អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន ៖ អូតង់ចង់​បាន​ដំណោះស្រាយ​ការទូត តែ​សង្ស័យ​ថាអាចមាន​​ផ្ទុះ​សង្គ្រាមថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន​ នៅតែ​បន្ត​ឆាប​ឆេះ​​ខ្លាំង​ដដែល​។ ​នៅ​ថ្ងៃ​ចន្ទទី ១២​មករា ២០២២ សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ត្រូវ​ចូល​តុ​អង្គុយចរចា​មួយ​ទល់​នឹង​មួយ ដើម្បីសម្របសម្រួល​ស្ថានការ​ណ៍​កុំ​ឱ្យ​ធ្លាក់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ​ ​ហើយ​នៅថ្ងៃ​សុក្រ​ទី ៧​មករា​ ម្សិលមិញ សហរដ្ឋ​អាមេរិក​និងដៃគូ​អឺរ៉ុប បាន​នាំ​គ្នា​ជជែក​អំពី​ស្ថានភាព​នៅ​តាម​ព្រំដែន​​អ៊ុយក្រែន​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​​ជំនួប​ប្រជុំ​វិសាមញ្ញ​អូតង់​​ស្តី​ពី​សន្តិសុខ​អឺរ៉ុប​។ សម្រាប់​អូតង់ ហានិភ័យផ្ទុះ​សង្គ្រាម​​មាន​យ៉ាង​ជាក់ស្តែង។

លោក​អគ្គលេខាធិការ​អង្គការ​អូតង់ Jens Stoltenbergធ្វើ​សន្និសីទ​កាសែត​ក្រោយ​ជំនួប​វិសាមញ្ញ​អូតង់ថ្ងៃទី ៧ មករា ២០២២
លោក​អគ្គលេខាធិការ​អង្គការ​អូតង់ Jens Stoltenbergធ្វើ​សន្និសីទ​កាសែត​ក្រោយ​ជំនួប​វិសាមញ្ញ​អូតង់ថ្ងៃទី ៧ មករា ២០២២ REUTERS - JOHANNA GERON
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ទី ៧ មករា​ ក្នុង​ជំនួប​វិសាមញ្ញអូតង់ ដែលមាន​​រដ្ឋមន្ត្រី​ការបរទេស​​រដ្ឋ​ជា​សមាជិក​ទាំង​៣០​ប្រទេស​ចូល​រួម ប្រជុំ​តាមអនឡាញ អគ្គលេខា​​អង្គការ​អូតង់ ឬ​ណាតូ លោកយែន ស្តុលទែនប៊ែរ បាន​ព្រមាន​ថា​ ​ហានិភ័យមាន​ពិតជាក់ស្តែង ៖ វិបត្តិ​នៅ​​​​ព្រំដែន​អ៊ុយក្រែន-រុស្ស៊ី អាច​នឹង​រាល​ដាល​ទៅ​ជា​ជម្លោះថ្មី​​។

អូតង់​មាន​ហេតុ​ផល​ដែល​ត្រូវ​តែ​ព្រួយ​បារម្ភ ព្រោះ​​រុស្ស៊ី​នៅ​តែ​បន្ត​ពង្រឹង​កង​កម្លាំង​យោធា​នៅ​តាម​ព្រំដែនជាប់​ជាមួយ​អ៊ុយក្រែន​ អម​ដោយ​​ភាសា​គំរាមកំហែង​ប្រើ​កម្លាំង​យោធា​រហូត បើ​លោក​ខា​ង​លិច​មិន​ព្រម​តាម​ការ​ទាមទារ​របស់​ខ្លួន។ បើ​តាម​លោក​ប្រមុខ​ការទូត​អាមេរិក​ រុស្ស៊ី បាន​បញ្ជូន​កងទ័ព​នៅ​ផ្តុំ​នៅ​តាម​ព្រំដែន​ដល់​ទៅ ប្រមាណ​១០០ ០០០​នាក់ ដែល​ត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​ធ្វើ​សកម្មភាព​ឱ្យ​តែ​មាន​ហេតុការណ៍​ឬ​រឿង​ចៃដន្យ​អ្វី​កើត​ឡើង​តែ​បន្តិច។

កាលពី​ខែ​ធ្នូ​ចុង​ឆ្នាំ​២០២១ រុស្ស៊ី បាន​បញ្ជាក់​ជំហរ​​ជា​សាធារណៈ​ ប្រឆាំង​ដាច់​ខាត​មិន​ឱ្យអូតង់​ទទួល​យក​​​អ៊ុយក្រែនជា​សមាជិក នៅ​ថ្ងៃអនាគត​បាន​ទេ ហើយ​អូតង់​ត្រូវ​កាត់​បន្ថយ​​កម្លាំង​យោធា​នៅ​តាម​តំបន់​ជិត​ព្រំដែន​រុស្ស៊ី។

ប៉ុន្តែ​សម្រាប់​អូតង់ អូតង់គ្មាន​គោលការណ៍ និង​​មិន​អាចទៅ​បំបិទ​​​​សិទ្ធិ របស់​រដ្ឋ​ណាមួយ​​ក្នុង​ដំណើរ​ ​ជ្រើសរើស​ចូល​បក្ស​សម្ព័ន្ធ​ ណាមួយ ឬ​ទៅ​ហាម​រដ្ឋ​ណា​មួយ មិន​ឱ្យ​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ ដែល​រដ្ឋ​នោះ​ចង់​ ​បាន​ឡើយ។ នេះ​ជា​ប្រសាសន៍​របស់​​លោកយែន ស្តុលទែនប៊ែរ ជា​​ប្រមុខ​​អង្គការអូតង់។

ម្យ៉ាង​វិញទៀត បើ​តាម​​លោក​អគ្គលេខាធិការ​អង្គការ​អូតង់​ដដែល ថ្វី​បើមាន​សញ្ញា​វិជ្ជមាន ​ ដោយ​ រុស្ស៊ី​ព្រមបើក​ជំនួប​ទ្វេ​ភាគី​ជាមួយ​សហរដ្ឋ​អាមេរិក និង​​ជាមួយ​អង្គការ​អូតង់​ ​ក៏​ដោយ​ចុះ ក៏​ម្ខាងៗ​សុទ្ធ​មាន​លក្ខខណ្ឌ​រៀង​ខ្លួនៗ។

បើក​ផ្លូវការទូត តែមិនលង់​ក្នុង​ល្បិច​រុស្ស៊ី

សមាជិក​អូតង់​ទាំង​អស់ បាន​បង្ហាញ​សាមគ្គីភាព​និង​ការ​​ព្រមព្រៀង​ជា​ធ្លុង​មួយ ដាក់​លក្ខខណ្ឌ​ ឱ្យ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ត្រូវ​តែ​បញ្ឈប់​សកម្មភាព​យោធា​សិន​ ហើយ​ប្រកាន់​យក​ផ្លូវ​ការ​ទូត និង​គោរព​ពាក្យ​ប្តេជ្ញា​របស់​ខ្លួន​ដែល​សន្យា​មាន​តម្លាភាព​ក្នុង​វិស័យ​យោធា។ ការ​ចរចា​អូតង់​និង​រុស្ស៊ី​ អាច​ប្រព្រឹត្ត​ទៅ​បាន​ដរាប​ណា​តែ រុស្ស៊ី​ចាប់​បន្ធូរ​បន្ថយ​សម្ពាធ​តាន​តឹង​​​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​ និង​ព្រំដែន​ជាមួយ​សមាជិក​អូតង់។

ដើម្បី​​​សាកល្បង​ដោះស្រាយ​វិបត្តិ​ អ្នកការទូត​អាមេរិក​និង​រុស្ស៊ី ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ចន្ទទី ១២​មករា នៅទីក្រុង​ហ្សឺណែវ បន្ទាប់​មក​នឹង​មាន​ជំនួប​ទ្វេ​ភាគី​អូតង់​រុស្ស៊ី នៅ​ទីក្រុង​ព្រុចសែល នៅ​ថ្ងៃ​ពុធទី ១៤​មករា ដែល​ជា​ជំនួប​លើក​ទី​មួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក។ ហើយ​ជា​ចុងក្រោយ​ ​រុស្ស៊ី​នឹង​មាន​ជំនួប​ជាមួយ​អង្គការ​ដើម្បី​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប ដែល​មាន​អ៊ុយក្រែន​ជា​សមាជិក​ម្នាក់​ដែរ។

​ ដំណើរ​​ការទូត​ ​សកម្ម​ខ្លាំងណាស់ សប្តាហ៍​ក្រោយ​នេះ។ តែ​ភាគី​រុស្ស៊ី​ហាក់​ដូច​ជា​​ផ្តល់​អាទិភាព​ខ្លាំង​តែ​លើ​ជំនួបទ្វេ​ភាគី​ ហេតុ​ដូច្នេះហើយ​បាន​ជា​អូតង់​ តើន​រំលឹកថា​ បើ​នាំ​គ្នា​ជជែក​អំពី​សន្តិសុខ​អឺរ៉ុប​ហើយ ត្រូវ​តែ​មាន​ភាគី​អឺរ៉ុប​​អង្គុយ​ក្នុង​តុចរចា។ នេះ​ជាការ​អះអាង​របស់​អូតង់។ បើ​ចង់​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ​អ៊ុយក្រែន​ត្រូវ​តែ​មានវត្តមាន​ដែរ។ នេះ​ជា​ការ​ធានារបស់​សហរដ្ឋ​អាមេរិក ដែល​បាន​​គូសបញ្ជាក់បន្ថែម​ថា អាមេរិក​​មិន​លង់​តាម​ល្បិច​របស់​រុស្ស៊ី ដែល​ចង់​បង្វែរ​ការចរចាស្តី​ពី​ការ​ប៉ុនប៉ង​ចូល​ឈ្លាន​ពាន​​អ៊ុយក្រែន ទៅ​ជា​សំណុំ​រឿង​របស់​អូតង់​ទេ។ ​

អ៊ីចឹង​ហើយ​បាន​ជា​​អូតង់​ព្រមាន​ឱ្យ​ត្រៀម​លក្ខណៈ​ចាំ​ទទួល​លទ្ធផល​បរាជ័យ។ បរាជ័យដែល​នឹង​នាំ​ឱ្យ​មាន​ជម្លោះ​ថ្មី​ សង្គ្រាម​បែប​ថ្មី​ក្នុង​វិបត្តិ​អ៊ុយក្រែន​នោះ។

អូតង់​មិន​​ធ្វើ​អន្តរាគមន៍​យោធា​​ជួយ​អ៊ុយក្រែន​

ប៉ុន្តែ​ អូតង់​មិន​អាច​ចូល​ធ្វើ​អន្តរាគមន៍​យោធា​ជួយ​អ៊ុយក្រែន​បាន​ទេ ព្រោះ​អ៊ុយក្រែន​មិនមែន​ជា​សមាជិក​អង្គការ​អូតង់​។ នេះ​ជា​គោលការណ៍ មួយ​ដែល​អូតង់​មិន​អាច​រំលោភ​បាន​ទេ។ អ៊ុយក្រែន​គ្រាន់​តែ​ជា​ដៃ​គូ​​របស់​អូតង់ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កិច្ចសន្យា​ការពារ​រួម​របស់បក្ស​សម្ព័ន្ធ​​ដែល​មាន​សមាជិក​៣០​ប្រទេស​ទេ។ តែប្រសិន​បើ​រុស្ស៊ី ពិត​ជា​សម្រេច​ប្រើ​កម្លាំ​ង​យោធា​លើ​​ប្រទេស​ជិត​ខាង​អឺរ៉ុប នោះ​រុស្ស៊ី​នឹង​ត្រូវ​រង​ទណ្ឌកម្ម​​សេដ្ឋកិច្ច និង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ហើយ។ ហើយ​អូតង់​បាន​ចាប់​ផ្តើម​ពង្រឹង​​វត្តមាន​កងទ័ព​​នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​​អង្គការ​ដែល​នៅ​ប៉ែក​ខាង​កើត​បំផុត​នៃ​ទ្វីប​អឺរ៉ុប ពោល​នៅ​កៀក​បំផុត​​នឹង​រុស្ស៊ី។ បើ​តាម​លោក​អគ្គលេខាធិការ​អង្គការ​អូតង់ សមត្ថភាព​យោធា​អូតង់ បាន​ឡើង​ខ្ពស់​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​នៅពេល​នេះ ដោយ​មាន​កង​កម្លាំង​ប្រតិកម្ម​រហ័ស​ដល់​ជាង​៤ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ