អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ហ្កាប្រ៊ីយែល បូរីក មកពី​សម្ព័ន្ធ​បក្ស​ឆ្វេងនិយម ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ស៊ីលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបោះឆ្នោតប្រធានាធិបតី​នៅ​ប្រទេសស៊ីលី បាន​បិទបញ្ចប់ទៅ កាលពីថ្ងៃអាទិត្យទី១៩ធ្នូ ដោយ​បាន​ប្រគល់ជ័យជំនះទៅ​ឲ្យ​លោក ហ្កាប្រ៊ីយែល បូរីក (Gabriel Boric) អ្នកនយោបាយ​វ័យ​ទើបតែ៣៥ឆ្នាំ។ លោក​ហ្កាប្រ៊ីយែល បូរីក បានដឹកនាំសម្ព័ន្ធបក្ស​ឆ្វេងនិយម ប្រជែងជាមួយ​បេក្ខជនម្នាក់ទៀតមកពីបក្សស្តាំងនិយមជ្រុល។ ជ័យជំនះរបស់ ក្រុមគណបក្សឆ្វេងនិយម ជាប្រវត្តិសាស្ត្រនៅស៊ីលីនេះ បាន​ផ្តល់ក្តីសង្ឃឹមជាខ្លាំង សម្រាប់ប្រជាជនស៊ីលី ក្នុងការឈានទៅកសាងសង្គម ដែលមានសមភាព ទាំងជីវភាពសេដ្ឋកិច្ច និងសិទ្ធិសេរីភាព។

លោក​ Gabriel Boric ប្រធានធិបតីថ្មីរបស់ប្រទេសស៊ីលី ដែលទើបតែឈ្នះឆ្នោត នៅថ្ងៃទី ១៩ ធ្នូ ២០២១
លោក​ Gabriel Boric ប្រធានធិបតីថ្មីរបស់ប្រទេសស៊ីលី ដែលទើបតែឈ្នះឆ្នោត នៅថ្ងៃទី ១៩ ធ្នូ ២០២១ AP - Luis Hidalgo
ផ្សាយពាណិជ្ជកម្ម

ជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមបក្សឆ្វេងនិយម

នេះគឺជាជោគជ័យ ជាប្រវត្តិសាស្ត្រ និងដោយគ្មាននរណានឹកស្មានដល់ផងទេ។ លោក ហ្កាប៊្រីយែល បូរីក (Gabriel Boric) ដែលជាបេក្ខជន តំណាងឲ្យ​សម្ព័ន្ធបក្សឆ្វេងនិយម ដែលប្រមូលផ្តុំគណបក្សជាច្រើន មានទាំងបក្សសង្គមនិយម បក្សកុម្មុយនីស្ត និង​បក្សកណ្តាលនិយមផង បាន​ទទួលជ័យជំនះ ក្នុងការប្រកួត ជាមួយលោក José Antonio Kast ដែលជាមនុស្ស​មកពីគណបក្សស្តាំនិយមជ្រុល។

ជាជ័យជំនះដែលគេមិននឹកស្មានដល់ ព្រោះថាកាលពីពេលបោះឆ្នោតនៅ​ជុំទី១ គឺលោក José Antonio Kast ទេ​ ដែលបានទទួលពិន្ទុនាំមុខ។ វាជាលើកទីមួយហើយ ដែលអ្នកឈ្នះនៅជុំទី១ បែជាចាញ់នៅជុំទី២ទៅវិញ។ នៅជុំទី២ កាលពីថ្ងៃអាទិត្យ​ទី១៩ធ្នូម្សិលមិញ លោក ហ្កាប្រ៊ីយែល ​បូរីក​ បានឈ្នះដាច់តែម្តង ដោយបានទទួលសំឡេងឆ្នោត ចំនួន​៥៦%។ វាគឺជាលើកទី១ ក្រោយការដួលរលំនៃរបបផ្តាច់ការ និង​ការបើកទំព័រលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ​១៩៩០ ដែលក្រុមគណបក្សឆ្វេងនិយម បានឈានមកដឹកនាំរដ្ឋាភិបាលស៊ីលីបែបនេះ។

បើតាមការលើកឡើង របស់​លោកស្រី Marcela Rios អ្នកវិភាគនយោបាយ​នៅកម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ គឺនៅជុំទីមួយ អ្នកចូលរួមបោះឆ្នោតមាន​ប្រមាណ​៤៧%។​ តែដល់នៅ​ជុំទី២វិញ បានឡើងចំនួនជាង​ ៥៥%។ សន្ទុះចូលរួមបោះឆ្នោតច្រើននៅជុំទី២ គឺដោយសារយុវជនក្មេងៗ បានចូលរួមច្រើន ហើយដែលបានឈានរុញឲ្យ​លោក ហ្កាប្រ៊ីយែល ​បូរីក ឈ្នះក្លាយជាប្រធានាធិបតីថ្មី។

លោក ហ្កាប្រ៊ីយែល ​បូរីក​ ជាអតីតសមាជិកសភា និងជាអតីតប្រធានចលនានិស្សិតឆ្វេងនិយម។ លោក មានអាយុទើបតែ​ ៣៥ឆ្នាំ ពោលគឺជាអាយុអប្បរមា ដែលអាចឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី​នៅស៊ីលីតែម្តង។ នៅទីក្រុងសាន់ចាហ្គោ យប់ថ្ងៃអាទិត្យ​ម្សិលមិញ មនុស្សម្នា ភាគច្រើនជាយុវជន បានចុះផ្លូវស្រែកកងរំពងដោយក្តីសប្បាយរីករាយ អបអរជ័យជំនះ និងការបើកទំព័រប្រវត្តិសាស្រ្ត​ថ្មី ជាមួយនឹងរដ្ឋាភិបាល​ដឹកនាំដោយ​គណបក្សឆ្វេងនិយម។

ជ័យជំនះ របស់​លោក ហ្កាប្រ៊ីយែល ​បូរីក​ ត្រូវបាន​ថ្នាក់ដឹកនាំបរទេសជាច្រើន ជាពិសេសក្រុមប្រទេសអាមេរិកខាងត្បូងតែម្តង បានអបអរសាទរ ថាវាជាក្តីសង្ឃឹមថ្មី ដើម្បីកសាងតំបន់អាេមរិកខាងត្បូង ឲ្យ​ក្លាយ​ជាតំបន់ដែលប្រជាជនរស់នៅមានសមភាព និងមានសិទ្ធិសេរីភាពស្មើគ្នា។

យុវជន សកម្មជនអ្នកគាំទ្រលោក Gabriel Boric ជួបជុំគ្នាអបអរជ័យជំនះ នៅទីក្រុងសាន់ចាហ្គោ ប្រទេសស៊ីលី ថ្ងៃទី ១៩ ធ្នូ ២០២១
យុវជន សកម្មជនអ្នកគាំទ្រលោក Gabriel Boric ជួបជុំគ្នាអបអរជ័យជំនះ នៅទីក្រុងសាន់ចាហ្គោ ប្រទេសស៊ីលី ថ្ងៃទី ១៩ ធ្នូ ២០២១ AP - Matias Delacroix

ក្តីសង្ឃឹមកសាងស៊ីលីក្នុងសមភាព

អ្វីដែលជាការសន្យាធំបំផុត របស់លោក ហ្កាប្រ៊ីយែល ​បូរីក​ គឺការធ្វើកំណែទម្រង់ រៀបចំប្រទេសស៊ីលី ឲ្យ​ឈានក្លាយ​ជាប្រទេសដែលមាន​សមភាព ទាំងផ្នែកសង្គម និងជីវភាពសេដ្ឋកិច្ច។ ប្រមាណ​៣០ឆ្នាំមកហើយ ដែលគេដឹងថា ស៊ីលីជារបបសេដ្ឋកិច្ចសេរីនិយមជ្រុល ហើយដែលបានបង្ក ឲ្យ​មានគម្លាតកាត់តែខ្លាំងឡើង រវាងអ្នកមាននិងអ្នកក្រ។​​ វិស័យសុខាភិបាល វិស័យ​អបរំ និងប្រព័ន្ធជួយចាស់ជរា និងអ្នកចូលនិវត្ត ជាដើម បច្ចុប្បន្នេះ គឺស្ថិតក្នុងដៃវិស័យឯកជនទាំងស្រុង។​

កម្មវិធីនិយោបាយ របស់​លោក ហ្កាប្រ៊ីយែល ​បូរីក​ គឺ នឹងឈានទៅ​រៀបចំ ឲ្យរដ្ឋមានអន្តរាគមន៍ និងចាត់ចែងកិច្ចការ​ឲ្យ​បានច្រើន មិនមែនវិស័យឯកជនទាំងស្រុងដូចមុនទៀតនោះទេ។ លោក​បានសន្យារៀបចំប្រព័ន្ធសន្តិសុខសង្គម សេវាសុខភាពរដ្ឋ ជាលក្ខណៈសកល សម្រាប់ប្រជាពលរដ្ឋស៊ីលីទាំងអស់ ឲ្យស្មើភាពគ្នា។ លោក​មានកម្មវិធីនយោបាយ​បរិស្ថាននិយម ផ្តល់អាទិភាពដល់​ការដោះស្រាយ​វិបត្តិអាកាសធាតុ និង​បើកចំហរសង្គម ទទួលស្គាល់ និងពង្រឹងការគោរព​សិទ្ធិរបស់​ប្រជាពលរដ្ឋទាំងអស់ មិនថាអ្នកស្រលាញ់ភេទដូចគ្នា ឬក៏ក្រុមសហគមជនជាតិភាគតិចទេ។

ទាក់ទិននឹងវិស័យពន្ធដារវិញ លោក​បានសន្យាថា នឹងដំឡើងពន្ធ ប្រមូលពី​អ្នកមានជីវភាពធូរធា ដើម្បីយកមកចំណាយ​ ក្នុង​កិច្ចការសេរវាសាធារណៈ ឲ្យ​អ្នកក្រ អាចទទួលបានផលដែរ។ ប្រព័ន្ធពន្ធដារ ដែលលោក ហ្កាប្រ៊ីយែល ​បូរីក​ ហៅថា ជាប្រព័ន្ធពន្ធដារដែលមានទំនួលខុសត្រូវ។

ដោយឡែក ជំហានដំបូង និងដ៏សំខាន់​បំផុតនោះ គឺការរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មី សម្រាប់ប្រទេសស៊ីលីតែម្តង។ ប្រជាជនស៊ីលីចំនួន​៧៨% បានបោះឆ្នោត​ប្រជាមតិ កាលពីខែតុលាកន្លងទៅ បោះបង់ចោលរដ្ឋធម្មនុញ្ញចាស់ ដែលជាកម្អែលនៃរបបផ្តាច់ការ Augusto Pinochet។ លោក ហ្កាប្រ៊ីយែល ​បូរីក បានសន្យាថា នឹងសហការ ចាប់ដៃ ស្តាប់មតិ ពីគ្រប់មជ្ឈដ្ឋាននយោបាយស៊ីលីទាំងអស់ ដើម្បីតាក់តែងច្បាប់កំពូលថ្មីមួយ ជាច្បាប់គ្រិះកសាងស៊ីលីឲ្យ​មានសមភាពសង្គម ទៅតាមការចង់បាន​របស់ប្រជាជនស៊ីលី។

ឧបសគ្គនៅសភា

ទោះជាយ៉ាងណាក៏ដោយ ដំណើរនៃការធ្វើកំណែទម្រង់ប្រទេសស៊ីលី ទៅតាមការចង់បានរបស់​លោក​ ហ្កាប្រ៊ីយែល ​បូរីក​  គឺអាចមាន​ឧបសគ្គរារាំងច្រើនណាស់។ សភាជាន់ទាប់ស៊ីលី ដែលកើតចេញពីការបោះឆ្នោត នៅខែវិច្ឆិកាកន្លងទៅ គឺមិន​មាន​សំឡេងភាគច្រើន​ ច្បាស់លាស់ទេ។ ពោលគឺមានការបែកចែក ក្រុមតំណាងរាស្ត្រ​ មកពីបក្សនយោបាយ​ច្រើនក្រុម ដែលមានទំនោរ និង​ការចង់បាន​ខុសៗគ្នា។ ដូច្នេះ​ វាគឺជាការលំបាកណាស់ សម្រាប់រដ្ឋាភិបាលថ្មី ក្នុង​ការសម្រេចធ្វើច្បាប់កំណែទម្រង់ណាមួយ។

លោកស្រី Claudia Heiss សាស្ត្រាចារ្យ​ផ្នែកនយោបាយ នៅសកលវិទ្យាល័យស៊ីលី បាន​លើកឡើងថា ការស្វែងរកតុល្យភាព រវាងរដ្ឋសភា និង​ ការសន្យាចង់បានរបស់​រដ្ឋាភិបាល គឺជារឿងមួយផុយស្រួយខ្លាំងណាស់ ជាពិសេសក្នុងកាលៈទេសៈពេលនេះ ដែលសេដ្ឋកិច្ចស៊ីលី មានវិបត្តិខ្លាំង ដោយសារតែបញ្ហាកូវីដផង និងបញ្ហាបំណុលសាធារណៈ ដែលកាន់តែឡើងប៉ោងទៅៗ។

លោកស្រី Maria Jaraquemada អ្នកវិភាគនៅវិទ្យាស្ថានអន្តរជាតិ ដើម្បី​ប្រជាធិបតេយ្យ (IDEA) បានលើកផងដែរថា លោក ហ្កាប្រ៊ីយែល ​បូរីក​ ត្រូវតែ​ស្វែងរកការសហការ គាំទ្រ ឲ្យ​បានទូលំ​ទូលាយ​​បំផុត ជាមួយ​នឹងបក្សនយោបាយ​ផ្សេងទៀត នៅក្នុងសភា ពុំនោះទេ លោក​មិនអាចសម្រេច​ធ្វើកំណែទម្រង់ធំៗ ដែល​លោកបានសន្យាទៅប្រជាពលរដ្ឋស៊ីលីបានទេ។ ដូចគ្នាដែរ លោក Michael Shifter អ្នកជំនាញនៅ ក្រុមពិចារណា Inter-American Dialogue បាន​យល់​ឃើញ​ដូចគ្នាថា ការងាររដ្ឋាភិបាលថ្មីនឹងមានលំបាកណាស់ បើលោក ហ្កាប្រ៊ីយែល ​បូរីក​ មិនអាចទទួលការព្រមព្រៀងធំទូលាយ ជាមួយបក្សនយោបាយ​ផ្សេងៗទៀតទេនោះ។

បន្ថែមពីនេះ លោក Juan Ortiz សេដ្ឋកិច្ចវិទូ នៅសកលវិទ្យាល័យ Diego Portales បានអះអាងថា លោក​ប្រធានាធិបតីថ្មី កំពុងតែប្រឈមនឹងស្ថានការណ៍ ម៉ាក្រូសេដ្ឋកិច្ចដ៏សែនស្មុគស្មាញបំផុត ដែលអាចតម្រូវឲ្យ​លោក ហ្កាប្រ៊ីយែល ​បូរីក​ ត្រូវតែដកចេញខ្លះ នូវផែនការកញ្ចប់ថវិកាចំណាយ។ បើគ្មានវិន័យតឹងតែងផ្នែកថវិកាទេនោះ សេដ្ឋកិច្ចស៊ីលី អាចនឹងកាន់តែយ៉ាប់យ៉ឺនខ្លាំងថែមទៀត ដោយសារតែបំណុលសាធារណៈច្រើនជ្រុលពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ