ​​​អ៊ុយក្រែនតាមផ្លូវ​យោធា​នោះ ជំនួប​កំពូល​អឺរ៉ុប​លើក​នេះ ពិត​ណាស់ ថា​ផ្តោត​ជា​សំខាន់​​ខ្លាំង​ទៅ​លើ​មេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង។

អឺរ៉ុប​កំពុង​​ព្រួយ​បារម្ភ​ខ្លាំង។ បើ​តាម​ប្រធាន​គណៈកម្មការ​អឺរ៉ុប  អូមីក្រុង ដ៏​មហា​សែន​ឆ្លង​ អាច​នឹង​ក្លាយ​ជា​ទៅ​មេរោគ​ចំបង​គេ​នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប នាពាក់កណ្តាល​ខែ​មករា​២០២២​ ​ដ៏​ឆាប់ៗ​ខាង​​មុខនេះ​ហើយ​។  ​​ដូច្នេះ​អឺរ៉ុប​ចាំ​បាច់​ត្រូវ​តែ​សហការ​គ្នា​ឱ្យ​បាន​កាន់​តែ​​ល្អ​ប្រសើរ​ ដើម្បី​យក​ឈ្នះ​អូមីក្រុង។

ដំណោះស្រាយ​ដែល​ចេញ​ស្ទើរ​ពី​គ្រប់​មាត់​​​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​​ប្រទេស​អឺរ៉ុប​ទាំង​អស់ មុន​គេ គឺ​ការ​​ប្រឹង​ពង្រីកវិសាលភាព​នៃ​ការ​ចាក់​ថ្នាំបង្ការ​ថែម​ទៀត និង​ជាពិសេស​ការ​ចាក់​ដូស​ជំរុញ។ ​ជាមធ្យម ប្រជាពលរដ្ឋ​​អឺរ៉ុប​ជាង​៦៧%​បាន​ទទួល​វ៉ាក់សាំងពេញ​លេញ​(២ដូស)​ហើយ ប៉ុន្តែ​អត្រាអ្នក​ចាក់​វ៉ាក់សាំង​រួច​នៅ​មាន​កំរិត​ទាប​ខ្លាំង ក្រោម​៥០% នៅ​អឺរ៉ុប​ប៉ែក​ខាងកើត ​ក្នុង​ប្រទេស​ចំនួន​បី ប៊ុលហ្ការី រ៉ូមានី និង​​ស្លូវាគី។ នៅ​ក្រូអាស៊ី​មាន​អត្រា​ត្រឹម​ប្រមាណ​៥០,៤%។ បារាំង​ចាក់​បានច្រើន​ជាង​គេ ដល់​ទៅ​ជិត​៨៩%។

ចាក់​​ថ្នាំបង្ការ​ប្រឆាំង​កូវីដ ជា​កាតព្វកិច្ចពលរដ្ឋ​ឬ ?

ថ្វី​បើ​កាលពី​ខែ​ក្តៅ និង​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែងនៃ​មេរោគ​បំប្លែង​ដែលតា ជំនួប​កំពូល​អឺរ៉ុប​ពេល​នោះ​សម្រេច​បង្កើត​​បណ្ណ​​វ៉ាក់សាំង​រួម ថ្នាក់​អឺរ៉ុបបាន​មែន តែ​នៅ​លើក​នេះ សហភាព​អឺរ៉ុប​ មិន​​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ កំណត់​ការ​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ ជា​កាតព្វកិច្ច​ទេ ព្រោះ​នេះ​ជា​​ភារកិច្ចរបស់​​អង្គការ​​សុខភាព​ពិភពលោក​ ។ ​ក្នុង​ពេល​រង់ចាំ​ ឬ​សម្រាប់​ស្ថានភាព​ជាក់ស្តែង​ក្នុង​ពេល​នេះ អឹរ៉ុប​​បាន​ត្រឹម​តែ​លើក​មក​ជជែក​ពិភាក្សា​គ្នា​ ព្រោះ​មាន​បណ្តា​សមាជិក​អឺរ៉ុប​មួយ​ចំនួន ដូច​ជា អាល្លឺម៉ង់ អូទ្រីស ​កំពុង​រៀប​ចំ​ផែនការ​បញ្ចូល​ការ​ចាក់​​ថ្នាំ​បង្កា​រកូវីដ ជា​កាតព្វកិច្ចពលរដ្ឋ​ត្រូវ​តែ​ចាក់​ហើយ។ ប៉ុន្តែ​សម្រាប់​អឺរ៉ុប​នេះ​ជា​សិទ្ធិ​​របស់​ប្រទេស​នីមួយៗ​តែ​ប៉ុណ្ណោះ។

ថ្នាំ​បង្ការ​ជារនាំង​ការពារ​ដ៏​សំខាន់​មែន​ហើយ តែ​បើ​តាម​សហភាព​អឺរ៉ុប​វ៉ាក់សាំង​តែ​មួយ​មុខ​​មិនអាច​រារាំង​ការ​ចម្លង​រាតត្បាត និង​បន្ធូរបន្ថយ​បន្ទុកប្រព័ន្ធ​សុខាភិបាល​បាន​ទេ​។ គឺ​ត្រូវ​តែ​មាន​វិធានការ​អម​ ជា​បន្ទាន់ និង​ជា​ច្រើនទៀត​ ដូច​ជា ជំរុញ​ការធ្វើការ​​ពីផ្ទះ  ពាក់​ម៉ាស់ កំរិតកុំ​ឱ្យ​មាន​មនុស្ស​​ធ្វើ​ដំណើរ​​តាម​មធ្យោបាយ​សាធារណៈ និង​នៅ​តាម​ទីសាធារណៈ​ ប្រជ្រៀតកកកុញគ្នា​ពេក។

បណ្ណវាក់សាំង​អឺរ៉ុប នឹង​អស់​ន័យ ?

សហភាពអឺរ៉ុបចង់​ឱ្យ​មាន​ការ​​​សហការ​គ្នា​ ឱ្យ​បាន​កាន់​តែប្រសើរ​ឡើង ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ទីផ្សា​ផ្ទៃក្នុង​អឺរ៉ុប និង​កុំ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ នេះ​ការ​ធ្វើ​បម្លាស់​ទី ក្នុង​រង្វង់​សហភាព​អឹរ៉ុប​ ប៉ុន្តែ​រាល់​គ្រប់​វិធានការ​ទប់​ស្កាត់​កូវីដ ជា​សមត្ថកិច្ចរបស់ជាតិ​នីមួយៗ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​សហភាពអឹរ៉ុប ធ្វើ​ការ​ដាស់​តឿន​រំលឹក​ថា រាល់​គ្រប់​វិធានការ​ជា​លក្ខណៈ​ឯកតោភាគី ត្រូវ​តែ​មានទំហំ​សមហេតុសមផល និង​ក្នុង​រយៈ​ពេល​ខ្លី​បំផុត។

វិធានការ​របស់​សមាជិក​ខ្លះ កំពុង​តែ​ធ្វើ​ឱ្យ​បណ្ណ​វ៉ាក់សាំង​ដែល​អឺរ៉ុប​សម្រេច​បាន​កាលពី​ខែ​ក្តៅ និង​ដែល​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​អឺរ៉ុប​ធ្វើ​ដំណើរ​ឆ្លង​ពី​ប្រទេស​មួយ​ទៅមួយ ដោយសេរីក្នុង​ផ្ទៃ​អឹរ៉ុប ដោយ​ពុំ​ចាំបាច់​ត្រូវ​មាន​លទ្ធផល​តេស្ត​កូវីដ​អវិជ្ជមាន ឬ​ធ្វើ​ចត្តាឡីស័ក​នោះ កំពុង​ចាប់​អស់​តម្លៃ មាន​ជាអាទិ៍​នៅ​អៀរឡង់ ព័រទុយហ្កាល់ អ៊ិតាលី និងក្រិក។ ប្រទេស​ទាំង​បួន​នេះ បាន​តម្រូវ​ឱ្យ​អ្នក​ដំណើរ​អឺរ៉ុប​ទាំង​អស់​ ត្រូវ​មាន​លទ្ធផល​​តេស្ត​PCR អវិជ្ជមាន​បន្ថែម​ពី​លើ​បណ្ណ​វ៉ាក់សាំង​គ្រប់​ពីរ​ដូស ទើប​ឱ្យ​ចូល​ប្រទេស​របស់​ពួក​គេ។

កំហិត​អ្នក​ដំណើរមក​ពី​​អង់គ្លេស

ចំណែក​បារាំង​វិញ រដ្ឋាភិបាល​ទំនង​ជា​នឹង​អាច​ចេញ​វិធានការ​រឹត​បន្តឹង​បន្ថែម​ទៀត នៅរសៀល​​ថ្ងៃ​សុក្រស្អែក ក្រោយ​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រួច។ ហើយ​ដើម្បី​ពន្យឺត​ដំណើរ​រាតត្បាត​របស់​អូមីក្រុង និង​បង្អូស​ពេលវេលានៃ​ការ​ស្ទុះ​ឡើង​របស់​អូមីក្រុង បារាំង​បាន​សម្រេច​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៦​ធ្នូ​នេះ ដាក់​​​លក្ខខណ្ឌ​ថ្មី​សម្រាប់​អ្នក​ដំណើរ​មកអង់គ្លេស ថា​ត្រូវ​ធ្វើ​តេស្ត​អវិជ្ជមាន​២៤ម៉ោង​មុន មិនមែន​៤៨ម៉ោង​ទៀត​ទេ។ ជា​ការ​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ និង​មក​ជួប​ក្រុម​គ្រួសារ​នៅ​បារាំង។ ឯដំណើរ​ទេសចរណ៍ និង​ការងារ​ ត្រូវកំហិត​សិន។ អ្នក​ដំណើរ​​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ចំនួន​មួយ​សប្តាហ៍ ឬ​បី​ថ្ងៃ​ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន។

នៅ​អង់គ្លេស ចំនួន​​អ្នក​ឆ្លងអូមីក្រុង បាន​​​ឡើង​ដល់​៣០-ទៅ៤០​ម៉ឺន​នាក់​ ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើតាម​អាជ្ញាធរ​ដែល​បញ្ជាក់​ថា អូមីក្រុង​ឆ្លង​ខ្លាំង ឆ្លង​លឿន​ និង​វិវឌ្ឍ​លឿន ទ្វេ​ដង​បើ​ប្រៀប​ទៅ​នឹង​ដែលតា។ ហើយ​បើ​តាម​បទ​ពិសោធន៍​កន្លង​មក មេរោគ​បំប្លែង​ខ្លួន​ថ្មី​ នឹង​ចូល​មក​ដល់​អឺរ៉ុប/បារាំង និង​ក្លាយ​ជា​មេរោគ​ចំបង​គេ​ នៅពីរ​បី​ខែ​ក្រោយ​អង់គ្លេស។ ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បារាំង​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​​ចំណេញ​ពេលវេលា​ អាច​ជំរុញ​ការ​ចាក់វ៉ាក់សាំង​ដូស​ទីបី​ឱ្យ​បាន​កាន់​តែ​ច្រើន។ ពេលនេះ​បារាំង​រាប់​ឃើញ​មាន​ករណី​កូវីដ​អូមីក្រុង ២៤០នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ