អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក ​និងរុស្ស៊ី សាកល្បង​ដោះស្រាយ​គ្នា​ស្តីពី​បញ្ហាអ៊ុយក្រែន និង​ការ​ពង្រាយ​កម្លាំង​របស់​អូតង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងអ៊ុយក្រែន និងស្ថិរភាពនៅតំបន់ព្រំដែន រវាងអឺរ៉ុបខាងកើត និងរុស្ស៊ី កំពុងតែចោទជាបញ្ហាខ្លាំងបំផុត នារយៈពេលចុងក្រោយនេះ។ ក្រុមប្រទេសលោកខាងលិច ដែលមានអាមេរិក និងអង្គការអូតង់ បានចោទរុស្ស៊ីថាបានបញ្ជូនទ័ពគំរាមឈ្លានពានអ៊ុយក្រែន ខណៈដែលរុស្ស៊ីវិញ បានចោទអាមេរិក និងអូតង់ ថាបានពង្រឹងកម្លាំងសព្វាវុធ នៅតាមបណ្តោយព្រំដែន​ ដើម្បី​គំរាម​ស្ថិរភាពរបស់​រុស្ស៊ី។ ដើម្បីដោះស្រាយ​ បញ្ហាដ៏ចម្រូងចម្រាសនេះ ភាគីទាំង២ ជួប​ប្រជុំគ្នានៅទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទ ទី​១០មករា។

ទាហានអ៊ុយក្រែន កំពុងឆ្លុះមើលស្ថានការណ៍ នៅតាមបណ្តោយព្រំដែន សមរភូមិតំបន់ដុនបាស ដែលរុស្ស៊ីកំពុងបង្ករអស្ថិរភាព។ ថ្ងៃទី៨ មករា ២០២២
ទាហានអ៊ុយក្រែន កំពុងឆ្លុះមើលស្ថានការណ៍ នៅតាមបណ្តោយព្រំដែន សមរភូមិតំបន់ដុនបាស ដែលរុស្ស៊ីកំពុងបង្ករអស្ថិរភាព។ ថ្ងៃទី៨ មករា ២០២២ AP - Andriy Dubchak
ផ្សាយពាណិជ្ជកម្ម

បើមិនព្រមទាំងអស់ គឺរុស្ស៊ីនឹងដើរចេញ

បើយើងស្តាប់សម្តីអះអាងរបស់លោក Sergueï Riabkov រដ្ឋលេខាធិការទទួល​បន្ទុកកិច្ចការបរទេស និងដែលជាអ្នកដឹកនាំគណៈប្រតិភូភាគីរុស្ស៊ី គឺយើងសង្កេតឃើញថា រុស្ស៊ីចង់បង្ហាញថាខ្លួនមានប្រៀប ហើយចង់បង្ខំឲ្យ​ភាគីអាមេរិក ត្រូវតែធ្វើតាមការចង់បានរបស់ខ្លួន។

នៅក្នុង​បទសម្ភាសន៍ ផ្តល់​ឲ្យ​កាសែត Izvestia មន្ត្រីរុស្ស៊ីរូបនេះ បានលើកឡើង ពីលក្ខខណ្ឌធំៗរបស់រុស្ស៊ី ដែលមានដូចជា អូតង់ត្រូវឈប់រើសសមាជិកថ្មី ត្រូវឈប់ពង្រាយកម្លាំងទ័ព និងសព្វាវុធ នៅតាមបណ្តោយ​ព្រំដែនរុស្ស៊ី ដោយរាប់ទាំងនៅអ៊ុយក្រែនផង ហើយត្រូវតែឈប់ធ្វើសមយុទ្ធយោធាគ្រប់ទំរង់ទាំងអស់។ លក្ខខណ្ឌទាំងនេះ គឺជាលក្ខខណ្ឌរួម ដែលអាមេរិក ត្រូវតែធ្វើតាមគ្រប់​ចំណុច មិនអាចចោលចំណុចណាមួយបានទេ។ ពុំនោះទេ រុស្ស៊ីនឹងដើរចេញពីតុចរចា បើអាមេរិក​ហ៊ានតែ​បង្ហាញការស្ទើរស្ទាក់ លើចំណុចណាមួយ។

សំដីនេះ គឺមានន័យថា ភាគីរុស្ស៊ី មិនព្រមធ្វើសម្បទានអ្វីទាំងអស់។ ការចរចានៅទីក្រុងហ្សឺណែវនៅ​ថ្ងៃ​ទី១០ធ្នូ​ គឺអាមេរិកគ្មានជំរើសក្រៅពីយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ីទេ ប្រសិនបើចង់ដោះស្រាយ​​បញ្ហា។

អាមេរិកត្រៀមទណ្ឌកម្មសេដ្ឋកិច្ច

ធម្មតាទេ ក្នុងការចរចា ភាគីនីមួយៗ តែងតែសម្រាំងទុក នូវគន្លឹះ​ដើម្បីដាក់សំពាធ ភាគីម្ខាងទៀត។ ភាគីទាំង២ រុស្ស៊ី និងអាមេរិកនេះ មានទស្សនវិស័យ២ខុសគ្នាស្រឡះ។ រុស្ស៊ីចង់ឲ្យ​អាេមរិក និងអូតង់ ព្រមព្រៀងតាមលក្ខខណ្ឌខ្លួនជាមុន​សិន ទើបខ្លួនសម្រេចដកថយទ័ពចេញពីព្រំដែន។ ដោយឡែកអាមេរិកវិញ គឺគេចង់ឲ្យរុស្ស៊ីដកទ័ពចេញសិន ទើបស្រឡះ​ចិត្ត ងាយ​ស្រួលនិយាយគ្នា ដើម្បី​គូសវាសផែនការ ឈានទៅ​រក្សាស្ថិរភាព នៅ​តំបន់​ភាគខាងកើតអឺរ៉ុបនេះ។

ដូច្នេះ​ភាគីអាមេរិក គេមិនមែន​ឆោតទៅធ្វើតាមការទាមទាររបស់រុស្ស៊ីទាំងស្រុង ដោយ​​គ្មាន​ការធានាណាមួយ ថារុស្ស៊ីនឹងដកថយ ឬ ឈប់បង្កបញ្ហានោះទេ។ ក្នុងករណីដែលរុស្ស៊ីរឹងរូសខ្លាំង អាមេរិក គេមានផែនការទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន ត្រៀមដាក់លើរុស្ស៊ីរួចជាស្រេច។ យោងតាមការចុះផ្សាយ​របស់​កាសែត New York Times ទណ្ឌកម្មដែលអាមេរិកអាចដាក់ទៅលើរុស្ស៊ី គឺមានដូចជា ការដករុស្ស៊ីចេញប្រព័ន្ធហិរញ្ញវត្ថុ Swift (Society for Worldwide Interbank Financial Telecommunication) ពោលគឺជាប្រព័ន្ធអន្តរធនាគារ ដោះដូរប្រាក់ ចរាចរណ៍ និងផ្ទេរសាច់ប្រាក់នៅទូទាំងពិភពលោកតែម្តង។ តែទណ្ឌកម្មមួយនេះ មិនមែនអាមេរិកសម្រេចតែម្នាក់ឯងទេ គឺទាល់តែអឺរ៉ុបយល់ព្រមដែរ។

ទណ្ឌកម្មមួយទៀត អាចជាការហាមឃាត់ ការនាំ​ចេញទំនិញសំខាន់ៗមួយចំនួន ទៅរុស្ស៊ី ជាអាទិ៍ទំនិញគ្រឿងផ្សំអេឡិចត្រូនិក ម៉ាស៊ីន​កុំព្យូទ័រ ឬទូរស័ព្ទទំនើបជាដើម។ ហើយចំណុចមួយទៀត អាច​ជា​ការសំពងលើរុស្ស៊ីដែរ គឺការបន្ថែមជំនួយ​ហិរញ្ញវត្ថុ និងកម្លាំងទ័ពទៅឲ្យ​អ៊ុយក្រែន។ ឆ្នាំ​២០២១​កន្លង​មកនេះ អ៊ុយក្រែនបានទទួលប្រាក់ចំនួន៤៥០លានដុល្លាររួចហើយ ពីសហរដ្ឋ​អាមេរិក ដើម្បី​ពង្រឹងវិស័យកងទ័ព ទប់ទល់ក្នុងករណីដែល​រុស្ស៊ីហ៊ាន​ឈ្លានពាន។

« ក្រុមប្រទេសលោកខាងលិច មិនត្រូវចាញ់ការសំឡុតរបស់រុស្ស៊ី »

តែយ៉ាងណា ការគំរាមពីសំណាក់រុស្ស៊ី ថាអាចឈ្លានពានអ៊ុយក្រែន ត្រូវបានអ្នកវិភាគខ្លះអះអាងថាគ្រាន់តែជាការកំញើញ ដែល​ប្រហោងក្នុង។ មានមតិអ្នកវិភាគមួយចំនួន លើកឡើងថាលោកប្រធានាធិបតីពូទីន កំពុងតែប្រើសន្លឹកបៀរ បំភ័យអាមេរិក និងអូតង់ ទាំងដែលការពិតជាក់ស្តែង គឺរុស្ស៊ីមិនប្រាកដក្នុងចិត្ត ថានឹងអាច​លើកទ័ព​ទៅឈ្លានពាន​អ៊ុយក្រែនមែននោះទេ។

លោក Dimitry Oreschkine នយោបាយវិទូ បានលើកឡើងថា ក្រុមប្រទេសលោក​ខាង​លិច​ មិនត្រូវ​ចាញ់​​ការសំឡុត របស់រុស្ស៊ីនៅពេលនេះទេ ព្រោះថាធាតុពិត រុស្ស៊ីមិនហ៊ានលើកទ័ពមកឈ្លានពានអ៊ុយក្រែនទេ។ ករណីអ៊ុយក្រែនទាំងមូល គឺវាខុសពីករណីតំបន់គ្រីម៉េ ដែលជាដែនដីជ្រោយកោះ។ អ្នកវិភាគរូបនេះ ពន្យល់ថាលោកពូទីន កំពុងតែលេងស្នៀតចុងក្រោយ បំភ័យ​អាមេរិក អូតង់ និងក្រុមប្រទេស​លោកខាងលិច ព្រោះចំណុចខ្លាំងរបស់រុស្ស៊ីនៅពេលនេះ គឺនៅសល់​តែមួយគត់ គឺកម្លាំងទ័ពនិងសព្វាវុធនេះឯង។ ដោយឡែក វិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ចវិទ្យាសាស្ត្រ វប្បធម៌ ការប្រកួតប្រជែងពាណិជ្ជកម្មជាដើម គឺរុស្ស៊ីកំពុងតែធ្លាក់ចុះខ្លាំងណាស់។ ហើយបញ្ហាសង្គម នយោបាយ​ផ្ទៃក្នុងរុស្ស៊ី ក៏កំពុងតែចោទជាបញ្ហាទៅលើលោកពូទីនដែរ។ ដូច្នេះកាលៈទេសៈពេលនេះ ក្រុមប្រទេសលោកខាងលិច ត្រូវតែរឹងមាំឡើង កុំចាញ់សំឡុតរបស់លោកពូទីន​ឲ្យ​សោះ។

ការចាប់​ផ្តើម​ចរចាដ៏ល្អមួយ

បើតាមការលើកឡើង របស់​លោក Andreï Kortunov អគ្គនាយក​ក្រុមប្រឹក្សាកិច្ចការ​អន្តរជាតិរុស្ស៊ី គឺថាអាចមានសង្ឃឹមខ្លះដែរ ដែលភាគីទាំង២ឈានទៅស្រុះស្រួលគ្នា។ មន្ត្រីរុស្ស៊ីម្នាក់នេះ លើកឡើងថា អាមេរិក និងរុស្ស៊ី អាចនឹងនិយាយត្រូវរ៉ូវគ្នា ទាក់ទិននឹង​សំណុំរឿងអាវុធមីស៊ីលនុយក្លេអ៊ែរចំងាយមធ្យម ព្រមទាំងការបង្កើតតំបន់ស រវាងរុស្ស៊ី និង​ប្រទេសសម្ព័ន្ធមិត្តអូតង់ ដើម្បីចៀសវាងបញ្ហា។​ ការធ្វើសមយុទ្ធយោធាទាំងសងខាង ក៏ប្រហែលជាគេអាចនិយាយគ្នា រៀបចំវាឲ្យ​មានតម្លាភាព និយាយគ្នាត្រង់ៗទៅវិញទៅមក តាមរយៈខ្សែទូរស័ព្ទដោយផ្ទាល់រវាងកងទ័ពទាំងសងខាង ដើម្បីចៀសវាងការយល់ច្រឡំណាមួយ​ ជាដើម ។ល។

ដូចគ្នាដែរ លោក James Cameron អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យអូស្លូ ក៏យល់ឃើញថា ការ​រៀបចំ ធ្វើ​ឲ្យ​សកម្មភាពសមយុទ្ធយោធាទាំងសងខាងមានតម្លាភាព និងការនិយាយគ្នាដោយ​ផ្ទាល់ត្រង់ទៅត្រង់មក រវាងកងទ័ពទាំង២ គឺជារឿងសំខាន់។ ចំនុចនេះ ភាគីទាំង២អាចត្រូវរ៉ូវគ្នាបាន ដើម្បី​បន្ធូរបន្ថយស្ថានការណ៍ ចៀសវាងជម្លោះ។ ក្នុងសំណុំរឿងសន្ធិសញ្ញាមិនរីកសាយភាពអាវុធនុយក្លេអ៊ែរ រវាងអាមេរិក និងរុស្ស៊ី ដែលបានផុតសុពលភាព​ហើយនោះ ក៏ប្រហែលជាគេអាចនិយាយគ្នា កំណត់វិធានត្រូវគោរពបណ្តោះអាសន្នសិន មុននឹងមានកិច្ចព្រមព្រៀងថ្មីមួយទៀត។

ការចរចាទ្វេភាគី អាមេរិក និងរុស្ស៊ី នៅថ្ងៃចន្ទទី​១០ធ្នូ​ គឺគ្រាន់តែជាផ្នែកមួយនៃផែនការចរចាទាំងអស់ ដើម្បីដោះស្រាយបញ្ហារវាងរុស្ស៊ី និង​ប្រទេសលោកខាងលិច។ នៅថ្ងៃទី១២មករា គឺរុស្ស៊ីនិងប្រជុំជាមួយអូតង់។ ហើយ​ថ្ងៃបន្ទាប់ ទី​១៣មករា គឺរុស្ស៊ីប្រជុំជាមួយអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប​ OSCE នៅទីក្រុងវីយែន ដោយ​មានអ៊ុយក្រែនចូលរួមដែរ។ តែ​យ៉ាងណា​ក៏ដោយ លោអង់តូនី ប្លីងកិន បាន​លើកឡើងថា លោកមិនសូវសង្ឃឹមប៉ុន្មានទេ ថាការចរចានៅក្នុងសប្តាហ៍នេះ អាចនឹងបោះជំហានទៅមុខខ្លាំង។ ក៏ប៉ុន្តែ វាជាការចាប់ផ្តើមដ៏ល្អមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ