អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន អនុម័តច្បាប់ហាមឃាត់ទំនិញនាំចូលពីខេត្តស៊ីនជាំង ដើម្បីប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្សរបស់ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃព្រហស្បតិ៍ទី២៣ធ្នូ លោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខា អនុម័តច្បាប់មួយ​ហាមឃាត់ការនាំចូល​ទំនិញទាំងអស់ ដែលមានប្រភពនៅខេត្តស៊ីនជាំង ប្រទេសចិន។ ជាទំនិញ ដែលរដ្ឋាភិបាលអាមេរិក ចាត់ទុកថា បានមកពី​​កម្លាំងពលកម្មខុសច្បាប់ របស់ប្រជាជនអ៊ុយហ្គួរ ដែលត្រូវរដ្ឋអំណាចចិន​ ចាប់បង្ខំឲ្យ​ធ្វើការ។ សហរដ្ឋអាមេរិក ជាប្រទេសទីមួយហើយ ដែលបានអនុម័តច្បាប់របៀបនេះ សំដៅប្រឆាំងនឹងសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលរដ្ឋអំណាចចិនបានធ្វើទៅលើ​ប្រជាជនអ៊ុយហ្គួរ នៅខេត្តស៊ីនជាំង។

សមាជិកចលនារំដោះជាតិអ៊ុយហ្គួរ លើកទង់តំបន់ស៊ីនជាំង និងទង់ជាតិអាមេរិក នៅក្បែរ​ក្រសួងការបរទេសអាេមរិក។ ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី ២២ ធ្នូ ២០២១
សមាជិកចលនារំដោះជាតិអ៊ុយហ្គួរ លើកទង់តំបន់ស៊ីនជាំង និងទង់ជាតិអាមេរិក នៅក្បែរ​ក្រសួងការបរទេសអាេមរិក។ ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី ២២ ធ្នូ ២០២១ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

ទំនិញដែលបានមក ពីការជិះជាន់​កម្លាំងពលកម្ម​លើ​ប្រជាជនអ៊ុយហ្គួរ

តាមពិតទៅ ច្បាប់នេះត្រូវបានព្រឹទ្ធសភាអាមេរិក សម្រេចបោះឆ្នោតជាឯកច្ឆន្ទ កាលពីថ្ងៃទី​១៦ធ្នូកន្លងទៅ ហើយ​កាលពីថ្ងៃព្រហស្បតិ៍ ទៅ​២៣ធ្នូ​ លោកចូ បៃដិន បានចុះហត្ថលេខា ដាក់ឲ្យ​អនុវត្ត។ យោងតាមខ្លឹមសារនៃច្បាប់នេះ គឺសហរដ្ឋអាមេរិក បានហាមឃាត់ការនាំចូល ទំនិញ​៣​ប្រភេទ គឺ​កប្បាស ប៉េងប៉ោះ និង ប៉ូលីស៊ីលីស្យូម (Polysilicium) មិនថាផលិត​ឡើងទាំងស្រុង ឬ​ក៏​មួយផ្នែក នៅក្នុ​ង​ខេត្តស៊ីនជាំងរបស់ចិន​។ ក្រុមហ៊ុនទាំងអស់ មិនអាចនាំចូលទំនិញទាំងនេះ មកក្នុងទីផ្សារអាេមរិកបានទេ ល្គិក​ណា​ក្រុមហ៊ុន​នោះ​ មិនអាច​ប្រគល់ឯកសារ ឬក៏ព័ត៌មានលំអិត ថាទំនិញទាំងនោះ មិនត្រូវបាន​ផលិតឡើង ដោយ​កម្លាំងពលកម្មខុសច្បាប់ របស់​ប្រជាជនអ៊ុយហ្គួរទេនោះ។

ដូចយើងបានដឹងហើយ ថាចិនកំពុងរងការចោទប្រកាន់ ពីអង្គការសិទ្ធិមនុស្ស និង​​​ប្រទេសមួយ​ចំនួន ​ថាបានធ្វើអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់​ ទៅលើ​ប្រជាជនអ៊ុយហ្គួរ និងសហគមន៍​ជនជាតិ​ភាគតិច កាន់សាសនាអ៊ីស្លាមឯទៀត នៅខេត្តស៊ីនជាំង។ ក្រៅពីបានចាប់ប្រជាជន​​អ៊ុយហ្គួរ​​ប្រមាណ​១លាននាក់ ដាក់បង្ឃាំងតាមមន្ទីរកែប្រែ យោងតាមឯកសារ និង​សក្ខីកម្មជាច្រើនបានអះអាង​ថា ចិនបានចាប់បង្ខំពួកគេឲ្យ​ធ្វើការដោយ​បង្ខំ ជាក់ស្តែង ការងារក្នុងចំការកប្បាសតែម្តង។ ធ្ងន់ធ្ងរ​ជាងនេះទៀត គឺនៅមានករណី ចាប់​ក្រៀវ កាត់ផ្តាច់លទ្ធភាពបង្កកំណើត របស់ស្ត្រីជនជាតិអ៊ុយហ្គួរ ដើម្បីធ្វើឲ្យ​ចំនួន​ប្រជាជនអ៊ុយហ្គួរចុះថយបន្តិចម្តងៗ រហូតទាល់តែលែងមាននៅខេត្តស៊ីនជាំង។

លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​លើកឡើងថា ច្បាប់ថ្មីរបស់អាមេរិកនេះ គឺជាឧបករណ៍​ដ៏សំខាន់មួយ ដើម្បីរារាំង កុំឲ្យទំនិញដែលត្រូវបាន​ផលិតឡើង ដោយ​កម្លាំងពលកម្មខុសច្បាប់ ដែលចិនកេងប្រវញ្ចលើជនជាតិអ៊ុយហ្គួរ អាចត្រូវបានគេនាំចូល មកក្នុងទីផ្សារ​អាមេរិក។​ រដ្ឋមន្ត្រីការបរទេសអាេមរិក ក៏បានហៅឲ្យ​រដ្ឋអំណាចចិន ត្រូវតែបញ្ឈប់សកម្មភាពទាំង​នោះជាបន្ទាន់ សកម្មភាព ដែល​លោកហៅថា ជាអំពើ​ប្រល័យពូជសាសន៍ និង ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ។

យ៉ាងណាក៏ដោយ ខាងរដ្ឋាភិបាលចិន បានអះអាងជាច្រើនលើកច្រើនសារ ថាគ្មាន​ការចាប់បង្ខំជិះជាន់កម្លាំងពលកម្ម ទៅលើ​ប្រជាជនអ៊ុយហ្គួរទេ ហើយ​ក៏គ្មានការរំលោភសិទ្ធិមនុស្ស អំពើប្រល័យពូជសាសន៍ ដូចដែលអាមេរិកចោទនោះដែរ។

ប្រជាជនអ៊ុយហ្គួរជាង៥សែននាក់ ត្រូវចិនបង្ខំឲ្យធ្វើការក្នុងឧស្សាហកម្ម​កប្បាស

ទំនិញទាំង៣មុខនេះ គឺជាទំនិញនាំចូលសំខាន់ណាស់ ដែលមានប្រភពពីខេត្តស៊ីនជាំង។ ជាក់ស្តែង កប្បាស ដែលចាំបាច់ សម្រាប់​ផលិត​ជាអំបោះ និងក្រណាត់។ ដូច្នេះវាអាចប៉ះពាល់ ដល់​ទំនិញសម្លៀកបំពាក់ទាំងអស់តែម្តង។ ស៊ីនជាំង គឺជា​ដែនដីផលិតកប្បាសធំបំផុតមួយ សម្រាប់​​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក។

យោងតាមរបាយការណ៍អង្គការសិទ្ធិមនុស្សមួយចំនួន បានអះអាងថា មានជនជាតិអ៊ុយហ្គួរយ៉ាងហោច ជាង​៥សែននាក់ ដែលត្រូវរដ្ឋអំណាចចិន កេណ្ឌយកទៅធ្វើការដោយ​បង្ខំ នៅតាមចំការកប្បាស ដោយ​គ្មានទទួលបាន​ប្រាក់ចំណូលទេ។ មុននឹងមានច្បាប់របស់អាមេរិកនេះ កន្លងមក មានក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗ​មួយ​ចំនួន បានសន្យាថានឹងឈប់ប្រើ​កប្បាស ដែលផលិត​នៅតំបន់ស៊ីនជាំង រួចទៅហើយ។ ចង់មិនចង់ វិស័យ​ផលិតសម្លៀកបំពាក់ ត្រូវតែ​ស្វែងរកប្រភពវត្ថុធាតុដើម នៅទីកន្លែងផ្សេងទៀត។

ទាក់ទិននឹងប៉េងប៉ោះ ស៊ីនជាំងក៏ជាតំបន់ដាំ និងនាំចេញប៉េងប៉ោះដ៏ធំមួយដែរ។ ប៉េងប៉ោះជាបន្លែមួយ ដែលគេនិយមបរិភោគណាស់ នៅ​សហរដ្ឋអាមេរិក និងតាមបណ្តាប្រទេសអឺរ៉ុប។ ដូច្នេះការហាមឃាត់នេះ គឺវាអាចប៉ះពាល់ ដល់ការនាំចេញរបស់ចិន។ សម្រាប់អាមេរិកវិញ គេអាចងាកទៅផ្គត់ផ្គង់ទីផ្សារប៉េងប៉ោះនេះ ដោយ​ផលិត​ផល​ក្នុងស្រុក ឬក៏មកពី​តំបន់អាមេរិកខាងត្បូង។

ចិនជាអ្នកផ្គត់ផ្គង់សារធាតុ Polysilicium ដ៏ធំជាងគេ

ដោយឡែកចំណោទធំ គឺទាក់ទិននឹង​ សារធាតុ polysilicium ដែលផលិត​នៅតំបន់ស៊ីនជាំង។ សារធាតុនេះ គឺជាធាតុផ្សំចាំបាច់បំផុត សម្រាប់ផលិត ផ្ទាំងសូឡា និង​ ឧបករណ៍សឺមីកុងឌុកទ័រ នៅក្នុង​សម្ភារៈអេឡិចត្រូនិកនានា។ សារធាតុ polysilicium គឺគេផលិតដោយ យក​ខ្សាច់ទៅដុតក្នុងកំដៅរាប់ពាន់អង្សារសេ។​ ដូច្នេះគេត្រូវការចំណាយ​ថាមពលខ្លាំងណាស់។ នៅស៊ីនជាំង មានទាំងខ្សាច់ មានទាំងធ្យូងថ្ម សម្រាប់ដុតចំហេះ។ ហេតុដូច្នេះហើយ​បានជាចិន បានក្លាយជាអ្នកផលិត សារធាតុ polysilicium នេះធំជាងគេ​ ផ្គត់ផ្គង់ទីផ្សារចំនួន​៨០% នៅទូទាំងពិភពលោក ដែលក្នុងនោះ ៤៥%គឺមានប្រភពនៅខេត្តស៊ីនជាំងតែម្តង។

ក៏ប៉ុន្តែ ការហាមឃាត់ការនាំចូលសារធាតុនេះ ពីខេត្តស៊ីនជាំង មិនមែនខាតតែចិនទេ គឺអាចប៉ះពាល់​ខ្លាំងដែរ ដល់វិស័យ​ផលិតផលអេឡិចត្រូនិករបស់អាមេរិក។ ហេតុដូច្នេះហើយ បានជាក្រុម​Lobby នៅសភាអាមេរិក បានព្យាយាមរារាំងច្បាប់នេះណាស់ ព្រោះក្រុមហ៊ុនខ្លះរបស់អាមេរិក​ រំពឹងទាំងស្រុងតែម្តង ទៅលើផលិត​ផលសារធាតុ polysilicium  ផ្ទាំងសូឡា នុងឧបករណ៍សឺមីកុងឌុកទ័រ ដែលនាំចូលមកពីចិន។

យ៉ាងណាមិញ ក្រុមហ៊ុន​ Intel ទើបតែបានបង្កឲ្យ​មានបញ្ហាមួយ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្ញើសារ​ទៅកាន់ ក្រុមហ៊ុន​ផ្គត់ផ្គង់ចិន ថាខ្លួនមិនអាចទិញទំនិញប្រភេទនេះទៀតបានទេ ហើយ​នឹងបានសូមការ​អភ័យទោស ពីសំណាក់ក្រុមហ៊ុនចិនថែមទៀតផង។ Intel ថាខ្លួនគ្មានចេតនាបង្កបញ្ហាជាមួយ​ក្រុមហ៊ុនចិនទេ តែខ្លួនចាំបាច់ត្រូវតែធ្វើតាមច្បាប់របស់អាមេរិក។​ សារសូមអភ័យទោសរបស់ Intel នេះ ត្រូវបាន​លោកស្រី ចេន សាគី អ្នកនាំពាក្យសេតវិមាន រិះគន់ថា មិនគួរ Intel ទៅសុំទោសចិនសោះ។ លោកស្រីលើកឡើងថា ការការពារការគោរពសិទ្ធិមនុស្ស វាមិនមែនជាកំហុស ដែលតម្រូវឲ្យ​ ក្រុមហ៊ុនអាមេរិក ត្រូវទៅសុំទោសចិន នោះឡើយ។

ឱកាសរៀបចំយុទ្ធសាស្ត្រ​ ពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច

ក៏ប៉ុន្តែ ទន្ទឹមនឹងនេះរចនា ការហាមឃាត់ទំនិញសារធាតុ polysilicium របស់ចិននេះ  វាអាចជាឱកាសល្អមួយសម្រាប់អាមេរិកដែរ។ អាមេរិក ត្រូវតែរកវិធីថ្មី ដើម្បីពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច បច្ចេកវិទ្យាខ្លួន ដោយ​ត្រូវ​រកប្រភពវត្ថុធាតុដើម មកពីកន្លែងផ្សេងទៀត មិនត្រូវពឹងតែរបស់នាំចូលពីចិនតែមួយមុខ។ ចង់មិនចង់ ការរំពឹងខ្លាំងពេកទៅលើទំនិញចិន គឺមានន័យថា អាមេរិកស្ថិតក្រោមឥទ្ធិពលរបស់ចិន។ យ៉ាងណាមិញ គំនិតនេះ គេកំពុងពិចារណាខ្លាំងណាស់ នៅអឺរ៉ុប ដោយលោកម៉ាក្រុង ជាអ្នកផ្តល់សន្ទុះតែម្តង ដោយ​លោកអះអាងថា ត្រូវតែរកវិធីពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច ឲ្យ​បាន មិនត្រូវពឹងខ្លាំងជ្រុលពេក លើទំនិញនាំចូលទេ ព្រោះទំនិញខ្លះមានតម្លៃយុទ្ធសាស្រ្ត​ខ្លាំង​ណាស់​ សម្រាប់បច្ចេកវិទ្យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ